ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជបុត្រ​ទី២​របស់​ព្រះមហាក្សត្រ​ថៃ​យាង​ត្រឡប់​ចូល​ប្រទេស បន្ទាប់ពី​ចាកចេញ​អស់​២៧ ឆ្នាំ


ព្រះរាជបុត្រច្បងទី២ របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn គឺព្រះអង្គ Vacharaesorn Vivacharawongse បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ចទៅមូលនិធិសម្រាប់ការថែទាំ​កុមារ​រស់​នៅ​តំបន់​សំណង់​អនាធិបតេយ្យ​ដែលគាំទ្រដោយរាជវង្សានុវង្ស ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។
ព្រះរាជបុត្រច្បងទី២ របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn គឺព្រះអង្គ Vacharaesorn Vivacharawongse បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ចទៅមូលនិធិសម្រាប់ការថែទាំ​កុមារ​រស់​នៅ​តំបន់​សំណង់​អនាធិបតេយ្យ​ដែលគាំទ្រដោយរាជវង្សានុវង្ស ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

ព្រះ​រាជបុត្រ​ច្បង​ទី២ របស់​ព្រះ​មហាក្សត្រ​ថៃ Maha Vajiralongkorn បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​មណ្ឌល​ថែទាំ​កុមារ​សម្រាប់​គ្រួសារ​ក្រីក្រ​កាលពី​ថ្ងៃទី៨ ខែសីហា ក្នុង​ព្រះរាជ​ទស្សនកិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​ព្រះរាជាណាចក្រ​ថៃ ដែល​នេះ​ជា​លើក​ទី១ ដែល​ព្រះអង្គ​បាន​យាង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​រយៈពេល ២៧ ឆ្នាំ។

ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ Vacharaesorn Vivacharawongse ព្រះ​ជន្ម ៤២ ព្រះ​វស្សា ធ្វើ​ឡើង​ក្នុង​គ្រា​ដ៏​ក្រៀមក្រំ​សម្រាប់​ព្រះរាជ​វង្សានុវង្ស​ថៃ ដោយ​បុត្រី​ច្បង​របស់​ព្រះ​មហាក្សត្រ កំពុង​ស្ថិត​ក្នុង​សភាព​សន្លប់​តាំងពី​ខែ​ធ្នូ​មក។

ព្រះអង្គ Vacharaesorn ដែល​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន​ច្បាប់​មួយក្នុង​ទីក្រុង​ New York (ញូវយ៉ក) សហរដ្ឋ​អាមេរិក បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​ទៅ​មូលនិធិ​សម្រាប់​ការ​ថែទាំ​កុមាររស់​នៅ​តំបន់​សំណង់​អនាធិបតេយ្យដែល​គាំទ្រ​ដោយ​រាជវង្សានុវង្ស និង​បានទទួល​គារវកិច្ច​ពី​អ្នក​គាំទ្រ។

ដោយ​ស្លៀក​ខោ​ខូវប៊យ និង​អាវ​ខ្មៅ​ធម្មតា ព្រះ​អង្គ​បាន​ថត​រូប​នៅ​មុខ​រូបថតព្រះ​បិតា និង​ព្រះ​អយ្យកោ​របស់​ព្រះអង្គ គឺ​ព្រះ​មហាក្សត្រ Bhumibol Adulyadej ដែលបាន​សោយ​ទិវង្គត​នៅ​ឆ្នាំ២០១៦ បន្ទាប់​ពី​សោយរាជ្យ ៧០ ឆ្នាំ។

ព្រះអង្គ Vacharaesorn ​មាន​បន្ទូល​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីតាំង​មូលនិធិនេះ​ក្នុង​ក្រុង​បាងកក​ថា «ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ត្រឡប់​មក​វិញ... ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​អស់​រយៈពេល ២៧ ឆ្នាំ»។

ព្រះអង្គ​មាន​បន្ទូល​ថា៖ «វា​ដូចជា​សុបិន​ក្លាយ​ជា​ការ​ពិត»។

ព្រះបរមរាជវាំង​ថៃ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព្រះរាជ​ទស្សនកិច្ច​នេះ​ទេ។ ការិយាល័យ​កិច្ចការ​រាជវង្សានុវង្ស​ថៃ​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះ​ទេ។

ប្រជាជន​ថៃ​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គ Vacharaesorn។ រូបភាព​របស់​ទ្រង់​នៅ​ក្នុង «ម៉ូតូ​កង់​បី» (tuk-tuk) នៅ​ទីក្រុង​បាងកក ដែល​ទ្រង់​បាន​បង្ហោះ​កាលពី​ថ្ងៃចន្ទ​ ទី៧ ខែសីហា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ទ្រង់​ ដែល​មាន​អ្នក​តាមដាន​ជាង ៨០.០០០ ទទួល​បាន​ការ​ចុច​ចូលចិត្ត​រាប់​ម៉ឺន​នាក់។

នៅ​លើ​បណ្តាញ​សង្គម X ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បណ្តាញ Twitter សញ្ញា hashtag ជា​ភាសា​អង់គ្លេស​ថា #SonOfTenReturnToThailand ត្រូវ​បាន​ប្រើប្រាស់​ជិត ៣៩០.០០០ ដង។ ងារ​ផ្លូវការ​របស់​បិតា​ទ្រង់​គឺ ព្រះ​បាទ​រាមាទី១០។

អ្នក​ដែល​បាន​ឃើញ​ព្រះអង្គ Vacharaesorn មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង។

លោក Angsana Seeprasit អាយុ ៦៦ ឆ្នាំ​បាន​ថ្លែង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​រំជើបរំជួល​ណាស់។ ទ្រង់​បាន​យាង​ចេញ​ពី​ប្រទេស​អស់​រយៈពេល​យ៉ាង​យូរ។ សម្រាប់​ខ្ញុំ ទ្រង់​នៅ​តែ​ជា​សមាជិក​រាជវង្សានុវង្ស»។

ព្រះអង្គ Vacharaesorn គឺ​ជា​ព្រះ​រាជបុត្រ​ទី២ ក្នុង​ចំណោម​បុត្រា ៤ អង្គ​របស់​ព្រះជាយា​ទី២​របស់​ព្រះបាទ Vajiralongkorn គឺ​អ្នកនាង Sujarinee Vivacharawongse ដែល​ជា​អតីត​តារា​សម្តែង​ និង​ត្រូវ​បានព្រះអង្គ Vajiralongkorn ដែល​ជា​រជ្ជទាយាទ​នៅ​ពេល​នោះ លែងលះ​ក្នុង​ឆ្នាំ១៩៩៦។

ព្រះអង្គ​មិន​មាន​ឋានៈ​ជា​រាជវង្ស​ផ្លូវការ​ទេ ទោះ​បី​ជា​តាម​បច្ចេកទេស​ទ្រង់​នៅ​រក្សា​ឋានៈ​ដែល​ប្រទាន​ឱ្យ​កាល​នៅ​កុមារ​ ក្នុង​នាម​ជា​ចៅប្រុស​របស់​ព្រះ​មហាក្សត្រ​ក៏​ដោយ។

ព្រះ​អង្គ មាតា​ទ្រង់ និង​ព្រះរាម និង​ព្រះអនុជ​របស់​ទ្រង់​បាន​ឃ្លាត​ឆ្ងាយ​ពី​គ្នា​បន្ទាប់ពី​ការ​លែងលះ​នៅ​ឆ្នាំ១៩៩៦ ដែល​ពេល​នោះមាតា​របស់​ទ្រង់​ត្រូវ​បាន​ចោទប្រកាន់​ជា​សាធារណៈ​ពី​បទ​ផិតក្បត់ ហើយ​ព្រះអង្គ​បាន​យាង​ទៅ​ក្រៅ​ប្រទេស។

ព្រះ​អនុជ​ស្រី​របស់​ព្រះអង្គ Vacharaesorn ក្រោយ​មក​ត្រូវ​បាន​ព្រះរាជ​វង្សានុវង្ស​ទទួល​យក​ជា​ថ្មី ហើយ​បាន​ថ្វាយ​ព្រះនាម​ថា ព្រះនាង Sirivannavari Nariratana។ ព្រះនាង​ជា​អ្នក​ច្នៃ​ម៉ូដ និង​ជិះ​សេះ​ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ២០១៤ តំណាង​ប្រទេស​ថៃ។

ព្រះ​ចៅ​ Vajiralongkorn ​ដែល​បាន​លែងលះ​ព្រះជាយា ៣ ​ដង​មាន​បុត្រ ៧ អង្គ។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះអគ្គមហេសី ​Suthida ដែល​ជា​អតីត​អង្គរក្ស​របស់​ទ្រង់។ ​ព្រះអង្គ​បាន​រៀប​អភិសេក​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ២០១៩។

ព្រះ​មហាក្សត្រ​ដែល​មាន​ព្រះជន្ម ៧១ ព្រះវស្សា​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ស្នង​រាជ្យ​ផ្លូវការ​នោះ​ទេ។

កាលពី​ចុង​ខែធ្នូ ព្រះ​រាជបុត្រី​ច្បង​របស់​ព្រះមហាក្សត្រ​គឺ ព្រះនាង Bajrakitiyabha Narendira Debyavati ព្រះជន្ម ៤៤ ព្រះវស្សា បាន​ដួល​សន្លប់​ដោយសារ​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ។ ព្រះនាង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់​នៅ​ឡើយ៕

XS
SM
MD
LG