កិច្ចឈប់បាញ់គ្នាមួយដែលបានត្រូវសម្របសម្រួលឱ្យមានឡើងដោយស.រ.អា.និងប្រទេសរុស្ស៊ីបានចូលជាធរមានកាលពីថ្ងៃចន្ទក្នុងប្រទេសស៊ីរី តែប៉ុន្មានម៉ោងក្រោយពីកងយន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរីបានបើកការវាយប្រហារតាមអាកាសនៅជុំវិញក្រុង Aleppo និងខេត្តឯទៀតៗក្នុងប្រទេសស៊ីរី។
ការវាយប្រហារនោះបានបណ្តាលឱ្យមានកំណើនការសង្ស័យ និងការខឹងសម្បាក្នុងចំណោមពួកមេដឹកនាំក្រុមឧទ្ទាមដែលមានការសង្ស័យខ្លាំងអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ។ ពួកគេបាននិយាយថា កិច្ចឈប់បាញ់គ្នានេះគ្រាន់តែជាការជួយជ្រោមជ្រែងរបបគ្រប់គ្រងរបស់ប្រធានាធិបតី Bashar al-Assad តែប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទ ក្រុមប្រឆាំងប្រដាប់អាវុធនៃប្រទេសស៊ីរីបានចេញផ្សាយការទាមទារមួយចំនួននិងសំណើសុំឱ្យមានការបំភ្លឺពីសំណាក់ស.រ.អា.អំពីការបញ្ឈប់អរិភាពដែលមានឡើងចំពេលនឹងការចាប់ផ្តើមបុណ្យ Eid al-Adha ដែលជាបុណ្យធំមួយនៃសាសនាឥស្លាម។
ប្រធានាធិបតី Assad មិនបានជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យពួកឧទ្ទាមចូលរួមក្នុងកិច្ចឈប់បាញ់គ្នានេះទេ ដោយលោកបានសន្យាកាលពីថ្ងៃចន្ទថា នឹងវាយយកមកវិញនូវប្រទេសស៊ីរីទាំងមូល។ ទូរទស្សន៍រដ្ឋបានបង្ហាញលោក Assad ដែលបានទៅទស្សនាសង្កាត់ Daraya ដែលជាតំបន់ជាយក្រុងមួយនៃរដ្ឋធានីដាម៉ាស់ ដែលកងកម្លាំងរដ្ឋាភិបាលបានវាយយកបានមកវិញកាលពីខែមុន។
មេដឹកនាំស៊ីរីរូបនេះបានសូត្រធម៌ជាមួយពួកមន្ត្រីនៅក្នុងព្រះវិហារឥស្លាមមួយក្នុងសង្កាត់ Daraya ហើយនៅក្នុងសេចក្តីសម្ភាសន៍មួយលោកបាននិយាយថា «រដ្ឋស៊ីរីប្តេជ្ញាវាយយកមកវិញនូវតំបន់ទាំងអស់ពីពួកភេរវជន»៕