ចំនួននិស្សិតអន្តរជាតិដែលកំពុងស្វែងរកការសិក្សាជានខ្ពស់នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងទៅដល់ចំនួន១លាន១សែន៨ម៉ឺននាក់ ដោយបានកើនឡើងចំនួន២ភាគរយ បើប្រៀបធៀបទៅនឹងកាលពីខែមិនាឆ្នាំទៅ។
នេះយោងតាមរបាយការណ៍ថ្មីមួយស្តីពីទិន្នន័យនិស្សិតដែលបានចេញផ្សាយនៅសប្តាហ៍នេះដោយកម្មវិធីនិស្សិតនិងការផ្លាស់ប្តូរនិស្សិតឬ SEVP ដែលជាអង្គភាពមួយស្ថិតនៅក្នុងផ្នែកអន្តោប្រវេសន៍និងគយ។
របាយការណ៍នោះបានប្រាប់ឲ្យដឹងថា និស្សិតភាគច្រើននៃនិស្សិតទាំងនោះគឺចំនួន៧០ភាគរយមកទ្វីបអាស៊ី។
- និស្សិតអន្តរជាតិច្រើនជាងគេបង្អស់មកប្រទេសចិនមានចំនួនច្រើនជាង៣សែន៦ម៉ឺន២ពាន់នាក់ ហើយនិងនិស្សិតឥណ្ឌាមានជិត២សែន៧ពាន់នាក់។
- ប្រទេសនេប៉ាល់ក៏មាននិស្សិតកើនឡើងយ៉ាងខ្លាំងគឺកើនឡើងចំនួន១៨ភាគរយ។
- ប្រទេសអារ៉ាប៊ីសាអូឌីតដែលបានធ្លាក់ចុះចំនួន១៩ភាគរយ បន្តស្ថិតក្នុងលំដាប់ថ្នាក់ទី៤ដែលមានចំនួននិស្សិតនៅក្នុងសហរដ្ឋអាមេរិកជិត៥ម៉ឺន៦ពាន់នាក់។
- និស្សិតអន្តរជាតិផ្សេងទៀតចំនួន៥សែន១ម៉ឺន៤ពាន់នាក់ឬចំនួន៤៣ភាគរយ បានបន្តការសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្មឬគណិតវិទ្យា។
- និស្សិតអាស៊ីចំនួន៤៩ភាគរយកំពុងបន្តការសិក្សាយកសញ្ញាប័ត្រខាងវិទ្យាសាស្រ្ត។
- រដ្ឋកាលីហ្វ័រញ៉ា ញូវយ៉កនិងរដ្ឋតិចសាស មានចំនួននិស្សិតអន្តរជាតិច្រើនជាងគេបំផុត៕