ការផ្ទុះគ្រាប់បែកនៅលើផ្លូវមួយនៅភាគខាងត្បូងខេត្តយ៉ាឡានៃប្រទេសថៃបានសម្លាប់ព្រះសង្ឃយ៉ាងហោចណាស់២អង្គ កាលពីថ្ងៃច័ន្ទនេះ។ តំបន់នេះបានក្លាយជាទីតាំងធ្វើកុបកម្មជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៤ ដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់។ អំពើហិង្សាបានកើនឡើងនៅប៉ុន្មានខែកន្លងទៅនេះ។ នៅពេលដែលប្រទេសថៃកំពុងតែរៀបចំការបោះឆ្នោតប្រកបដោយការប្រណាំងប្រជែងយ៉ាងប្រកិតនៅខែកក្កដា អ្នកនយោបាយជាច្រើនកំពុងគិតជម្រើសជាច្រើន ដែលជាទូទៅមានបំណងចង់បន្ធូរបន្ថយភាពតានតឹង និងឈ្នះឆ្នោតផងដែរ។
ខេត្ត ប៉ាតានី (Pattani) នារាធីវ៉ាត់ (Narathiwat) សុងខ្លា (Songkhla) និង យ៉ាឡា (Yala) គឺជាចំណុចផ្តោតអារម្មណ៍របស់អ្នកធ្វើកុបកម្ម ដែលចាប់តាំងពីឆ្នាំ២០០៤ បានសម្លាប់មនុស្សជាង ៤.៥០០នាក់។
ការវាយប្រហាររបស់កងជីវពលនៅប៉ុន្មានខែមកនេះ កាន់តែមានធ្ងន់ធ្ងរទៅៗ មានទាំងការដាក់គ្រាប់បែកក្នុងឡានជាច្រើននៅតាមមូលដ្ឋានយោធា និង ទីតាំងជួរមុខនានានិងការបាញ់សម្លាប់មន្រ្តីរាជការជាច្រើននាក់។ រដ្ឋាភិបាលយោធា និង រដ្ឋាភិបាលស៊ីវីលរបស់ប្រទេសថៃមានការលំបាកក្នុងការដោះស្រាយអំពើហឹង្សាទោះជាមានការដាក់ពង្រាយកម្លាំងទប់ស្កាត់កុបកម្ម និង ពង្រឹងសន្តិសុខថែមទៀតក៏ដោយ។
អ៊ីមទីយាស យូសុស (Imtiyaz Yusuf) ជាសាស្រ្តាចារ្យសិក្សាខាងអ៊ីស្លាម និង សាសនា នៅសាកលវិទ្យាល័យអាសាំស្ហិន (Assumption University) និយាយថា អំពើហិង្សានេះ បាននាំឲ្យមានសេចក្តីអំពាវនាវរកដំណោះស្រាយនយោបាយមួយនៅក្នុងតំបន់។
«មានការជជែកពិភាក្សាមួយដែលកំពុងតែបន្តនៅសហគមន៍អ្នកនយោបាយថៃ ដែលថា ជម្រើសតែមួយគត់សម្រាប់ដោះស្រាយបញ្ហានានានៅភាគខាងត្បូងប្រទេសថៃគឺចាត់វិធានការផ្សេងៗ លើការគ្រប់គ្រងដោយខ្លួនឯង។ វានឹងក្លាយជាប្រដាប់ទប់ទល់មួយដើម្បីបន្ថយការភ័យខ្លាច និង ការទាមទារផ្សេងៗ ដែលកំពុងតែបន្តនៅប៉ែកខាងត្បូង។ វានឹងអាចជួយ ប៉ុនែ្តមិនអាចជួយបានរយៈពេលយូរទេ»។
ខណៈពេលដែលប្រជារាស្រ្តថៃភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ប្រជាជនដែលរស់នៅខេត្តទាំងនេះភាគច្រើនជាម៉ាឡេកាន់សាសនាអ៊ីស្លាម ដែលពួកគេគិតថា ពួកគេត្រូវបានព្រងើយកន្តើយមិនយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកណ្តាលទីក្រុងបាងកក។ ក្រុមអ្នកកុបកម្ម នៅប៉ែកខាងជើងមិនដែលបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួន និង គោលបំណងរបស់ពួកគេទេ។ ទោះជាយ៉ាងនេះក្តី ពួកគេតែងតែវាយប្រហារប្រជាពលរដ្ឋដែលគេគិតថាជាអ្នកតំណាងនៃ ពុទ្ឋសាសនារបស់រដ្ឋ និងអ្នកដើរតាមទាំងនោះ។
តំបន់នេះនៅតែឋិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងដោយមានក្រុមទាហានច្រើនជាង៣ម៉ឺននាក់ និង ២ម៉ឺននាក់ និងប៉ុស្តិ៍ប៉ូលីសនៅទូទាំង៤ខេត្តនោះ។ អ្នករិះគន់បានចោទពួកទាហានពីបទប្រើអំពើហិង្សាប្រឆាំងនឹងប្រជារាស្រ្តក្នុងតំបន់។
ប៉ុនែ្ត ការបោះឆ្នោតដែលនឹងធ្វើឡើងនៅថៃ្ងទី៣កក្កដាខាងមុខនេះ ទាំងគណបក្សប្រជាធិបតេយ្យកាន់អំណាច និងគណបក្សភឿថៃ សង្ឃឹមថា នឹងអាចទាក់ទាញបាននូវសន្លឹកឆ្នោតនៅក្នុងតំបន់នេះ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី អភិសិទ វិចាជីវា (Abhisit Vejjajiva) ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ បានដាក់ចេញនូវនយោបាយនានា ដើម្បីជំរុញការអភិវឌ្ឍជាពិសេសនៅតំបន់ទាំងនោះ។ ប៉ុនែ្ត លោក ប៉ានីតាន់ វាតានាយ៉ាកន (Panitan Wattanayagorn) អ្នកនាំពាក្យរដ្ឋាភិបាល និយាយថា ការកែទម្រង់នោះមិន និយាយអំពីតំបន់ស្វ័យភាពទេ។
«មានក្រុមអ្នកសិក្សាជាច្រើនកំពុងតែធ្វើការដោះស្រាយបញ្ហាទាំងនោះ ជាមួយនឹងការបង្កើតជាតំបន់ពិសេសសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ដោយយោងទៅតាមរដ្ឋធម្មនុញ្ញសព្វថ្ងៃ។ រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យមានការបែងចែកតំបន់របៀបនេះដែលអាចនឹងបន្ថយអធិបតេយ្យភាព ឬ ការរួបរួមនៃប្រទេស»។
ក្នុងកិច្ចប្រឹងប្រែងដើម្បីឈ្នះឆ្នោតនៅក្នុងតំបន់ដែលដើមឡើងគ្រប់គ្រងដោយក្រុមអ្នកប្រជាធិបតេយ្យ គណបក្សភឿថៃចង់ឲ្យមានទម្រង់វិមជ្ឈការ ប៉ុន្តែមិនមែនលក្ខណៈស្វ័យភាពពេញលេញអំពាវនាវដោយក្រុមកុបកម្មទេ។ កូដេប សៃក្រាចាង គឺអ្នកគាំទ្រគណបក្សភឿថៃ និង អតីតអ្នកនាំពាក្យរបស់គណបក្សនេះ។
«យើងជឿថា លក្ខណៈស្វ័យភាពសម្រាប់ខេត្តទាំងនោះអាចនឹងអនុវត្តទៅបាន។ ប៉ុន្តែ វាមិនមែនន័យថា ឲ្យមានសិទ្ធិអំណាចទាំងស្រុងទៅគ្រប់គ្រងខេត្តទំាងនោះទេ។ យើងអាចនឹងអនុវត្តវិមជ្ឈការបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅទីនោះ។ ហើយ ខ្ញុំគិតថា នេះជាគំរូមួយសម្រាប់ប្រជាពលរដ្ឋនៅប៉ែកខាងត្បូង។ ខ្ញុំជឿជាក់ថា នយោបាយមួយនឹងនៅតែមាននៅក្នុងគណបក្សនេះ»។
យោធាថៃទប់ទល់នឹងចលនាតស៊ូនានា ក្រោមបញ្ជារបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងជនស៊ីវិលច្រើនដែលនៅតែជាតំបន់ឋិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង។ អ្នកវិភាគនិយាយថា យោធាថៃមានការភ័យខ្លាចនឹងចលនាតស៊ូដើម្បីស្វ័យភាពណាមួយដែលក្រុមបាតុករតាមទាមទារសម្រាប់ឯករាជ្យភាពពីប្រទេសថៃ៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស