ការបោះឆ្នោតជាតិអាចនឹងត្រូវបានរៀបចំនៅចុងឆ្នាំនេះ។ ការបោះឆ្នោតនោះ អាចជាការសាកល្បងសម្រាប់ប្រទេសថៃដែលមានប្រពៃណីប្រជាធិបតេយ្យប្រកបដោយអស្ថិរភាព។
នាយករដ្ឋមន្ដ្រីថៃ លោកអភិស៊ិទ វិឆាជីវ៉ា ប្រធានគណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងអំណាច ថ្លែងថា លោកមានបំណងបើកឲ្យមានការបោះឆ្នោតជាតិ នៅពាក់កណ្ដាលឆ្នាំ គឺ៦ខែមុនការបោះឆ្នោតតំណាងរាស្ដ្រដែលមានអាណត្ដិ៤ឆ្នាំ។
ការអំពាវនាវឲ្យមានការបោះឆ្នោតនោះ ធ្វើឡើងក្រោយពីមានការផ្លាស់ប្ដូរថ្មីៗក្នុងរដ្ឋធម្មនុញ្ញដោយរដ្ឋសភាដែលអនុញាតឲ្យមានតំណាងឯកត្ដនាមនៅតាមមណ្ឌលបោះឆ្នោត ជាជាងតំណាងសមាមាត្រ។ វិធានការនោះបានត្រូវគេមើលឃើញថា ផ្ដល់ប្រយោជន៍ច្រើនដល់គណបក្សប្រជាធិបតេយ្យ។ ជាទូទៅអ្នកបោះឆ្នោតនឹងជ្រើសតំណាងរបស់ខ្លួនសម្រាប់អាសនៈ ៣៧៥ នៅក្នុងរដ្ឋសភា ហើយកៅអី ១២៥ទៀត នឹងបានត្រូវតែងតាំងដោយគណបក្សនយោបាយ ដើម្បីបង្រ្គប់ចំនួនកៅអីទាំងអស់៥០០អាសនៈ នៅក្នុងរដ្ឋសភា។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផានីតាន់ វតនាយ៉ាកន ថ្លែងថារដ្ឋសភាត្រូវអនុម័តសេចក្ដីព្រៀងច្បាប់ដែលបង្ហាញការផ្លាស់ប្ដូរនៅក្នុងរដ្ឋធម្មនុញ្ញ មុននឹង លោក អាភិស៊ិតរំលាយរដ្ឋសភា។ លោកវតនាយ៉ាកន និយាយថា៖
«លោកនាយករដ្ឋមន្ដ្រី បានបង្ហា្ផញផែនការរបស់លោក ដើម្បីទូលស្នើព្រះមហាក្សត្រសុំ រំលាយរដ្ឋសភានៅចាប់ផ្ដើមខែឧសភា។ តែ នៅក្នុងរយៈពេលមុន ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតនឹងរៀបចំវិធានការ បទបញ្ជា និងច្បាប់សំខាន់ៗបី ដាក់ជូនរដ្ឋសភា។ ក្រោយមក គណៈកម្មការរៀបចំការបោះឆ្នោតនឹងពិនិត្យមើលលទ្ធភាពនៃកាលបរិច្ឆេទនៃការបោះឆ្នោត រវាង៤៥ ទៅ ៦០ថ្ងៃ។
ក្នុងការបោះឆ្នោតពីលើកមុននៅឆ្នាំ២០០៧ គណបក្សទាំងឡាយដែលរួបរួមជាមួយអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីន ស៊ីណាវ៉ាត បានយកជ័យជំនះដោយដណ្ដើមយកកៅអីភាគច្រើន នៅក្នុងរដ្ឋសភា។ លោក ថាក់ស៊ីន បានត្រូវបណ្ដេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារឆ្នាំ២០០៦។ ក្រោយមក លោកប្រឈមនឹងការចោទប្រកាន់ពីបទអំពើពុករលួយ រួចបានត្រូវកាត់ទោសឲ្យជាប់គុកពីរឆ្នាំ។ លោក ថាក់ស៊ីន បានគេចចេញពីប្រទេសមុនសាលក្រមបានត្រូវប្រកាស។
ក្រុមបាតុករគាំទ្រព្រះមហាក្សត្រ ព្រមទាំងសេចក្ដីសម្រេចតុលាការប្រឆាំងរដ្ឋាភិបាលបន្ដបន្ទាប់ ដែលគាំទ្រលោក ថាក់ស៊ីន បាននាំឲ្យមានការតែងតាំងលោក អាភីស៊ីតជានាយករដ្ឋមន្ដ្រីកាលពីខែធ្នូ ឆ្នាំ ២០០៨។
បាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោក អាភីស៊ីត ត្រូវបានរៀបចំធ្វើក្រោយមក។ បាតុករបានចោទរដ្ឋាភិបាលថា ខ្វះភាពស្របច្បាប់ ដោយសារតែមានការគាំទ្រពីយោធា និងការិយាធិបតេយ្យ។ រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ទាំងនោះ។
បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅឆ្នាំ២០០៩ និង ២០១០បានត្រូវដឹកនាំដោយក្រុមគាំទ្រលោក ថាក់ស៊ីន គឺរណសិរ្សប្រជាធិបតេយ្យ ដែលមានឈ្មោះថាក្រុមអាវក្រហម។
ការប្រមូលផ្ដុំគ្នានៅចុងសប្ដាហ៍នេះ ប្រារព្ធខួបឆ្នាំនៃការតវ៉ាពីរខែ កាលពីឆ្នាំមុនដែលបណ្ដាលឲ្យមនុស្ស៩០នាក់ស្លាប់ និងច្រើនរយនាក់ទៀតរបួស។
លោក វ៉េង តូជីរ៉ាកន មេដឹកនាំក្រុមអាវក្រហម ដែលបានត្រូវដោះលែងចេញពីការឃុំឃាំងប្រាំបួនខែក្នុងគុក ពីបទភេរវកម្ម ក្រោយពីបានដាក់ប្រាក់ធានា និយាយថាលោកស្វាគមន៍ការបោះឆ្នោតនោះ។ តែ លោក វ៉េង និយាយថា គណបក្សប្រជាធិបតេយ្យ ឬ ផាក ប្រឆាធិផាត គួរទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត បើប្រសិនជាគណបក្ស ភឿ ថៃបានទទួលជ័យជំនះ។ លោក វ៉េង និយាយថា៖
«យើងស្វាគមន៍ការបោះឆ្នោតទូទៅ ពីព្រោះវាជាវិធានការសំខាន់ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យទូទៅ ហើយយើងគោរពលទ្ធផលនៃសេចក្ដីសម្រេចចិត្តនយោបាយរបស់ប្រជាពលរដ្ឋ ទោះជាគណបក្សណាមួយយកឈ្នះក៏ដោយ។ គណបក្ស ផាក ប្រឆាធិផាត និងអំណាចនៅក្រៅរដ្ឋធម្មនុញ្ញ ក៏ត្រូវទទួលបានការគោរព ដែលប្រព័ន្ធការិយាធិតេយ្យត្រូវទទួលការគោរពឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋ ខណៈពេលដែលគណបក្សភឿ ថៃទទួលជ័យជំនះ»។
តែអ្នកវិភាគនយោបាយមានការភ័យខ្លាចថា ការបោះឆ្នោតនោះអាចនាំឲ្យមានអស្ថិរភាព ដែលបណ្ដាលឲ្យមានអំពើឃោរឃៅកើតមានឡើងក្នុងយុទ្ធនាការឃោសនាដ៏ស្វឹតស្វាញ ក្នុងប្រទេសថៃដែលធ្លាប់មានកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ សេចក្ដីរាយការណ៍បឋម ដកស្រង់មតិសាធារណជន បានបង្ហាញថា គណបក្ស ភឿ ថៃដែលនិយមលោក ថាក់ស៊ីន ដឹកមុខក្នុងការបោះឆ្នោតប្រកួតដ៏ប្រកិតគ្នានោះ។
ប្រែសម្រួលដោយ អ៊ូ ធួក