ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​គ្រូ​បង្រៀន​ចោទ​សាលា​រាជធានី​ថា​ ប្រើ​«លេស»​ដើម្បី​រឹតត្បិត​គម្រោង​ប្រមូល​ផ្តុំ​ទាម​ទារ​ឱ្យ​ដោះ​លែង​សកម្ម​ជន


រូបឯកសារ៖ អ្នក​ស្រី អ៊ុក​ ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ផ្តល់​បទ​សម្ភាស​ជាមួយ​វីអូអេ​នៅ​ផ្ទះ​អ្នក​ស្រី​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ចាត់​ទុក​ការ​តម្រូវរបស់​សាលា​រាជធានី​ភ្នំពេញ​ទាក់​ទង​នឹង​គម្រោង​ប្រមូល​ផ្តុំ​របស់​ពួកគេ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នា​ចុង​ខែ​ធ្នូ​នេះ​គ្រាន់​តែ​ជា​«លេស»​របស់​អាជ្ញាធរ​ក្នុង​ការ​រឹតត្បិត​ពួកគេ។​

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ​បាន​ជួប​ជាមួយមន្រ្តី​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដើម្បី​ពិភាក្សា​អំពី​គម្រោង​តវ៉ា​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ ​ឆ្នាំ​២០២២។​

អ្នកស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​ប្រាប់​វីអូអេ​ថា ​សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឱ្យ​សមាគម​ផ្លាស់​ប្តូរ​ចំណុច​មួយ​ចំនួន​ ជា​ពិសេស​កម្មវត្ថុ​នៃ​ការ​តវ៉ា ​ដោយ​ត្រូវ​កែ​ប្រែ​ពី​ការ​តវ៉ា​ទាម​ទារ​ឱ្យ​ដោះ​លែង​សកម្ម​ជន​ជា​ទូទៅ ​មក​ជា​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​ត្រឹមតែ​គ្រូ​បង្រៀន​ដែល​ជាប់​ពន្ធនាគារ​បាន​ហើយ។ ​ការ​តម្រូវ​នេះ​ក្រោម​ហេតុ​ផល​ថា​ សមាគម​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​ជា​សមាគម​គ្រូ​បង្រៀន​តែ​ប៉ុណ្ណោះ។ ​អ្នកស្រី​ចាត់​ទុក​ការ​តម្រូវ​នេះ​គ្រាន់​តែ​ជា​លេស​ដើម្បី​រឹត​ត្បិត​ការ​ជួប​ជុំ​របស់​ពួក​គេ។

អ្នកស្រី​ថ្លែង​ថា៖ ​«ចំពោះ​ខ្ញុំ ​ខ្ញុំ​ថា ​នេះ​គ្រាន់​តែ​ជា​លេស​មួយ​ថា​ គេ​ចង់​ឱ្យ​ធ្វើ​ដែរ ​ ប៉ុន្តែ​ថា​ ខុស​នីតិវិធី​បែប​ហ្នឹង​ទេ។​ បើ​សិន​ជា​គ្រាន់​តែ​ដាក់​ឯកសារ​ ដែល​ខ្ញុំ​ដាក់​ទៅ​ហ្នឹង​ វា​គ្រប់​គ្រាន់​បាត់​ទៅ​ហើយ»។​

បើ​តាម​លិខិត​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ​ចុះ​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ ​ដែល​ជូន​ដំណឹង​ទៅ​អភិបាល​រាជ​ធានី​ភ្នំពេញ ​សមាគម​គ្រោង​នឹង​រៀបចំ​ការ​ប្រមូល​ផ្តុំ​គ្នា​មាន​ចំនួន​មនុស្ស​យ៉ាង​តិច​១០០​នាក់​ នៅ​ថ្ងៃ​ទី​៣០ ​ខែ​ធ្នូ ​ឆ្នាំ​២០២២​ដើម្បី​សម្តែង​មតិ​ទាម​ទារ​ឱ្យដោះ​លែង​សកម្ម​ជន​នយោ​បាយ ​សកម្ម​ជន​សង្គម ​និង​សហ​ជីព​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ។​

ពួក​គេ​ក៏​មាន​គម្រោង​ដង្ហែ​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ។ ​នេះ​បើ​តាម​លិខិត​ដដែល​នោះ។​

អ្នកស្រី ​អ៊ុក ឆាយ៉ាវី ​បន្ត​ថា ​សាលា​រាជធានី​ភ្នំពេញ​ក៏​តម្រូវ​ឲ្យ​សមាគម​បញ្ជាក់​អំពី​ចំនួន​អ្នក​ចូលរួម​ឲ្យ​បាន​ជាក់លាក់ ​មិន​មែន​ប្រើ​ពាក្យ​យ៉ាង​តិច​១០០​នាក់​ឡើយ។ ​សាលា​រាជធានី​ភ្នំពេញ​ក៏​តម្រូវ​ឲ្យ​សមាគម​បញ្ជាក់​ពីពេល​វេលា​ជាក់​លាក់​នៃ​ការ​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ​និង​បញ្ចប់​ទៅ​វិញ។​

អភិបាល​រង​រាជធានី​ភ្នំពេញ ​លោក ​កើត ឆែ ​ប្រាប់​វីអូអេ​ថា ​ការ​ស្នើ​សុំ​របស់​សមាគម​ហួស​ព្រំដែន​កំណត់​និង​ខុស​លក្ខន្តិកៈ​នៃ​សមាគម​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។ ​លោក​បន្ថែម​ថា​ សំណើ​របស់​ពួកគេ​មិន​មាន​កាល​វេលា​ជាក់លាក់ ​ដែល​លោក​ថា​ វា​ខុសពី​ច្បាប់នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។​

លោក​ថ្លែង​ថា៖​ «គាត់​ធ្វើ​អី ​ធ្វើទៅ​ យើង​អត់​មាន​អីទៅ​យ​កលេស​អី​ទេ។​ គាត់​ធ្វើ​ឱ្យ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​ ហើយ​បើ​គាត់​ចង់​ធ្វើអី ​គឺ​ធ្វើ​កុំ​យក​ឈ្មោះ​គ្រូ​បង្រៀន​ឯករាជ្យ​មក​ប្រើ​ទៅ!​ គាត់​ប្រើ​ជា​បុគ្គល​គាត់។​ អាហ្នឹង​គាត់​ធ្វើ​បាន»។​

ទោះ​ជា​យ៉ាង​ណា អ្នកស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​អះអាង​ថា​ សមាគម​នឹង​បន្ត​ប្រមូល​ផ្តុំ​តាម​គ្រោង​ទុក ​បើ​ទោះ​ត្រូវ​ដូរ​តាម​ការ​តម្រូវ​របស់​សាលា​រាជធានី​ភ្នំពេញ​ក៏​ដោយ។​ អ្នកស្រី​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សកម្មជន​នយោបាយ​ និង​សង្គម​ជា​រឿង​អយុត្តិ​ធម៌​មួយ៕

XS
SM
MD
LG