តុលាការកំពូលប្រទេសថៃនៅថ្ងៃចន្ទនេះបានកាត់ក្តីឱ្យអតីតនាយករដ្ឋមន្ត្រីថៃអ្នកស្រី Yingluck Shinawatra ឈ្នះនៅក្នុងសំណុំរឿងប្រព្រឹត្តិអំពើពុករលួយមួយ ជុំវិញការផ្តល់កិច្ចសន្យារដ្ឋាភិបាលកាលពីអ្នកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកស្រី Yingluck ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃពីឆ្នាំ២០១១ រហូតដល់អ្នកស្រីត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាមួយក្នុងឆ្នាំ២០១៤នោះ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើទុច្ចរិតក្នុងគម្រោងមួយ ដែលមានទឹកប្រាក់ជាង៦,៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣។
សេចក្តីសម្រេចរបស់តុលាការកំពូលថៃនេះ ជាជ័យជម្នះខាងផ្លូវច្បាប់ថ្មីៗចុងក្រោយមួយទៀត របស់គ្រួសារត្រកូល Shinawatra ដ៏មានឥទ្ធិពល ក្រោយពីបងប្រុសរបស់អ្នកស្រីគឺលោក Thaksin ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីពីរដង ហើយក៏ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្រ្តីដោយរដ្ឋប្រហារយោធាផងដែរនោះ ត្រូវបានដោះលែងពីការឃុំឃាំងមុនកាលកំណត់ចំនួន៦ខែកាលពីខែមុន ក្នុងអ្វីដែលជាការកាត់ទោសចំនួន៨ឆ្នាំកាលពីដំបូងរបស់លោក។
អ្នកស្រីYingluck និងសហការីចំនួន៥នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ថា មិនបានដេញថ្លៃឱ្យបានត្រឹមត្រូវនៅក្នុងគម្រោងមួយ ដែលមានឈ្មោះថា « ការបង្ហាញផ្លូវដើម្បីស្ថាបនាអនាគតប្រទេសថៃ (Roadshow to Build the Future of Thailand)» ដែលជាយុទ្ធនាការមួយ ដើម្បីលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។
ចៅក្រម៩នាក់នៃតុលាការកំពូលរបស់ថៃ បានសម្រេចសេចក្តីដោយសំឡេងឯកច្ឆ័នឱ្យអ្នកស្រីរួចផុតពីការចោទប្រកាន់ ដោយនិយាយថា គេ«រកពុំឃើញចេតនា» ថាអ្នកស្រីបានផ្តល់ផលប្រយោជន៍ដល់ក្រមហ៊ុនប្រព័ន្ធផ្សព្វផ្សាយពីរ ដែលទទួលបានកិច្ចសន្យានោះឡើយ។ នេះបើយោងលើសេចក្តីថ្លែងការណ៍របស់តុលាការកំពូលថៃ។
សេចក្តីថ្លែងការណ៍នេះបន្តទៀតថា៖ «គម្រោងនេះ ត្រូវបានធ្វើឡើងស្របទៅតាមច្បាប់»។
អ្នកស្រី Yingluck ដែលបានរស់នៅនិរទេសខ្លួនក្រៅប្រទេសតាំងពីឆ្នាំ២០១៧មក ដើម្បីគេចពីការកាត់ទោសនៅក្នុងសំណុំរឿងក្តីក្តាំដាច់ដោយឡែកមួយទៀតនោះ មិនមានវត្តមានក្នុងតុលាការឡើយ តែត្រូវបានតំណាងដោយមេធាវីរបស់អ្នកស្រី។
អ្នកស្រីYingluck ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំក្នុងឆ្នាំ២០១៧ ពីបទប្រព្រឹត្តិអំពើពុករលួយ លើគម្រោងស្រូវអង្ករដល់ប្រជាកសិករថៃក្នុងឆ្នាំ២០១១។
អ្នកស្រីនៅប្រឈមនឹងករណីពុករលួយចំនួន៦ផ្សេងទៀត ក្នុងអំឡុងពេលនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ៕
វេទិកាបញ្ចេញមតិ