ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​ថៃ​គឺ​ជា​អតីត​មេបញ្ជាការ​យោធា​រាជានិយម


រូប​ឯកសារ៖ លោក Prawit Wongsuwan ដែល​បាន​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ ២០១៩ មក ចូល​រួម​ថត​រូប​ជាមួយ​សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​វិមាន​រដ្ឋាភិបាល​នៅ​រាជធានី​បាងកក កាល​​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២០។
រូប​ឯកសារ៖ លោក Prawit Wongsuwan ដែល​បាន​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ ២០១៩ មក ចូល​រួម​ថត​រូប​ជាមួយ​សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​វិមាន​រដ្ឋាភិបាល​នៅ​រាជធានី​បាងកក កាល​​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២០។

សម្រាប់​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​ដែល​ចង់​ឱ្យ​មាន​ការ​បញ្ចប់​នូវ​អ្វី​ដែល​ពួកគេ​អះអាង​ថា​ជា​ឥទ្ធិពល​គ្រប​ដណ្ដប់​របស់​យោធា​លើ​នយោបាយ លោក Prawit Wongsuwan ដែល​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ប្រទេស​ថៃ ក៏​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ផ្អាក​ពី​តំណែង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប៉ុន្តែ សម្រាប់​សម្ព័ន្ធ​គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​គណបក្ស Palang Pracharat ដែល​ជា​គណបក្ស​មាន​ទំនោរ​ទៅ​រក​យោធា​វិញ តួនាទី​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​លោក Prawit តំណាង​ឱ្យ​ស្ថិរភាព​រហូត​ទាល់តែ​ដល់​ពេល​ដែល​តុលាការ​ធម្មនុញ្ញ​សម្រេច​ថា តើ​រយៈពេល​ដែល​លោក Prayuth ធ្វើ​ជា​មេដឹកនាំ​យោធា​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៩ គិត​បញ្ចូល​នៅ​ក្នុង​រយៈពេល ៨ ឆ្នាំ​នៃ​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​ឬ​ក៏​អត់។

លោក Prawit អាយុ ៧៧ ឆ្នាំ ដែល​បាន​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ ២០១៩ មក គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរយារ​របស់​លោក Prayuth និង​ជា​ផ្នែក​មួយ​នៃ​របប​យោធា​ដែល​ដឹកនាំ​ប្រទេស​ថៃ​អស់​រយៈពេល​ជិត ៥ ឆ្នាំ បន្ទាប់ពី​លោក Prayuth បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០១៤ ទម្លាក់​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​មក។

ដូច​លោក Prayuth ដែរ លោក Prawit គឺជា​អតីត​មេបញ្ជាការ​កងទ័ព និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​មាន​ភាព​ស្មោះស្ម័គ្រ​ខ្លាំង​បំផុត​ចំពោះ​របប​រាជាធិបតេយ្យ។ ប៉ុន្តែ ផ្ទុយ​ពី​លោក Prayuth លោក Prawit ហាក់​ជា​អ្នក​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​នៅ​ពី​ក្រោយ​ឆាក។

លោក Titipol Phakdeewanich ព្រឹទ្ធបុរស​មហា​វិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Ubon Ratchathani បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «លោក Prawit មាន​អំណាច​តាម​រយៈ​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​អ្នក​មាន​ឥទ្ធិពល​ផ្នែក​អាជីវកម្ម»។

លោក Titipol បាន​បន្ថែម​ថា៖ «ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី លោក Prawit នឹង​ជួយ​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​មាន​ស្ថិរភាព និង​ពង្រឹង​សម្ពន្ធភាព​គណបក្ស​កាន់​អំណាច​និង​ផល​ប្រយោជន៍​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នានា​នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់»៕

XS
SM
MD
LG