គ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័របានកើតឡើងនៅតៃវ៉ាន់នៅព្រឹកថ្ងៃពុធនេះ ដោយបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនិងអគារមួយចំនួនដួលផ្អៀងនៅភាគខាងកើតកោះតៃវ៉ាន់។ មនុស្សយ៉ាងតិច ៩ នាក់បានស្លាប់និងជាង ៩០០ នាក់បានរងរបួស។
ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ ២៥ គីឡូម៉ែត្រនៅក្នុងសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ និងមានជម្រៅ ១៥,៥ គីឡូម៉ែត្រ។ ទីភ្នាក់ងារធាតុអាកាសតៃវ៉ាន់បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យកម្រិតទឹកសមុទ្រនៅភាគខាងកើតតៃវ៉ាន់មានការប្រែប្រួលនិងមានការប្រកាសព្រមានអំពីរលកយក្យស៊ូណាមិ។
តាំងពីពេលដែលគ្រោះរញ្ជួយដីនេះបានកើតឡើងដំបូងនៅម៉ោង ៧ និង ៥៨ នាទីព្រឹកម៉ោងនៅកោះតៃវ៉ាន់មក ការរញ្ជួយតិចតួចក្រោយមកទៀតជាង ១០០ ដងបានកើតឡើង។ វាគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតដែលបានកើតឡើងចំកោះតៃវ៉ាន់នៅក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ អគារយ៉ាងតិច ២៦ ខ្នងបានដួលរលំទាំងស្រុងឬផ្អៀងទៅមួយចំហៀងនៅទូទាំងកោះតៃវ៉ាន់។
គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យមានការខូចខាតនៅទូទាំងកោះតៃវ៉ាន់ ដោយករណីធ្ងន់ធ្ងរបំផុតគឺកើតឡើងនៅស្រុក Hualien នៅភាគខាងកើត។ អគារជាង ១០ ខ្នងនៅទូទាំងស្រុកនោះបានផ្អៀងទៅមួយចំហៀង។ ខណៈដែលមនុស្សជាង ១០ នាក់ត្រូវបានសង្គ្រោះពីអគារដែលផ្អៀងមួយចំហៀងនៅក្នុងស្រុក Hualien នោះ មនុស្សយ៉ាងតិចម្នាក់នៅជាប់នៅក្នុងអគារនោះ។
រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលដែលចែកចាយនៅទូទាំងបណ្ដាញសង្គមអនឡាញបានបង្ហាញឱ្យឃើញជាន់ទីមួយនៃអគារមួយខ្នងនៅក្នុងស្រុក Hualien បានរលំដួលទាំងស្រុងហើយអគារផ្សេងៗទៀតបានផ្អៀង ៤៥ ដឺក្រេ៕
វេទិកាបញ្ចេញមតិ