ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​រាជានិយម​អំពាវ​នាវ​ដល់​ពលរដ្ឋ​ថៃ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត


សញ្ញា​ពណ៌​លឿង​ភ្លឺ​ បង្ហាញរូបសត្វ​ផ្សេងៗ​​ស្លៀក​ពាក់​ខោ​អាវ​ធំ ​បាន​ត្រូវ​ដាក់​តាំងទូទៅនៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេសថៃ​នៅថ្ងៃ​ទី​១០​ ខែមិថុនា ឆ្នាំ២០១១។
សញ្ញា​ពណ៌​លឿង​ភ្លឺ​ បង្ហាញរូបសត្វ​ផ្សេងៗ​​ស្លៀក​ពាក់​ខោ​អាវ​ធំ ​បាន​ត្រូវ​ដាក់​តាំងទូទៅនៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេសថៃ​នៅថ្ងៃ​ទី​១០​ ខែមិថុនា ឆ្នាំ២០១១។

នៅ​ក្នុង​ប្រ​ទេស​ថៃ​ រដូវ​នៃ​ការ​ឃោសនា​រក​សម្លេង​ឆ្នោត​កំពុងប្រព្រឹត្ដ​ធ្វើ​ពេញ​ទំហឹង​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ដ៏​ប្រកិត​គ្នា​នៅ​ខែ​ក្រោយ​។ នៅ​ពេល​គេ​ផ្ដោត​ទៅ​លើ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​គណបក្ស​កាន់អំណាច​និងគណបក្ស​ប្រឆាំងភឿថៃ​ គេ​ឃើញ​មាន​គណបក្ស​មិន​ល្បី​ឈ្មោះជា​ច្រើន​ ដែល​ខិតខំ​ទាក់​ទាញ​ចិត្ដ​ពល​រដ្ឋ​ថៃ​។​ ចលនា​នយោបាយ​មួយ​ដែល​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​នយោបាយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ កំពុង​អំពាវ​នាវ​ឲ្យ​ជន​ជាតិ​ថៃ​ទូទៅសុំ​កុំ​ទៅ​បោះ​ឆ្នោត។

មនុស្ស​ច្រើន​ពាន់​នាក់​នៃ​គណបក្ស​សម្ព័ន្ធភាព​ប្រជា​ពល​រដ្ឋ​សម្រាប់​ប្រជា​ធិបតេយ្យ​ មាន​ឈ្មោះ​ថា ​ក្រុម​អាវ​លឿង​ បាន​នាំ​គ្នា​ដើរ​លើ​វិថី​កាល​ពី​ថ្ងៃ​សុក្រ​ កាត់​តាម​តំបន់​ហិរញ្ញ​វត្ថុ​ នៅទី​ក្រុង​បាងកក​ ដើម្បី​ឃោ​សនា​លើក​ទឹក​ចិត្ដ​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ នៅ​ខែ​កក្កដា។ ក្រុមអ្នកគាំ​ទ្រ​គណបក្ស​ PAD ​និយាយ​ថា​ អ្នក​នយោ​បាយ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​នៅថ្ងៃ​ទី​៣ខែ​កក្កដា​ ជា​មនុស្ស​ស្រេក​ឃ្លាន​អំណាចនិង​ជា​អ្នក​ពុក​រលួយ ​ដែល​មិន​ត្រូវ​អនុញាតឲ្យ​ដឹកនាំ​ប្រទេស​ទេ។​ ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ជិះ​ក្នុង​រថយន្ដ​ Pick​ up ​លើក​សញ្ញា​ឃោសនាចំអក ​និង​លើកប័ណ្ណប្រ​កាស​គូរ​រូប​ អ្នកនយោបាយ ជា​សត្វ​ធាតុ។

«បោះ​ឆ្នោត​មិន​យក ពួក​ខ្លា​និង​ឆ្កែ​ក្របី​ បោះឆ្នោតមិន​យក»។

សញ្ញា​ពណ៌​លឿង​ភ្លឺបង្ហាញរូបសត្វ​ផ្សេងៗ​ ស្លៀក​ពាក់​ខោ​អាវ​ធំ​បាន​ត្រូវ​ដាក់​តាំងទូ​ទៅ ​នៅ​ក្នុង​ទី​ក្រុង។ ​អាជ្ញាធរគំរាមនិងទម្លាក់​ចេញ​ប័ណ្ណ​ប្រកាស​មិន​សម​រម្យ​ទាំង​នោះ​ ដោយ​សារ​តែមិន​មាន​ការ​គាំទ្រ​ បេក្ខជន ​ឬ ​គណបក្សណា​មួយ​ទេ។

នៅ​ពេល​ដែល​ការ​ឃោសនា​រក​សម្លេង​ឆ្នោតរបស់​គណបក្ស​កាន់​អំណាច​ គឺគណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​ប្រឆាំងភឿថៃ​ ទាក់​ទាញ​មនុស្សដ៏​ច្រើន​សន្ធឹក​ទូ​ទាំង​ប្រទេស គេ​មិន​ដឹង​ច្បាស់​ទេ​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់គាំ​ទ្រយុទ្ធនាការស្នើ​មិន​ឲ្យ​ពលរដ្ឋទៅ​បោះ​ឆ្នោត។

លោក គ្រីច​ ​ថៃបំរុង​ ជា​អ្នក​គាំ​ទ្រ​ក្រុម​អាវ​លឿង​ដែល​និយាយ​ថា​ បើប្រសិន​ជា​មាន​មនុស្ស​ច្រើន​ល្មម​មិន​ព្រម​បោះ​ឆ្នោត អាជ្ញាធរ​នឹងត្រូវ​បង្ខំ​ខ្លួន​ឲ្យដោះ​ស្រាយបញ្ហា​អំពើ​ពុក​រលួយជាប្រព័ន្ធ។

«ពិត​ហើយ​ យើង​ចង់​ជ្រើស​យក​មេដឹកនាំ ​ប៉ុន្ដែ​គេត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ជាដំបូង​សិន។ គេ​ត្រូវ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​នយោបាយ​មុន។​ មិនមែន​មាន​ន័យ​ថា​ដូរ​ពី​ប្រជាធិបតេយ្យ​ទៅ​យក​កុ​ម្មុនិស្ដ​ទេ​ ឬ​ អ្វី​ផ្សេង​នោះ។ ​យើង​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ យើង​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ មិន​មែន​មាន​ន័យ​ថា​ បើ​កាល​ណាជាប់​ឆ្នោត​ឡើង​កាន់​អំណាច​ ហើយប្រព្រឹត្ដអំពើ​ពុករលួយទេ។ យើង​មាន​ប្រវត្ដិសាស្រ្ដ​ដូច្នោះជា​យូរ​មក​ហើយ​រហូត​ដល់​ពេល​នេះ»។

គណបក្ស ​PAD ​ធ្លាប់មាន​ឥទ្ធិពលនៅ​ក្នុង​នយោបាយ​របស់​ប្រទេស​ថៃ ​ហើយ​បាន​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ជា​សាធារណ:​ប្រឆាំង​អតីត​នាយក​រដ្ឋមន្ដ្រី​ ថាក់ស៊ិន ​ស៊ីណាវ៉ាត្រ​ មក។

ក្រុម​អាវ​លឿង​ចោទ​លោក​ថាក់ស៊ិនថា​ ជា​អ្នក​ប្រើអំណាច​ផ្ដាច់​ការ​ ប្រព្រឹត្ដ​អំពើ​ពុករលួយ ​ហើយមិន​ស្មោះត្រង់​ចំពោះ​ព្រះ​មហាក្សត្រ។

លោក​ថាក់ស៊ិនបាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ប៉ុន្ដែលោក​បាន​ត្រូវ​យោធា​ទម្លាក់​ចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦​ ហើយ​លោក​បាន​គេច​ទៅ​រស់​នៅ​ឯ​បរទេស ដើម្បី​ជៀសវាង​ការ​ចាប់​ដាក់​ពន្ធនាគារ។

គណបក្ស​ PAD​ បាន​វិល​ទៅ​ធ្វើ​បាតុកម្ម​តាម​វិថី​ឡើង​វិញ​ ក្រោយ​ពី​សម្ព័ន្ធមិត្ដ​នយោបាយ​នៃ​អតីត​នាយក​រដ្ឋ​មន្ដ្រី ​បាន​យក​ជ័យ​ជម្នះ ​ដោយ​បាន​ទទួល​កៅអី​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភាក្នុង​ឆ្នាំ២០០៧។​ ក្រុម​អាវ​លឿង​ ដែល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នំា​២០០៨​ បាន​ចូល​ទៅ​កាន់​កាប់​អាកាសយានដ្ឋាន​របស់​ទី​ក្រុងបាងកក​អស់រយៈ​ពេល​មួយ​សប្ដាហ៍។

ការ​ផ្សះ​ផ្សា​នយោបាយ​ក្រោយ​មក​បាន​នាំ​ក្រុម​អាវ​លឿង​ឲ្យ​គាំទ្រ​លោក​ អភិសិទ្ធ​ វិចា​ជីវា​ ដែល​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ដ្រី។ ចាប់​តាំង​ពី​ពេល​នោះ​មក ចលនា​នោះ​បាន​បែង​ចែក​ជា​ក្រុម​តួច​ៗដែល​អស់​មាន​ឥទ្ធិពល​ខ្លាំង​ត​ទៅ​ទៀត។

ក្រៅ​ពី​ក្រុម​នោះ​ អំពាវនាវ​សុំ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ​ ក្រុម​និយម​ជ្រុល​ អំពាវ​នាវ​ឲ្យ​ផ្អាក​ទុក​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រុម​នយោបាយ​ផ្សេង​មួយ​ទៀត​ ហៅ​គណបក្ស​នយោបាយថ្មី ​បាន​បញ្ជូន​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។

ទោះ​បី​នាយក​រដ្ឋមន្ដ្រី​ អភិសិទ្ធ​ វិចាជីវា​ ដែល​គណបក្ស​របស់​លោក​បាន​ឡើង​កាន់​អំណាច​ដោយ​សារ​តែ​ការ​តវ៉ា​របស់​ក្រុម​អាវ​លឿង​ ក៏​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​ច្រើន​របស់​ក្រុម​នោះ​ដែរ។ កាលពី​ដើម​ឆ្នាំ​នេះ​ គណបក្ស​ PAD បាន​វិល​មក​ប្រឆាំង​លោក​ អភិសិទ្ធ​ ដែល​មិន​បាន​ប្រើ​នយោបាយ​ខ្លាំង​ដៃទៅ​លើ​ប្រទេស​ជិត​ខាងគឺ​ប្រទេស​កម្ពុជា​ អំពី​រឿង​ជម្លោះ​ព្រំដែន៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG