ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​គ្រូ​បង្រៀន​គ្រោង​ជួប​ជុំ​ទាម​ទារ​ឱ្យ​ដោះ​លែង​សកម្ម​ជន​ជាប់​ឃុំ​ឃាំង


រូបឯកសារ៖ លោក រ៉ុង ឈុន ទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/ វីអូអេ)

សមាគម​គ្រូ​បង្រៀន​កម្ពុជាឯក​រាជ្យ​គ្រោង​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ រាជ​ធានី​ភ្នំពេញ ​នា​ចុង​ខែ​ធ្នូ​នេះ ​ដើម្បី​ទាម​ទារ​ឱ្យដោះ​លែង​សកម្ម​ជន ​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ​នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​របស់សមាគម​គ្រូ​បង្រៀន​កម្ពុជាឯក​រាជ្យ​ ចុះ​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ ​ដែល​ជូន​ដំណឹង​ទៅ​អភិបាល​រាជ​ធានី​ភ្នំពេញ។​

លិខិត​ដែល​វីអូអេ​ទទួល​បាន​ឱ្យដឹង​ថា ​សមាគមគ្រោង​នឹង​រៀបចំ​ការ​ប្រមូល​ផ្តុំ​គ្នា​មាន​ចំនួន​មនុស្ស​យ៉ាង​តិច​១០០​នាក់​ នៅ​ថ្ងៃ​ទី​៣០ ​ខែធ្នូ ​ឆ្នាំ​២០២២​ដើម្បី​សម្តែង​មតិ ​ទាម​ទារ​ឱ្យដោះ​លែង​សកម្មជន​នយោ​បាយ ​សកម្ម​ជន​សង្គម ​និង​សហ​ជីព​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ។​

ពួកគេ​ក៏​មាន​គម្រោង​ដង្ហែ​យក​ញត្តិ​ទៅ​ដាក់​នៅសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ។ ​នេះ​បើ​តាម​លិខិត​ដដែល​នោះ។

លោក ​រ៉ុង ឈុន ​មេ​ដឹក​នាំ​សហ​ជីព ​និង​ជា​ទីប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯក​រាជ្យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ អាជ្ញា​ធរ​មិន​ទាន់​បាន​ណាត់​ជួប​ដើម្បី​ជជែក​អំពី​ការ​ជួប​ជុំ​នេះ​នៅ​ឡើយ​ទេ​ តែ​លោក​រំពឹង​ថា​ អាជ្ញាធរ​នឹង​អញ្ជើញ​ក្រុម​ការងារ​របស់​លោក​ ដើម្បី​ពិភាក្សា​អំពី​សំណើ​នេះ ​នៅ​ចុង​សប្តាហ៍​នេះ ​ឬ​ដើម​សប្តាហ៍​ក្រោយ។​

​លោក ​រ៉ុង ឈុន ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ​អះអាង​ថា ​ការ​បន្តឃុំ​ឃាំង​សកម្ម​ជន​នយោ​បាយ ​សកម្ម​ជន​សង្គម ​និង​សហ​ជីព ​ដូចជា​កញ្ញា ​សេង ធារី ​កញ្ញា​ ឈឹម ស៊ីថរ​ ជាដើម​ជា​រឿង​អយុត្តិធម៌ ​ដោយ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។​

លោក​ថ្លែង​ថា៖ ​«យើង​ឃើញ​ថា ​វា​ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​ពួក​គាត់​ណាស់ ​អ៊ីចឹង​ហើយ​បាន​ជា​សមាគម​សម្រេច​ចិត្ត​ធ្វើ​ការ​ប្រមូល​ផ្តុំ​ដើម្បី​សម្តែង​មតិ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​ពួក​គាត់»។​

​អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ​ លោក ​ម៉េត មាសភក្តី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា ​សាលា​ក្រុងបាន​ទទួលលិខិត​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯក​រាជ្យ​រួច​ហើយ។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ថា ពេល​ណា​នឹង​ជួប​ជជែក​ជាមួយ​សមាគមនោះ​ទេ៕​

XS
SM
MD
LG