ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​កំពុង​មាន​ឥទ្ធិពល​មិន​ល្អ​លើ​សេរីភាព​ក្នុង​ការប្រមូល​ផ្តុំ​ពេល​ស្ថានការណ៍​នយោបាយ​អាប់អួរ


រូបឯកសារ៖ ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់​សហជីព សមាគម និង​អង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​​លើក​ឡើង​បន្ថែម​ថា អាជ្ញាធរ​ទំនង​ជា​មាន​ការ​ភាន់​ច្រឡំ​មក​លើ​សមាគម​របស់​លោក​ថា ជា​ចលនា​ដែល​នឹង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ប្រឆាំង​នឹង​អាជ្ញាធរ។

ចាប់​តាំង​ពីការ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់ស្តី​ពី​សមាគម​ និងអង្គការ​ក្រៅ​រដ្ឋាភិបាល​នៅឆ្នាំ​២០១៥​ ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​សហគមន៍​មាន​វិវាទ​ដីធ្លី​មួយ​ចំនួន​ ​និង​សហគមន៍​ផ្សេងទៀត​ផ្តើម​ទទួល​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ចំពោះ​ការចងក្រង​សហគមន៍​ ​ការប្រមូលផ្តុំ​ ​និង​ការតវ៉ា។​ ​នេះបើ​តាមការ​បញ្ជាក់​របស់​ក្រុមសង្គម​ស៊ីវិល​ និង​អ្នកការ​ពារ​សិទ្ធិមនុស្ស។

ថ្មីៗ​នេះ​ ​លោក​ ​ថេង សាវឿន​ ​ប្រធានសមាគមសម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ដែល​ធ្វើការ​លើ​កិច្ចការចងក្រង​សហគមន៍ និង​តស៊ូមតិ​ ទាក់ទិន​កម្មសិទ្ធិ​ដីធ្លី​ ​និង​ជីវភាព​កសិករ​ បាន​ប្រឈម​នឹងការ​រារាំង​ជា​ច្រើន​ ​ពីអាជ្ញាធរ​មូលដ្ឋាន​ នៅ​ពេល​សមាគម​របស់​លោក​ចុះជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកបាន​ប្រាប់​ ​VOA​ ​កាល​ពី​ចុង​ខែ​មីនាថា​ ​អាជ្ញាធរ​មូលដ្ឋាន​ ហាក់​មិន​ទាន់​យល់​ច្បាស់​ពី​ខ្លឹមសារ​នៃ​ច្បាប់​អង្គការ​ដ៏​ចម្រូង​ចម្រាស​នេះ ​ហើយ​ថា​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​រឹត​តែធ្វើ​ឲ្យ​ច្បាប់​នេះ​ មាន​ឥទ្ធិពល​មិន​ល្អ​ ទៅលើ​សហគមន៍​ ដែល​មិនទាន់ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ ​តួយ៉ាង​ ដូចជា​សហគមន៍​ស្ទឹង​អារ៉ែង​ ​នៅ​ក្នុង​ខេត្ត​កោះកុង។

«យើង​គិត​ថា​ ​សេរីភាព​ក្នុងការ​ជួបប្រជុំ​ សេរីភាព​ក្នុងការ​ប្រមូល​ផ្តុំ​ ហើយ​និង​សេរីភាព​សមាគម​នៅ​ប្រ​ទេស​កម្ពុជា​ហ្នឹង​មានការ​ រឹតត្បិត​ និង​ចុះថយ​ តាមរយៈការ​ប្រើប្រាស់​នូវប្រព័ន្ធ​ច្បាប់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហើយ​មួយវិញ​ទៀត​យើង​ឃើញ​ថា​ ការ​ស្វះស្វែង​យល់​ ឬក៏ការយល់​អំពី​អត្ថន័យនៃ​ខ្លឹមសារ​ច្បាប់​ស្តីពី​សមាគម​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​អាជ្ញាធរ​ ហាក់​បីដូចជា​ នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ នៅពេល​ដែល​យើង​ធ្វើការ​ជួបប្រជុំ​ ច្រើន​តែ​ធ្វើការ​ហាម​ឃាត់​ ​ធ្វើឲ្យយើង​មានការ​ ចង់​ឲ្យមានការ​ជូនដំណឹង​ សុំច្បាប់​អនុញ្ញាត​ ដែល​កិច្ច​ការ​ងារ​ទាំងអស់​ហ្នឹង​ ​គឺ​យើង​បាន​ធ្វើ​ទៅតាម​អ្វី​ដែល​ច្បាប់​ដែលបាន​ចែង»។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ហៅ​កាត់​ថា CCFC ​ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេងសហរដ្ឋអាមេរិក​ (VOA)​ អំពីការ​រឹតត្បិត​សេរីភាព​ប្រមូលផ្តុំ កាលពី​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ២០១៨។ (រូបថតផ្តល់ដោយលោក​ ថេង សាវឿន)
លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ហៅ​កាត់​ថា CCFC ​ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេងសហរដ្ឋអាមេរិក​ (VOA)​ អំពីការ​រឹតត្បិត​សេរីភាព​ប្រមូលផ្តុំ កាលពី​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ២០១៨។ (រូបថតផ្តល់ដោយលោក​ ថេង សាវឿន)

​លោក​ ថេង សាវឿន​ ​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ​ក្រុម​ការងារ​នៃ​សមាគម​របស់​លោក​ បាន​ប្រឈម​នឹង​ការ​រារាំង​របស់​អាជ្ញាធរ​ចំនួន​បួន​ដង​បន្តបន្ទាប់​គ្នា​ គិត​ចាប់​ពីថ្ងៃ​ទី ៧​ ខែមីនា​ ឆ្នាំ​ ២០១៨ នៅ​ពេល​ក្រុម​ការងារ​របស់​លោក​ចុះជួប​ប្រជាពលរដ្ឋ​ជាកសិករ​នៅតាម​សហគមន៍​ ដើម្បី​ពិភាក្សា​អំពីបញ្ហា​ជា​ច្រើន​ទាក់​ទិន​ការ​ទទួលបាន​ផល​ប្រយោជន៍​ពីប្រព័ន្ធការ​ពារ​សនិ្តសុខ​សង្គម​ និង​សិទ្ធិ​មូល​ដ្ឋាន​នានា។​

ការ​រាំង​របស់​អាជ្ញាធរ​ មកលើ​សមាគម​របស់​លោក​ ​ថេង សាវឿន​ ​បាន​កើតមាន​ឡើង​ នៅខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម រួមមាន​ ​ខេត្តតាកែវ​ ​ត្បូងឃ្មុំ​ ​និង​ខេត្ត​ស្វាយរៀង។​ ​លោក​លើក​ឡើង​បន្ថែមថា​ អាជ្ញាធរ​ទំនង​ជា​មាន​ការ​ភាន់​ច្រឡំមក​លើសមាគម​របស់​លោក​ថា​ ​ជា​ចលនា​ដែល​នឹង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ប្រឆាំង​នឹង​អាជ្ញាធរ។

«អ្វី​ដែល​គេដាក់​គោលដៅ​ហ្នឹង​គឺ​ ​គោលដៅ​របស់​សមាគម​ គឺ​យើង​ធ្វើការ​នៅ​សហគមន៍​ ​ដែល​រង​គ្រោះ​ជាច្រើន​ ហើយ​ការណ៍​ យើង​គិត​ថា​ ប្រហែល​ជាមានការ​ភាន់​ច្រឡំ​ ​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ សមាគម​ដែល​មានលេចឮ​ ពាក្យ​ចចាម​ថា​ ​សមាគម​ធ្វើការ​ប្រឆាំង​ ​ឬក៏​ធ្វើការ​បំបះបំបោរ​ប្រជាពល​រដ្ឋ​ឲ្យ​ងើប​តវ៉ា​នោះ​ មិនមែន​ជាការពិត​នោះទេ​»។

​កាល​ពី​ខែកក្កដា​ ឆ្នាំ​ ២០១៥​ ​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨រូប​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស​នេះ​ ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ពិភាក្សា​ដេញដោល​អ្វី​ទាំងអស់​ ខណៈ​ពេល​ដែល​តំណាងរាស្ត្រ​ភាគតិច​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំនោះ។​ ​នៅ​ពេល​នេះ គណ​បក្ស​ប្រឆាំង​លែង​មាន​វត្តមាន​ នៅ​សភា​ ​ក្រោយ​ការរំលាយគណបក្ស​ដ៏ធំ​នេះ​ ទៅ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំមុន។

រូបឯកសារ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ។ (VOA)
រូបឯកសារ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ។ (VOA)

នាយឧត្តម​សេនីយ៍ ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ​បានច្រានចោល​ការ​ចោទប្រកាន់​ដែល​ថា​ ​អាជ្ញាធរ​មិនយល់​ពី​អត្ថន័យ​នៃ​ច្បាប់​អង្គការ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំមិនដឹង​ជា​ អ្នកណា​យល់​មិនយល់​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ជឿថា​ នៅស្រុកខ្មែរយើង​ បើដើរទៅ​ចេះ​ ​សុំគេ​ ​សុំឯង​នឹង...បាន​សេចក្តីសុខ​ហើយ​ ហើយបើដើរទៅ​ច្រងេង​ ​ច្រងាង​ពើងទ្រូង​ដាក់​គេ​ដាក់​ឯង​ អាហ្នឹង​អត់​បាយ​ហូប»។

លោកនាយឧត្តម​សេនីយ៍​ បាន​បញ្ជាក់​ ​VOA​ ​ឲ្យដឹងនៅថ្ងៃ​អង្គារនេះ​ថា​ អាជ្ញាធរ​នឹង​មិនធ្វើការ​ឃាត់​សកម្ម​ភាព​របស់​សមាគម​ណាមួយ​នោះទេ​ ​ប្រសិន​បើ​សមាគមនោះ​ ​ចុះទៅធ្វើការ​តាម​សហគមន៍​ ដោយ​មាន​សុំការ​អនុញាត​ពីអាជ្ញាធរ​មូលដ្ឋាន​ជា​មុន​នោះ។

«គ្រាន់​តែជូនព័ត៌មាន​ទៅ​វា​ទើស​អី​ ​ជូន​ព័ត៌មាន​ទៅ ខ្ញុំ​ ខ្ញុំ​មកនេះ​ ខ្ញុំធ្វើ​អណ្តូង​ទឹក​ ខ្ញុំមកនេះ ខ្ញុំធ្វើ​អំពី​បង្រៀន​នេះ​ ប្រាប់​គេទៅ​ មេឃុំ​ មេភូមិ ខ្មែរ​យើង​តើ​ មែន​មេឃុំយួន​ណា​អ្វី»។

យ៉ាងណា​ក្តី​ ​មន្ត្រី​សិទ្ធិ​មនុស្ស​ ប្រមើ​មើល​ឃើញ​ថា​ ​ការ​រឹតត្បិត​បន្តឹង​លើការ​ជួបជុំ​ នឹង​រឹតតែ​កើន​ខ្លាំង​ឡើង​ ពោលគឺ​គិត​ចាប់ពីពេលនេះ​ទៅ​ រហូតដល់ការបោះឆ្នោត​ជាតិ​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២០១៨។

រូបឯកសារ៖ លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការសវនាការ​កាត់​ទោស​សកម្មជន​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី ថ្លែង​ទៅ​កាន់​អ្នកសារ​ព័ត៌មាន​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (VOA)
រូបឯកសារ៖ លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការសវនាការ​កាត់​ទោស​សកម្មជន​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី ថ្លែង​ទៅ​កាន់​អ្នកសារ​ព័ត៌មាន​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (VOA)

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ​ ថ្លែង​ថា៖

«ខ្ញុំគិត​ថា​ មិន​អាចធូរស្រាល​ទេ​ ​បើ​យើងឃើញ​សញ្ញាណ​ពីឥឡូវ​ទៅ​ ជាពិសេស​គឺការ​ជួបជុំ​ ការ​ប្រមូល​ផ្តុំ​ របស់​អង្គការ​សង្គមស៊ីវិល​ណ៎ា!​ ​ពីព្រោះ​ ឃើញថា​ អង្គការ​សង្គមស៊ីវិល​មួយចំនួន​ ដែល​គាត់​ចុះ​ធ្វើការ​នៅតាម​មូលដ្ឋាន​ហ្នឹង​ ឃើញមានការ​ពិបាកក្នុងការ​ជួប​ជុំ​ ឬការប្រមូលផ្តុំ​ សមាជិក​ ឬក៏សហគមន៍​ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​អីមួយហ្នឹង​ គឺមានការ​ពិបាក​បាទ»។

រូបឯកសារ៖ លោក Maina Kiai ជា​បេសក​ជន​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​និង​ការ​ចងក្រង​សមាគម​ដោយ​សន្តិវិធី​នៃ​អង្គការ​សហ​ប្រជាជាតិ។
រូបឯកសារ៖ លោក Maina Kiai ជា​បេសក​ជន​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​និង​ការ​ចងក្រង​សមាគម​ដោយ​សន្តិវិធី​នៃ​អង្គការ​សហ​ប្រជាជាតិ។

បន្ទាប់​ពី​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​អង្គការ​កាល​ពី​ខែ​កក្កដា ឆ្នាំ​ ​២០១៥​ ​ដដែល​នោះ​ លោក​ ​Maina Kiai​ ​ដែល​ពេលនោះ​ជា​បេសក​ជន​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​និង​ការ​ចងក្រង​សមាគម​ដោយ​សន្តិវិធី​នៃ​អង្គការ​សហ​ប្រជាជាតិ​ ​បាន​ប្រតិកម្ម​ភ្លាមៗ​ ​ដោយ​លោក​បាន​ ​«សូម​ទទូច​ឲ្យ​ព្រឹទ្ធ​សភា​ច្រាន​ចោល​ច្បាប់​នេះ​ទាំងស្រុង​ ​ខណៈ​ដែល​ច្បាប់​មាន​ការ​ខ្វះ​ចន្លោះ​ដ៏​ច្រើន​ពី​វិធាន​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ​នានា​លើ​ការ​គ្រប់​គ្រង​សេរី​ភាព​ចងក្រង​សមាគម ​ជា​ពិសេស​នៅ​ត្រង់​មាត្រា​២២​នៃ​សន្ធិ​សញ្ញា​សិទ្ធិ​ជន​ស៊ីវិល​ និង​នយោបាយ​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ព្រម​ព្រៀង​ជាមួយ​នៅ​ឆ្នាំ​១៩៩២»។​

រីឯ​អ្នក​នាំ​ពាក្យ​សហភាព​អឺរ៉ុបបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផងដែរ​នៅ​គ្រានោះ​ ​ដោយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​អនុម័តសេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ការ​រឹតបន្តឹង​ធ្ងន់​ធ្ងរ​លើ​សកម្មភាព​របស់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

រូបឯកសារ៖ អ្នកស្រី Maja Kocijancic ជា​អ្នក​នាំពាក្យ​សហភាព​អឺរ៉ុប។
រូបឯកសារ៖ អ្នកស្រី Maja Kocijancic ជា​អ្នក​នាំពាក្យ​សហភាព​អឺរ៉ុប។

អ្នកស្រី​ ​Maja Kocijancic​ ​អ្នក​នាំពាក្យ​សហភាព​អឺរ៉ុប​បានលើក​ឡើង​ថា​ ​ច្បាប់​នេះ​ប៉ះ​លើ​បញ្ហា​រសើប​ជា​ច្រើន​ ​ដែល​ទាមទារ​ឲ្យ​មាន​ការពិគ្រោះ​យោបល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាមួយ​នឹង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់។​ ​អ្នកស្រីអះអាង​ថា​ ច្បាប់​នេះ​មាន​សក្តានុពល​ភាព​យ៉ាង​ធំ​ធេង​ក្នុង​ការ​កំហិត​ដល់​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋា​ភិបាល។

យ៉ាង​ណាក៏​ដោយ​ចុះ​ ច្បាប់​អង្គការ​នេះ​ ត្រូវ​បាន​ព្រះមហាក្សត្រខ្មែរ​ឡាយ​ព្រហស្ថលេខា​ ​កាលពីខែ​សីហា​ ឆ្នាំ​ ២០១៥។​ ​រហូតមកដល់​ពេលនេះ​ មិនទាន់មានការ​ស្នើ​ឲ្យមាន​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ ដែល​មាន​លក្ខណៈរឹតត្បិត​លើ​សិទ្ធិ​ជួបប្រជុំ​ និង​ប្រមូល​ផ្តុំ​តវ៉ានោះ​ទេ។​ ​នេះបើតាម​ការ​បញ្ជាក់​ពីអ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ស្រុក។

នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ក៏បាន​ឲ្យដឹងដែរ​ថា​ ​មិនទាន់​មានការ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះនៅឡើយ​ទេ។​ ​លោក​អះអាង​ថា ក្រោយ​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​អង្គការ​នេះ​រួចមកនោះ​ មានសមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ឡើង​បានមក​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។

ក៏ប៉ុន្តែ​សហគមន៍​មួយ ចំនួន​ ​កំពុងប្រឈម​នឹង​បញ្ហា​ខាង​ផ្លូវ​ច្បាប់​ក្នុងការ​ចុះ​បញ្ជី។​ ​នេះបើតាម​ការ​បញ្ជាក់​ពីមន្ត្រី​សិទ្ធិមនុស្ស។

ជាក់ស្តែង​ ​កាល​ពី​ខែមីនា​ ​ឆ្នាំ២០១៨​ ​រដ្ឋបាល​ឃុំ​ជំនាប់​ ស្ថិត​ក្នុងស្រុក​ថ្មបាំង​ ខេត្ត​កោះ​កុង​ បានស្នើ​តំណាង​សហគមន៍​ស្ទឹង​អារ៉ែង​ ​ឲ្យរុះរើ​ទីស្នាក់ការ​សហគមន៍​ ដើម្បីបើក​ផ្លូវ​ឲ្យមានការ​សង់​សាលា​ឃុំស្តង់​ដាមួយ​នៅទីនោះ។ ទី​តាំង​សង់​សាលាឃុំ​ស្តង់ដានេះ​ ស្ថិត​ក្នុងទីតាំង​តែមួយ​របស់​សហគមន៍​ស្ទឹង​អារ៉ែង​ ដែលជាទីលំនៅ​របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ជង​ផងដែរ។ តំណាង​សហគមន៍​ស្ទឹង​អារ៉ែង​ មាន​ពេល​សម្រេចចិត្ត​ថា​ នឹង​រុះ​រើ​ទីស្នាក់​ការ​សហគមន៍​របស់​ខ្លួនឬយ៉ាង​ណានោះ​ នៅ​ត្រឹមថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ​ ២០១៨នេះ៕

XS
SM
MD
LG