កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ យុវជនខ្មែរវ័យក្មេងដែលភាគច្រើនកំពុងសិក្សាកម្រិតមហាវិទ្យាល័យបានចូលរួមស្តាប់កម្មវិធី TedxRUPP ដែលជាកម្មវិធីស្តង់ដារអន្តរជាតិ ដែលប្រមូលផ្តុំអ្នកជំនាញដើម្បីមកធ្វើការថ្លែងនៅលើវេទិកាអំពីបទពិសោធន៍ជីវិតនិងបញ្ហាដែលពួកគេយកចិត្តទុកដាក់។
នេះជាលើកដំបូង ដែលកម្ពុជាបានរៀបចំកម្មវិធី Tedx ផ្តោតលើតែសាកលវិទ្យាល័យ ហៅថា TedxRUPP។
លោក ជា សេងហ៊ី សហស្ថាបនិកនៃកម្មវិធី TedxRUPP បាននិយាយប្រាប់ VOA កាលពីថ្ងៃអាទិត្យកន្លងទៅថា ការផ្តួចផ្តើមកម្មវិធី TedxRUPP នេះ គឺដើម្បីចង់ប្រមូលផ្តុំអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ឲ្យបានមកជួបជុំ ចែករំលែកគំនិតនិងបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសទៅកាន់យុវជនជំនាន់ក្រោយដើម្បីឲ្យពួកគេទទួលបានមេរៀនជីវិតឬគំនិតប្លែកថ្មីដើម្បីអនុវត្តដោយជោគជ័យ។
លោកបានប្រាប់ VOA ថា៖
«អ៊ីចឹងសង្ឃឹមថាគាត់មកស្តាប់នេះ គាត់មិនមែនមកស្តាប់ទេ គាត់ស្តាប់ហើយ គាត់ យកអាហ្នឹងទៅគិត យកពាក្យសម្តីដែលវាគ្មិននិយាយជាបទបង្ហាញយកទៅគិត ហើយយកគំនិតហ្នឹងទៅអនុវត្ត យកទៅធ្វើអ្វីមួយដែលល្អចំពោះខ្លួនគាត់ អភិវឌ្ឍខ្លួនឯងហើយអភិវឌ្ឍខ្លួនគាត់ដែរ»។
វាគ្មិននិងអ្នកជំនាញចំនួន១០នាក់បានចូលរួមចែករំលែកនៅក្នុងកម្មវិធី TedxRUPP ឆ្នាំ២០១៩ក្រោមប្រធានបទធំរួមមួយគឺ «ជ្រែកដែនកំណត់» ដោយពួកគេបាននាំយកមកនូវប្រធានបទខុសៗគ្នារួមមានការបំផ្លិចបំផ្លាញបរិស្ថាន ការសម្រេចក្តីសុបិន្ត ឬការស្គាល់ខ្លួនឯងជាដើម។
លោក អ៊ុង សុឆិកា ប្រធានផ្នែកលក់នៃក្រុមហ៊ុន សុវណ្ណភូមិ ឡាហ្វ៍ ជាវាគ្មិនម្នាក់ក្នុងកម្មវិធីTedxRUPP កាលពីថ្ងៃអាទិត្យនេះ។ លោកបាននិយាយថា ការប្រមូលផ្តុំរបស់យុវជនមហាវិទ្យាល័យ ជាមូលហេតុចម្បងដែលបានជម្រុញឲ្យលោកមកធ្វើវាគ្មិននៅក្នុងកម្មវិធីនេះ ហើយលោកសង្ឃឹមថា យុវជននឹងទទួលបាននូវភាពក្លាហាននិងអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនបានបន្ទាប់ពីពួកគេស្តាប់ការថ្លែងរបស់លោកហើយនោះ។
លោក សុឆិកា បាននិយាយប្រាប់ វីអូអេបន្ទាប់ពីបានថ្លែងពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការដោះស្រាយបញ្ហាទៅកាន់យុវជនរាប់រយនាក់ថា ៖
«ខ្ញុំគិតថា ខ្ញុំមានរឿង ដែលជាប្រធានបទរបស់ខ្ញុំអំបាញ់មិញហ្នឹងអាចចែករំលែក ដើម្បីឲ្យគាត់ដោះស្រាយបញ្ហានៅពេលគាត់ជួបបញ្ហាដូចខ្ញុំជួបដែលកាលដែលខ្ញុំនៅរៀន បាទអ៊ីចឹងខ្ញុំគិតថាកុំឲ្យពិបាកគាត់រកអ្នកដែលប្រឹក្សារកអ្នកដែលជួយដោះស្រាយ សង្ឃឹមថាចំណុចបួនប្រាំនេះ អាចជួយគាត់ដើម្បីឲ្យគាត់ដោះស្រាយបញ្ហារបស់គាត់បាន»។
ទោះយ៉ាងណា លោកថា កម្ពុជានៅមិនទាន់មានកម្មវិធីថ្លែងចែករំលែកនេះគ្រប់គ្រាន់នៅឡើយទេ ហើយលោកចង់មានការរៀបចំកម្មវិធីបែបនេះញឹកញាប់ជាងមុនដើម្បីឲ្យយុវជនខ្មែរទទួលបានគំនិត បរិបទថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនឯង។
ពិសិដ្ឋ វីរៈ និស្សិតឆ្នាំទី១ ផ្នែកគណនេយ្យ នៃវិទ្យាស្ថាន ខេមអេដ (CamEd)អាយុ១៩ឆ្នាំ ជាអ្នកចូលរួមស្តាប់ម្នាក់ហើយបានបង្ហាញការពេញចិត្តនូវប្រធានបទរបស់វាគ្មិននីមួយៗ។
វីរៈបានប្រាប់ VOAថា៖
«ចំពោះខ្ញុំ ដោយសារខ្ញុំឃើញថាកម្មវិធី Ted ហ្នឹងវាជាកម្មវិធីដែលវាគ្មិនអាច(Share)ចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនហើយក៏ដូចជា (Motivation) ការលើកទឹកចិត្តអីផ្សេងៗ អ៊ីចឹងទៅខ្ញុំគិតថា ពេលដែលខ្ញុំចូលមកហ្នឹង! ខ្ញុំអាចរៀនជា(Motivation)ការលើកទឹកចិត្តខ្លះសម្រាប់ខ្ញុំ ហើយពេលដែលខ្ញុំទទួលបាន ខ្ញុំចង់ (Share)ចែករំលែកទៅមិត្តភក្តិ ឬក៏អ្នកដែលអត់បានចូលរួមផ្សេងៗ»។
យុវជនវ័យក្មេងម្នាក់ទៀតឈ្មោះ ពៅ រតនា អាយុ២៥ឆ្នាំ ជាបុគ្គលិកនៅក្នុងហាងកាហ្វេក្នុងរាជធានីភ្នំពេញក៏បាន បង្ហាញនៅការពេញចិត្តដូចគ្នានេះដែរបន្ទាប់ពីបានស្តាប់ការបកស្រាយពីវាគ្មិនមួយចំនួន កាលពីរសៀលថ្ងៃអាទិត្យនេះ។
លោកបាននិយាយប្រាប់វីអូអេថា៖
«ហ្នឹងហើយ ហ្អឺអាចនឹងនិយាយបានថាវាមេរៀនដែលសាលាអត់បានបង្រៀនព្រោះសាលាអាចនឹងបង្រៀនជាមេរៀន តែអានេះវាជាមេរៀនជីវិតរបស់មនុស្សម្នាក់ៗដែលពួកគាត់បានមក គាត់ចែករំលែកបទពិសោធន៍ ពួកគាត់ប្រាប់ថាពួកគាត់ជួបអីគេខ្លះ ពួកគាត់បានធ្វើអីគេខ្លះហើយពួកគាត់បានបន្ថែមឲ្យ(Young Generation)យុវជនជំនាន់ក្រោយទៅលើអីទៀតបន្ថែមទៀត»។
TED គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលផ្តោតទៅលើការចែកចាយគំនិត ក្នុងទម្រង់កិច្ចសន្ទនាខ្លី ដែលផ្តល់ដោយអ្នកគិតនិងអ្នកដឹកនាំឈានមុខនាពេលបច្ចុប្បន្ននេះ។ កិច្ចពិភាក្សាទាំងនេះត្រូវបានរៀបចំឡើងនៅសន្និសីទប្រចាំឆ្នាំរបស់ TED នៅទីក្រុង Vancouver និងទីក្រុង British Columbia ក្នុងប្រទេសកាណាដា៕