លោក Moon Jae-in ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងមានវត្តមាននៅក្នុងការបើកការប្រកួតប្រជែងជ្រើសរើសជើងឯកកីឡាតៃក្វាន់ដូដែលត្រូវធ្វើឡើងនៅក្នុងទីក្រុង Mujuនៃប្រទេសកូរ៉េខាងត្បូងដែលនៅទីនោះលោកបានស្វាគមន៍ការផ្លាស់ប្តូរក្រុមកីឡាករតៃក្វាន់ដូអន្តរកូរ៉េជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍នេះ។ លោកប្រធានាធិបតី Moonបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា អំណាចកីឡាធ្វើឲ្យមានសន្តិភាព។ ខ្ញុំសប្បាយរីករាយដែលកិច្ចសហប្រតិបត្តិការនៃការផ្លាស់ប្តូរកីឡាលើកទីមួយរវាងកូរ៉េទាំង២របស់រដ្ឋាភិបាលថ្មីនេះបានសម្រេចជោគជ័យតាមរយៈពិធីនេះ។
មេដឹកនាំនិយមការកែទម្រង់នៃប្រទេសកូរ៉េខាងត្បូងដែលទើបជាប់ឆ្នោតកាលពីពេលថ្មីៗនេះ បានគាំទ្រការធ្វើឲ្យមានតុល្យភាពចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិប្រឆាំង រដ្ឋាភិបាល Kim Jong Un ក្នុងប្រទេសកូរ៉េខាងជើងចំពោះការបន្តការបង្កហេតុអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរួមជាមួយការទាក់ទងមិនពាក់ព័ន្ធនឹងរឿងនយោបាយ រួមមានវិស័យការទូតខាងកីឡារហូតដល់ការស្ថាបនាភាពទុកចិត្តគ្នានិងការសម្របសម្រួលខាងគមនាគមន៍។
ការប្រកួតកីឡាតៃក្វាន់ដូជើងឯកពិភពលោកដែលត្រូវធ្វើឡើងក្នុងប៉ុន្មានថ្ងៃបន្ទាប់ទៀតនេះជាការប្រកួតកីឡាដ៏ធំបង្អស់មួយដែលមិនធ្លាប់មានកាលពីពេលមុន ដោយមានអត្តពលលិក៩៧៣នាក់មកពីប្រទេស១៨៣ចូលរួមក្នុងការប្រកួតនេះ។
តៃក្វាន់ដូជាកីឡាទំនើបមួយដែលផ្អែកលើក្បាច់គុណបុរាណកូរ៉េដែលល្បីល្បាញអស់រយៈពេលប៉ុន្មានទសវត្សរ៍បន្ទាប់ពីការបែងចែកឧបទ្វីបកូរ៉េនៅពេលបញ្ចប់ សង្គ្រាមលោកលើកទី២។ ព្រឹត្តិការណ៍នេះមានភាពស្មុគ្រស្មាញដោយសារការប្រកួតប្រជែងដ៏ល្មីងជូរចត់រវាងកូរ៉េខាងជើងប្រកាន់លទ្ធិកុម្មុយនិស្តនិងកូរ៉េខាងត្បូងប្រកាន់របបលទ្ធិមូលធននិយម។
កូរ៉េទាំង២គាំទ្រការប្រកួតប្រជែងសហព័ន្ធដែលបង្រៀនបច្ចេកទេសក្បាច់គុណ ខុសគ្នាហើយបានបង្កើតច្បាប់ប្រកួតប្រជែងផ្សេងគ្នា។
ពិធីប្រកួតប្រជែងជ្រើសរើសជើងឯកក្នុងទីក្រុង Muju ត្រូវបានត្រូវរៀបចំឡើងដោយកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយកីឡាតៃក្វាន់ដូពិភពលោកដែលកាលពីពេលថ្មីៗនេះបានប្តូរពីសហព័ន្ធកីឡាតៃក្វាន់ដូពិភពលោក ឬ WTF ដែលផ្តោតលើការទាត់រហ័ស។ សហព័ន្ធតៃក្វាន់ដូពិភពលោកត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិថា ជាអង្គការគ្រប់គ្រងកីឡាតៃក្វាន់ដូផ្លូវការមួយបន្ទាប់ពីកីឡាអូឡាំ ពិកក្រុងសេអ៊ូលឆ្នាំ១៩៨៨ហើយបានក្លាយជាកីឡាទទួលមេដាយផ្លូវការក្នុងកីឡាអូឡាំពិកឆ្នាំ២០០០នៅទីក្រុង Sydney នៃប្រទេសអូស្ត្រាលី។
សមាជិកក្រុមអត្តពលលិកកូរ៉េខាងជើងចំនួន៣២នាក់ដែលចូលរួមការប្រកួតប្រជែងក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនជាផ្នែកមួយនៃសហព័ន្ធតៃក្វាន់ដូអន្តរជាតិ (ITF) ដែលមានគោលបំណងផ្តោតលើការហ្វឹកហាត់ប្រយុទ្ធ និងអនុញ្ញាតឲ្យខ្លួនប្រាណប៉ះគ្នាខ្លាំងដែលរួមទាំងដាល់ទៅលើក្បាល និងមុខផង។ អត្តពលលិកសហព័ន្ធតៃក្វាន់ដូអន្តរជាតិ (ITF) ជាទូទៅមិនបានប្រកួតប្រជែងក្នុងការជ្រើសរើសជើងឯកតៃក្វាន់ដូពិភពលោក ឬអូឡាំពិកទេ ពីព្រោះតែរបៀបនៃការប្រយុទ្ធរបស់ពួកគេមិនស៊ីសង្វាក់គ្នាជាមួយបទដ្ឋានការប្រកួតកីឡាអូឡាំពិក ឬការប្រកួតដណ្តើមជើងឯកតៃក្វាន់ដូពិភពលោក។
លោក Sanku Lewis ជាអ្នកបង្ហាត់ក្បាច់គុណម្នាក់ក្នុងចំណោមអ្នកបង្ហាត់ក្បាច់គុណបីឬបួននាក់របស់សហព័ន្ធតៃក្វាន់ដូអន្តរជាតិ (ITF) ដែលកំពុងរស់នៅក្នុងទីក្រុងសេអ៊ូលនិយាយថា៖ «វាជាកីឡាមួយដែលមានភាពខុសផ្លែកពីគេយ៉ាងខ្លាំង ពីព្រោះតែសហព័ន្ធតៃក្វាន់ដូអន្តរជាតិ (ITF) ដែលមិនអនុញ្ញាតឲ្យវាយចំមុខហើយនេះជាយុទ្ធសាស្ត្រខុសផ្នែកពីគេមួយ»។
យោងតាមពួកមន្ត្រីតៃក្វាន់ដូពិភពលោកបានប្រាប់ឲ្យដឹងថា នៅពេលនេះ មិនមានផែនការសម្រាប់សហព័ន្ធកីឡាទាំង២បញ្ចូលគ្នាទេ។
សមាជិក៣២រូបរបស់ក្រុមកីឡាតៃក្វាន់ដូកូរ៉េខាងជើង បានបង្ហាញក្បាច់តៃក្វាន់ដូនៅឯពិធីបើកជ្រើសរើសជើងឯកកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែ សហព័ន្ធតៃក្វាន់ដូអន្តរជាតិ (ITF) បានលុបចោលសន្និសីទកាសែតជាមួយពួកមន្ត្រីកូរ៉េខាងជើង។ លោក Choue Chung-won នាយកតៃក្វាន់ដូពិភពលោក បាននិយាយថា កូរ៉េខាងជើងនឹងស្ថិតនៅក្នុងការប្រកួតកីឡានេះហើយអាចមានឱកាសផ្សេងទៀតដើម្បីធ្វើការសន្ទនាជាមួយសារព័ត៌មាន និងមានការទាក់ទងជាមួយអត្តពលលិកផ្សេងទៀតមកពីជុំវិញពិភពលោក។ លោកបាននិយាយថា៖ «មានការប្រកួតម្តងទៀតនៅក្នុងពិធីបិទដូច្នេះ យើងនឹងមានពេលវេលា និងឱកាសយ៉ាងច្រើនដើម្បីជជែកលេងជាមួយពួកគេដើម្បីសិក្សាលម្អិតអំពីកម្មវិធីផ្លាស់ប្តូរនៅពេលអនាគត»។
រហូតមកទល់ពេលនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានច្រានចោលការស្នើផ្តល់ជំនួយខាងមនុស្សធម៌ និងសំណើជួបជុំក្រុមគ្រួសារឡើងវិញដែលបានខ្ចាត់ព្រាត់ដោយការបែងចែកកូរ៉េ។
ការផ្លាស់ប្តូរកីឡាអន្តរកូរ៉េនេះជាការបំបែកភាពទាល់ច្រកដ៏តូចមួយដែលពួកអ្នកវិភាគនិយាយថា អាចបើកទ្វារដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។
លោក Ahn Chan-il មេដឹកនាំវិទ្យាស្ថានពិភពលោកសម្រាប់ការសិក្សាកូរ៉េខាងជើងនិយាយថា៖ «ខណៈដែលកូរ៉េខាងជើងមិនបានប្រុងប្រៀបរៀបចុះខ្លួននៅឡើយ ខ្ញុំគិតថា ក្រុមកូរ៉េខាងជើងកំពុងបញ្ជូនសារថា ខ្លួនយ៉ាងហោចណាស់មានឆន្ទៈព្យាយាមធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េ»។
លោក Chang Ungសមាជិក IOC របស់កូរ៉េខាងជើងនិងលោក Do Jong-hwan រដ្ឋមន្ត្រីក្រសួងកីឡាថ្មីរបស់កូរ៉េខាងត្បូង បានមកទីក្រុង Muju ដើម្បីចូលរួមការបើកការ ប្រកួតជ្រើសរើសជើងឯកតៃក្វាន់ដូ។ អស់លោកត្រូវគេរំពឹងថា នឹងពិភាក្សាពីលទ្ធ ភាពនៃការចូលរួមរបស់កូរ៉េខាងជើងក្នុងកីឡាអូឡាំពិករដូវត្រជាក់ PyeongChang ឆ្នាំ២០១៨។ រដ្ឋមន្ត្រីក្រសួងកីឡាកូរ៉េខាងត្បូង បានស្នើឲ្យបង្កើតក្រុមកីឡាវាយកូនគោលលើកទឹកកករបស់ស្ត្រីរួមគ្នាដែលជាសញ្ញានៃការសាមគ្គីភាពរបស់កូរ៉េ។
ប្រធានាធិបតី Moon នៃប្រទេសកូរ៉េខាងត្បូងនិយាយថា លោកសង្ឃឹមថា កូរ៉េខាងជើងនឹងមិនត្រឹមតែមកចូលរួមកីឡាអូឡាំពិកនៅឆ្នាំក្រោយទេ ក៏ប៉ុន្តែ លោកក៏បានស្នើឲ្យកូរ៉េទាំង២ដាក់ពាក្យធ្វើជាម្ចាស់ផ្ទះរួមគ្នាសម្រាប់ការរៀបចំកីឡាប្រកួតយកពានរង្វាន់ពិភពលោក World Cup នៅឆ្នាំ២០៣០ទៀតផង។
លោកប្រធានាធិបតី Moon បានថ្លែងនៅឯការប្រកួតយកជើងឯងតៃក្វាន់ដូថា៖ «បើ ក្រុមកូរ៉េខាងជើងចូលរួមក្នុងកីឡាអូឡាំពិករដូវត្រជាក់ PyeongChang ខ្ញុំគិតថា កីឡាអូឡាំពិកនេះ នឹងរួមវិភាគទានយ៉ាងខ្លាំងដើម្បីធ្វើឲ្យដឹងថា ភាពចុះសម្រុងគ្នារបស់មនុស្សជាតិ ហើយនិងភាពប្រសើរឡើងនូវសន្តិភាពក្នុងពិភពលោកជាតម្លៃនៃកីឡាអូឡាំពិកនេះ»។
សាធារណជននៅសហរដ្ឋអាមេរិកខឹងសម្បារដ្ឋជិះជាន់សង្កត់សង្កិនរបស់ Kim Jong Un បានកើនឡើងបន្ទាប់ពីការស្លាប់ដ៏គួរឲ្យរន្ធត់កាលពីពេលថ្មីៗនេះរបស់លោក Otto Warmbierនិស្សិតអាមេរិកាំងដែលបានត្រូវចាប់ខ្លួននៅក្នុងប្រទេសកូរ៉េខាងជើងហើយបានស្ថិតនៅក្នុងការឃុំឃាំងអស់រយៈពេលជាងមួយឆ្នាំ ថ្វីបើមានរបួសយ៉ាងខ្លាំងដែលបានធ្វើឲ្យលោកភ្លឹក។
ក៏ប៉ុន្តែ ការគាំទ្ររបស់សាធារណជនកូរ៉េខាងត្បូងដើម្បីទាក់ទងជាមួយកូរ៉េខាងជើងកំពុងកើនឡើង។
យោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះដោយក្រុមប្រឹក្សាផ្តល់យោបល់ការបង្រួបបង្រួមជាតិបានប្រាប់ឲ្យដឹងថា ជនជាតិកូរ៉េខាងត្បូងជាង៧០ភាគរយគាំទ្រការបង្កើតបណ្តាញសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង៕
ប្រែសម្រួលដោយជឹង ប៉ូជីន