ប្រទេសថៃមានច្បាប់ខ្លះក្នុងបណ្តាច្បាប់តឹងតែងបំផុតនៃពិភពលោកប្រឆាំងនឹងការរិះគន់របបរាជានិយមរបស់ប្រទេសនេះ ដោយមានទោសជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ សម្រាប់បទល្មើសនីមួយៗ។
នៅក្នុងពិព័រណ៍មួយនៅទីក្រុង New York នៅសប្តាហ៍នេះ ដែលបង្ហាញរឿងរ៉ាវមនុស្ស ២៥ នាក់ ត្រូវចោទប្រកាន់តាមរយៈច្បាប់នេះ ព្រះរាជបុត្រាដែលមិនត្រូវបានទទួលស្គាល់របស់ព្រះរាជាថៃបានយាងទៅទតពិព័រណ៍នេះ ហើយបានមានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មានថា ទ្រង់យាងទៅទីនោះដើម្បីឱ្យបានដឹងអំពីបញ្ហានេះ។
ព្រះអង្គម្ចាស់ Vacharaesorn Vivacharawongse ព្រះរាជបុត្រាទី ២ នៃព្រះរាជា Maha Vajiralongkorn នៃប្រទេសថៃ ដែលគង់នៅទីក្រុង New York នៅពេលនេះ បានចូលរួមក្នុងការបើកពិព័រណ៍មួយ នៅសាកលវិទ្យាល័យ Columbia មានឈ្មោះថា«មុខក្រុមជនរងគ្រោះដោយសារមាត្រាទី ១១២»។ ពិព័រណ៍នេះបង្ហាញរឿងរ៉ាវនិងរូបថតមនុស្សចំនួន ២៥ នាក់ ត្រូវបានយកមកកាត់ទោសតាមរយៈច្បាប់ប្រមាថព្រះមហាក្សត្រគឺមាត្រាលេខ ១១២ នៃច្បាប់ព្រហ្មទណ្ឌ។
ការយាងទៅទតពិព័រណ៍នេះកំណត់សម្គាល់ថា នេះជាលើកដំបូងហើយដែលជនម្នាក់មានការទាក់ទិនជិតស្និទ្ធជាមួយរាជវង្សថៃបានយកចិត្តទុកដាក់ជាចំហដល់ភាពសកម្មនិយមប្រឆាំងនឹងច្បាប់ចម្រូងចម្រាស់នេះ។
ព្រះអង្គម្ចាស់ Vacharaesorn ជាបុត្រាមួយអង្គក្នុងបណ្តាព្រះរាជាបុត្រាបួនអង្គរបស់ព្រះរាជា Maha Vajiralongkorn ព្រះជន្ម ៧១ វស្សា និងព្រះជាយាទី ២ របស់ព្រះអង្គ ព្រះនាម Sujarinee Vivacharawongse ដែលគេស្គាល់ពីមុនថាឈ្មោះ Yuvadhida Polpraserth ដែលទ្រង់បានរៀបការជាមួយកាលពីឆ្នាំ ១៩៩៤។ ក្រោយគូស្វាមីភរិយានេះបានលែងលះគ្នា ព្រះមហាក្សត្រ Vajiralongkorn លែងទទួលស្គាល់ព្រះអង្គម្ចាស់ Vacharaesorn ព្រះអនុជបីអង្គនិងមាតាទ្រង់។ ប្អូនស្រីទ្រង់ស្ថិតនៅក្នុងព្រះរាជវង្សានុវង្ស។
អ្នករៀបចំការតាំងពិព័រណ៍នេះគឺលោក Pavin Chachavalpongpun ជាសាស្តា្រចារ្យថៃម្នាក់ត្រូវចោទប្រកាន់តាមរយៈមាត្រាលេខ ១១២ រស់នៅនិរទេសខ្លួន ក្នុងក្រុង Kyoto ប្រទេសជប៉ុន។
នៅពេលបើកពិព័រណ៍នេះ លោកបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាថៃនៃវីអូអេថាការតាំងពិព័រណ៍នេះប្រឹងប្រែងព្យាយាមការបង្កើនការដឹងឮអំពីច្បាប់មួយត្រូវប្រើជាញឹកញយដោយរដ្ឋាភិបាលមុននៃប្រទេសថៃ គាំទ្រដោយកងយោធាដើម្បីបំបិទមាត់ក្រុមអ្នកប្រឆាំងក្នុងនាមការពារព្រះរាជវង្សានុវង្សថៃ៕