ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា​ ថៃ​កំពុង​បារម្ភ​ខ្លាំង​ពី​​​វិបត្តិ​ភូមា​ហើយ​បាន​កោះ​ប្រជុំ​ជា​បន្ទាន់


ក្រុមបាតុកម្មមីយ៉ាន់ម៉ាកាន់រូបលោកស្រី Aung San Suu Kyi ក្នុងអំឡុងបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ា នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២។

វិបត្តិ​នៅ​ប្រទេស​ភូមា​បាន​កំពុង​ក្លាយ​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​ទីក្រុង​បាងកក​ ដែល​តម្រូវ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ជា​បន្ទាន់​មួយ​ ដើម្បី​រក​ច្រក​សម្រាល​ស្ថាន​ការណ៍​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ និង​បញ្ហា​ផ្សេង​ទៀត​ ដូចជា​ជន​ភៀស​ខ្លួន​ដែល​បន្ត​ចាក​ចេញ​ពី​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​ថៃ។​ នេះ​បើ​តាម​អ្នក​ជំនាញ​កិច្ច​ការ​នយោ​បាយ ​និង​សន្តិសុខ​អន្តរ​ជាតិ​នៅ​កម្ពុជា។​

កាល​ថ្ងៃ​ព្រហស្បតិ៍​ ប្រទេស​ដែល​ជា​សមាជិក​របស់​អាស៊ាន​ចំនួន​ ៥​ បាន​ជួបជុំ​គ្នា​នៅ​ប្រទេស​ថៃ​ដើម្បី​ពិភាក្សា​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក ​និង​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ រក​មធ្យោបាយ​ដើម្បី​ពន្លឿន​វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​លើ​កិច្ចព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​ស្តីពី​មីយ៉ាន់ម៉ា។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​ចុះថ្ងៃទី​ ២២​ ខែ​ធ្នូ​នេះ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​នោះ​ ប្រទេស​ចំនួន​ ៥​ បាន​ពហិការ​មិន​ចូល​រួម​ ក្នុង​នោះ​មាន​ដូច​ជា ​ឥណ្ឌូណេស៊ី​ដែល​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​ ២០២៣​ ម៉ាឡេស៊ី ​ព្រុយណេ ​ហ្វីលីពីន​ និង​សិង្ហបុរី។​

ប្រធាន​វេទិកា ​The Thinker Cambodia ​លោក​ វណ្ណ ប៊ុនណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កិច្ច​ពិគ្រោះ​យោបល់​ក្រៅ​ផ្លូវ​ការ​ដែល​បោះ​ដៃ​ដោយ​ប្រទេស​ថៃ​នេះ​ បង្ហាញ​ថា​ ប្រទេស​ថៃ​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ពាក់​ព័ន្ធ​នឹង​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​ហេតុ​ថា​ កាល​ណា​វិបត្តិ​នៅ​ប្រទេស​នេះ​កាន់តែ​ដុន​ដាប​ វា​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ដល់​ប្រទេស​ថៃ​បណ្តា​មក​ពី​វិបត្តិ​ជន​ភៀស​ខ្លួន​ ហើយ​បង្ក​ជាក្តី​បារម្ភ​ដល់​បញ្ហា​សន្តិសុខ​ សង្គម​ និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ថៃ​ និង​ប្លុក​អាស៊ាន​ផង​ដែរ។​

បើ​តាម​លោក​ វណ្ណ ប៊ុនណា​ ការ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​ ៥ ​មិន​ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នោះ​ ជា​ការ​បង្ហាញ​ពី​ការ​បែក​បាក់​គ្នា​កាន់​តែ​ខ្លាំង​របស់​អាស៊ាន​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ ឬ​ភូមា។ ហើយ​លោក​ថា ប្រទេស​ដែន​កោះ​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​តឹង​រ៉ឹង​ចំពោះ​មេដឹក​នាំ​របប​សឹក​ភូមា​ រី​ឯ​ប្រទេស​ដែន​គោក​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​រក​ច្រក​ចេញ។​

លោក​ថ្លែង​ថា៖ «ហើយ​ប្រទេស​ដីកោះ​គេចង់​ឲ្យ​ភូមា​ទាល់​តែ​មាន​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​អាស៊ាន​ជា​មួយ​របប​សឹក​ភូមា​ ទើប​អាច​មាន​កិច្ច​ប្រជុំ​ទោះ​ក្រៅ​ផ្លូវ​ការ​ និង​មិន​ក្រៅ​ផ្លូវ​ការ​ក្តី។ អ៊ីចឹង​ទេ​ កាល​ណា​មិន​ទាន់​វិវឌ្ឍ​ណា​ជា​ដុំ​កំភួន​ទៅ​លើ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​ ដែល​អាស៊ាន​បាន​ដាក់​ចេញ​នេះ​ទេប្រទេស​អាស៊ាន​ដីកោះ​ គឺ​មិន​ចង់​ចូល​រួម​ក្នុង​ការ​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​របប​សឹក​ភូមា​ ជាពិសេស​ជាមួយ​លោក​ Min Aung Hlaing ​ឬក៏​រដ្ឋមន្ត្រី​ការ​បរទេស​របស់​គាត់​ហ្នឹង​ទេ»។​

រូបឯកសារ៖ ជនជាតិមីយ៉ាន់ម៉ារស់នៅក្នុងប្រទេសថៃកាន់រូបមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងអំឡុងបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២។
រូបឯកសារ៖ ជនជាតិមីយ៉ាន់ម៉ារស់នៅក្នុងប្រទេសថៃកាន់រូបមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងអំឡុងបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២។

លោក ​វណ្ណ ប៊ុនណា ​អះអាង​ថា អាស៊ាន​បាន​ប្រជុំ​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដើម្បី​រក​ច្រក​ចេញ​សម្រាប់​វិបត្តិ​ភូមា​ ប៉ុន្តែ​គ្មាន​បាន​លទ្ធផល​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ឡើយ។ ហើយ​លោក​ថា អ្វី​ដែល​អាស៊ាន​អាច​បាន​នា​ពេល​នេះ ​គឺ​ត្រូវ​ធ្វើការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​សហប្រជាជាតិ​ រក​មធ្យោបាយ​ណា​ដែល​ធ្វើ​ឲ្យ​ប្លុក​ ១០ ប្រទេស​នេះ​ មាន​សាមគ្គី​ភាព​គ្នា​ និង​ធ្វើការ​ទំនាក់​ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​វិបត្តិ​មីយ៉ាន់ម៉ា។​

ចំណែក​អ្នក​វិភាគ​នយោបាយ​លោក​ សេង សារី​ លើក​ឡើង​ថា វា​ជា​គំនិត​ផ្តួច​ផ្តើម​ដ៏ល្អ​ដែល​ថៃ​បាន​កោះ​ហៅ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដើម្បី​ប្រជុំ​ពិគ្រោះ​យោបល់ ​ក្រៅ​ផ្លូវការ។ ការណ៍​នេះ​បង្ហាញ​ថា​ ប្រទេស​ថៃ​ដែល​មាន​ព្រំដែន​ជាប់​ភូមា​ មាន​ចេតនា​ចង់​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​ដឹក​នាំ​ដោយ​ពួក​យោធា​នេះ​ ជា​ពិសេស​បញ្ហា​ជន​ភៀស​ខ្លួន។​

ទោះ​ជា​យ៉ាង​ណា​ បើ​តាម​លោក​ សេង សេរី គំនិត​ផ្តួច​ផ្តើម​អ្វី​ក៏​ដោយ​ គឺ​ត្រូវ​តែ​ស្រប​តាម​យន្តការ​របស់​អាស៊ាន​ ទើប​មិន​មាន​ការ​រិះគន់​និង​ការ​ពហិការ​ពី​មេ​ដឹកនាំ​នៃ​ប្រទេស​សមាជិក​សមាគម​ដែល​មាន​ប្រជាជន​ជាង ​៦០០ ​លាន​នាក់​នេះ។​

លោ​កថ្លែង​ថា៖​ «ជន​ភៀស​ខ្លួន​ដែល​រត់​ចេញ​ពី​ប្រទេស​ភូមា​បាន​រត់​ចូល​ប្រទេស​ថៃ​នៅ​តាម​បណ្តា​ជំរុំ​តាម​ព្រំ​ដែន​ប្រទេស​ភូមា​និង​ប្រទេស​ថៃ​ បាន​ក្លាយ​ជា​បន្ទុក​ តិច​ឬ​ច្រើន​ បាន​ក្លាយ​ទៅ​ជា​បន្ទុក​របស់​ប្រទេស​ថៃ​ ហើយ​វាពាក់​ព័ន្ធ​ទៅ​នឹង​សន្តិសុខ​របស់​ជាតិ​ថៃ។ ដូច្នេះ​ការ​ផ្តួច​ផ្តើម​របស់​ប្រទេស​ថៃ​ វា​ជា​ចេតនា​មួយ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ថៃ​ខ្លួន​ឯង។ ក៏​ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា ​បើ​សិន​មិន​ប្រើ​ប្រាស់​យន្តការ​អាស៊ាន​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ភូមា​ទេ ​គំនិត​ផ្តួចផ្តើម​របស់​សមភាគី​ណាមួយ​ នៅ​ក្នុង​ការ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ភូមា​ គឺ​តែង​តែ​ទទួល​បាន​ការ​រិះ​គន់​ ហើយ​នឹង​ទទួល​បាន​ការ​ពហិការ​ពី​សមាជិក​ដទៃ​ទៀត»។​

លោក​ សេង សារី​ បាន​កត់​សម្គាល់​ថា​ យន្ត​ការ​កុងសង់ស៊ីស​របស់​អាស៊ាន​ ជា​យន្តការ​ងាប់​ក្រឡា​ មិន​មាន​ភាព​បត់​បែន​ ហើយ​ក៏​ជា​យន្តការ​ដែល​នឹង​ជំរុញ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាន់​តែ​យ៉ាប់​ខ្លាំង​ផង​ដែរ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ ចុះ​ថ្ងៃ​ទី​ ២២​ ខែ​ធ្នូ ​ឆ្នាំ​ ២០២២ ​ ការ​ពិភាក្សា​ពិគ្រោះ​យោបល់​នេះ​គឺ​ធ្វើ​ឡើង​ភ្ជាប់​ជាមួយ​ចំណុច​ទី​ ១៤​ ដែល​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​កាល​ពីកន្លង​ទៅ​ ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​ និង​ថា​ពួកគេ​ក៏​បាន​បញ្ជាក់​នូវ​សារៈសំខាន់​នៃ​ការ​ស្វែង​រក​មធ្យោបាយ​ថ្មី​ផ្សេង​ទៀត​ ដែល​អាច​ជួយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​អាស៊ាន​ ដើម្បី​នាំ​មក​នូវ​វិធី​សាស្ត្រ​ដោយ​សន្តិវិធី​ដោះ​ស្រាយ​វិបត្តិ​នា​ពេល​បច្ចុប្បន្ន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «សំខាន់​ជាង​នេះ ​រដ្ឋមន្ត្រី​ការ​បរទេស​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ទៅ​លើ​មាគ៌ា​ដែល​អាច​អនុវត្ត​បាន​ ហើយ​នាំ​មក​នូវ​វឌ្ឍនភាព​ដល់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ ៥ ​ចំណុច​ ព្រម​ទាំង​យុទ្ធសាស្ត្រ​ចេញ​ដែល​អាច​ជួយ​មីយ៉ាន់ម៉ា​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​និង​សន្តិភាព​ឡើង​វិញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

គួរ​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នេះ​ធ្វើ​ឡើង​ក្រោយ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តី​សម្រេច​លើក​ឡើង​ដំបូង​លើ​ករណី​មីយ៉ាន់ម៉ា​នៅ​ក្នុង​ពេល​ ៧៤ ​ឆ្នាំ ​ដែល​ទាមទារ​ឲ្យ​បញ្ចប់​នូវ​អំពើ​ហិង្សា​ ហើយ​ឲ្យ​មេដឹក​នាំ​យោធា​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់។​

លោក​ស្រី​ Barbara Woodward ​ ឯក​អគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​ អ.ស.ប.​ បាន​និយាយ​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅ​ក្រោយ​ការ​បោះឆ្នោត​អំពី​សេចក្តី​សម្រេច​ចិត្ត​នេះ​ដែល​ចក្រភព​អង់គ្លេស​បាន​ព្រៀង​ថា «នៅ​ថ្ងៃ​នេះ​ យើង​បញ្ជូន​សារ​ម៉ឺងម៉ាត់​មួយ​ទៅ​ឲ្យ​ក្រុម​យោធា​ថា​ គ្មាន​ការ​សង្ស័យ​ឡើយ ​យើង​រំពឹង​ថា​ សេចក្តី​សម្រេច​នេះ​នឹង​ត្រូវ​អនុវត្ត​ពេញ​លេញ»៕

XS
SM
MD
LG