ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្ម​ជន​សិទ្ធិ​មនុស្ស​​ថា ​ច្បាប់​​ថៃ​ត្រូវ​​រំលោភ​បំពាន​សម្រាប់​គោល​បំណង​នយោ​បាយ


ក្រុម​បាតុករ​អាវ​ក្រហមប្រឆាំង​រដ្ឋាភិបាល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​ច្រក​ទ្វារគុគ​ក្នុងទីក្រុងបាងកក។​
ក្រុម​បាតុករ​អាវ​ក្រហមប្រឆាំង​រដ្ឋាភិបាល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​ច្រក​ទ្វារគុគ​ក្នុងទីក្រុងបាងកក។​

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ថៃ​បាន​រិះ​គន់​ច្បាប់​ទាំង​ឡាយ​ ដែល​ត្រូវ​បាន​តាក់​តែង ឡើង ​ដើម្បី​ការ​ពារ​ព្រះ​មហា​ក្សត្រ​និង​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីន​ធឺណិត​បន្ទាប់​ពី​អ្នក​ប្រតិ​បត្តិ​ការគេហ​ទំព័រ​ប្រឆាំង​នឹង​រដ្ឋា​ភិ​បាលមួយ​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​យ៉ាង​ធ្ងន់​ធ្ងរ។ ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ច្បាប់​ទាំង​នេះ​កំពុង​ត្រូវ​បាន​រំលោភ​បំពាន ដើម្បី​គោល​បំណង​ផ្នែក​នយោ​បាយនិង​ដើម្បីបំបិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទស​ថៃ​បាន​បង្ហាញ​ពី​ក្តី​កង្វល់​បន្ទាប់​ពី​ការ​កាត់​ទោស​នៅ​ក្នុង​សប្តាហ៍​នេះ​ឲ្យអ្នក​ប្រតិ​បត្តិ​ការគេហ​ទំព័រ​ប្រឆាំង​នឹង​រដ្ឋា​ភិ​បាល​មួយ​រូប​ជាប់​គុក​រយៈ​ពេល​១៣​ឆ្នាំ។ តុលាការ​ថៃ​មួយ​បាន​កាត់​ទោស​ លោក​ថានថាវុធ ថាវីវារុតថំឃូន (Thanthawut Taweewarodomkul) ឲ្យ​ជាប់​គុក​រយៈ​ពេល​១០​ឆ្នាំ​ចំពោះ​ការបង្ខូច​កេរ្តិ៍​ឈ្មោះ​ព្រះ​មហា​ក្សត្រ​និង​៣​ឆ្នាំ​ចំពោះ​ការ​ប្រព្រឹត្តិ​បទ​ល្មើស​កុំ​ព្យូទ័រ។

ច្បាប់​របស់​ប្រទេស​ថៃ​ក្នុង​ការ​ការ​ពារព្រះ​មហា​ក្សត្រ​ជា​ទី​សក្ការៈ​បូជា​ពី​ការ​ប្រមាថ​មើល​ងាយ​ដែល​មាន​ឈ្មោះ​ថា​ច្បាប់​ស្តី​អំពី​ឧក្រិដ្ឋ​កម្ម​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហា​ក្សត្រ​ឬ​ហៅ​ជា​ភាសា​អង់​គ្លេស​ថា lese majeste ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ច្បាប់​ដ៏​តឹង​រ៉ឹង​បំផុត​នៅ​ក្នុង​ពិភព​លោក ហើយ​ធ្វើការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​រហូត​ដល់​ទៅ​១៥​ឆ្នាំ។

មនុស្ស​គ្រប់​រូប​អាច​ធ្វើ​ការ​ចោទ​ប្រកាន់បាន​នៅ​ក្រោម​ច្បាប់​ស្តី​អំពី​ឧក្រិដ្ឋ​កម្ម​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហា​ក្សត្រ​ហើយ​ប៉ូលីស​មាន​កាតព្វ​កិច្ច​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ខណៈ​ពេល​ដែល​សេចក្តី​លម្អិត​នៃ​បទ​ឧក្រិដ្ឋដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កម្រ​នឹង​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ណាស់​ដោយ​សារ​តែ​អ្នក​ណា​ដែល​យក​រឿង​នោះ​មក​និយាយ​បន្តឬ​ធ្វើ​ការ​បោះ​ពុម្ព​ផ្សាយ​នូវ​បទឧក្រិដ្ឋ​ទាំង​នោះ​ក៏​អាច​នឹង​ទទួលការ​កាត់​ទោស​ផង​ដែរ។

អ្នក​ឯក​ទេសនៃ​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​ប្រចាំ​នៅ​ក្នុង​ប្រទេស​ថៃលោក​បែនចាមីន ហ្សា​វ៉ាគី (Benjamin Zawacki)​ និយាយ​ថា​ច្បាប់​នេះបាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​មិន​អនុលោម​ទៅ​តាម​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​ពល​រដ្ឋ​និង​សិទ្ធិ​នយោ​បាយ​ដែល​ប្រទេស​ថៃ​បាន​ចុះ​ហត្ថ​លេខា​និង​ផ្តល់​សច្ចា​ប័ន។

«ច្បាប់​ស្តី​អំពី​ឧក្រិដ្ឋ​កម្ម​ប្រមាថ​ព្រះចេស្តា​ព្រះ​មហា​ក្សត្រ​មាន​បញ្ហា​រួច​ទៅ​ហើយ​ក្នុង​នាម​ជា​ច្បាប់​មួយ។​បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ច្បាប់​នេះ​ក៏​ត្រូវ​បាន​រំលោភ​បំពាន​និង​ត្រូវ​បាន​ប្រើ​ប្រាស់ខុស​ទៅ​លើ​ភាគី​ទាំង​ពីរ​នៃ​ការ​បែក​បាក់​ផ្នែក​នយោបាយ​សម្រាប់​គោល​បំណង​នៃ​ការ​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោ​បាយ»។

លោក​ថានថាវុធ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីឆ្នាំ​ទៅចំពោះ​ការ​បោះ​ពុម្ព​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​លោក​ក្នុង​កំឡុង​ពេល​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋា​ភិ​បាល​ដ៏​ធំ​មួយ​ដោយ​ក្រុម​បាតុករ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម។ ពួក​គេ​បាន​កាន់​កាប់​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​បាង​កក​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ដោយ​ធ្វើ​ការ​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សារ​ជា​ថ្មី។

រដ្ឋា​ភិ​បាល​បាន​បញ្ជា​ឲ្យ​ក្រុមយោធា​ធ្វើការ​បញ្ចប់​ការ​ប្រឆាំង​តវ៉ា​ដោយ​កម្លាំង​បាយ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការប៉ះ​ទង្គិច​គ្នា​ដែល​បាន​សម្លាប់​ប្រជា​ពលរដ្ឋ​អស់​៩០​នាក់​ដែល​ភាគ​ច្រើន​គឺ​ជា​ជន​ស៊ី​វិល។

គេហទំព័រ​របស់​លោក​ ថានថាវុធ​ បាន​គាំ​ទ្រ​ក្រុម​បាតុករ។

មេធាវីផ្នែក​សិទ្ធិ​មនុស្ស​ លោក​ ស៊ុមឆ័យ ហមឡៅ (Somchai ​Homlaor) អគ្គ​លេខា​ធិការ​នៃ​មូល​និធិ​សម្រាប់​ការ​អភិវឌ្ឍ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ថៃនិយាយ​ថា​លោក​គឺជា​គោល​ដៅ​មួយ​នៅ​ក្នុង​ការ​ចាប់​ខ្លួន។

«មនុស្ស​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​នឹង​ប្រព្រឹត្ត​កំហុស​បើ​យោង​តាម​ច្បាប់​ស្តី​អំពី​ឧក្រិដ្ឋ​កម្ម​ប្រមាថ​ព្រះចេស្តា​ព្រះ​មហា​ក្សត្រ។​ ប៉ុន្តែ​មាន​តែ​ករណី​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ដែល​អាជ្ញា​ធរ​ជ្រើស​រើស​យក​មក​ធ្វើ​ការ​ស៊ើប​អង្កេត​ដែល​ភាគ​ច្រើន​គឺ​ជា​ករណីប្រឆាំង​ទៅ​នឹង​រដ្ឋា​ភិ​បាល»។

លោក​ ស៊ុមឆ័យ​ និយាយ​ថា​ការចោទ​ប្រកាន់​ជា​ច្រើន​អំពី​ការ​ប្រមាថ​មើល​ងាយ​ព្រះ​មហា​ក្សត្រ​ មាន​ការ​កើន​ឡើង​ ជាមួយ​នឹង​ការ​បែក​បាក់​ផ្នែក​នយោ​បាយ​យ៉ាង​ជ្រៅ​ នៅ​ក្នុង​ប្រទេស​ថៃ។

បញ្ហា​នេះ​ក៏​កាន់​តែ​មាន​លក្ខ​ណៈ​រសើប​ខ្លាំង​ឡើង​ផង​ដែរ​ ខណៈ​ពេល​ដែល​ព្រះ​មហា​ក្សត្រ​ភូមិបុល អាឌុល​យ៉ាដេត (Bhumibol Adulyadej) ដែល​មាន​ព្រះជន្ម​៨៣​ព្រះ​វស្សា​ និង​ជា​ទី​គោរព​សក្ការ​បូជា​របស់​ប្រទេស​ថៃ ទទួល​ការ​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​តាំង​ពី​ឆ្នាំ​២០០៩។ ព្រះ​មហា​ក្សត្រ​ថៃ​គឺ​ជា​ព្រះ​មហា​ក្សត្រ​ដែល​សោយ​រាជ្យ​យូរ​ជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក​និងជា​កម្លាំង​បង្រួប​បង្រួម​មួយ​នៅ​ក្នុង​ប្រទេស​ថៃ។

ក្រុម​អាជ្ញា​ធរ​ថៃបាន​អះ​អាងថាច្បាប់​ដ៏​តឹង​រ៉ឹង​នេះ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ការ​ពារ​ស្ថាប័ន​ព្រះ​មហា​ក្សត្រ។

លោក​ ថានថាវុធ​ ក៏​ត្រូវ​បាន​កាត់​ទោស​នៅ​ក្រោម​ច្បាប់​ស្តី​អំពី​បទ​ល្មើស​កុំព្យូទ័រ​ ដែល​បាន​កាត់​ទោស​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាក់​ទង​នឹង​កុំ​ព្យូ​ទ័រ​ជា​ច្រើន​រូប​ ដូច​ជា​ការ​លួច​ចូល​មើល​ព័ត៌​មាន​ក្នុង​កុំ​ព្យូទ័រ​និង​ការ​ចម្លង​មេរោគ​កុំព្យូទ័រ​ជា​ដើម។ ប៉ុន្តែ​ច្បាប់​ឆ្នាំ​២០០៧ក៏​បាន​ដាក់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​ចាត់​ទុក​ថា​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ផង​ដែរ។

លោក ហ្សាវ៉ាគី​ និយាយ​ថា​និយម​ន័យ​មិន​ច្បាស់​លាស់​និង​វិសាល​ភាព​ទូលំ​ទូលាយ​នៃ​ច្បាប់​នេះ បាន​កម្រិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ។

«និយាយ​ឲ្យ​ទូលំ​ទូលាយ​ទៅវា​មាន​ផលប៉ះ​ពាល់​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ទៅ​លើ​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​មាន​អារម្មណ៍​ថា​ពួក​គេ​អាច​និយាយ​នៅ​ទី​នេះ​បាន។ ពី​ព្រោះ​នៅ​ក្នុង​ករណី​ជា​ច្រើន​ វា​មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ចំពោះ​អ្វី​ដែល​មនុស្ស​ម្នាក់​អាច​និយាយបាន​ ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​នោះ​ទទួល​ការ​ដាក់​ទណ្ឌ​កម្ម​ ដោយ​សារ​តែ​ការ​ប្រ​ព្រឹត្តិ​ល្មើស​នឹង​ច្បាប់។ ដូច្នេះ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ស្ទើរ​តែ​មិន​និយាយ​អ្វី​ទាំង​អស់។ ហើយ​ការ​អះ​អាង​គឺ​ថា​នេះ​គឺ​ជា​អ្វី​ដែល​ច្បាប់​ទាំងនេះ​ត្រូវ​បាន​តាក់​តែង​ឡើង​ ក្នុង​គោល​បំណង​ជា​សារវន្ត​បែប​នេះ គឺ​ដើម្បី​បំភិត​បំភ័យ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​និយាយ​អ្វី​ទាំង​អស់​ អំពី​ប្រធាន​បទ​ជាក់​លាក់​ណា​មួយ»។

អ្នក​ប្រតិបត្តិ​ការ​គេហ​ទំព័រ​មួយ​ផ្សេង​ទៀត កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ប្រហាក់​ប្រហែល​គ្នា ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្សនិយាយ​ថា​ជា​ទម្រង់​មួយ​នៃ​ការ​កើន​ឡើង​នូវ​ការ​ត្រួត​ពិនិត្យ​ផ្នែក​នយោ​បាយ​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​ និពន្ធ​នាយក​នៃគេហ​ទំព័រសារព័ត៌​មានឯក​រាជ្យ​មួយ​ លោក​ស្រី​ ប្រាឆាថៃ ​ជីរ៉ានុត ​ប្រេមឆៃផន​ (Prachatai ​Chiranuch​ Premchaiporn)​ ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះ​ការយឺត​យ៉ាវ​ក្នុង​ការ​ដក​ចេញ​នូវ​មតិ​យោបល់​ទាំង​ឡាយ​ដែល​ត្រូវ​បាន​សរសេរ​នៅ​លើ​គេហ​ទំព័រ​របស់​លោក​ស្រី​ហើយ​ដែលមាន​ការ​ប្រមាថ​មើល​ងាយ​ចំពោះ​ព្រះ​មហា​ក្សត្រ។

ការ​កាត់​ទោស​ទៅ​លើលោក​ស្រីនឹង​ត្រូវ​ចាប់​ធ្វើ​បន្ត​ទៀត​នៅ​ក្នុង​ខែ​កញ្ញា​ហើយ​លោក​ស្រី​កំពុង​ប្រឈម​មុខ​នឹង​ការ​ដាក់​ទោស​ឲ្យ​ជាប់​គុក​ជា​ច្រើន​ទសវត្សរ៍​ប្រសិន​បើ​លោក​ស្រី​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រ​ព្រឹត្ត​កំហុស។

ច្បាប់​ស្តី​អំពី​បទល្មើស​កុំព្យូ​ទ័រ​ គឺ​គ្រាន់​តែ​ជា​ឧបករណ៍មួយ ដែល​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ សម្រាប់​ការ​ត្រួត​ពិនិត្យ​ផ្នែក​នយោ​បាយ​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ថៃ។

រដ្ឋា​ភិ​បាល​ថៃ​បានបិទ​គេហ​ទំព័រ​ប្រឆាំង​នឹង​រដ្ឋា​ភិ​បាល​រាប់​ពាន់​ នៅ​ក្រោម​ច្បាប់​គ្រា​អាសន្ន​ដែល​ត្រូ​វ​បាន​អនុម័ត​នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​ប្រឆាំង​តវ៉ា​កាល​ពី​ឆ្នាំ​ទៅ។

ក្រុម​អាជ្ញា​ធរ​និយាយ​ថា​មាន​ការ​ញុះ​ញង់​ឲ្យ​មាន​ភាព​ចលា​ចល​ហើយ​ថា​គេហ​ទំព័រ​ទាំង​នោះ​ នឹង​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​បន្ទាប់​ពី​អត្ថ​ន័យ​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ត្រូវ​បាន​ដក​ចេញ៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG