ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបនិក​កាសែត​ឌឹខែមបូឌា​ដែល​លី​ លោក​ Bernard Krisher​ ​ទទួលមរណភាព​ក្នុង​វ័យ​៨៧​ឆ្នាំ


លោក Bernard Krisher អ្នក​កាសែតចាស់វស្សា​អាមេរិក បានបង្កើតកាសែត​  The Cambodia Daily​ ដែល​ជា​សារព័ត៌មាន​ភាសា​អង់គ្លេស​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ លោក​បាន​ទទួល​មរណភាព​ក្នុង​វ័យ៨៧ឆ្នាំ នៅ​ប្រទេសជប៉ុន។ (រូបថតដោយ the Cambodia Daily)

ស្ថាបនិក​កាសែត​ The Cambodia Daily​ និង​សប្បុរសជន​ លោក​ Bernard Krisher​ បាន​ទទួល​មរណភាព​ក្នុង​វ័យ​៨៧​ឆ្នាំ​ ក្នុង​មន្ទីរ​ពេទ្យ​មួយនាទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ដោយ​បញ្ហា​បេះដូង។​ នេះ​បើ​យោង​ទៅ​តាម​វេបសាយ​ផ្លូវ​ការ​របស់​កាសែត​ ​The Cambodia Daily​ នៅ​ថ្ងៃ​ចន្ទ​នេះ។​

​អ្នកកាសែត​ចាស់​វស្សា​របស់​អាមេរិក​ ​លោក Bernard Krisher​ បាន​បង្កើត​ កាសែត​ The Cambodia Daily​ ដែល​ជា​សារព័ត៌មាន​ភាសា​អង់គ្លេស​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ជួយ​ផ្នែក​អប់រំ​ និង​សាងសង់​សាលា​រៀន​តាម​តំបន់​ជនបទ​របស់​ប្រទេស​កម្ពុជា។

បេសកកម្ម​របស់សារព័ត៌មាន​នេះ​គឺ​រាយការណ៍​«គ្រប់​ព័ត៌មាន​ដោយ​មិន​មាន​ការ​ភ័យខ្លាច​ឬ⁠លម្អៀង»។ ចាប់​តាំង​ពី​ពេល​បង្កើតក្នុង​ឆ្នាំ១៩៩៣​មក សារព័ត៌មាន The Cambodia Daily​ បាន​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។​

​ជា​អកុសល​សារព័ត៌មាន​នេះ​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​កាល​ពី​ខែ​កញ្ញា ⁠ឆ្នាំ ២០១៧ ដោយសារ​បញ្ហា​ពន្ធដារ។ ការ​បិទ​ទ្វារ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ស្រប​ពេល​មាន​ការ​រឹតត្បិត​លើ​បណ្ដាញ​សារព័ត៌មាន​ដែល​មិន​ជិត​ស្និទ្ធ​នឹង​រដ្ឋាភិបាល។ ស្ថាប័ន​អន្តរជាតិ និង​រដ្ឋាភិបាល​បស្ចិម​លោក​មួយ​ចំនួន​ បាន​ថ្កោលទោស​លើ​ការ​រឹតត្បិត​នេះ។

យ៉ាងណា​ក្ដី អំឡុង​ពេល​លោក​ស្ថិត​នៅ​ប្រទេស​កម្ពុជា លោក Bernard Krisher ​ដែល​ជា​ប្រធាន​អង្គការ​ World Assistance for Cambodia​ ផង​ដែរ​នោះ បាន​ផ្ដួចផ្ដើម​ជា​គម្រោង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​រួម​ចំណែក​នៅ​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​និង​សុខាភិបាល​នៅ​កម្ពុជា។

យោង​តាម​វេបសាយ​ផ្លូវ​ការ​របស់​សារព័ត៌មាន The Cambodia Daily​ គម្រោង​សាងសង់​រៀន​នៅ​ជនបទ​របស់​លោក Krisher បាន​បង្កើត​សាលារៀន​ចំនួន​ជាង ៥៦០​ខ្នង​តាម​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស ហើយ​ការ​រួម​ចំណែក​ដ៏​លេចធ្លោ​មួយ​ក្នុង​វិស័យ​សុខាភិបាលគឺ​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​បង្កើត​មន្ទីរ​ពេទ្យ Sihanouk Hospital Center of HOPE ដែល​ផ្ដល់​ការ​ព្យាបាល​និង​ថែទាំ​សុខភាពដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​ក្រីក្រ​នៅ​កម្ពុជា។

​ពលរដ្ឋ​ខ្មែរ​និង​អ្នក​ព័ត៌មាន​មួយ​ចំនួន​បាន​បង្ហាញ​ភាព​ក្រៀមក្រំ និង​ចូលរួម​រំលែក​ទុក្ខ​នៃ​ការ​ស្លាប់​របស់​លោក​តាម​បណ្ដាញ​សង្គម​និង​សារព័ត៌មាន​របស់​ខ្លួន។​

​នៅ​ថ្ងៃ​ចន្ទ​នេះ​ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​បាន​បង្ហោះ​សារ​តាម​បណ្ដាញសង្គម​ហេ្វសប៊ុក​ ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​លោក Bernard Krisher ផង​ដែរ​ ដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា «លោក Krisher មិន​ត្រឹមតែ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ទទួល​បាន​ព័ត៌មាន​តែ​ប៉ុណ្ណោះ​ទេ​ តែ​លោក​ថែមទាំង​បាន​ចំណាយ​ពេលវេលា​របស់​លោក​រាប់​ទសវត្សរ៍​ក្នុង​ជីវិត​របស់​លោក​ ដើម្បី​ធ្វើ​ការងារ​មនុស្សធម៌​នៅ​កម្ពុជា»។​

​ពិធី​បុណ្យ​សព​បែប​សាសនា​មួយ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​នៅ​ការិយាល័យ​ ​អង្គការ​ World Assistance for Cambodia​ ​ស្ថិត​ក្នុង​សង្កាត់​វាលស្បូវ​ខណ្ឌ​ច្បារ​អំពៅ​ ​ដើម្បី​ឧទ្ទិស​កុសល​និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ Bernard Krisher៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG