ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្រ្តី​ថៃ​ស្រី​ទីមួយ​ត្រៀម​នឹង​ចូល​កាន់​តំណែង


អ្នកគាំ​ទ្រ​នាយក​រដ្ឋមន្រ្តី​ស្រី​ជាប់ឆ្នោត​យីង​ឡាក់ ​ឈីណាវ៉ាត់ ​កាន់​រូបថត​របស់​លោកស្រី​នៅពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ក្នុង​ទីក្រុង​បាងកក​​ ថ្ងៃ​ទី​០៣​ ខែ​កក្កដា​ ឆ្នាំ​២០១១។
អ្នកគាំ​ទ្រ​នាយក​រដ្ឋមន្រ្តី​ស្រី​ជាប់ឆ្នោត​យីង​ឡាក់ ​ឈីណាវ៉ាត់ ​កាន់​រូបថត​របស់​លោកស្រី​នៅពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ក្នុង​ទីក្រុង​បាងកក​​ ថ្ងៃ​ទី​០៣​ ខែ​កក្កដា​ ឆ្នាំ​២០១១។

ប្រទេស​ថៃ​ជិត​មាន​នាយក​រដ្ឋ​មន្រ្តី​ស្រី​ជា​លើក​ដំបូង​គឺ​ លោកស្រី Yingluck​ Shinawatra​ដែល​ជា​ប្អូន​ស្រី​របស់​នាយក​រដ្ឋ​មន្រ្តី​បណ្តេញ​ចេញ​ពី​តំណែង​ Thaksin​ Shinawatra។ ការ​ទទួល​ជោគជ័យ​របស់​លោក​ស្រី​ ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ភឿ​ថៃ​បាន​ធ្វើ​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ថា​ ស្រ្តី​អាច​នឹង​ដើរ​តួ​សំខាន់​ជាង​មុន​ក្នុង​ប្រទេស​ដែល​មាន​នយោបាយ​ គ្រប់គ្រង​ដោយ​បុរស។ ក៏​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មាន​សំណួរ​ថា​តើ​នាង​អាច​ចេញ​ពី​ស្រមោល​បង​ ប្រុស​នាង​ឬ​ទេ​ បន្ថែម​ពី​លើ​ការ​ប្រឈម​នឹង​របាំង​វប្បធម៌​និង​សង្គម​ថៃ​មក​លើ​ស្រ្តី។

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​ស្រី​ Yingluck​ Shinawatra​ ទទួល​បាន​ជោគជ័យ​មួយ​យ៉ាង​សម្បើម​ក្នុង​ការ​បោះឆ្នោត​ទូទាំង​ប្រទេស​យ៉ាង​ សំខាន់​មួយក្នុង​ប្រវត្តិសាស្រ្ត​ថៃ។

គណបក្ស​ភឿ​ថៃ​របស់​លោក​ស្រី​បាន​ឈ្នះ​ភាគ​ច្រើន​លើស​លុប​លើ​អ្នក​ដឹកនាំ​ ជាន់​ខ្ពស់​តាម​លំនាំ​ចាស់​ថៃ​ដែល​នៅ​ពី​ក្រោយ​ខ្នង​គណបក្ស​ប្រជាធិបតេយ្យ​ កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ Abhisit​ Vejjajiva។

អ្នក​ជំនួញ​ស្ត្រី​អាយុ​៤៤​ឆ្នាំ​រូប​នេះ កំពុង​រៀប​ចំ​ចូល​កាន់​តំណែង​នយោបាយ​ដំបូង​ជា​នាយក​រដ្ឋមន្រ្តី​ស្រី​នៃ​ ប្រទេស​ថៃ​ជា​លើក​ទី​មួយ។

លោក​ស្រី​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​ភាព​វឹកវរ​ខាង​នយោបាយ​និង​អំពើ​ហិង្សា​ដែល​មិន​ចេះ​ចប់​នៅ​តាម​ ផ្លូវ​ ប្រទេស​ថៃ​អាច​ទទួល​ផល​ប្រយោជន៍​ពី​ការ​មាន​ស្រ្តី​ជា​អ្នក​ដឹកនាំ​ម្តង។

«ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​ប្រើ​ឋានៈ​ខ្ញុំ​ជា​ស្ត្រី​ ម្នាក់​មក​និយាយ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នេះ​ដើរ ​ទៅ​មុខ​ដោយ​ប្រើ​យុទ្ធសាស្ត្រ​សន្តិភាព​ »។

ក៏​ប៉ុន្តែ​អ្នក​រិះគន់​លោក​ស្រី​ Yingluck​ បាន​និយាយ​ថា​ លោក​ស្រី​គ្រាន់​តែ​ជា​អ្នក​តំណាង​ឲ្យ​បង​ប្រុស​របស់​លោក​ស្រី​អតីត​នាយក​ រដ្ឋមន្រ្តី​ Thaksin Shinawatra ​តែ​ប៉ុណ្ណោះ​ដែលជា​មេដឹកនាំ​បែកបាក់​ដែលត្រូវ​បាន​ពួក​យោធា​បណ្តេញ​ចេញ​ កាល​ពី​ឆ្នាំ​២០០៦។

រដ្ឋ​ប្រហារ​នោះ​នាំ​ឲ្យ​មាន​ការ​ប្រទាញ​ប្រទង់​អំណាច​រយៈ​ពេល​ប៉ុន្មាន​ ឆ្នាំ​រវាង​អ្នក​ដឹកនាំ​តាម​លំនាំ​ចាស់​ និង​អ្នក​គ្រាំ​លោក​ Thaksin​ ដែល​ធ្វើ​ការ​តវ៉ា​រហូត​ដល់​បិទ​ទីក្រុង​បាងកក។

បាតុករ​ប្រដាប់​ដោយ​អាវុធ​ក្នុង​ចំណោម​បាតុករ​ជា​ច្រើន​បាន​វាយ​ប្រហារ​ជាមួយ​ទាហាន​ដែល​បញ្ជូន​ទៅ​បង្រ្កាប​បាតុកម្ម​នោះ។

មនុស្ស​ជាង​៩០​នាក់​បាន​ត្រូវ​គេ​សម្លាប់​ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវីល។

ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ហឹង្សា​ អង្គការ​ស្ត្រី​ជាង​៦០​បាន​រួម​គ្នា​ដើម្បី​បង្កើត​ជា​បណ្តាញ​ស្រ្តី​ដើម្បី ​កែ​ទម្រង់​ប្រទេស​ថៃ​ដើម្បី​ជំរុញ​ឲ្យ​ស្រ្តី​មាន​ការ​ចូលរួម​ក្នុង​នយោបាយ ​កាន់​តែ​ច្រើន។ ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ស្រ្តី​មាន​ចំនួន​ប្រហែល​១៥​ភាគរយ​នៃ​អ្នក​ ដឹកនាំ​ដែល​ត្រូវ​គេ​បោះឆ្នោត​ជូន​តែ​ប៉ុណ្ណោះ។

អ្នក​សម្រប​សម្រួល​ Sutada​ Mekrungruengkul ​បាន​ប្រៀបធៀប​ការ​បែក​បាក់​របស់​ថៃ​ទៅ​នឹង​ក្មេង​ប្រុស​ពីរ​នាក់​កំពុង​តែ​ វាយ​ប្រតប់​គ្នា​នៅ​ទីធ្លា​សាលា។

«អាម្មរណ៍​របស់​យើង​ ដំណោះ​ស្រាយ​និង យោបល់​របស់​យើង​គឺ​និយាយឬ​អង្គុយ​ពិភាក្សា​គ្នា។ ប្រហែល​ជា​យើង​មិន​ត្រូវ​វាយ​ប្រហារ​គ្នា​ទេ យើង​មិន​ត្រូវ​ការ​ដណ្តើម​អំណាច​ ហើយ​បណ្តេញ​មនុស្ស​ម្នាក់​ចេញ​នោះ​ទេ»។

ក្រុម​ហ៊ុន​ជំនួញ​ថៃនាំ​មុខ​គេ​ក្នុង​ពិភព​លោក​ជា​ប្រទេស​មួយ​ដែល​បាន​ ជ្រើសរើស​ស្ត្រី​ជា​ប្រធាន។ ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​ប្រហែល​ជា​៣០​ភាគរយ​នៃ​ ក្រុម​ហ៊ុន​មាន​ស្រ្តី​ជា​នាយក​ប្រតិបត្តិ។

ក៏​ប៉ុន្តែ​ស្ត្រី​នៅ​តែ​មាន​ចំនួន​តិចក្នុង​នយោបាយ។

ទោះ​បី​ជា​លោក​ស្រី​ Yingluck​ ជា​បេក្ខភាព​ជាន់​ខ្ពស់​ក៏​ដោយ ក៏រាល់​គណបក្ស​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ រួម​ទាំង​គណបក្ស​របស់​លោក​ស្រី​ផង មិន​បាន​អើពើ​នឹង​សេចក្តី​ណែនាំ​ផ្សេងៗ​ដែល​ចែង​ក្នុងរដ្ឋធម្មនុញ្ញ​ អំពាវនាវ​ឲ្យ​មាន​បេក្ខភាព​ស្រ្តី​ច្រើន​សមរម្យ​ទេ។

បេក្ខភាព​ស្រ្តី​ក្នុង​គណបក្ស​ភឿ​ថៃមាន​ចំនួន​១៦​ភាគរយ​ ខណៈ​ដែល​ គណបក្ស​ប្រជាធិបតេយ្យ​កាន់​អំណាច​មាន​១១​ភាគរយ​ដែល​ភាគ​ច្រើន​នៅ​ចុង​បញ្ជី​ ឈ្មោះ។

នៅ​ក្នុង​សន្និសិទ​កាសែត​មុន​ការ​បោះឆ្នោត​សម្រាប់​ស្ត្រី​ឈរ​ជា​បេក្ខជន ​លើ​គេ​ក្នុង​បញ្ជី​បេក្ខជន​បោះឆ្នោត​ មាន​តែស្រ្តី​មួយ​ចំនួន​ប៉ុណ្ណោះ​បាន​ទៅ​ចូលរួម ហើយ​គ្មាន​នរណា​ម្នាក់​ដូច​ជា​ចាប់​អាម្មរណ៍​ក្នុង​ការ​ពិភាក្សា​ពី​កង្វះ​ ការ​គាំ​ទ្រ​ស្រ្តី​ក្នុង​ការងារ​នយោបាយ​ទេ។

លោក​ស្រី​ Sutada​ និយាយ​ថា​បេក្ខជន​នយោបាយ​ស្រ្តី​ជា​ច្រើន​គ្រាន់​តែ​រៀន​ពាក្យ​សម្តី​នយោបាយ ​ដើម្បី​ឲ្យ​គេបោះឆ្នោត​ឲ្យ​តែ​ប៉ុណ្ណោះ ហើយ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជំរុញ​គណបក្ស​នានា ឲ្យ​ចាត់​វិធានការណ៍​ឲ្យ​មាន​បេក្ខនារី​ឲ្យ​កាន់​តែ​ច្រើន​នោះ​ទេ។

«បើ​តាម​ខ្ញុំ​គិត​ នេះ​ប្រហែល​មក​ពី​បញ្ហា​វប្បធម៌។ យោង​ទៅ​តាម​ច្បាប់​យើង​ត្រូវ​តែ​អនុវត្ត​តាម ក៏​ប៉ុន្តែយោង​តាម​វប្បធម៌​យើង​មិន​អើ​ពើ។ គឺ​មិន​អើ​ពើ​ដោយ​ស្វ័យ​ប្រវត្តិ»។

លោក​ស្រី​ Sutada​ និយាយ​ថា​ វា​ឆាប់​ពេក​នឹង​និយាយ​ថា​តើ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ស្រី​ Yingluck និង​មាន​ប្រយោជន៍​ឬទេ​ដល់​តួនាទី​ស្ត្រី​នៅ​ក្នុង​នយោបាយ​ឬ​ការ​ខិតខំ​ ប្រឹងប្រែង​ដើម្បី​ផ្សះផ្សា​ការ​បែកបាក់​នយោបាយ​ដ៏ជូរចត់​របស់​ប្រទេស​ថៃ។

គណបក្ស​ភឿ​ថៃ​កំពុង​តែ​គិត​ដល់​ការ​អត់​ឱន​ទោស​ដល់​សកម្មជន​នយោបាយ​ និង​អ្នក​នយោយ​ដែល​ត្រូវ​គេ​ហាម​ឃាត់។ លោក​ស្រី​ Yingluck ​កំពុង​តែ​គិត​ផង​ដែរ​ដល់​ការ​លើក​លែង​ទោស​បង​ប្រុស​របស់​លោក​ស្រី​ ដែល​កំពុង​តែ​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ដើម្បី​ជៀសវាង​ទោស​ជាប់​គុក​ពី​បទ​ពុក​រលួយ។

ការ​ត្រឡប់​មក​វិញ​របស់​លោក​ Thakshin​ Shinawatra​ គឺ​ប្រហែល​ជា​អាច​នាំ​នូវ​អសិ្ថរភាព​ម្តង​ទៀត​មក​ប្រទេស​ថៃ​ ក៏​ប៉ុន្តែ​ លោក​ស្រី​ Yingluck មាន​ប្រសាសន៍​ថា សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ការ​វិល​ត្រឡប់​មក​វិញ​របស់​បង​ប្រុស​លោក​ស្រី​មិន​មែន​ជា​រឿង​អាទិភាព​ទេ។

«ខ្ញុំ​សូម​និយាយ​ថា​ ការ​លើក​លែង​ទោស​គ្រាន់​តែ​ជា​វិធីសាស្រ្ត​មូយ​ប៉ុណ្ណោះ​នៅក្នុង​ដំណើរ​ការ​ ផ្សះផ្សា។ ក៏​ប៉ុន្តែ​ យើង​មិន​មាន​បំណង​លើក​លែង​ទោស​នៅ​ពេល​នេះ​ទេ។ អ្វី​ដែល​យើង​មាន​បំណងនោះ គឺ​ថា​តើ​យើង​អាច​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ដើរ​ទៅ​មុខ​ និង​ថា​តើ​យើង​អាច​ជួយ​ប្រទេស​ថៃ​ឲ្យ​រូបរួម​គ្នា​ដោយ​វិធី​ណា»។

ខណៈ​ពេល​ដែល​ លោក​ស្រី​ Yingluck ត្រៀម​ខ្លួន​ចូល​កាន់​តំណែង​នៅ​ប៉ុន្មាន​សបា្តហ៍​ខាង​មុខ​នេះ​ ប្រជាពលរដ្ឋ​ថៃ​ទាំង​អស់ កំពុង​រង់ចាំ​មើល​ថា​តើ​ជំនាញ​នយោបាយ​ដែល​មិន​ទាន់​បាន​សាកល្បង​របស់​លោក​ ស្រី អាច​យក​ជ័យជំនះ​លើ​ប្រទេស​ដែល​មាន​ការ​បែក​បាក់​យ៉ាង​ខ្លាំងនេះ​ ឬ​ក៏​តើលោក​ស្រី​អាច​កែប្រែ​គោល​ជំហរ​នយោបាយ​ដ៏​ទូលំ​ទូលាយ​ក្នុង​ចំណោម​ បុរស​និង​ ស្រ្តី។

ប្រែ​សម្រួល​ដោយ ហ៊ុយ សម្ភស្ស

XS
SM
MD
LG