ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​អនុវត្ត​គោលនយោបាយ​ថ្មី​ស្តី​ពី​ពលកម្ម​​អន្តោប្រវេសន៍​នាំ​ឲ្យ​មាន​ការ​​ចាប់​ខ្លួន​កម្មករ​បរទេស


បាងកក៖ កម្មករ​ចំណាក​ស្រុក​រាប់​ពាន់​នាក់​មក​ពី​ប្រទេស​កម្ពុជា ភូមា និង​ឡាវ ត្រូវ​បាន​ប៉ូលីសចាប់​ខ្លួន ក្នុង​ខណៈដែល​រដ្ឋាភិបាល​ថៃ​អនុវត្ត​គោល​នយោបាយ​ថ្មី​មួយ​ស្តីអំពីពលកម្ម​ចំណាកស្រុក​។

នៅឯសាលា​មួយ​កណ្តាល​ក្រុង​បាងកក កាល​ពីព្រឹកថ្ងៃ​អាទិត្យ កម្មករ​ចំណាក​ស្រុក​ជន​ជាតិ​ភូមា​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​សិក្សា​អំពី​ជំនាញ​ថ្មីៗ ដូចជា ភាសា និង​ការ​វាយ​កុំព្យូទ័រ។​ កន្លែង​នេះក៏​ជា​មជ្ឈមណ្ឌល​សម្រាប់​ពួក​គេ​ទទួល​ព័ត៌មាន​ថ្មី​បំផុត​ដែរ។​ ព័ត៌មាន​ធំ​បំផុត​សម្រាប់​កម្មករ​ជា​ច្រើន គឺ​ការ​បង្រ្កាប​មួយ​នា​ពេល​ថ្មីៗនេះ ទៅ​លើ​កម្មករ​ចំណាក​ស្រុក ដោយ​បាន​សម្រុក​ចូល​ក្នុង​រោង​ចក្រ​មួយ​ចំនួន​ នាំ​ឲ្យ​មាន​ការ​ចាប់​ និង​បញ្ជូន​កម្មករ​រាប់​រយ​នាក់ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ។

រដ្ឋាភិបាល​ថៃឲ្យ​ដឹង​ថា ការ​វាយ​សម្រុក​ចូល​ក្នុង​រោង​ចក្រ​នេះ គឺ​ជា​ផ្នែក​មួយ នៃ​គោល​នយោបាយថ្មី​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ជន​អន្តោ​ប្រវេសន៍​ទាំង​អស់​ ចុះ​ឈ្មោះ និង​ធ្វើ​ការ​ស្រប​ច្បាប់។ រដ្ឋាភិបាល​ឲ្យ​ដឹងទៀត​ថា ការ​ធ្វើ​បែប​នេះ អាច​ការ​ពារ​សិទ្ធិ​បាន​ប្រសើរ​ជាង​មុន​ចំពោះ​ជនអន្តោប្រវេសន៍ពីរ​លាន​នាក់​នៅ​ក្នុង​ប្រទេស។ ក្រោម​គោល​នយោបាយ​ថ្មីនេះ ត្រឹម​ខែ​កុម្ភៈ ជនអន្តោប្រវេសន៍​ត្រូវ​តែ​មាន​ឯកសារ​អត្តសញ្ញាណ​ ដូចជា​លិខិត​ឆ្លង​ដែន​ពី​ប្រទេស​របស់​ខ្លួន និង​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ធ្វើ​ការ​ថ្មី។ ប៉ុន្តែ កម្មករ​រាប់​ម៉ឺន​នាក់​បាន​ដាក់​ពាក្យ​សុំ​ទាន់​ពេល​វេលា តែ​ឯកសារ​របស់​គេ​នៅ​មិន​ទាន់ធ្វើ​ហើយ​នៅ​ឡើយ។​ រដ្ឋាភិបាល​ឲ្យ​ដឹង​ថា បើ​សិន​ជនអន្តោ​ប្រវេសន៍ អាច​បង្ហាញ​ភស្តុតាងថា គេ​បាន​ដាក់​ពាក្យ​សុំ​ហើយ គេ​នៅ​មាន​ពេល​រហូត​ដល់​ខែកុម្ភៈ​ ឆ្នាំ ២០១២ ដើម្បី​បញ្ចប់​ដំណើរ​ការ​ដាក់​ពាក្យ​នេះ។

លោក​មីយីនត៍ វ៉ៃ (Myint Wai) នាយក​គណកម្មការ​សកម្មភាព​ថៃ ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ប្រទេស​ភូមា មាន​ប្រសាសន៍ថា ជន​អន្តោប្រវេសន៍ មាន​ការ​ភ័យ​ខ្លាច ការ​សម្រុក​ចូល​កន្លែង​ធ្វើការ ទោះបី​ជា​គេ​មាន​ឯកសារ​ត្រឹម​ត្រូវ​ហើយ​ក្តី។ លោក​ថ្លែង​ថា៖

«សូម្បី​តែ​កម្មករ​ស្រប​ច្បាប់​ក៏​មាន​ការ​ភ័យ​ខ្លាចដែរ ពីព្រោះអ្នក​ខ្លះ​មិន​ទាន់​បាន​បញ្ចប់​ឯកសារ​អនុញ្ញាត​ឲ្យធ្វើ​ការ​នៅ​ឡើយ គឺ​មិន​ទាន់​បាន​បញ្ចប់​ដំណើរ​ការ​លិខិត​ឆ្លង​ដែន។ និយោជក​ជាច្រើន​មាន​ការ​ភ័យ​ខ្លាច ពីព្រោះ​និយោជក​ខ្លះ ប្រើ​មនុស្ស​ខុស​ច្បាប់ នៅ​ក្នុង​រោងចក្រ​មួយ​ចំនួន។ ដូច្នេះ​ វា​អាច​មាន​រឿង​ជា​ច្រើន​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ខ្ញុំ​បាន​ប្រាប់​កូន​សិស្ស​ហើយ​ថា អ្នក​ត្រូវ​តែ​មាន​ច្បាប់​អនុញ្ញាត​ធ្វើ​ការ គឺ​លិខិត​អនុញ្ញាត​ពិត​ប្រាកដ។ ប្រសិន​បើ​អ្នក​មិន​មាន​លិខិត​អនុញ្ញាត​ទេ ឬ​ប្រសិន​បើ​ឯកសារ​អ្នក​មាន​បញ្ហា សូម​កុំ​មក។

លោក​ផានីតាន់ វឌ្ឍនាយ៉ាកន (Panitan Wattanayagorn) អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលថៃ​និយាយ​ថា វា​ជា​ការ​ចាំ​បាច់​ណាស់ ដែល​មាន​ការ​បង្កើត​ឲ្យ​គោល​នយោបាយ​ការងារ​អន្តោ​ប្រវេសន៍​រយៈពេល​វែង​មួយ។ លោក​ថ្លែង​ថា៖

«អ្វី​ដែល​យើង​ព្យាយាម​ធ្វើ​ ពិត​ណាស់​គឺ​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ចាប់​ផ្តើម បទ​បញ្ញត្តិ​ជា​ប្រព័ន្ធ​មួយ ស្តី​អំពី​កម្មករ​ចំណាក់​ស្រុក​នៅ​ក្នុង​ប្រទេស​ថៃ។ មាន​ផែន​ការ​ដែល​ត្រូវ​បាន​ដាក់​ចេញ​យ៉ាង​ល្អ​មួយ ហើយ​មាន​រចនា​សម្ព័ន្ធ​មួយ​ចំនួន ដែល​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​បទ​បញ្ជា​នោះ។ យើង​មិន​ចង់​ទុក​ឲ្យ​មាន​ស្ថានភាព​ដែល​មិន​មាន​ការ​គ្រប់​គ្រង​ដូច​កាល​ពី​អតីត​នោះ​ទេ»។

ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ដែល​មាន​ការ​ទាក់​ទាញ​កម្មករ​ចំណាក​ស្រុក​ពី​ប្រទេស​ក្រី​ក្រ​ជិត​ខាង​ខ្លួន​ដូច​ជា​ប្រទេស​កម្ពុជា ភូមា និង​ឡាវ។ លើស​ពី​នេះ​ទៅ​ទៀត ជម្លោះ​នៅ​ក្នុង​ប្រទេស​ភូមា បាន​ធ្វើ​ឲ្យ​មាន​ការ​បម្លាស់​ទី​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ឆ្លង​កាត់​ព្រុំដែន។

ជន​អន្តោប្រវេសន៍​ភាគ​ច្រើន​ត្រូវ​បាន​ផ្តល់​ការងារ​នៅ​ក្នុង​វិស័យ​កសិកម្ម សំណង់ និង​រោងចក្រ។ ហើយ​ក្រៅ​ពី​នេះ ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​ផ្តល់​សេវា និង​ធ្វើ​ការ​តាម​ផ្ទះ។ ក្រុម​សិទ្ធិមនុស្ស​មួយ​ចំនួន​ឲ្យ​ដឹង​ថា កម្មករ​ចំណាក​ស្រុក​ជា​ច្រើន​ត្រូវ​បាន​កេង​ប្រវ័ញ្ច​ដោយ​និយោជក។

ខណៈ​ដែល​ប្រទេស​កម្ពុជា និង​ឡាវ​បាន​ធ្វើ​ការ​ជាមួយ​មន្រ្តី​ថៃ ដើម្បី​ចេញ​លិខិត​ឆ្លង​ដែន​នៅ​ក្នុង​ប្រទេស​ថៃ ប្រទេស​ភូមា តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រុំដែន​ត្រឡប់​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ក្នុង​ប្រទេស​ខ្លួន​វិញ ដែល​នោះ​មាន​ន័យ​ថា ជន​អន្តោប្រវេសន៍​ភូមា ត្រូវ​ចំណាយ​រាប់​រយ​ដុល្លារ​អាមេរិក​ និង​ប្រឈម​នឹង​ការ​ប្រថុយ​គ្រោះ​ថ្នាក់​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​មន្រ្តី​ភូមា និង​ឧក្រឹដ្ឋជន​តាម​ព្រំដែន។

អង្គការ​សិទ្ធិមនុស្ស​ការ៉ែន រាយការណ៍​ថា ប្រជាពលរដ្ឋ​ភូមា​ជាច្រើន​ប្រឈម​នឹង​ការ​បង់​ពន្ធដារ​ពិសេស ការធ្វើ​ពលកម្ម​ដោយ​បង្ខំ ការ​វាយ​ធ្វើ​បាប ការ​រំលោភ និង​ឃាដកម្ម នៅ​ពេល​គេ​ឆ្លង​ព្រំដែន​ទៅ​ធើ្វឯកសារ​របស់​គេ។

មូលនិធិ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស ដែល​ជា​អង្គការ​សិទ្ធិ​ជន​អន្តោ​ប្រវេសន៍មួយ ឲ្យ​ដឹង​ថា កម្មករ​ចំណាក​ស្រុក​ជាង​១លាន​នាក់ អ្នក​ខ្លះ​មិន​អាច​ធ្វើ​លិខិត​អញ្ញាត​ធ្វើ​ការ​បាន​ ហើយ​អ្នក​ខ្លះ​មិន​ទាន​ចាប់​ដំណើរ​ការ​តែ​ម្តង។

ពួក​គេ​ ជាមួយ​នឹង​មេដឹកនាំ​នៃក្រុម​ជួញ​ដូរ​មនុស្ស​ដែល​នាំ​កម្មករ​ចូល​ប្រទេស​ថៃ គឺ​ជាគោល​ដៅ​នៃ​ការ​បង្ក្រាប​របស់​រដ្ឋា​ភិបាល។ មូលនិធិ​បាន​រាយការណ៍​ថា ជនអន្តោប្រវេសន៍​ចំនួន​៣.០០០​នាក់ និង​និយោជក​៦​នាក់ត្រូវបាន​ចាប់​ខ្លួន។ រដ្ឋាភិបាល​សម្ព័ន្ធភាព​ជាតិ​ប្រឆាំង​របស់​សហភាព​ភូមា ឲ្យ​ដឹង​ថា ជន​អន្តោប្រវេសន៍​រហូតដល់​១ម៉ឺន​នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ។

លោក​អ៊ែនឌី ហល (Andy Hall) អ្នក​នាំពាក្យ​មូលនិធិ​ និយាយ​ថា ក្នុង​ខណៈដែល គោលនយោបាយ​ស្តី​អំពី​ពលកម្ម​គឺ​ជា​កា​រ​ចាំបាច់ យុទ្ធសាស្រ្ត​បច្ចុប្បន្ន​កំពុង​មាន​ដំណើរ​ទៅ​កាន់​ភាពបរាជ័យ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«តម្រូវ​ការ​កម្លាំង​ពលកម្ម​គឺ​នៅ​ទី​នោះ។ គឺ​នៅ​ទី​នោះហើយ ដែល​កម្មករ​ត្រូវតែ​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​ប្រព័ន្ធ​គ្រប់​គ្រង​នោះ​គឺ​ពិត​ជា​បរាជ័យ​នា​ពេល​នោះ។ យុទ្ធសាស្ត្រ​នោះ​មិន​ត្រូវ​បាន​គិត​គូរ​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ។ នៅ​ពេល​អ្នក​មាន​ប្រព័ន្ធ​បរាជ័យ អ្នក​មិន​មាន​ផែន​ការ​ល្អនោះ​ទេ អ្នក​មិន​មាន​ការ​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍​ប្រកប​ដោយ​និរន្តរភាព​ទេ ដូច្នេះ​អ្នក​នឹង​ឃើញ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ ដូចដែល​យើង​កំពុង​ឃើញ​នាពេល​នេះ»។

អង្គការ​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា កម្មករ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ពី​កងកម្លាំង​ប៉ូលីស ប្រសិន​បើ​គេ​ត្រូវ​បាន​ចាប់​ដោយសារ​គ្មាន​ឯកសារ​គ្រប់​គ្រាន់។ ប៉ុន្តែ និយោជក ជារឿយៗ ដក​លិខិត​ឆ្លង​ដែន និង​លិខិតអនុញ្ញាត​ធ្វើ​ការ​របស់​កម្មករ។ ដូច្នេះ​កម្មករ​ត្រូវបាន​ចាប់​ដោយ​សារ​គ្មាន​ឯកសារ។ គេ​ត្រូវសូកប៉ាន់ បើមិន​ដូច្នេះ​ទេ​នឹង​ត្រូវទទួល​រង​ការ​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ហើយ​ត្រូវ​បាន​គេ​រត់ពន្ធ​ត្រឡប់​ចូល​មក​ប្រទេស​ថៃ​វិញ។

លោក​ស្រី​ចាគី ផូលឡក់ (Jackie Pollock) ធ្វើការ​ឲ្យ​គម្រោង​ជំនួយ​ជន​អន្តោប្រវេសន៍ មាន​ប្រសាសន៍ថា គោលនយោបាយ​ថ្មី បាន​ទទួល​ជោគជ័យ​តិច​តួច​ក្នុង​ការ​កែ​លំអរ​ស្ថានភាព អន្តោប្រវេសន៍។ លោក​ស្រី​ថ្លែង​ថា៖

«ដំណើរ​ការ​ទាំង​មូល​មិន​ផ្តល់​ការ​ការពារ​ណាមួយ ឬ​សិទ្ធិជាង​ប្រព័ន្ធ​ចាស់​នោះ​ទេ។ ដូច្នេះ​ គេ​ចំណាយ​លុយ និង​ពេល​វេលា​យ៉ាង​ច្រើនដើម្បី​ធ្វើ​តាម​ប្រព័ន្ធ​ថ្មី​នេះ ប៉ុន្តែ​គេ​មិន​បាន​ទទួល​ផល​ប្រយោជន៍អ្វី​ទេ»។

មន្រ្តី​ថៃ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ការ​រិះគន់​បែប​នេះ មិន​ត្រឹម​ត្រូវ​ទេ ហើយ​ថា គោល​នយោបាយ​ថ្មី​នេះ លើក​កម្ពស់​ទាំង​បទដ្ឋាន​នៃ​ច្បាប់​ថៃ និងសិទ្ធិមនុស្ស។ ក្រៅពី​មាន​ការ​ងារ​ដ៏​លំបាក​ក្នុង​ការ​តាក់តែង​ និង​អនុវត្ត​គោល​នយោបាយ​ថ្មី​ស្តី​អំពី​ពលកម្ម​អន្តោ​ប្រវេសន៍ ប្រទេស​ថៃ​ត្រូវប្រយុទ្ធ​ការ​ពារ​ព្រំដែន​ដ៏​ច្រឡោះ​ប្រហោង​របស់​ខ្លួន ភាព​ក្រី​ក្រ និង​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​នៅ​ជុំវិញ​ប្រទេស។

ប្រែសម្រួល​ដោយ​លោកអ៊ឹម សុធារិទ្ធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG