ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដ៏​មរណៈ​ដោយ​យោធា


ក្រុមបាតុករ​អាវក្រហម​រាប់​ពាន់នាក់ ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​ ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដ៏​មរណៈ​ដោយ​យោធា។​
ក្រុមបាតុករ​អាវក្រហម​រាប់​ពាន់នាក់ ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​ ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដ៏​មរណៈ​ដោយ​យោធា។​

នៅ​ប្រទេស​ថៃ​ ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​ ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដ៏​មរណៈ​ដោយ​យោធា​ ដែល​បាន​បញ្ចប់​បាតុកម្ម​រយៈពេល​២ខែ។​ បាតុករ​បាន​ទាមទារ​រក​យុត្តិធម៌​ឲ្យ​មនុស្ស​៩១នាក់​ ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ផ្លូវ។ នោះ​ជា​ការ​ប៉ះទង្គិច​ដ៏​អាក្រក់​បំផុតក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុម​បាតុករ​អាវក្រហម​នៃ​ប្រទេស​ថៃ​បាន​វិល​ត្រឡប់​មក​សង្កាត់​ពាណិជ្ជ​កម្ម​ដ៏​មមាញឹក​ ដែល​ពួក​គេ​បាន​កាន់កាប់​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។

ក៏ប៉ុន្តែ​ មិន​ដូច​បាតុកម្ម​ដែល​ចាប់ផ្តើម​កាលពី​ខែមិនា​ដល់​ខែឧសភា​កាលពី​ឆ្នាំ​មុន​នោះ​ទេ​ ក្រុមបាតុករ​អាវក្រហម​រាប់​ពាន់នាក់​និយាយ​ថា​ ពួក​គេ​នឹង​ប្រមូល​ផ្តុំ​គ្នា​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

កាលពី​ឆ្នាំ​មុន​ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ជាថ្មី​ និង​ឲ្យ​ផ្តល់​សិទ្ធិ​ស្មើ​គ្នា​សម្រាប់​មេដឹកនាំ​របស់​ពួកគេ។​ ក៏ប៉ុន្តែ​ក្រោយ​ពី​ការធ្វើ​បាតុកម្ម​អស់​ជា​ច្រើន​សប្តាហ៍​ នៅ​កណ្តាល​ទីក្រុង​បាងកក​ កងយោធា​បាន​ចាត់​វិធានការ​បញ្ចប់​ការធ្វើ​បាតុកម្ម​ទាំងនោះ​ និង​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​ដែល​គាំទ្រ​ពួក​អាវក្រហម។

លោក​ វីស្ហ៊ី អ៊ុន​ (Wichien)​ អាយុ​ ៣០ឆ្នាំ​ជា​វិស្វករ​ម្នាក់​នៅ​ទីក្រុង​បាងកក។​ លោក​បាន​ថ្លែង​ថា​ លោក​ស្ថិត​នៅ​ក្នុង​ចំណោម​បាតុករ​ដែល​បាន​ជ្រកកោន​នៅ​ក្នុង​វត្ត​ដើម្បី​គេច​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា។​ លោក​ថ្លែង​ថា​ លោក​បាន​ឃើញ​ទាហាន​បាញ់​កាំភ្លើង​ចូល​ក្នុង​វត្ត​ សម្លាប់​ពលរដ្ឋមួយ​ចំនួន​ដែល​គ្មាន​អាវុធ។

លោក​ថ្លែង​ថា​ ឃាតករ​គួរ​តែ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​ស្លាប់​ទាំង​៩១​នាក់​នោះ។​ ក៏ប៉ុន្តែ​ លោក​ថ្លែង​ថា​ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ឃាតករ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

ប៉ូលិស​បាន​និយាយ​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​មាន​មួយ​ចំនួន​ជា​សមាជិក​កងសន្តិសុខ​ ហើយ​ជន​រងគ្រោះ​ផ្សេង​ទៀត​បាន​ស្លាប់​ដោយសារ​ការផ្ទុះ​អាវុធ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​អាវ​ក្រហម​ ដែល​ធ្វើ​បាតុ​កម្ម​រយៈ​ពេល​២ខែ។

រដ្ឋាភិបាល​ថៃ​ឲ្យ​ដឹង​ថា​ ខ្លួន​កំពុងតែ​ស៊ើបអង្កេត​អំពី​ការស្លាប់​ ហើយ​នឹង​ដាក់​ទោស​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទាំង​នោះ។​ ក៏ប៉ុន្តែ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ អាជ្ញាធរ​ដែល​ព្យាយាម​ស៊ើបអង្កេត​បញ្ហា​នេះ​កំពុង​ត្រូវ​បាន​ទប់ស្កាត់​ដោយ​យោធា។

នៅ​ខែ​នេះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Right Watch)​ បាន​រាយការណ៍​ថា​ ថ្វីបើ​មាន​ភស្តុតាង​បង្ហាញ​ថា​ នៅ​ក្នុង​ករណី​ខ្លះ​ ទាហាន​បាន​បាញ់​សំដៅ​ពលរដ្ឋ​ និង​បាន​បាញ់​មិន​រើស​មុខ​ទៅ​លើ​ហ្វូង​មនុស្ស​ក៏ដោយ​ ក៏​ពួកគេ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់ឡើយ៕

ប្រែសម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

XS
SM
MD
LG