ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ថេង សាវឿន និង​សហការី​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន


រូបឯកសារ៖ ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ លោក ថេង សាវឿន ក៏​បាន​ចូលរួម​ការងារ​ក្នុង​ផ្នែក​អង្គការ​សង្គម​ស៊ីវិល ដោយ​បង្កើត​សមាគម​មួយ និង​មាន​ឱកាស​ធ្វើ​ការ​ជាមួយ​កសិករ រហូត​ដល់​ថ្ងៃ​លោក​ត្រូវ​បាន​ចាប់​ខ្លួន។ (Facebook/ថេង សាវឿន-Theng Savoeun)
រូបឯកសារ៖ ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ លោក ថេង សាវឿន ក៏​បាន​ចូលរួម​ការងារ​ក្នុង​ផ្នែក​អង្គការ​សង្គម​ស៊ីវិល ដោយ​បង្កើត​សមាគម​មួយ និង​មាន​ឱកាស​ធ្វើ​ការ​ជាមួយ​កសិករ រហូត​ដល់​ថ្ងៃ​លោក​ត្រូវ​បាន​ចាប់​ខ្លួន។ (Facebook/ថេង សាវឿន-Theng Savoeun)

តុលាការ​ខេត្ត​រតនគិរីបាន​សម្រេច​ដោះលែង​លោក​ ថេង សាវឿន​ និង​សហការី​របស់​លោក​២​នាក់ ​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​តុលាការ ​លោក ​កែវ ពិសិដ្ឋ។​

លោក ​កែវ ពិសិដ្ឋ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឱ្យបុគ្គល​ទាំង​៣​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា​ តើ​មាន​លក្ខខណ្ឌ​អ្វី​ចង​ភ្ជាប់​លើ​ពួកគេ​ទេ។ ​លោក​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ​ឡើយ។​

ក្រោយ​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​អង្គារ​នេះ ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​ថេង សាវឿន ​មាន​ការ​បង្ហោះសារ​ថា​ «ការ​វិល​ត្រឡប់​ទាំង​ដោយ​ទំនួល​ខុស​ត្រូវ ​និង​កាតព្វ​កិច្ច​បន្ថែម!»

ការ​ដោះលែង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC)​ លោក​ ថេង សាវឿន ​បាន​ចេញ​សារ​ជា​លិខិត ​និង​វីដេអូ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ប្រកាស​ទទួល​ស្គាល់​កំហុស​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​«បដិវត្តន៍​កសិករ»។​

តុលាការ​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​លោក​ និង​សហការី​លោក​២​នាក់​ទៀត ​គឺ​លោក ​ថាន់ ហាច​ មន្ត្រី​សម្រប​សម្រួល​សហគមន៍​ និង​លោក​ ញ៉ិល ភាព ​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ពី​បទ​«រួម​គំនិត​ក្បត់​ និង​ញុះញង់»។​ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ពាក់​កណ្តាល​ខែ​ឧសភា​ បន្ទាប់​ពី​លោក​និង​ក្រុម​ការ​ងារ​លោក​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថ​ភាព​បុគ្គលិក​សមាគម​ ដែល​រៀប​ចំ​ឡើងនៅ​ខេត្ត​រតនគិរី​ ទីដែល​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទីនោះ​ សង្ស័យ​ថា ​សមាគម​លោក​ ថេង សាវឿន​ បាន​លួច​ប្រជុំ​ក្នុង​សណ្ឋាគារ​មួយក្នុង​ក្រុង​បានលុង​ ​ ហើយ​មាន​ផែនការ​ធ្វើ​បដិវត្តន៍​កសិករ៕

XS
SM
MD
LG