ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ថៃ​ធ្វើការ «គាបសង្កត់​ឆ្លង​ប្រទេស» ចំពោះ​ការ​បញ្ជូន​សកម្មជន​កម្ពុជា​ចេញ​ពី​ប្រទេស


រូបឯកសារ៖ ទិដ្ឋភាព​​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤។
រូបឯកសារ៖ ទិដ្ឋភាព​​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤។

អ្នក​ជំនាញ​បាន​ប្រាប់ VOA ថា ការ​បញ្ជូន​ចេញ​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​កម្ពុជា​នូវ​សកម្មជន​កម្ពុជា ៦ នាក់​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ថៃ​នៅ​បន្ត​ប្រឡូក​ក្នុង «ការ​គាប​សង្កត់​ឆ្លង​ប្រទេស» ដែល​នេះ​ចង់​សំដៅ​ដល់​ការ​សម្របសម្រួល​ក្នុង​ចំណោម​រដ្ឋាភិបាល​ដែល​ដៅ​គោលដៅ​លើ​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស។

សកម្មជន​ទាំង ៦ នាក់​នោះ​គឺ​លោក ប៉ែន ច័ន្ទសង្រ្គាម អ្នកស្រី ហុង អាន លោក មាន ចាន់សុថុន អ្នកស្រី យ៉ិន ចន្ធូ អ្នកស្រី សឺង គន្ធា និង​អ្នកស្រី វ៉ន ច័ន្ទរចនា។

សកម្មជន​ទាំងនេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​នៅ​កម្ពុជា​ចំពោះ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​អនឡាញ​រិះគន់​គោលនយោបាយ​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម CLV-DTA ដែល​កិច្ច​ព្រមព្រៀង​នេះ​មាន​គោល​បំណង​សម្រួល​ពាណិជ្ជកម្ម​និង​ទេសន្តរប្រវេសន៍​ក្នុង​ចំណោម​ប្រទេស​ទាំង​បី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

នៅ​ពេល​បច្ចុប្បន្ន​នេះ សកម្មជន​ទាំងនេះ​កំពុង​ជាប់ឃុំ​នៅ​មណ្ឌល​ផ្សេង​គ្នា​ដើម្បី​រង់ចាំ​សវនាការ​នៅ​កម្ពុជា ដែល​ពួកគេ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​វែង។ នេះ​បើ​យោង​តាម​វិទ្យុ​អាស៊ី​សេរី។

សកម្មជន​ទាំង ៦ នាក់​នេះ​គឺ​ជា​អ្នកគាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ។ ពួកគេ​បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ថៃ​កាលពី​ឆ្នាំ ២០២២។

លោក Tiy Chung អ្នក​នាំពាក្យ​ប្រចាំ​តំបន់​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន (UNHCR) បាន​បញ្ជាក់​ប្រាប់ VOA តាម​អ៊ីមែល​ថា សកម្មជន​ទាំង ៦ នាក់​នេះ​ត្រូវបាន​បញ្ជូន​ចេញ និង «ជា​មនុស្ស​ត្រូវការ​ជំនួយ​និង​ការ​ការពារ»។

លោក​បាន​បន្ត​ថា ទីភ្នាក់ងារ UNHCR «ព្រួយ​បារម្ភ​យ៉ាងខ្លាំង» អំពី​ការ​បញ្ជូន​ចេញ​នេះ ដែល​នេះ​គឺ​ប្រាសចាក​ពី​កាតព្វកិច្ច​របស់​ថៃ​នៅ​ក្នុង​ការ​ធានា​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​បណ្តេញ​ចេញ​ឬ​បញ្ជូន​ត្រឡប់​ទៅ​កន្លែង​ណា​មួយ​ដែល​ជីវិត​ឬ​សេរីភាព​របស់​ពួកគេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​នោះទេ។

លោក​បាន​សរសេរ​ថា៖ «យើង​កំពុង​ស្វែងរក​ការ​បកស្រាយ​ជា​បន្ទាន់​ពី​សំណាក់​អាជ្ញាធរ​ថៃ​អំពី​ស្ថានការណ៍​ជុំវិញ​ការ​បញ្ជូន​ចេញ​នេះ និង​ជំរុញ​ពួកគេ​ឲ្យ​គោរព​តាម​ច្បាប់​ថៃ​និង​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ដើម្បី​បញ្ចៀស​សកម្មភាព​ដូចនេះ​នា​ពេល​អនាគត»។

នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្រ្កាប​លើ​អ្នករិះគន់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

គម្រោង​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បាន​នាំ​ឱ្យ​មាន​ការ​ចាប់ខ្លួន​សកម្មជន​យ៉ាងតិច ១០០ នាក់ កាលពី​ខែ​កញ្ញា។ ក្នុង​ខែ​ដដែល​នេះ​ដែរ នាយករដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ដក​កម្ពុជា​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ។

កាល​ពី​ខែ​កុម្ភៈ សកម្មជន​កម្ពុជា ៣ នាក់​ទៀត ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ទីភ្នាក់ងារ UNHCR ថា​ជា​បុគ្គល​ត្រូវការ​ជំនួយ​និង​ការ​ការពារ រួម​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​មុន​ពេល​ពួកគេ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ថៃ។

ការ​អនុវត្ត​ការ​គាបសង្កត់​ឆ្លង​ប្រទេស​ដូចនេះ​មិនមែន​ជា​អ្វី​ថ្មី​នោះទេ។

កាលពី​ឆ្នាំ ២០២២ អង្គការ Freedom House បាន​លើកឡើង​ថា ចាប់តាំង​ពី​ឆ្នាំ ២០១៤ មក មនុស្ស​ជាង ១៥០ នាក់​នៅ​ថៃ​បាន​ក្លាយជា​ជន​រងគ្រោះ​នៃ​ការ​អនុវត្ត​ដូចនេះ។

លោក Phil Robertson ប្រធាន​អង្គការ​សិទ្ធិមនុស្ស​និង​ការ​តស៊ូមតិ​ការងារ​អាស៊ី (AHRLA) បាន​និយាយ​ថា ប្រទេស​ថៃ​មិនមាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​កម្ពុជា​ទេ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «មាន​សារ​មួយ​សម្រាប់​ជនភៀសខ្លួន​កម្ពុជា​ទាំងអស់​នៅ​ថៃ​គឺ​ថា​អ្នក​មិនមាន​សុវត្ថិភាព​នោះ​ទេ ពីព្រោះ​ចំណង​មិត្តភាព​រវាង​គ្រួសារ​ត្រកូល ហ៊ុន និង​ត្រកូល Shinawatra គឺ​ខ្លាំង​ជាង​កាតព្វកិច្ច​ណាមួយ​ដែល​ថៃ​ត្រូវ​ប្រកាន់ខ្ជាប់​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

លោក Thitinan Pongsudhirak អ្នកវិភាគ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ បាន​ប្រាប់ VOA ថា ទំនាក់ទំនង​គ្រួសារ​ទំនងជា​គន្លឹះ​នៅ​ក្នុង​ករណី​បញ្ជូន​ចេញ​នេះ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ទំនាក់ទំនង​ជិតដិត​លក្ខណៈ​បុគ្គល​ក៏ដូចជា​រវាង​គ្រួសារ​ទាំង​ពីរ​បាន​ធ្វើឱ្យ​មាន​ការ​សង្ស័យ​ចំពោះ​ករណី​បញ្ជូន​ខ្លួន​ចេញ​នេះ។ វា​ជា​ការ​មិន​ពិបាក​សន្និដ្ឋាន​នោះទេ​ដែល​ថា​ទំនាក់ទំនង​ជិតដិត​នេះ​បាន​ជួយ​សម្រួល​ឱ្យ​មាន​ករណី​នេះ​កើតឡើង។ ការ​បញ្ជូន​ខ្លួន​ចេញ​នេះ​គឺ​ជា ចំណាត់ការ​មិនបាន​គិត​គ្រប់​ជ្រុងជ្រោយ​មួយ​សម្រាប់​ការ​ដឹកនាំ​របស់ [នាយករដ្ឋមន្ត្រី​ថៃ] អ្នកស្រី Paetongtarn [Shinawatra] និង​រដ្ឋាភិបាល [ថៃ] ដែល​បាន​បញ្ជាក់​អះអាង​អំពី​ភាពស្របច្បាប់​តាម​បែប​ប្រជាធិបតេយ្យ បើ​ទោះបីជា​ខ្លួន​ជាប់​លេខ​ពីរ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ ក៏ដោយ»។

បទ​ក្បត់ជាតិ​ដែល​សកម្មជន​កម្ពុជា​ទាំង ៦ នាក់​ត្រូវបាន​ចោទប្រកាន់​នេះ​ស្ថិត​ក្រោម​មាត្រា ៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​កម្ពុជា។ ប្រសិនបើ​រក​ឃើញ​ថា​មាន​ទោស ការ​រិះគន់​របស់​សកម្មជន​ទាំងនេះ​លើ​រដ្ឋាភិបាល​កម្ពុជា​និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​នេះ​ចំពោះ​ប្រទេស​វៀតណាម​និង​ឡាវ​អាច​ធ្វើឱ្យ​ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ។

លោក Prem Singh Gill អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Universitas Muhammadiyah Yogyakarta នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយ​ថា រដ្ឋាភិបាល​ថៃ​និង​រដ្ឋាភិបាល​កម្ពុជា​មាន​ផលប្រយោជន៍​ស្រដៀង​គ្នា​ជុំវិញ​ការ​រឹតត្បិត​អ្នក​រិះគន់​ប្រឆាំង។

លោក Gill បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា៖ «វិធានការ​បែប​សហការ​គ្នា​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ត្រូវបាន​រៀបចំ​ឡើង​ជា​យុទ្ធសាស្រ្ត។ ប្រទេស​ទាំង​ពីរ​មាន​របៀប​ដឹកនាំ​បែប​អាជ្ញាធិបតេយ្យ ដោយ​ស្ថាប័ន​ព្រះមហាក្សត្រ​និង​ឥស្សរជន​នយោបាយ​ធ្វើការ​រួមគ្នា​ដើម្បី​រក្សា​អំណាច។ តាមរយៈ​ចំណាត់ការ​ស្របគ្នា​នៅ​ក្នុង​ការ​បង្រ្កាប​អ្នក​រិះគន់ ថៃ​និង​កម្ពុជា​បាន​បង្កើត​នូវ​យន្តការ​ពេញលេញ​ជាង​មុន​មួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​លើ​ការ​ពិភាក្សា​វែកញែក​អំពី​នយោបាយ»។

លោក​បាន​បន្ថែម​ថា៖ «ការ​រឹតត្បិត​ឆ្លង​ប្រទេស​បាន​ក្លាយជា​មធ្យោបាយ​លម្អិត​ហ្មត់ចត់​របស់​របប​អាជ្ញាធិបតេយ្យ​នៅក្នុង​តំបន់ ដែល​នៅ​ទីនោះ​សកម្មជន​គឺ​ជាប់​ក្នុង​បណ្ដាញ​នៃ​ការ​គំរាមកំហែង​ទាំង​ផ្លូវ​ច្បាប់​និង​មិន​ផ្លូវ​ច្បាប់។ រដ្ឋាភិបាល​បាន​សហការ​គ្នា​តាម​បណ្តាញ​ក្រៅ​ផ្លូវការ ចែក​រំលែក​ព័ត៌មាន​សម្ងាត់ សម្របសម្រួល​ការ​បញ្ជូន​មនុស្ស​ចេញ និង​បង្កើត​នូវ​បរិយាកាស​មួយ​ដែល​ងាយ​រងគ្រោះ​សម្រាប់​អ្នករិះគន់​ផ្នែក​នយោបាយ»។

VOA បាន​ទាក់ទង​ក្រសួង​ការបរទេស​ថៃ​ដើម្បី​សុំ​ការ​អធិប្បាយ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​ទេ៕

XS
SM
MD
LG