ទីក្រុងបាងកក៖ ទាហានខ្មែរនិងថៃបានបាញ់តគ្នានៅតាមព្រំដែនរួមរបស់ខ្លួន ហើយសេចក្តីរាយការណ៍ឲ្យដឹងថា មានទាហានស្លាប់តិចជាង ១០ នាក់នៅក្នុងកងយោធាទាំងពីរ។ ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើង នៅពេលដែលភាពតានតឹងបានកើនឡើងពីជម្លោះព្រំដែនមួយ។
កងទ័ពថៃនិងខ្មែរបានបាញ់តគ្នានៅរសៀលថ្ងៃសុក្រម្សិលមិញនេះដោយភាគីមួយបានចោទភាគីមួយទៀតថាជាអ្នកបាញ់មុន។
គេអាចឮស្នូរកាំភ្លើងតូចនិងកាំភ្លើងធំពីចម្ងាយ ហើយជនស៊ីវិលត្រូវគេនាំចេញពីលំនៅដ្ឋានក្នុងតំបន់នោះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ានិថាន់ វតនយ៉ាកន (Panitan Wattanayagorn) និយាយថា ការបាញ់គ្នាម្តងម្កាលនេះគឺបណ្តាលមកពីធម្មជាតិនៃព្រំដែនដែលគ្មានខ្សែបន្ទាត់ជាក់លាក់។ លោកពោលថា ព្រឹត្តិការណ៍នេះបង្ហាញឲ្យឃើញសេចក្តីត្រូវការដើម្បីបង្កើនកិច្ចប្រឹងប្រែងនៅក្រោមអនុស្សរណៈនៃការយោគយល់គ្នាមួយដែលមានគោលបំណងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។
«ហេតុនេះហើយបានជាយើងអំពាវនាវឲ្យប្រទេសកម្ពុជាធ្វើការជាមួយយើងឲ្យបានលឿនជាមុននៅក្រោមអនុស្សរណៈនេះ ដើម្បីចរចាអំពីការបោះបង្គោលជាក់លាក់ ដើម្បីឲ្យយើងអាចការពារព្រំដែនរបស់យើងបានស័ក្តិសិទ្ធិជាងមុន»។
លោក ប៉ានិថាន់ ថ្លែងថាការបាញ់គ្នានេះកំពុងត្រូវបានធ្វើការស៊ើបអង្កេត ហើយថាភាគីទាំងពីរត្រូវធ្វើការឲ្យបានហ្មត់ចត់ជាងមុនដើម្បីធានាថា ព្រឹត្តិការណ៍បែបនេះនឹងមិនប៉ះពាល់ទៅលើទំនាក់ទំនងជាទូទៅទេ។
ក៏ប៉ុន្តែវិទ្យុសំឡេងសរអាជា (វីអូអេ) ភាសាខ្មែររាយការណ៍ថា មានការវាយប្រយុទ្ធជាខ្លាំង ដោយមានការបាញ់កាំភ្លើងធំ និងការវាយប្រយុទ្ធគ្នាដោយរថក្រោះ។
ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើង នៅពេលដែលមន្រ្តីថៃកំពុងធ្វើកិច្ចចរចាដើម្បីដោះស្រាយជម្លោះព្រំដែន នៅក្នុងប្រទេសកម្ពុជា។
មន្រ្តីទាំងនេះក៏បានជួបជាមួយជនជាតិថៃពីរនាក់ ដែលតុលាការខ្មែរមួយបានកាត់ទោសក្នុងសប្តាហ៍នេះឲ្យជាប់គុកជាច្រើនឆ្នាំអំពីបទចារកម្មនិងការចូលទឹកដីខ្មែរខុសច្បាប់ បន្ទាប់ពីបានចូលទៅក្នុងទឹកដីដែលមានជម្លោះផងដែរ។
អ្នកជាតិនិយមថៃរាប់រយនាក់ នៃបក្សសម្ព័ន្ធប្រជារាស្រ្តដើម្បីលទ្ធិប្រជាធិបតេយ្យហៅ PAD ដែលគេស្គាល់ថា ពួកអាវលឿង បានធ្វើបាតុកម្មនៅជិតការិយាល័យរដ្ឋាភិបាលក្នុងពេលពីរសប្តាហ៍កន្លងទៅនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងជាមួយប្រទេសកម្ពុជា។
លោក ផាន់ថេព ភឿពុងផាន់ (Panthep Pourpongphan) ជាអ្នកនាំពាក្យរបស់បក្សសម្ព័ន្ធហៅ PAD ដែលអំពាវនាវឲ្យរដ្ឋាភិបាលលប់ចោលអនុស្សរណៈជាមួយប្រទេសកម្ពុជា។ លោកនិយាយថា ការបាញ់គ្នាចុងក្រោយនេះបង្ហាញថា អនុស្សរណៈនោះមិនមានប្រសិទ្ធភាពទេ។
«ការវាយប្រយុទ្ធគ្នា អាចទុកជាភ័ស្តុតាង គឺជាភ័ស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញថា អនុស្សរណៈនេះមានបញ្ហាច្រើនណាស់ ដែលយើងត្រូវលប់វាចោល ហើយចាប់ផ្តើមធ្វើកិច្ចចរចាថ្មី ដើម្បីធ្វើអនុស្សរណៈថ្មីមួយទៀត»។
ការវាយប្រយុទ្ធគ្នាបានកើតឡើងនៅក្បែរប្រាសាទបូរាណព្រះវិហារនៅតាមព្រំដែន។ ប្រទេសថៃនិងកម្ពុជាបានទាមទារទឹកដីនៅក្បែរប្រាសាទនេះ រៀងៗខ្លួន។
ភាគីទាំងពីរបានវាយប្រយុទ្ធគ្នាអំពីរឿងព្រំដែនកាលពីពេលមុន ដោយមានមនុស្សស្លាប់ច្រើនទាំងសងខាង ចាប់តាំងពីឆ្នាំ ២០០៨ មក៕
ប្រែសម្រួលដោយ កែរ យ៉ាន