រដ្ឋាភិបាលថៃកំពុងរងការគាបសង្កត់កាន់តែខ្លាំងឡើងពីសំណាក់ក្រុមបាតុករជាច្រើនពាន់នាក់។ ពួកអាវក្រហមដែលជាអ្នកប្រឆាំងរដ្ឋាភិបាលបានធ្វើបាតុកម្មជារៀងរាល់ខែ ដើម្បីសម្តែងកំហឹងរបស់ខ្លួនចំពោះការបង្រ្កាបរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន ដែលបានបណ្តាលឲ្យមានការបង្ហូរឈាម។ ឥឡូវនេះ ពួកអាវលឿងបានឡោមព័ទ្ធអគាររបស់រដ្ឋាភិបាល ដើម្បីទាមទារឲ្យមានចំណាត់ការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងប្រទេសកម្ពុជាក្នុងរឿងជម្លោះព្រំដែន។
ពួកអាវក្រហមថៃបានត្រឡប់ទៅធ្វើបាតុកម្មប្រចាំខែវិញនៅតាមផ្លូវក្នុងទីក្រុងបាំងកក ដើម្បីទាមទាររកយុត្តិធម៌ជូនមនុស្ស៩០នាក់ដែលបានបាត់បង់ជីវិតកាលពីខែឧសភាឆ្នាំមុន ដែលភាគច្រើនជាជនស៊ីវិល នៅពេលដែលរដ្ឋាភិបាលបានបញ្ជាឲ្យកងយោធាបញ្ចប់ការកាន់កាប់របស់ពួកគេនៅសង្កាត់ពាណិជ្ជកម្មក្នុងទីក្រុងបាំងកក។
លោក យ៉ាទូភន ប្រំផាន់ (Jatuporn Prompan) មេដឹកនាំក្រុមអាវក្រហមនិយាយថា ក្រុមលោកក៏ចង់ឲ្យមេដឹកនាំពួកគេដែលសព្វថ្ងៃនេះជាប់ចោទអំពីបទភេរវកម្ម បានរួចខ្លួនមកវិញដែរ។ លោកបានពោលថា ពួកលោកមិនដឹងថា ថ្ងៃណាមេដឹកនាំទាំងនោះនឹងត្រូវគេដោះលែងមកវិញដោយមានប្រាក់ធានានោះទេ។ ដូច្នេះហើយ អ្នកនៅក្រៅឃុំត្រូវតែបង្ហាញកម្លាំងរបស់ខ្លួនដោយសន្តិវិធី ដើម្បីបង្ហាញឲ្យអ្នកនៅក្នុងពន្ធនាគារដឹងថា ពួកគេពិតជាមានមិត្តភក្តិ។ លោក យ៉ាទូភន និយាយថា មនុស្សគ្រប់គ្នាបានសុំឲ្យអាជ្ញាធរដោះលែងពួកគេទៅវិញ ហើយមើលឃើញថា ពួកគេមិនទាន់បានទទួលយុត្តិធម៌នៅឡើយ។
ការលំបាកជាមួយពួកអាវក្រហមនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ឥឡូវនេះ ពួកអាវលឿងដែលជាអ្នកគាំទ្រចាស់របស់រដ្ឋាភិបាល បានចេញធ្វើបាតុកម្មដែរ តែលើកនេះមិនមែនដើម្បីគាំទ្ររដ្ឋាភិបាលទេ។ ក្រុមបាតុករអាវលឿងយ៉ាងតិច២ពាន់ នាក់បានឡោមព័ទ្ធអគាររដ្ឋាភិបាលក្នុងសប្តាហ៍ចុងក្រោយនៃខែមករា ហើយប្រកាសថា ពួកគេនឹងស្ថិតនៅទីនោះរហូតទាល់តែរដ្ឋាភិបាលចាត់វិធានការយ៉ាងតឹងរ៉ឹងជាមួយប្រទេសកម្ពុជា នៅក្នុងជម្លោះព្រំដែន។
បាតុកម្មធំៗទាំងនេះ ឥឡូវបានក្លាយស្ទើរតែទៅជាព្រឹត្តការណ៍ជាប្រក្រតីទៅហើយ។ នៅក្នុងឆ្នាំ២០០៨ ក្រុមអាវលឿងបានឡោមព័ទ្ធតំបន់ដដែលអស់ពេលរាប់សប្តាហ៍ ដែលបានបង្ខំឲ្យគេបិទចំណតយន្តហោះពីរនៃទីក្រុបាំងកក ហើយបានជួយរុញរដ្ឋាភិបាលពីរដែលជាមិត្តរបស់របស់ក្រុមអាវក្រហមឲ្យចុះចេញពីតំណែង។
រួចកាលពីឆ្នាំមុន ពួកអាវក្រហមរាប់ពាន់នាក់បានរាំងផ្លូវទីផ្សារទំនើប និងតំបន់ទេសចរណ៍មួយអស់រយៈពេលប្រហែលពីរខែ។ ពួកជាតិនិយមអាវលឿងចង់ឲ្យរដ្ឋាភិបាលថៃដកយកអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសកម្ពុជាអំពីរឿងព្រំដែនមកវិញ ហើយបណ្តេញជនជាតិខ្មែរចេញពីតំបន់ដែលថៃទាមទារ។
អ្នកនាំពាក្យរបស់ពួកអាវលឿង លោក ផនធេប ពួរប៉ុងផាន់ (Parnthep Pourpongpan) និយាយពន្យល់អំពីគោលបំណងរបស់ក្រុមលោក៖
«យើងបានធ្វើកិច្ចចរចាជាច្រើនលើក ធ្វើកិច្ចប្រជុំជាច្រើនលើក ជាមួយរដ្ឋាភិបាល ក្នុងពេលមួយឆ្នាំ ពីរឆ្នាំរួចទៅហើយ តែមិនបានលទ្ធផលអ្វីសោះ។ ហេតុនេះហើយបានជាយើងធ្វើបាតុកម្ម»។
ពួកអាវលឿងចង់ឲ្យរដ្ឋាភិបាលឈប់ធ្វើសហប្រតិបត្តិការជាមួយអង្គការវប្បធម៌របស់អង្គការសហប្រជាជាតិ យូណេស្កូ អំពីរឿងប្រាសាទព្រះវិហារ នៅជិតព្រំដែនដែលមានជម្លោះ។ រដ្ឋាភិបាលបានច្រានចោលពាក្យទាមទាររបស់ពួកគេ ដោយនិយាយថា រឿងទាំងនេះនឹងគ្រាន់តែនាំឲ្យមានជម្លោះជាមួយកម្ពុជាតែប៉ុណ្ណោះ។
ពួកអាវលឿងកំពុងរៀបចំដើម្បីធ្វើការប្រយុទ្ធដ៏យូរមួយ ដោយបានសង់វេទិកាសម្រាប់ថ្លែងសុន្ទរកថា និងសង់សំពត់តង់សម្រាប់ទីជម្រក។
បាតុករឈ្មោះ ភុឌិត ដុនភីផាត់ (Phudit Dolpipat) បានបោះសំពត់តង់របស់គាត់នៅលើចិញ្ចើមថ្នល់នៅក្បែរវរទិកាធំ។ គាត់មានភោជ្ជនីយដ្ឋានមួយនៅក្នុងប្រទេសថៃភាគឦសាន តែគាត់និយាយថា គាត់មិនចេញពីក្រុងបាំងកកទេ រហូតទាល់តែការទាមទាររបស់ក្រុមបាតុករទទួលបានការឆ្លើយតបដ៏សមរម្យ។
តុលាការពិភពលោកបានកាត់សេចក្តីថា ប្រាសាទព្រះវិហារជាកម្មសិទ្ធរបស់កម្ពុជា ក៏ប៉ុន្តែលោក ភូឌិត និយាយថា តំបន់នៅជុំវិញប្រាសាទព្រះវិហារជាដែនដីរបស់ថៃ។ គាត់និយាយថា ថៃនឹងបាត់បង់ទឹកដីនេះ។ ហេតុដូច្នេះហើយបានជាគាត់ចូលរួមក្នុងបាតុកម្ម។ ថ្វីត្បិតតែក្រុមទាំងពីរនេះ មានកំហឹងដូចគ្នាប្រឆាំងនឹងរដ្ឋាភិបាលក៏ដោយ ក៏ក្រុមអាវលឿង និងអាវក្រហមនឹងមិនចូលរួមកម្លាំងគ្នាទេ។
បាតុកម្មរបស់ពួកអាវលឿងក្នុងឆ្នាំ ២០០៦ បានបញ្ចប់ នៅក្រោយពេលដែលរដ្ឋប្រហារយោធាមួយ បានទម្លាក់លោកនាយករដ្ឋមន្រ្តី ថាក់ស៊ិន ស្ស៊ីណាវ៉ាត់ (Thaksin Shinawatra) ចេញពីតំណែង។ ពួកអាវលឿងភាគច្រើនចាត់ទុកលោក ថាក់ស៊ិន ជាមេដឹកនាំពុករលួយ និងផ្តាច់ការ។ លោក ថាក់ស៊ិន កំពុងរស់នៅនិរទេស ដើម្បីគេចពីទោសពន្ធនាគារអំពីបទពុករលួយ។ ក៏ប៉ុន្តែពួកអាវក្រហមភាគច្រើនគាំទ្រលោក ថាក់ស៊ិន។ ពួកគេក៏ចាត់ទុករដ្ឋាភិបាលបច្ចុប្បន្នជារដ្ឋាភិបាលខុសច្បាប់ ដោយនិយាយថា រដ្ឋាភិបាលនេះបានឡើងកាន់អំណាច ដោយមានការទ្រទ្រង់ពីកងយោធា បន្ទាប់ពីតុលាការបានបញ្ជាឲ្យដកហូតរដ្ឋាភិបាលពីរ ដែលជាសម្ព័ន្ធមិត្តរបស់លោក ថាក់ស៊ិន ចេញពីតំណែង៕
ប្រែសម្រួលដោយ កែរ យ៉ាន