នៅក្នុងប្រទេសហ្វ៊ីលីពីន គេបានរៀបចំពិធីខួបឆ្នាំទី២៥នៃបដិវត្ដន៍ អំណាចប្រជាពលរដ្ឋ ដែលបានទម្លាក់លោក ហ្វ៊ែរឌីណាន់ ម៉ារកូស (Ferdinand Marcos) មេដឹកនាំកាន់អំណាចផ្ដាច់ការដ៏យូរអង្វែង ចេញពីដំណែង។
ពិធីខួបកាលកាលពីថ្ងៃសុក្រ មានសារៈសំខាន់ជាពិសេស ចំពោះប្រធានាធិបតីហ្វ៊ីលីពីនលោក បេនីកណូ អាគីណូ ទី៣ (Benigno Aquino the Third) ដែលមាតាបីតារបស់លោកបានដើរតួយ៉ាងសំខាន់នៅក្នុងការរៀបចំឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញដល់ប្រទេសជាតិ កាលពី២៥ឆ្នាំមុន។
ថ្លែងនៅក្នុងពេលរៀបចំពិធីបើកបង្ហាញរូបសំណាកមេដឹកនាំបដិវត្ដន៍ លោកបាននិយាយរំឭកដល់ពលរដ្ឋសាមញ្ញអំពីអត្ថន័យរបស់ទិវានេះ។
លោកអាគីណូមានប្រសាសន៍ថា ពលរដ្ឋហ្វ៊ីលីពីនបានបង្ហាញដល់ប្រទេសជាច្រើនអំពីលទ្ធភាពនៃការធ្វើបដិវត្តន៍ដោយសន្ដិវិធី។ លោកថានេះជា «អំណោយរបស់ប្រទេសហ្វ៊ីលីពីនចំពោះពិភពលោក»។
ការបះបោរប្រឆាំងលោក ហ្វ៊ែរឌីណាន់ ម៉ារកូស ដែលគ្រប់គ្រងប្រទេសជាង២០ឆ្នាំ ចាប់ផ្ដើមឡើងពីអ្វីដែលមនុស្សទូទៅមើលឃើញថា ជាការបោះឆ្នោតប្រកបទៅដោយការបន្លំសន្លឹកឆ្នោត។
អស់រយៈពេល៤ថ្ងៃក្នុងខែកម្ភៈឆ្នាំ១៩៨៦ ពលរដ្ឋជាងកន្លះលាននាក់ បានមកប្រមូលផ្តុំគ្នានៅមហាវិថីមួយក្នុងរដ្ឋធានីម៉ានីលដែលមានឈ្មោះថា EDSA ដើម្បីគាំទ្រគូប្រជែងបោះឆ្នោតរបស់លោកម៉ារកូស គឺលោកស្រី កូរ៉ាហ្សូន អាគីណូ (Corazon Aquino)។
ក្រោយពីយោធាបានបែរមកប្រឆាំងនឹងលោកម៉ារកូសវិញ ស.រ.អ.បានយកយន្ដហោះដឹកមកលោកម៉ារកូសនិងគ្រួសារចេញពីប្រទេស។ លោកស្រី អាគីណូ ដែលជាមាតារបស់ប្រធានាធិបតីបច្ចុប្បន្ន បានត្រូវតែងតាំងជាប្រធានាធិបតីថ្មីរបស់ប្រទេសហ្វ៊ីលីពីន។
លោកស្រីកូរ៉ាហ្សូន អាគីណូ ដែលទទួលមរណភាពនៅឆ្នាំ២០០៩ ជាភរិយាមេម៉ាយរបស់ លោក បេនិកណូទី២ (Beningno Junior) អ្នកប្រឆាំងដ៏ខ្លាំងក្លានឹងលោកម៉ារកូស។ លោកស្រីបានចូលប្រឡូកក្នុងនយោបាយក្រោយពីស្វាមីរបស់លោកស្រីបានត្រូវគេធ្វើឃាដកាលពី៣ឆ្នាំមុននោះ។
ប្រធានាធិបតី អាគីណូទីមួយ (កូរ៉ាហ្សូន អាគីណូ) បានរៀបចំឲ្យមានស្ថាប័នប្រជាធិបតេយ្យនានា មានដូចជាគណៈកម្មការរៀបចំការបោះឆ្នោត។ លោកស្រីបានដឹកនាំកិច្ចប្រឹងប្រែងនៃការកែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានជួយពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសជាតិ។
តែការកែទម្រង់នេះមិនបានត្រូវសម្រេចទាំងអស់ ដូចអ្វីដែលពលរដ្ឋហ្វ៊ីលីពីនទាំងអស់ប្រាថ្នាចង់បាននោះទេ។
លោកអេដណា កូ (Edna Co) ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យរដ្ឋបាលសាធារណៈរបស់សាកលវិទ្យាល័យហ្វ៊ីលីពីន។
«ជាឧទាហរណ៍ ការចូលរួមរបស់ប្រជាពលរដ្ឋ បានត្រូវចារនៅក្នុងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៨៦។ ក៏ប៉ុន្តែ គុណភាពនិងការចូលរួមជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងការធ្វើសេចក្ដីសម្រេចរបស់ដំណើរការអភិបាលកិច្ចរបស់យើងនៅតែមានបញ្ហានៅឡើយ»។
អំពើពុករលួយនិងការខ្វះសមត្ថភាពជាជម្ងឺរ៉ាំរ៉ែនៅក្នុងរដ្ឋាភិបាល។ ប្រទេសជាតិនៅតែរងទុក្ខវេទនាពីចលនាបះបោរកុម្មុយនិស្តនិងពីក្រុមបំបែករដ្ឋអ៊ីស្លាមដ៏ឃោរឃៅនៅតំបន់ភាគខាងត្បូងប្រទេស។ នៅក្នុងតំបន់ខ្លះ អ្នកនយោបាយក្នុងតំបន់ឬម្ចាស់ដីធ្លីដែលមានអំណាចបានប្រើប្រាស់កងជីវពលឯកជន។ អស់រយៈពេលច្រើនឆ្នាំ សកម្មជន អ្នកកាសែត និង អ្នកនយោបាយជាច្រើន បានត្រូវគេធ្វើឃាដ ហើយមានឃាតករតិចតួចនាក់ណាស់បានត្រូវចាប់ខ្លួន។
អ្នកស្រី កូ និយាយថា មិនឃើញមានការប្ដេជ្ញាចិត្ដពិតប្រាកដពីសំណាក់មេដឹកនាំ ឬ មនុស្សសាមញ្ញ ដើម្បីធានាថាការផ្លាស់ប្ដូរទាំងឡាយដែលកើតឡើងពីបដិវត្ដន៍ EDSA បានត្រូវពង្រឹងទេ។
«យើងនៅតែបន្ដធ្វើការដដែល ហើយយើងមិនទាន់បានចេញមុខធ្វើការផ្លាស់ប្តូរអ្វីធំដុំណាមួយទេ និងធ្វើព្រមគ្នាទាំងអស់ ដើម្បីធ្វើឲ្យមានការកែប្រែប្រព័ន្ធនេះតែម្តង។ ហេតុដូច្នេះ ខ្ញុំយល់ថា អ្វីៗកាន់តែពិបាកខ្លាំងឡើង ដោយសារយើងមិនបានផ្លាស់ប្ដូរប្រព័ន្ធនោះ»។
អ្នកស្រី កូ ថ្លែងទៀតថា ភាពក្រីក្រតោកយ៉ាក រឹតតែធ្ងន់ធ្ងរ លើសពីកាលពី២៥ឆ្នាំមុនទៅទៀត។
ប៉ុន្តែទោះបីបដិវត្តន៍នេះមានបញ្ហាជាច្រើនក្តី បដិវត្ដន៍ EDSA បានត្រូវគេមើលឃើញថាជា គំរូសម្រាប់ប្រទេសដទៃ។ វាជាផ្នែកមួយនៃនិន្នាការនៃការផ្លាស់ប្តូរដោយសន្ដិវិធី ពីរដ្ឋាភិបាលផ្តាច់ការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅតំបន់អាស៊ីខាងកើតក្នុងទសវត្សឆ្នាំ១៩៨០ ដោយរាប់បញ្ចូលប្រទេសកូរ៉េខាងត្បូងនិងតៃវ៉ាន់ផងដែរ៕
ប្រែសម្រួលដោយ អ៊ូ ធូក