ប្រទេសថៃកាលពីថ្ងៃពុធបានត្រៀមរៀបចំបើកឡើងវិញនូវតំបន់លម្ហែកាយមាត់សមុទ្រកោះPhuket (ភូកេត)សម្រាប់ភ្ញៀវទេសចរណ៍ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក បើទោះបីជាប្រទេសនេះកំពុងមានចំនួនអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់យ៉ាងណាក្តី។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រទេសថៃបានផ្តល់ក្តីសង្ឃឹមខ្ពស់លើកម្មវីធីមួយដែលខ្លួនកំពុងរៀបចំគឺកម្មវិធី «វាលខ្សាច់ Phuket
ឬPhuket sandbox» ជាកម្មវិធីមួយដែលនឹងអនុញ្ញាតឲ្យពួកទេសចរដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយទៅលេងកម្សាន្តនៅទីនោះដោយមិនចាំបាច់ធ្វើចត្តាឡីស័កដែលជាកិច្ចប្រឹងប្រែងមួយដើម្បីស្តារវិស័យទេសចរណ៍របស់ប្រទេសនេះឡើងវិញដែលទទួលរងការប៉ះពាល់ជាខ្លាំងដោយជំងឺរាតត្បាតនោះ។
ក៏ប៉ុន្តែគម្រោងនៃការបើកសម្ពោធនៃកម្មវិធីនេះនៅថ្ងៃទី១ ខែកក្កដាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយដោយរង់ចាំការយល់ព្រមពីរដ្ឋាភិបាលថៃជាមុនសិន។ ប្រទេសថៃបានព្យាយាមទប់ទល់ប្រឆាំងនឹងរលកទី៣នៃការឆ្លងរាលដាលជំងឺកូវីដ១៩ដោយបានដាក់ការរឹតបន្តឹងក្នុងទីក្រុងបាងកកនិងតំបន់ជាយក្រុងដែលកំពុងមានការឆ្លងរាតត្បាតវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទថ្មីអាល់ហ្វា (Alpha) និងដែលតា (Delta) នោះ។
កាលពីថ្ងៃពុធប្រទេសថៃមានអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមកគឹចំនួន៥៣នាក់។
ទោះបីជាយ៉ាងនេះក្តីអាជ្ញាធរថៃនិយាយថា កម្មវិធីវាលខ្សាច់ Phuket នឹងប្រព្រឹត្តទៅដូចការគ្រោងទុក។ អ្នកដំណើរប្រមាណ២៥០នាក់មានគម្រោងនឹងធ្វើដំណើរទៅកាន់កោះកម្សាន្តមួយនេះតាមជើងយន្តហោះចំនួន៤នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក Taweesin Visanuyothin អ្នកនាំពាក្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសថៃ។
ប្រទេសថៃមានអ្នកទេសចរប្រមាណ៤០លាននាក់ក្នុងមួយឆ្នាំៗហើយផលទុនសរុប GDP របស់ប្រទេសនេះចំនួន១៨ភាគរយបានមកពីវិស័យទេសចរណ៍៕