គណៈរដ្ឋមន្រ្តីថ្មីរបស់នាយករដ្ឋមន្រ្តីថៃយីងឡាក់ ស៊ីណាវ៉ាត់ បានលេចចេញជារូបរាងឡើងដោយមានសមាជិកភាគច្រើនមកពីគណបក្សរបស់ អ្នកស្រី រួមទាំងដៃគួសម្ព័ន្ធមិត្រ និង អ្នកខាងក្រៅប៉ុន្មាននាក់ផ្សេងទៀត។ អ្នកស្រីបានដកមេដឹកនាំក្រុមចលនាតវ៉ាអាវក្រហមដ៏ចម្រូងចម្រាស់ចេញ ដែលករណីនេះបានជួយឲ្យគណបក្សរបស់អ្នកស្រីទទួលបានជោគជ័យ។
គណៈរដ្ឋមន្រ្តីថៃដែលមានសមាជិកចំនួន ៣៥ រូប ត្រូវបានរំពឹងថានឹងព្យាយាមអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច និង សង្គមដ៏មានប្រជាប្រិយភាពនាពេលឆាប់ៗខាងមុខនេះ។ គោលនយោបាយនេះហើយដែលជួយជំរុញឲ្យនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត់ បានទទួលជោគជ័យកាលពីខែមុន។
ទោះបីជាមុខតំណែងគណៈរដ្ឋមន្រ្តីភាគច្រើនបានផ្តល់ឲ្យគណបក្សភឺថៃ ឬដៃគូសម្ព័ន្ធមិត្ររបស់អ្នកស្រីក៏ដោយ ក៏អ្នកស្រីបានជ្រើសរើសអ្នកពីខាងក្រៅមួយចំនួនឲ្យមកកាន់មុខតំណែង សំខាន់ៗផ្នែកហិរញ្ញវត្ថុ និង ពាណិជ្ជកម្មផងដែរ។
អ្នកវិទ្យាសាស្រ្តនយោបាយ លោក ធីទីណាន់ ពុងស៊ូធីរ៉ាក់ (Thitinan Pongsudhirak) នៅឯសាកលវិទ្យាល័យជូឡាឡុងកន មានប្រសាសន៍ថា គាត់បានសង្ឈឹមថានឹងមាន អ្នកជំនាញដែលមានបទពិសោធន៍ច្រើនថែមទៀតនៅក្នុងគណៈរដ្ឋមន្ត្រី។
«វាទាបជាងការរំពឹងទុកលើកដំបូងទៅទៀត។ ការរំពឹងទុកលើកដំបូងគឺថា ពួកគេនឹងតែងតាំង អ្នកខាងក្រៅ អ្នកជំនាញផ្សេងៗ អ្នកជំនាញខាងគោលនយោបាយច្រើនជាងមុន ប៉ុន្តែនៅទីបំផុត ពួកគេបានជ្រើសរើសតែប៉ុន្មាននាក់ប៉ុណ្ណោះសម្រាប់មុខតំណែងផ្នែក សេដ្ឋកិច្ច ដូចជារដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីពាណិជ្ជកម្ម ជាដើម ដែលមានតួនាទីទ្វេ ដោយធ្វើជាឧបនាយករដ្ឋមន្រ្តីផងដែរ។ ក្រៅពីនេះការជ្រើសរើសគឺផ្អែកលើបក្សពួក និង កូតាគណបក្ស»។
ភាពជោគជ័យរបស់រដ្ឋាភិបាលថ្មីលេចចេញពីដំណាក់កាលច្របូកច្របល់ក្នុង នយោបាយថៃ។ អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាបងប្រុសរបស់អ្នកស្រីយីងឡាក់ ត្រូវបានគេទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ដោយសារតែជម្លោះរវាងរដ្ឋាភិបាលរបស់គាត់និង ឥស្សរជនបុរាណក្នុងសង្គមថៃ។
រដ្ឋមន្រ្តីការពារជាតិថ្មីរបស់អ្នកស្រីយីងឡាក់គឺជាអតីត មេបញ្ជាការដែលត្រូវបានគេមើលឃើញថាគ្មាននរណាអាចផ្តួលបាន ហើយត្រូវបានរំពឹងថាគាត់នឹងធ្វើការបានល្អជាមួយនឹងពួកយោធា។ សេដ្ឋវិទូ សំភព ម៉ាណារ៉ាំងសាន (Somphob Manarangsan) បានស្វាគមន៍អ្នកខាងក្រៅដែល ធ្វើការនៅក្នុងគណៈរដ្ឋមន្រ្តី ដែលជាអ្នកមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ ជាពិសេស នៅពេលដែលទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចអន្តរជាតិស្ថិតនៅក្នុងភាពមិន ច្បាស់លាស់នៅឡើយ។
«ចាប់ពីពេលនេះតទៅ ប្រទេសថៃនឹងមានស្ថេភាព ហើយគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នឹងមានប្រសិទ្ធភាព ទោះបីជាទីផ្សារហិរញ្ញវត្ថុសកលលោកទាំងនៅសហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប មានការប្រែប្រួលខ្លាំងក៏ដោយ។ នេះមានន័យថា យើងត្រូវតែរៀបចំប្រទេស ជាពិសេសរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឲ្យបានស្រួលបួលដើម្បីតតាំង ជាមួយនឹងឥទ្ធិពលមកពីកត្តាខាងក្រៅ»។
សេដ្ឋវិទូប្រចាំនៅធនាគារ Kasikorn បានទស្សន៍ទាយថា សេដ្ឋកិច្ចថៃនឹងកើនឡើង ៥ ភាគរយ នាឆ្នាំក្រោយ ដោយមួយផ្នែកបានមកពីការចំណាយរបស់រដ្ឋាភិបាលទៅលើកម្មវិធីដ៏មាន ប្រជាប្រិយមួយចំនួនដូចជាការបង្កើននូវប្រាក់បៀវត្សរ៍ដែលស្ថិតក្នុង កម្រិតអប្បបរមា និង ការធានានូវតម្លៃរបស់អង្ករជាដើម។ ទោះជាយ៉ាងនេះក្តី ប្រធានសេដ្ឋវិទូមកពីមូលនិធិចូលនិវត្តន៍រដ្ឋាភិបាល អាផន ឈីវ៉ាខ្រេងខៃ (Arporn Chewakrengkai) មានប្រសាសន៍ថា ការបង្កើននូវប្រាក់បៀវត្សរ៍ដែលស្ថិតក្នុងកម្រិតអប្បបរមានេះអាចមាន បញ្ហាប្រឈម។
«វាពិតជាមានការលំបាកណាស់ក្នុងការអនុវត្ត ពីព្រោះថាសម្រាប់ទីក្រុងបាងកក ប្រាក់បៀវត្សរ៍ជាអប្បបរមាគឺពី ២២៥ បាត ទៅ ៣០០ បាត ក្នុងមួយថ្ងៃ។ វាជិតស្មើនឹង ៤០ភាគរយ ខ្ពស់ជាងមុន ប៉ុន្តែសម្រាប់ខេត្តផ្សេងៗ (ប្រាក់ខែគឺ) ប្រមាណ ១៨០ បាត តែប៉ុណ្ណោះ ដូច្នេះតើអ្នកស្រី (យីងឡាក់) នឹងបង្កើនប្រាក់ខែទាំងនោះឲ្យដល់ ៣០០ បាត យ៉ាងដូចម្តេច? នេះគឺជាការប្រឈមដ៏ធំបំផុតមួយ»។
ទោះបីជាសេដ្ឋវិទូនិយាយថា ប្រាក់បៀវត្សរ៍ខ្ពស់អាចបណ្តាលឲ្យមានអតិផរណាក៏ដោយ ក៏ឧបនាយករដ្ឋមន្រ្តីថ្មីនិយាយថា ការដោះស្រាយនូវតម្លៃកើនឡើងរបស់ការចំណាយ លើការរស់នៅគឺជាគោលនយោបាយចម្បងសម្រាប់រដ្ឋាភិបាល។
អ្នកតាមដាននយោបាយភាគច្រើននិយាយថា គណៈរដ្ឋមន្ត្រីថ្មីមើលទៅដូចជាមានបុគ្គលិក ដែលជ្រើសរើសបានត្រឹមត្រូវ ប៉ុន្តែគេឃើញនៅមានបញ្ហាចម្រូងចម្រាស់ខ្លះពាក់ព័ន្ធនឹង រដ្ឋមន្រ្តីការបរទេសថ្មីលោក ស៊ូរ៉ាពុង ថូវីឈុកឆៃខុល (Surapong Towichukchaikul) ដែលមានទំនាក់ទំនងជាមួយនឹងអ្នកស្រីយីងឡាក់ និង បងប្រុសរបស់អ្នកស្រី ហើយដែលជាអ្នកមានបទពិសោធន៍ផ្នែកការទូតតិចតួចប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ ធីទីណាន់ (Thitinan) និយាយថាមន្រ្តីភាគច្រើននៅក្នុងគណៈរដ្ឋមន្ត្រី មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងអតីតនាយករដ្ឋមន្រ្តី។
«រដ្ឋមន្រ្តីការបរទេសនេះគឺមិនមែនជាមនុស្សដែលសមនឹងទទួលការងារ នេះទេ។ គាត់មិនល្បីឈ្មោះថាជាអ្នកជំនាញការខាងគោលនយោបាយការបរទេសនោះទេ។ គាត់មិនមានជំនាញហ្នឹងនោះទេ ប៉ុន្តែគាត់មានទំនាក់ទំនងផ្ទាល់ជាមួយនឹងលោកថាក់ស៊ីន។ រដ្ឋមន្រ្តីដឹកជញ្ជូនក៏មានទំនាក់ទំនងផ្ទាល់ជាមួយនឹងលោកថាក់ស៊ីន ដែរ។ ដូច្នេះយើងមានប្រថ្នូលឃើញថា វាមិនមានលក្ខណៈវិជ្ជមាននោះទេ ពីព្រោះការណ៍នេះបង្ហាញឲ្យឃើញថា លោកថាក់ស៊ីនសិ្ថតនៅពីក្រោយការរៀបចំគណៈរដ្ឋមន្ត្រីនេះ»។
អតីតនាយរដ្ឋមន្រ្តីនៅរស់នៅនិរទេសឯក្រៅប្រទេសនៅឡើយ។ ទោះបីជាមានសញ្ញាណពី មន្រ្តីផ្សេងៗនៅក្នុងគណបក្សកាន់អំណាចដែលថា គាត់រួមនឹងសម្ព័ន្ធមិត្រនយោបាយរបស់គាត់អាចនឹងទទួលបានការលើកលែង ទោសក៏ដោយ ក៏រដ្ឋាភិបាលថ្មីមិនបានធ្វើអ្វីពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ។ អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត់ បានប្រកាសទៅកាន់សាធារណជន និង បក្សប្រឆាំង ឲ្យផ្តល់ឲ្យអ្នកស្រីនូវពេលវេលាគ្រប់គ្រងថ្មី ដើម្បីបង្ហាញឲ្យឃើញពីដំណើរការរីកចម្រើនទៅមុខនៃគោលនយោបាយរបស់ រដ្ឋាភិបាលថ្មីរបស់អ្នកស្រី៕
ប្រែសម្រួលដោយ ភី សុភាដា