ស.រ.អា និងរុស្ស៊ីបានប្រកាសផែនការយ៉ាងស្មុគ្រស្មាញនិងធំធេងមួយនៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងទីក្រុងហ្សឺណែវ ដើម្បីបញ្ឈប់សង្គ្រាម៥ឆ្នាំនៅប្រទេសស៊ីរី និងដើម្បីឲ្យប្រទេសទាំងពីរធ្វើសហប្រតិបត្តិការក្នុងការបង្រ្កាបក្រុមភេរវកម្មនៅប្រទេសស៊ីរី។
កិច្ចព្រមព្រៀងនេះអំពាវនាវឲ្យភាគីទាំងអស់តាំងចិត្តឡើងវិញចំពោះបទឈប់បាញ់ទូទាំងប្រទេស នៅមុនពេលថ្ងៃលិចនៃថ្ងៃទី១២កញ្ញា ដែលជាថ្ងៃចាប់ផ្តើមនៃបុណ្យ Eid នៃសាសនាឥស្លាម។
«យើងគិតថាគ្មានអ្វីសាកសមជាងការដែលភាគីទាំងអស់ប្រមូលផ្តុំគ្នា ហើយធ្វើឲ្យបុណ្យ Eid នេះ មានន័យសម្រាប់ពលរដ្ឋស៊ីរី និងតំបន់នេះទេ» នេះជាប្រសាសន៍របស់លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry ពេលដែលលោកឈរនៅទន្ទឹមគ្នាជាមួយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ។
ស.រ.អានិងប្រទេសរុស្ស៊ីបានយល់ស្របគ្នាលើវិធានការដែលនឹងរារាំងមិនឲ្យកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី ធ្វើការហោះហើរពីលើទីតាំងរបស់ក្រុមប្រឆាំង និងលើកន្លែងផ្សេងៗទៀត ដែលមានការព្រមព្រៀងគ្នា។
លោក Lavrov បានថ្លែងថា លោកបានប្រាប់រដ្ឋាភិបាលស៊ីរីអំពីកិច្ចព្រមព្រៀងនេះ ហើយថារដ្ឋាភិបាលរបស់លោក Assad ត្រៀមខ្លួនជាស្រេចដើម្បីគោរពតាម៕