នៅសប្តាហ៍នេះ សភាថៃជួបប្រជុំជាលើកដំបូង ចាប់តាំងពីថ្ងៃទី៣ខែកក្កដា ជាថ្ងៃដែលប្រទេសថៃ បានធ្វើការបោះឆ្នោតទូទៅ។ នៅក្នុងការបោះឆ្នោតនោះ គណបក្សភឿថៃ និងមេដឹកនាំរបស់គណបក្សនេះ គឺលោកស្រី យីងឡាក់ ស្ហ៊ីនណាវ៉ាត់ (Yingluck Shinawatra) បានឈ្នះសន្លឹកឆ្នោតភាគច្រើន។ ក៏ប៉ុន្តែ លោកស្រីយីងឡាក់ប្រឈមនឹង ឧបសគ្គយ៉ាងច្រើន ដូចជាការជ្រើសរើសគណរដ្ឋមន្រ្តីរបស់លោកស្រី ដើម្បីអនុវត្តន៍ការសន្យាក្នុងពេលឃោសនាបោះឆ្នោតប្រជានិយមរបស់គណបក្សនេះ។
សភាថៃត្រូវបានគេរំពឹងថា នឹងជ្រើសរើសនាយករដ្ឋមន្រ្តីស្រីជាលើកដំបូងរបស់ប្រទេស គឺលោកស្រីយីងឡាក់ ស្ហីនណាវ៉ាត់ នៅក្នុងការបោះឆ្នោតមួយ ដែលនឹងអាចធ្វើឡើងនៅថ្ងៃសុក្រនេះ។
គណបក្សភឿថៃដែលមានអាយុកាល ៤៤ឆ្នាំមកហើយនោះ បានឈ្នះ២៦៥អសនៈក្នុងសភាតំណាងរាស្រ្ត ហើយបានចូលរួមជាមួយគណបក្សតូចៗ មួយ ចំនួន ដើម្បីឲ្យបានការគ្រប់គ្រងសំឡេងភាគច្រើនដែលត្រូវមានអសនៈចំនួន៣០០ ក្នុងចំណោមសមាជិកទាំង៥០០នៃសភាតំណាងរាស្រ្ត។
នៅក្នុងពិធីសម្ពោធន៍កាលពីថ្ងៃច័ន្ទ ព្រះរាជទាយាតនៃប្រទេសថៃព្រះអង្គម្ចាស់មាហា វិជ្ជរ៉ាលុងកន (Maha Vajralongkorn) បានមានព្រះបន្ទូល តាងនាមព្រះបិតារបស់ព្រះអង្គថា ព្រះមហាក្សត្រថៃ បានអំពាវនាវឲ្យអ្នកតាក់តែងច្បាប់ថៃបង្ហាញការទទួលខុសត្រូវរបស់ខ្លួននៅក្នុងការិយាល័យ។
ព្រះអង្គម្ចាស់ មាហា វិជ្ជរ៉ាលុងកន មានបន្ទូលប្រាប់សមាជិកសភាជិតទាំង៥០០នាក់ថា ពួកគេត្រូវតែមាន«ភាពស្មោះត្រង់» និងភាពជាក់លាក់ចំពោះភារកិច្ចរបស់ពួកគេ ដូចគ្នាទៅនឹងការដឹងឮអំពីអត្ថប្រយោជន៍សាធារណៈដល់សហគមន៍។
ការបោះឆ្នោតនៅក្នុងខែកក្កដា បានបញ្ចប់វិបត្តិនយោបាយដែលមានរយៈពេលពីរ បីឆ្នាំនៅក្នុងប្រទេសថៃ រវាងអ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តីលោកថាក់ស៊ីន ស្ហ៊ីនណាវ៉ាត់ (Thaksin shinawatra) និងគូរប្រជែងរបស់លោក។
លោកថាក់ស៊ីន ត្រូវជាបងប្រុសរបស់លោកស្រី យីងឡាក់ ដែលត្រូវបាននិរទេសខ្លួន តាំងពីលោកបានរត់ភៀសខ្លួនពីប្រទេសថៃតាំងពីឆ្នាំ២០០៨។ លោកត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំនៅក្នុងប្រទេសថៃ ពីបទប្រព្រឹត្តអំពើពុករលួយ។
លោកគូឌិប សៃក្រាក់ចាង (Kudeb Saikrakjang) ដែលជាអតីតអ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាសមាជិកគណបក្សភឿថៃ ថ្លែងថា រដ្ឋាភិបាលដែលដឹកនាំដោយលោកស្រីយីងឡាក់ ត្រូវបានគេរំពឹងថាជារដ្ឋាភិបាលមួយដែល មាន ការប្រុងប្រយ័ត្ន ក៏ប៉ុន្តែគណបក្សនេះ នឹងមានការគាំទ្រយ៉ាងខ្លាំងក្នុងរយៈពេលដ៏សមគួរមួយ។
«ខ្ញុំគិតថា លោកស្រីយីងឡាក់ មានការប្រុងប្រយ័ត្ន ហើយលោកថាក់ស៊ីនក៏មានការប្រុងប្រយ័ត្នសម្រាប់ខ្លួនលោក និងរដ្ឋាភិបាលដែរ។ ខ្ញុំគិតថា លោកស្រីបានរៀនសូត្រពីបញ្ហានោះ ដើម្បីដឹកនាំប្រទេស ដើម្បីប្រើប្រាស់អំណាចក្នុងលក្ខណៈដែលមានភាពទន់ភ្លន់ជាងបងប្រុសរបស់លោកស្រី។ ដូច្នេះ លោកស្រីនឹងមានការណែនាំពីមនុស្សជាច្រើនដែលមានការព្រួយបារម្ភលើបញ្ហានេះ។ ខ្ញុំគិតថា លោកស្រីនឹងធ្វើការបានល្អប្រសើរជាងការរពឹងទុករបស់យើង»។
អ្នកវិភាគនិយាយថា លោកស្រីយីងឡាក់នឹងប្រឈមមុខនឹងបញ្ហាមួយចំនួន ដូចជាការតែងតាំងតំណែងគណរដ្ឋមន្រ្តីជាដើម។ អ្នកសង្កេតការនយោបាយនិយាយថា លោកស្រីកំពុងពិចារណា អំពីបេក្ខជនមួយចំនួនដែលមិនមែនមកពីគណបក្សរបស់លោកស្រី សម្រាប់តំណែងសំខាន់ៗមួយចំនួននៅក្នុងក្រសួងហិរញ្ញវត្ថុ ការបរទេស និងការពារប្រទេស។
លោក ធីតទីណាន់ ពុងសុទ្ធីរ៉ាក់ (Thitinan Pongsudhirak) ជាអ្នកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យជុឡាលុងកន មានប្រសាសន៍ថារដ្ឋាភិបាលថ្មីប្រឈមមុខនឹង ការអនុវត្តន៍កម្មវិធីគោលនយោបាយរបស់ខ្លួនផង និងអ្នកដែលប្រឆាំងនឹងលោកថាក់ស៊ីន នៅពេលដែលលោកនៅកាន់អំណាចនោះផង។
«វា គឺជាពេលវេលាដ៏លំបាក សម្រាប់លោកស្រីយីងឡាក់។ លោកស្រីនឹងត្រូវធ្វើកិច្ចការសំខាន់ៗជាច្រើនជាបន្ទាន់។ មានសំណួរគ្រប់បែបយ៉ាងទាំងអស់ និងបញ្ហាលំបាកៗជាច្រើនដែលលោកស្រីនឹងត្រូវប្រឈម។ លោកស្រីត្រូវរក្សាគម្លាត និងទំនាក់ទំនងដែលអាចធ្វើទៅបាន ជាមួយបងប្រុសរបស់លោកស្រី គឺអតីតនាយករដ្ឋមន្រ្តីដែលត្រូវគេទម្លាក់ពីតំណែង ថាក់ស៊ីន ស្ហ៊ីណាវ៉ាត់ ហើយក្នុងពេលតែមួយនោះ ក៏មានការទាមទារជាច្រើនពីលោកស្រីផងដែរ»។
លោកធីតទីណាន់ មានប្រសាសន៍ថា ការទាមទារនោះមានដូចជា ការយកចិត្តក្រុមចលនាអាវក្រហមដែលគាំទ្រលោកថាក់ស៊ីន ដែលសមាជិកមួយចំនួននៃចលនានេះ ត្រូវបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្រ្ត។ ការទាមទារមួយទៀតគឺ ឲ្យមានការអនុវត្តន៍តាមការសន្យាក្នុងពេលឃោសនាបោះឆ្នោត ដែលរួមមានការដំឡើងប្រាក់ខែ និងការដំឡើងតម្លៃអង្ករសម្រាប់កសិករជាដើម។
នៅមានបញ្ហាមួយទៀត គឺការព្យួរចោលរឿងក្តីមួយចំនួនដែលប្រឆាំងនឹងលោកថាក់ស៊ីនពីបទប្រព្រឹត្តអំពើពុករលួយនោះផងដែរ។ រឿងក្តីទាំងនោះនឹងដំណើរការទៅមុខ បើសិនជា លោកថាក់ស៊ីនវិលត្រឡប់មកប្រទេសថៃវិញ។ ក៏ប៉ុន្តែ គណបក្សភឿថៃបានឲ្យដឹងថា ខ្លួនកំពុងតែពិចារណាអំពីសេចក្តីព្រាងច្បាប់លើកលែងទោសមួយ ដែលរួមបញ្ចូលទាំងហេតុការណ៍ដែលកើតឡើងតាំងពីឆ្នាំ២០០៦ ដែលការណ៍នោះ អ្នកវិភាគនិយាយថា ទំនងជារួមបញ្ចូលទាំងលោកថាក់ស៊ីនផងដែរ។ វិធានការបើកផ្លូវឲ្យលោកថាក់ស៊ីនវិលត្រឡប់មកប្រទេសវិញបែបនេះ អាចបង្កឲ្យមានបាតុកម្មថ្មីទៀតពីសំណាក់អ្នកគាំទ្ររាជានិយម និងក្រុមដែលប្រឆាំងនឹងលោកថាក់ស៊ីន៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់