យើងបាននាំគ្នាឈរក្រោមមេឃភ្លៀងដ៏ជោកជាំ។ អ្នកខ្លះឈរជ្រោកក្រោមឆាត់ និងតង់កៅស៊ូ ហើយអ្នកខ្លះទៀតជ្រោកក្រោមភ្លៀងដោយពាក់អាវភ្លៀងពណ៌ខៀវ ផ្កាឈូក និងបៃតងខ្ចី ទាំងញ័រខ្លួនទទ្រឺត។ ប៉ុន្តែសម្រាប់ គីមលី ដែលជាប្អូនស្រីរបស់ ទ្រី សុវិគា នាងឈរនៅក្បែររបងតុលាការខេត្តកោះកុង ហើយដៃរបស់នាងកាន់ចម្រឹងរបងដែកពណ៌ខៀវយ៉ាងណែន ដោយព្យាយាមតាមរកមើលបងប្រុសរបស់នាងដែលនៅម្ខាងទៀតក្នុងរបងតុលាការខេត្តកោះកុងនេះ។
ចុចស្តាប់ការអត្ថបទបែបទសន្សៈដែលរៀបរៀងឡើងដោយអ្នកនាង ម៉ម កល្យាណី និងអានដោយនាង ទែន សុខស្រីនិត នៃ VOA
សកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិទាំងបីរូប រួមមាន សាន់ ម៉ាឡា ទ្រី សុវិគា និង ស៊ីម សំណាង ត្រូវបានឃុំខ្លួនអស់រយៈពេលជាង១០ខែមកហើយ។ ពួកគេត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មដែលមិនគួរឲ្យជឿ ដោយសារតែពួកគេស្រឡាញ់ និងខំការពារបរិស្ថាន ដោយបានទៅរារាំងក្រុមហ៊ុនមិនឲ្យបូមខ្សាច់នៅតាមតំបន់ព្រៃកោងកាងដ៏មានតម្លៃរបស់កម្ពុជា។ សប្តាហ៍នេះគឺជាសប្តាហ៍ទីមួយនៃដំណើរការជំនុំជម្រះក្តីរបស់អ្នកទាំងបី ដែលត្រូវបានពន្យារពេលយ៉ាងយូរ។ ហើយនៅថ្ងៃសុក្រ ទី១ ខែកក្កដាខាងមុខនេះ តុលាការនឹងប្រកាសសាលក្រមសម្រាប់រឿងក្តីរបស់ពួកគេ។
ប្រជាពលរដ្ឋជាង១០០នាក់មកពីភូមិចំនួន៨នៅខេត្តកោះកុង ដូចជាអារ៉ែង កោះសាឡៅ ព្រែកអណ្តូងទឹក ព្រែកខ្សាច់ ដូងពែក ព្រែកជីក ជីខលើ និងជីខក្រោម បាននាំគ្នាធ្វើដំណើរទៅកាន់ទីរួមខេត្តកោះកុង ដើម្បីទាមទារឲ្យដោះលែងសកម្មជនទាំងបីរូប ដែលអ្នកភូមិទាំងអស់នេះស្គាល់ គោរព ហើយធ្លាប់បានធ្វើការងារសហគមន៍ជាមួយគ្នា ដើម្បីការពារទឹកដី ព្រៃឈើ និងត្រី ពីសកម្មភាពរំលោភដីធ្លី ការកាប់ព្រៃឈើខុសច្បាប់ ការបូមខ្សាច់ និងការសាងសង់ទំនប់វារីអគ្គិសនី។
ចុចមើលកម្រងរូបភាព៖ «សហគមន៍នៅខេត្តកោះកុងទាមទារឲ្យដោះលែងសកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិ»
ថៃ្ងនេះ ខ្ញុំមានអារម្មណ៍ពីរ។ ទី១ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសំណាង ដែលបានចូលរួមជាមួយបងប្អូនដែលមកពីសហគមន៍ទាំងអស់នេះ ហើយពួកគាត់មិនខ្លាចនឹងតស៊ូ ដើម្បីបញ្ចេញមតិដែលពួកគាត់ជឿថាត្រឹមត្រូវនោះទេ។ ពួកគាត់ថា៖ បើសិនជាពួកយើងមិនតស៊ូការពារកេរតំណែលធម្មជាតិ និងដួងព្រលឹងរបស់យើង តើនរណានឹងការពារទៅ? យើងមិនអាចបាត់បង់ដើមឈើ និងព្រៃឈើ និងដី ដែលជួយទ្រទ្រង់ជីវិតរបស់យើងបានទេ។ ដូច្នេះយើងនឹងតស៊ូលះបង់ជីវិតរបស់យើងដើម្បីការពារធនធានធម្មជាតិទាំងអស់នេះ។
ទី២ ខ្ញុំមានអារម្មណ៍ថា វាមិនយុត្តិធម៌ទេ។ អ្វីដែលខ្ញុំបានឮជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ និងក្នុងអំឡុងពេលជាង៥ឆ្នាំ ដែលខ្ញុំបានចូលរួមក្នុងការធ្វើបាតុកម្មជាច្រើននោះគឺថា៖ អ្នកដែលចូលរួមការពារប្រទេសកម្ពុជាបែរជាត្រូវបានចាប់ឃុំខ្លួន ហើយអ្នកដែលបំផ្លាញសម្បត្តិដីធ្លីបែរជាទទួលបានសេរីភាពទៅវិញ។ ក៏ប៉ុន្តែ សេរីភាពនេះគ្រាន់តែជាការបោកបញ្ឆោតតែប៉ុណ្ណោះ។ នៅថ្ងៃណាមួយ ភ្លើងដែលបានដុតបំផ្លាញផ្ទះសម្បែងរបស់អ្នកជិតខាងអ្នក និងដុតបំផ្លាញផ្ទះអ្នកវិញជាមិនខាន។
ទស្សនាវីដេអូ៖ គ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិដែលជាប់ឃុំស្វែងរកយុត្តិធម៌
ខ្ញុំបានអង្គុយនៅក្បែរគ្រួសាររបស់សកម្មជនទាំងបីនាក់ដែលបានជាប់ឃុំ នៅមុខខ្លោងទ្វារតុលាការខេត្តកោះកុង ហើយខ្ញុំបានឃើញរូបសាក់តូចមួយនៅលើដៃប្អូនស្រីរបស់ ទ្រី សុវិគា។ រូបសាក់នោះគឺអក្សរឡាតាំង«K» ដែលមានរូបម្កុដនៅពីលើ។ អក្សរឡាតាំង«K»នេះគឺតំណាងឲ្យឈ្មោះបងប្រុសរបស់នាង។ ខ្ញុំសួរប្អូនស្រីរបស់ សុវិគា ថា រូបសាក់នេះមានន័យយ៉ាងដូចម្តេច។ ភ្លាមនោះ ទឹកភ្នែកចាប់ផ្តើមធ្លាក់លើថ្ពាល់ខាងឆ្វេងរបស់នាង។ នាងប្រាប់ខ្ញុំថា នាងចង់ចងចាំបងប្រុសរបស់នាង ហើយនាងនឹកបងប្រុសរបស់នាងខ្លាំងណាស់ ហើយនាងចង់ឲ្យបងប្រុសនាងត្រឡប់មកផ្ទះវិញ។ ក៏ប៉ុន្តែ នាងក៏មានមោទនៈភាពដែលបងប្រុសរបស់នាងបានលះបង់ជីវិត ដើម្បីតស៊ូការពារសម្បត្តិធម្មជាតិរបស់កម្ពុជា។ ឥឡូវនេះ នាងចង់ធ្វើការងារដូចគ្នានឹងបងប្រុសរបស់នាងដែរ។ នេះហើយគឺជាតំណក់ទឹកភ្លៀងដែលនឹងពន្លត់ភ្លើង ដែលដុតផ្ទះសម្បែងរបស់យើង៕