កាលពីសប្តាហ៍មុន អង្គការហ្វារពន្លឺសិល្បៈដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង បានប្រារព្ធខួបទី២៥របស់ខ្លួន។ ហ្វារគឺជាអង្គការក្រៅរដ្ឋាភិបាលដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយសហស្ថានិក៩នាក់ដែលបានរស់នៅក្នុងជំរំជនភៀសខ្លួនសាយធូ។ សព្វថ្ងៃអង្គការនេះនៅតែផ្តល់ឱកាសឲ្យកុមារក្រីក្រនិងកុមារមានវិបត្តិរាប់ពាន់នាក់បានចូលរៀនសិល្បៈនិងចំណេះដឹងទូទៅ។
ភ្នំពេញ - លោក ស្រី បណ្តូល រស់ក្នុងជំរំជនភៀសខ្លួនសាយធូ (Site Two) បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមដែលបានបង្កឲ្យបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់មួយលាននាក់។
នៅជំរំសាយធូនេះហើយ ដែលលោកបណ្តូលបានជួបមិត្តភក្តិ និងកុមារជាច្រើននាក់ដែលត្រូវបានអ្នកគ្រូជនជាតិបារាំងម្នាក់បង្ហាត់បង្រៀនឲ្យចេះគូរគំនូរពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩២។
លោកបណ្តូលដែលមានវ័យ៤៦ឆ្នាំបានប្រាប់ VOA ភាសាខ្មែរនៅវិទ្យាស្ថានភាសាបារាំងក្នុងរាជធានីភ្នំពេញថា៖
«ពេលដែលខ្ញុំអាយុ១៤ឆ្នាំខ្ញុំបានជួបគាត់នៅជំរំសាយធូហ្នឹង។ គាត់បានបើកសាលាគំនូរមួយ។គាត់ឲ្យគូល័រ ឲ្យពណ៌ ឲ្យក្រដាសទៅក្មេងៗទៅហើយឲ្យក្មេងៗគូរអីក៏បាន។ អញ្ជឹងទៅក្មេងៗវាគូរ»។
លោកបន្តថា៖
«ខ្ញុំអីហ្នឹងចូលចិត្តគូររូប។ បន្ទាប់មកគាត់ឃើញក្មេងៗគូរហ្នឹងវាល្អ។ អញ្ចឹងហើយគាត់ថា ពួកនេះមានទេព្យកោសល្យ។
ការគូរគំនូរបានធ្វើឲ្យលោកនិងមិត្តៗរបស់លោកមានភាពស្និទ្ធស្នាលនិងស្រឡាញ់សិល្បៈ។
លោកនិងមិត្តរបស់លោកប្រើការគូរគំនូរជាការព្យាបាលផ្លូវចិត្តដែលរងការប៉ះពាល់ដោយសារការបែកបាក់ពីម្តាយរបស់លោកនៅសម័យខ្មែរក្រហមនិងការមើលឃើញការសម្លាប់គ្នារវាងក្រុមមិនចុះសម្រុងបន្ទាប់ពីរបបខ្មែរក្រហម។
ដោយចេញពីការស្រឡាញ់និងចូលចិត្តសិល្បៈ និងការលើកទឹកចិត្តពីអ្នកគ្រូរបស់លោក លោកនិងមិត្តភក្តិរបស់លោកបានសម្រេចចិត្តថា នឹងបើកកន្លែងមួយដើម្បីឲ្យកុមារមានឱកាសបានរៀនគូរគំនូរដូចពួកគាត់។
បីខែមុនការបោះឆ្នោតលើកទីមួយរៀបចំដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣ គឺក្រោយពីជំរំត្រូវបានបិទ លោក ស្រី បណ្តូល និងមិត្តដទៃៗទៀតបានវិលត្រឡប់មកខេត្តបាត់ដំបងវិញ។
លោកមានប្រសាសន៍ថា៖
«អ្នកគ្រូគាត់មកពីស្រុកបារាំង។ ពួកខ្ញុំប្រាំពីរ ប្រាំបី ប្រាំបួន នាក់នេះដើររកគ្នាហើយអ្នកគ្រូក៏ដើររក[គ្នា]ទៅ។ អញ្ចឹងយើងជួបគ្នានៅឆ្នាំ១៩៩៤នៅបាត់ដំបងដោយសារភាគច្រើនយើងនៅបាត់ដំបង។ មកដល់បាត់ដំបងដំបូងគឺថា យើងត្រូវហ្វឹកហ្វឺនមួយឆ្នាំ ដើម្បីឲ្យយើងក្លាយជាអ្នកគូររូបដ៏ល្អហើយអាចបង្រៀនបាន»។
អ្នកគ្រូជនជាតិបារាំងរបស់ពួកគាត់បានជួយរកទីកន្លែងនិងជួយរកប្រាក់ឧបត្ថម្ភសម្រាប់បើកសាលាបង្រៀន។
ក្រុមរបស់លោកបង្កើតអង្គការហ្វារពន្លឺសិល្បៈនៅក្នុងខេត្តបាត់ដំបងនៅចុងឆ្នាំ១៩៩៤។ អង្គការនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៩៥។
លោក ស្រី បណ្តូល សហស្ថាបនិកនិងសិស្សៗបានប្រារព្ធខួប២៥ឆ្នាំរបស់អង្គការនេះកាលពីសប្តាហ៍មុន។
ចាប់តាំងពីចាប់កំណើតមក អង្គការនេះបានជួយកុមារដែលមានការលំបាកនៅក្នុងជីវិតឲ្យបានរៀនសូត្រ មានការងារធ្វើ និងមានអនាគតល្អ។
ទស្សនា៖ ទិដ្ឋភាពប្រចាំថ្ងៃនៅអង្គការហ្វារពន្លឺសិល្បៈក្នុងក្រុងបាត់ដំបង
លោកបណ្តូលមានប្រសាសន៍ថា៖
«មានអ្នកខ្លះជាក្រាហ្វិកឌីហ្សាញ [អ្នករចនាក្រាហ្វិក] អ្នកខ្លះជាអេនីមែទ័រ ជាអ្នកធ្វើគំនូរជីវចល។ អ្នកខ្លះគាត់មានហាងគំនូរ។ អ្នកខ្លះជាអ៊ីឡះស្ត្រេតទ័រ ជាអ្នកគូរសៀវភៅរឿង។ អ្នកខ្លះមានហាងធ្វើប៉ាណូផ្សាយពាណិជ្ជកម្ម»។
អង្គការនេះបានផ្តល់ឱកាសឲ្យកុមារក្រីក្រ កុមារដែលរងគ្រោះពីការរំលោភបំពាន អំពើកេងប្រវ័ញ្ច អំពើហិង្សាក្នុងគ្រួសារនិងតាមផ្លូវ និងកុមារដែលមានការប្រឡូកនឹងគ្រឿងញៀនឲ្យបានចូលរៀនផងដែរ។
ចាប់តាំងពីឆ្នាំ១៩៩៤ មក អង្គការហ្វារបានរៀបរៀងកម្មវិធីសិក្សារបស់ខ្លួននានា និងថែមទាំងបានពង្រីកខ្លួនទៅខេត្តសៀមរាបនៅឆ្នាំ២០១៣ទៀត។
ទស្សនា៖ ទិដ្ឋភាពនៃការសម្តែងមួយរបស់ក្រុមសៀកនៃអង្គការហ្វារនៅខេត្តសៀមរាប
លោក ឃួន ដេត សហស្ថាបនិកម្នាក់ទៀតរបស់អង្គការនេះ បានប្រាប់ VOAថា ក្រុមរបស់លោកបានបន្ថែមមុខវិជ្ជាសិល្បៈដទៃៗទៀតជាច្រើនដើម្បីបំពេញតម្រូវការទីផ្សារ។
ឥឡូវនេះសិស្សអាចជ្រើសរើសជំនាញសិល្បៈដូចជា គូរគំនូរ គំនូរជីវចល សូនរូប តន្ត្រី របាំ សៀក និងសិល្បៈផ្នែកកាយសម្ព័ន្ធផ្សេងៗទៀត។ ហើយទន្ទឹមនឹងនេះដែរ ពួកគេអាចបន្តការសិក្សាចំណេះដឹងទូទៅរបស់ពួកគេ។
សព្វថ្ងៃនេះ អង្គការនេះមានសិស្សប្រហែលជាង១.០០០នាក់ដែលកំពុងធ្វើការសិក្សាជារៀងរាល់ថ្ងៃ។
លោក ណែម ម៉ាន់ វ័យ ២៣ឆ្នាំ គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សជាង១.០០០នាក់ដែលកំពុងទទួលការហ្វឹកហាត់ពីអង្គការនេះ។ លោក ណែម ម៉ាន់ ដែលជាអ្នកបាត់ដំបង បានចាប់ផ្តើមហាត់សៀកតាំងពីពេលលោកមានអាយុ៨ឆ្នាំម៉្លេះ។ លោកនិងបងប្អូន៦នាក់ក្នុងចំណោម១២នាក់ បាននិងកំពុងហាត់សៀកនិងរបាំនៅអង្គការនេះ។
លោក ណែម ម៉ាន់ បានប្រាប់ VOA នៅក្នុងទីក្រុងភ្នំពេញថា៖
«ពីតូចមក ខ្ញុំបានញ៉ាំបាយនៅក្នុងសាលា បានរៀននៅក្នុងសាលា។ គ្រប់យ៉ាងគឺខ្ញុំទទួលពីហ្វារទាំងអស់ មិនថាសម្លៀកបំពាក់ មិនថាសៀវភៅរៀន មិនថាការស្នាក់នៅ។ គាត់ជួយទាំងអស់»។
លោកបានបន្ថែមថា៖
«ហ្វារបានជួយក្រុមគ្រួសារខ្ញុំប្រាំមួយអ្នកទៀតដែរ។ ពីដើមមានបងប្រុសខ្ញុំនៅសាលាហ្វារហ្នឹង បានហាត់រៀននៅក្នុងហ្នឹងមុនខ្ញុំ។ ហើយលោកគ្រូរបាំបណ្តុះបណ្តាលនៅក្នុងសាលា។ហើយក្រោយមកមានបងប្រុសខ្ញុំចូលហាត់បន្តទៀត។ ហើយនឹងប្អូនស្រីខ្ញុំបីនាក់ហាត់នៅក្នុងហ្នឹង។ ហើយពួកយើងបានញ៉ាំបាយនៅសាលាហ្វារទាំងអស់»។
លោក ឃួន ដេត និយាយថា អង្គការនេះបានផ្តល់ឱកាសឲ្យសិស្សមួយចំនួនអាចទៅសិក្សានិងសម្តែងនៅប្រទេសលោកខាងលិច និងធ្វើការនៅទីនោះផងដែរ។
បងប្រុសរបស់ម៉ាន់ម្នាក់ គឺជាអ្នកសម្តែងសៀក ណែម សុផា និងអ្នកសម្តែងសៀកម្នាក់ទៀត សុខ ឌីណា បានទទួលអាហារូបករណ៍ទៅសិក្សានៅសាលាសៀកជាតិនៅទីក្រុង Montreal (ម៉ុងរ៉េអាល់) ដែលជាសាលាសៀកដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ ឌីណាបានក្លាយជាអ្នកសម្តែងសៀកជនជាតិខ្មែរដំបូងគេដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្រុមហ៊ុន Cirque du Soleil ដែលជាក្រុមហ៊ុនសៀកធំបំផុតមួយរបស់ប្រទេសកាណាដានិងពិភពលោក។ ហើយសុផាក៏ជាជនជាតិខ្មែរម្នាក់ដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្នុងប្រទេសកាណាដាផងដែរ។
លោក ឃួន ដេត សហស្ថាបនិកនិងនាយកសាលាសិល្បៈទស្សនីយភាពរបស់អង្គការនេះ បានប្រាប់ VOA បន្ថែមថា នៅពេលអនាគតអង្គការនេះគ្រោងនឹងពង្រីកសកម្មភាពរបស់ខ្លួននៅក្នុងខេត្តផ្សេងៗទៀតនិងប្រទេសក្នុងតំបន់ដែលមានជំរំជនភៀសខ្លួន ដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជនបានរៀនសូត្រ៕