ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំជាន់ខ្ពស់នៃសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋ មានកំណត់នឹងជួបប្រជុំគ្នានៅសេតវិមាននៅថ្ងៃអង្គារនេះ ខណៈពេលដែលមានការជាប់គាំងអំពីការបង្កើនកម្រិតបំណុលរបស់ប្រទេសនេះ។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy និងមេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភាលោក Mitch McConnell នឹងចូលរួមជួបប្រជុំជាមួយមេដឹកនាំសមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យលោក Hakeem Jeffries និងមេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាលោក Chuck Schumer ដើម្បីពិភាក្សាអំពីកាលបរិច្ឆេទដែលនឹងចូលមកដល់ក្នុងឆាប់ៗនេះ ដើម្បីធានាថា រដ្ឋាភិបាលអាចមានប្រាក់បង់ទៅលើចំណាយដែលខ្លួនបានធ្វើរួចហើយ។
ក្រុមសមាជិកសភាអាមេរិកនៃគណបក្សសាធារណរដ្ឋ បានទទូចឱ្យមានការកាត់បន្ថយការចំណាយ នៅមុនពេលដែលខ្លួនយល់ព្រមអនុម័តបង្កើនពិដានប្រាក់បំណុលនេះ ខណៈពេលដែលលោក Biden បាននិយាយថា សភាអាមេរិក មានភារកិច្ចដើម្បីបង់វិក្កយបត្រចំណាយរបស់ខ្លួន និងថា បញ្ហាទាំងពីរនេះត្រូវតែដោះស្រាយដាច់ដោយឡែកពីគ្នា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានប្រាប់ក្រុមសមាជិកសភាកាលពីសប្តាហ៍មុនថា លទ្ធភាពរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកក្នុងការបង់ថ្លៃវិក្កយបត្រចំណាយនានារបស់រដ្ឋាភិបាលនោះ នឹងត្រូវអស់នៅត្រឹមថ្ងៃទី១ ខែមិថុនាខាងមុខនេះ។
លោកស្រីបានបា្រប់ទូរទស្សន៍ CNBC នៅថ្ងៃចន្ទម្សិលមិញថា គណបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋនៅមានជំហរឃ្លាតគ្នាខ្លាំងនៅឡើយជុំវិញរឿងនេះ ហើយលោកស្រីព្រមានថា ការមិនបង្កើនពិដានបំណុលបន្ថែមទៀតទេនោះ នឹងនាំឱ្យមានមហន្តរាយសេដ្ឋកិច្ច»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។