ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថាក់ស៊ីន ស៊ីណាវ៉ាត្រ​អាច​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ពី​អាមេរិក


អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​លោក ថាក់ស៊ិន ស្ហ៊ីណាវ៉ាត្រ (Thaksin Shinawatra) ។
អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​លោក ថាក់ស៊ិន ស្ហ៊ីណាវ៉ាត្រ (Thaksin Shinawatra) ។

បាងកក៖ គណៈកម្មការ​សហរដ្ឋអា​មេរិក​ទទួលបន្ទុកកិច្ចការ​សន្តិសុខ និង​កិច្ចសហ​ប្រតិបត្តិការនៅទ្វីប​អឺរ៉ុប ដែលត្រូវ​បានស្គាល់ថា គណៈកម្មការ Helsinki បាន​អញ្ជើញអតីត​នាយក​រដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដើម្បីធ្វើសក្ខីកម្ម​នៅ​សវនាការនៅសប្តាហ៍ក្រោយនារដ្ឋ​ធានី​វ៉ាស៊ីនតោន។ ទី​ភ្នាក់ងារ​ឯករាជ្យដែល​មានសមាសភាពអ្នក​នយោបាយ និងមន្ត្រីសហរដ្ឋអាមេរិក​ចង់ឲ្យលោកថាក់ស៊ីន រាយការណ៍អំពីភាព​ចលាចលនយោបាយ​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅប្រទេសថៃ។ ប៉ុន្តែប្រសិនបើ​គាត់បង្ហាញ​មុខនៅរដ្ឋ​ធានី​វ៉ាស៊ីនតោន គាត់​អាចរង​នូវ​ការចាប់ខ្លួន។

រដ្ឋាភិបាលថៃចង់ឲ្យលោកថាក់ស៊ីន ត្រឡប់​ចូលទៅប្រទេសថៃវិញ​ដើម្បីជាប់​ពន្ធនាគារចំនួនពីរ​ឆ្នាំពីបទពុករលួយ។ គេចង់ឲ្យគាត់ប្រឈមនឹងការកាត់ទោស​ពីបទភេរវកម្ម។ រដ្ឋាភិបាលកំពុងរកចាប់ខ្លួនលោកថាក់ស៊ីន ចាប់តាំងពីគាត់​បាន​ចាកចេញ​ពីប្រទេស​ថៃ​កាលពីពីរឆ្នាំ​មុន។ អតីតមេដឹកនាំ​រូបនេះ ដែលត្រូវ​បាន​បណ្តេញ​ចេញដោយរដ្ឋ​ប្រហារមួយក្នុងឆ្នាំ​២០០៦ មានប្រសាសន៍​ថា​ លោកគ្មាន​កំហុសទេ​ ហើយត្រូវ​បានប៉ុនប៉ង​ចាប់ខ្លួនដោយ​សារមូល​ហេតុនយោបាយ។

អ្នកនាំ​ពាក្យរដ្ឋាភិបាល លោក ផានីតាន វឌ្ឍនាយ៉ាកន ថ្លែង​ថា ប្រសិន​អាជ្ញាធរ​ថៃ​ដឹង​ថា គាត់នៅទីណា​នោះ​ គេនឹងព្យាយាមនាំ​គាត់ទៅឃុំ​ខ្លួន។ លោក​ផានីតានបន្តថា៖

«នៅ​ពេល​មនុស្សត្រូវបានកាត់ឲ្យមានទោស ឬ​អ្នកដែលតុលាការត្រូវ​ការ នៅ​ក្នុងប្រទេសណា​មួយ រដ្ឋ​មន្ត្រីការ​បរទេសនឹងចូលរួមដើម្បីធានាថា មនុស្សនោះ ត្រូវបានដាក់ក្នុងដំណើរ​ការច្បាប់»។

កាលពីដើម​ឆ្នាំនេះ ការប៉ះទង្គិចរវាងយោធា និងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលភាគ​ច្រើនគាំ​ទ្រលោកថាក់ស៊ីន បានធ្វើឲ្យមនុស្សស្លាប់៩០នាក់ ដែល​ភាគ​ច្រើននៃ​អ្នក​ស្លាប់គឺ​ជាអ្នក​តវ៉ា។

អាជ្ញាធរថៃ បន្ទោស​លោកថាក់ស៊ីន ចំពោះ​អំពើហឹង្សា​នេះ ដោយ​ចោទ​គាត់​ពីបទ​ភេរវកម្ម តែ​លោក​ថាក់ស៊ីន​ចោទ​រដ្ឋាភិបាល​ និង​កងយោធាវិញ។

មិនទាន់​ច្បាស់ទេ​ថាតើ​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​លោក​ថាក់​ស៊ីន​ ចូល​មកទស្សន​កិច្ច ឬ​យ៉ាង​ណា ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីន​តោនមានសន្ធិសញ្ញាបត្យាប័ន​មួយជា​មួយប្រទេសថៃ ដែលលោក​ផានីតាននិយាយ​ថា គួរ​ត្រូវបាន​អនុវត្ត។ លោក​ផានីតាន​និយាយថា៖

«យើង​សហការ​ជាមួយ​មិត្ត​ភក្តិ​យើង​ដើម្បី​អនុវត្ត​សេចក្តីព្រម​ព្រៀង​របស់​យើង ហើយយើង​សង្ឃឹមថា មិត្តភក្តិ​យើង​ និង​សម្ព័ន្ធមិត្ត​យើង​នឹង​ធ្វើ​ដូចគ្នានេះ»។

ប្រទេស​ថៃ​នាពេល​ថ្មីៗនេះ​ ឆ្លើយ​តប​នឹងសំណើ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែលសុំធ្វើបត្យប័នវិកទ័រ ប៊ូត (Vicktor Bout) ដែល​ជាអ្នក​រត់ពន្ធ​អាវុធ។

វិកទ័រ ប៊ូត ត្រូវបាន​ចោទប្រកាន់​ថា​ ជា​អ្នក​ផ្តល់​អាវុធ​ដ៏ធំបំផុតមួយ​ក្នុង​ពិភពលោក ​ដើម្បី​បញ្ឆេះ​អំពើហឹង្សា​នៅ​ទ្វីបអាហ្វ្រិក អាមេរិក​ខាង​ត្បូង និង​មជ្ឈឹមបូព៌ា។

ជនជាតិ​រុស្ស៊ី​រូបនេះ​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​២០០៨ នៅរាជធានី​បាងកក ក្នុង​ប្រតិបត្តិការសម្ងាត់មួយ។

ក្នុង​ខែ​វិច្ឆិកា វិកទ័រ ប៊ូត ត្រូវបាន​ធ្វើ​បត្យាប័ន​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​ដៃជើង​សម្លាប់​ជនជាតិ​អាមេរិក និង​គាំ​ទ្រ​ភេរវជន។ រដ្ឋាភិបាល​រុស្ស៊ី​ជំទាស់​យ៉ាងខ្លាំង​នឹង​បត្យាប័ន​នេះ ដោយនិយាយថា វីកទ័រ​ ប៊ូត គឺជា​អ្នក​ជំនួញ​គ្មាន​កំហុស៕

ប្រែ​សម្រួល​ដោយ​អ៊ឹម សុធារិទ្ធ

XS
SM
MD
LG