អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវនៅក្នុងរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីទាមទារឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលតាក់តែងដោយពួកយោធា ឲ្យមានការបោះឆ្នោតរដ្ឋសភាថ្មី និងឲ្យមានការបញ្ចប់ច្បាប់ឃោរឃៅនៅក្នុងប្រទេស។
ការតវ៉ា ដែលរៀបចំដោយក្រុមយុវជនសេរីភាពនេះ គឺជាការតវ៉ាដ៏ធំបំផុតមួយតាំងពីពេលដែលរដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្នកាលពីខែមីនា ដើម្បីទប់ទល់ការឆ្លងរាតត្បាតជំងឺកូវីដ១៩។
តាំងពីពេលនោះមក វិធានការដាក់កំហិតនានា និងការរក្សាគម្លាតពីគ្នា បានជួយរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺនេះ ប៉ុន្តែវិធានការទាំងនេះក៏ត្រូវបានប្រើជាអាវុធនយោបាយផងដែរ ដើម្បីទប់ទល់នឹងការតវ៉ានានា។
ក្រុមអ្នកតវ៉ាប្រហែល ២.៥០០ នាក់ កាលពីថ្ងៃសៅរ៍ បានប្រមូលផ្ដុំគ្នានៅជុំវិញវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក ដោយប្រឆាំងនឹងបម្រាមរារាំងការប្រមូលផ្ដុំគ្នាជាសាធារណៈ ដើម្បីស្រែកបន្ទោរនូវពាក្យស្លោកប្រឆាំងរដ្ឋាភិបាល និងគ្រវីបដាបង្ហាញពីការទាមទាររបស់ពួកគេ៕