តើលោកអ្នកនិយាយជាមួយសមាជិកនៃសហគមន៍របស់លោកអ្នកដូចម្ដេចបានបើលោកអ្នកស្ថិតនៅឆ្ងាយពីគ្នាពាសពេញពិភពលោកនោះ? មនុស្សជាច្រើនពឹងលើប្រព័ន្ធអ៊ិនធឺណិតដើម្បីទាក់ទងគ្នាពីប្រទេសមួយទៅប្រទេសមួយ ដោយប្រើសារអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វីធ័រ (Twitter) និងសារផ្ញើភ្លាមៗ។ ក៏ប៉ុន្ដែសម្រាប់ជនជាតិម៉ុងជាច្រើននាក់ ដែលនៅឆ្ងាយពីផ្ទះរបស់ដូនតាគេនៅទ្វីបអាស៊ី ការទាក់ទងគ្នាតាមទូរស័ព្ទ ជាវិធីមានប្រជាប្រិយភាពជាងគេក្នុងចែករំលែកព័ត៌មាន និងដំណឹង។
ជារៀងរាល់ថ្ងៃ នៅជុំវិញពិភពលោក ជនជាតិអាស៊ីភាគអាគ្នេយ៍រាប់ពាន់នាក់លើកទូរស័ព្ទរបស់គេដើម្បីស្ដាប់វិទ្យុ។ ពួកគេបើកវិទ្យុស្ដាប់ទូរសន្និសីទមួយពីក្នុងចំណោមទូរសន្និសីទយ៉ាងតិច២០ដែលផ្សាយដូចជាស្ថានីយវិទ្យុធម្មតា។ ក៏ប៉ុន្ដែគេមិនបើកវិទ្យុស្ដាប់ទេ តែគេចុចទូរស័ព្ទស្ដាប់ការផ្សាយទៅវិញ។
គេហៅទូរស័ព្ទ។ ស្ដ្រីម្នាក់នៅរដ្ឋកាលីហ្វ័រនី ច្រៀងឲ្យមនុស្សរាប់រយនាក់ ស្ដាប់តាមទូរសន្និសីទមួយ។ ចម្រៀងនេះលើកទឹកចិត្ដយុវវ័យឲ្យរក្សាវប្បធ៌មម៉ុងឲ្យនៅគង់វង្ស។ អ្នកស្រី ស៊ូវេង (Cher Vang) ស្ដាប់ចម្រៀងនេះនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គាត់ នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ អ្នកស្រីជាស្ដ្រីវ័យកណ្ដាល។ ដូចជនជាតិម៉ុងជាច្រើននាក់ដែរ សង្គ្រាមបានបំបែកគ្រួសាររបស់គាត់ឲ្យទៅរស់ខ្ចាត់ខ្ចាយនៅកន្លែងផ្សេងៗក្នុងពិភពលោក។ អ្នកសស្រីថ្លែងថា៖
«គ្រួសាររបស់ខ្ញុំរស់នៅកន្លែងផ្សេងៗក្នុងពិភពលោក។ ខ្ញុំមានបងប្អូនប្រុស បីនាក់។ ពួកគេរស់នៅប្រទេសអូស្ដ្រាលី។ ខ្ញុំមិនបានឃើញពួកគេ៣០ឆ្នាំមកហើយ។ បងស្រីរបស់ខ្ញុំរស់នៅក្នុងរដ្ឋកាលីហ្វ័រនី។ ប្អូនស្រីម្នាក់ទៀតរស់នៅប្រទេសឡាវដែលជាប្រទេសរបស់ខ្ញុំ»។
ពេលដែលអ្នកស្រីស៊ូវេងមកដល់សហរដ្ឋអាមេរិកគាត់ងាយនឹងមានអារម្មណ៍ឯកា។ អ្នកស្រីបន្តថា៖
«ខ្ញុំមកសហរដ្ឋអាមេរិក ហើយរៀបការជាមួយប្ដីរបស់ខ្ញុំនៅឆ្នាំ១៩៨៦។ ខ្ញុំមិនចេះនិយាយភាសាអង់គ្លេស។ ខ្ញុំមិនចេះបើកឡាន។ ខ្ញុំមានការលំបាកខ្លាំងណាស់»។
ដោយសារស្ថានភាពបែបនេះ ទើបទូរសន្និសីទកកើតឡើង។ គោលដៅមួយគឺភ្ជាប់ជនជាតិម៉ុងដែលនៅឯកាជាពិសេសដូច អ្នកស្រីស៊ូវេង ដែលមិនបានទៅសាលារៀនឬមិនប្រើកុំព្យូទ័រ។
រដ្ឋវ៉ាស៊ីនតោនមានសហគមន៍ម៉ុងតូចមួយ ក៏ប៉ុន្ដែនៅពេលដែល ស៊ូវេងហៅចូលទូរសន្និសីទ គាត់អាចទាក់ទងជាមួយក្រុមជនជាតិម៉ុងធំទៀត។
លោក ជីងយ៉ាង (Tseng Yang) ជាអ្នកបង្កើតទូរសន្និសីទម្នាក់ដែលទូរសន្និសីទនោះមាន ឈ្មោះថា ឡុង ចេង រ៉ាដ្យូ (Long Cheng Radio)។ លោកពន្យល់ថា ស្ថានីយនេះផ្ដល់កម្មវិធី២៤ម៉ោងក្នុងមួយថ្ងៃ ដែលមានកម្មវិធីភ្លេងចម្រៀង រឿងខ្មោច ព័ត៌មានអំពីសេដ្ឋកិច្ច ហើយមានច្រើនទៀត។ លោក យ៉ាងប៉ាន់ស្មានថា មានមនុស្ស៣.៥០០នាក់ទូរស័ព្ទចូលមកដើម្បីស្ដាប់វិទ្យុ ឡុង ចេង រាល់ថ្ងៃ។
ការផ្សាយព័ត៌មាននៅពេលយប់ជាកម្មវិធីមានប្រជាប្រិយភាពជាងគេ។ អ្នកជូនកម្មវិធីបកប្រែព័ត៌មានពិភពលោកជាភាសាម៉ុង យ៉ាវ និងភាសាឡាវ។ ក៏ប៉ុន្ដែ ទូរសន្និសីទ ក៏ជាវេទិកាសាកលមួយសម្រាប់ឲ្យជនជាតិម៉ុងនៅជុំវិញពិភពលោកចែករំលែកព័ត៌មានជាមួយគ្នាក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ដែរ។ លោក យ៉ាងនិយាយថា មនុស្សអាចហៅទូរស័ព្ទ ហើយរាយការណ៍អំពីព្រិត្ដិការណ៍សំខាន់ៗ ដូចជាមរណភាពរបស់អ្នកដឹកនាំសហគមន៍ជាដើម។ លោកបន្តថា៖
«លោកអ្នកដឹងទេថាបើមានអ្វីកើតមានឡើង ឧទាហរណ៍ដូចជា ចាស់ព្រឹទ្ធាចារ្យសំខាន់ម្នាក់សម្រាប់សហគមន៍ម៉ុងទទួលមរណ:ភាព នៅទីក្រុង សល្ទ ឡេក ស៊ីធី (Salt Lake City) តើមានអ្នកណាដឹង?។ ដូច្នេះហើយយើងបើកឱកាសឲ្យពួកគេហៅយើង»។
ទោះបី វិទ្យុឡុង ចេង មានទីស្នាក់ការនៅក្នុងរដ្ឋមីន្នីសូតា (Minnesota) ក៏ដោយ កម្មវិធីនៃវិទ្យុនេះ រួមមានសេចក្ដីរាយការណ៍មកពីសហគមន៍ម៉ុង នៅទ្វីបអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ដែលមានផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងពួកគេ។ លោកថ្លែងថា៖
«គេមានផ្សាយព័ត៌មានកន្លះម៉ោងនិយាយអំពីសកម្មភាពរបស់គេនៅទីនោះ ដាំដំណាំ ពោត ហើយនឹងធាតុអាកាស»។
ថ្ងៃនេះអ្នកស្រី ស៊ូវេង ចូលរួមនៅក្នុងទូរសន្និសីទ។ គាត់ច្រៀងចម្រៀងស្នេហាប្រពៃណីយមួយពីផ្ទះរបស់គាត់។ គាត់និយាយថា ការចែករំលែកជាមួយអ្នកដទៃតាមទូរស័ព្ទជួយគាត់ឲ្យទាក់ទងជាមួយមនុស្ស ដែលធ្លាប់បានឆ្លងកាត់បទពិសោធន៍លំបាកដូចគ្នា ដូចជាការបាត់បង់គ្រួសារដោយសារសង្គ្រាម ហើយខំប្រឹងប្រែងកសាងជីវិតថ្មីនៅប្រទេសក្រៅ។ អ្នកស្រីនិយាយថា៖
«សម្រាប់ខ្លួនខ្ញុំៗខឹងណាស់។ ខ្ញុំអាណិតអាសូរខ្លួនខ្ញុំណាស់។ ជួនកាលខ្ញុំចង់ឆ្កួត។ គិតអំពីអ្វីៗច្រើនពេក។ នឹកឃើញរឿងផ្សេងៗ។ ខ្ញុំគិត---គិត---អូ ប្រហែលជាមានតែខ្ញុំម្នាក់ទេនៅក្នុងពិភពលោក ដែលមានបញ្ហាទាំងអស់នេះ។ ប្រហែលជាគ្មាននរណាដូចខ្ញុំទេ។ គ្មាននរណាមានជីវិតដូចខ្ញុំទេ»។
ក៏ប៉ុន្ដែការដែលដឹងថា មនុស្សគ្រប់គ្នាដែលនិយាយតាមទូរស័ព្ទយល់អំពីជីវិតរបស់គាត់ គាត់និយាយថា នេះបានធ្វើឲ្យគាត់មានអារម្មណ៍ល្អជាងមុន ហើយធ្វើឲ្យគាត់សប្បាយចិត្ដ៕
ប្រែសម្រួលដោយ កងស៊ីវន