ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពី​សិស្ស​ពូកែ​គណិតវិទ្យា​ លោក​គឹម សុខ​ក្លាយ​​ទៅ​ជា​យុវជន​សកម្ម​ក្នុង​សង្គម ​ជា​អ្នក​នយោបាយ​និង​អ្នកវិភាគ​


គឹម សុខ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«‍ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា៖ មួយ​ឆ្នាំ​ក្រោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក ផ្ញើ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន» ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ (លឹម សុធី/VOA)

ជីវិត​របស់​ គឹម សុខ ​បាន​ផ្លាស់​ប្តូរ​ពី​សិស្ស​​ពូកែ​គណិតវិទ្យា​ទៅ​ជា​យុវជន​សកម្ម​ក្នុង​បញ្ហា​សង្គម​ យុវជន​នយោបាយ​ នឹង​ចុង​ក្រោយ​ជា​អ្នក​វិភាគ​មួយ​រូប។ ​ក្រុម​គ្រួសារ​របស់​លោក​នៅ​តែ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​លោក​រិះគន់​រដ្ឋាភិបាល​ធ្ងន់ៗ​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​​

​ម្តាយ​របស់​លោក​ គឹម សុខ​ ជារឿយៗ​តែង​រំឭក​ប្រាប់​កូន​របស់​អ្នកស្រី​ថា​ កុំ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្បី​ដូច​លោក​ កែម ឡី ​ដែល​ជា​អ្នក​វិភាគ​សង្គម​ ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី ឆ្នាំ​មុន។ ​ទោះ​ជា​យ៉ាងណា​សម្តី​របស់​អ្នកស្រី​បាន​ត្រឹមតែ​ប្រហើរ​ចោល​ប៉ុណ្ណោះ។​

កាល​ពី​ខែ​កុម្ភៈ​អ្នក​វិភាគ​សង្គម​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ហើយ​ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​រិះគន់​របស់​លោក​ទៅ​លើ​រដ្ឋបាល​លោក ហ៊ុន សែន។​

ម្តាយ​របស់​លោក​ គឹម សុខ ​គឺ​អ្នកស្រី​ ជូ សាមិ​ ដែល​មាន​អាយុ៥៥​ឆ្នាំ ​ហើយ​ដែល​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​មាន​ប្រសាសន៍​ថា៖​

​«រំឭក​ដែរ!​ ខ្ញុំ​ថា​កូន​ឯង​កុំ​នេះ​អី!​ ​មើល​លោក​ កែម ឡី ​គាត់​ល្បី​ហើយ​ ទោះ​បី​ជា​គាត់​ស្លាប់ មាន​អ្នក​គាំទ្រ​ច្រើន​នាក់។​ កូន​ឯង​ក្មេង​ក្រោយ​មិន​ដូច​គាត់​ទេ។ ​កូន​ឯង​កុំ​ធ្វើ​ដូច​គាត់។ ​បាន​រំឭក​ដែរ!​ ប៉ុន្តែ​កូន​នៅ​តែ​ធ្វើ​មិន​ដឹង​ ធ្វើ​យ៉ាង​ម៉េច​ទេ»។​

ម្តាយ​របស់​លោក គឹម សុខ ​អ្នកស្រី ជូ សាមិ អាយុ៥៥​ឆ្នាំ រស់នៅ​ក្នុងទីក្រុងភ្នំពេញ ជាមួយកូន​របស់​អ្នកស្រី។ អ្នកស្រីបានថ្លែង​ប្រាប់ ​VOA ថា​អ្នក​ស្រី​មិន​បានដឹងថា​កូនប្រុស​ធ្វើ​ជា​អ្នកវិភាគនោះទេ មុន​ពេល​លោក​ត្រូវបាន​ប្តឹងដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។(ស៊ុន ណារិន/VOA)
ម្តាយ​របស់​លោក គឹម សុខ ​អ្នកស្រី ជូ សាមិ អាយុ៥៥​ឆ្នាំ រស់នៅ​ក្នុងទីក្រុងភ្នំពេញ ជាមួយកូន​របស់​អ្នកស្រី។ អ្នកស្រីបានថ្លែង​ប្រាប់ ​VOA ថា​អ្នក​ស្រី​មិន​បានដឹងថា​កូនប្រុស​ធ្វើ​ជា​អ្នកវិភាគនោះទេ មុន​ពេល​លោក​ត្រូវបាន​ប្តឹងដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។(ស៊ុន ណារិន/VOA)

អ្នកស្រី​បាន​ប្រាប់ ​VOA ​បន្ថែម​ថា៖

«ខ្ញុំ​គ្រាន់​តែ​ថា ​កូន​ណា!​ កុំ​ធ្វើ​អញ្ចឹង​អី!​ យើង​រក​ស៊ី​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​តែ​យើង​ចិញ្ចឹម​ខ្លួន​រស់​ទៅ!​ ម៉ែ​ខ្លាច​ធ្វើ​អញ្ចឹង​ម៉ែ​ខ្លាច​ មាន​គ្រោះ​ថ្នាក់​អីម៉ែ​ពិបាក​ណាស់។​ ម៉ែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ជួយ។​ កូន​បាន​ ឆ្លើយ​ថា​ ខ្ញុំ​មិន​អី​ទេ​ម៉ែ!​ ខ្ញុំ​អត់​អីទេ!​ ម៉ែ​ឯង​កុំ​ព្រួយ​ខ្ញុំ។ ខ្ញុំ​មិន​អី​ទេ​ ឆ្លើយ​តែ​អញ្ចឹង​ រាល់​ដង​ច្រើន​តែ​អញ្ចឹង»។​

លោក​ គឹម សុខ ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​១៧​ ខែកុម្ភៈ​ ក្រោយ​ពី​តុលាការ​បាន​ចោទ​ប្រកាន់​រូប​លោក​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​៣០៥​ មាត្រា​៤៩៤​ និង​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ។​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ប្តឹង​លោក​ ដោយ​ចោទ​ថា​ លោក​បាន​ថ្លែង​ចំៗ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី។ ​បើ​សិន​រក​ឃើញ​កំហុស ​លោក​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី​៦ខែ​ទៅ​២ឆ្នាំ។​

លោកគឹម សុខ ដែលជាអ្នកវិភាគនយោបាយនិងសង្គម ចូលខ្លួនបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ តុលាការបានចោទលោកគឹម សុខ ពីបទ «បទបរិហាកេរ្តិ៍ ជាសាធារណៈនិងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម» តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (ហ៊ាន សុជាតា/VOA)
លោកគឹម សុខ ដែលជាអ្នកវិភាគនយោបាយនិងសង្គម ចូលខ្លួនបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ តុលាការបានចោទលោកគឹម សុខ ពីបទ «បទបរិហាកេរ្តិ៍ ជាសាធារណៈនិងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម» តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (ហ៊ាន សុជាតា/VOA)

ជីវិត​របស់​ គឹម សុខ ​បាន​ផ្លាស់​ប្តូរ​ពី​សិស្សពូកែ​គណិតវិទ្យា​ទៅ​ជា​យុវជន​សកម្ម​ក្នុង​បញ្ហា​សង្គម​ យុវជន​នយោបាយ​ នឹង​ចុង​ក្រោយ​ជា​អ្នក​វិភាគ​មួយ​រូប។ ​ក្រុម​គ្រួសារ​របស់​លោក​នៅ​តែ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​លោក​រិះគន់​រដ្ឋាភិបាល​ធ្ងន់ៗ​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។

នៅ​ក្នុង​ជីវិត​នយោបាយ​ លោក​ គឹម សុខ ​ធ្លាប់​មាន​មុខងារ​ជា​ទីប្រឹក្សា​នៅ​ក្រសួង​ព័ត៌មាន។​

​មាន​ស្រុក​កំណើត​នៅ​ភូមិ​បេង​ ឃុំ​ក្រពុំឈូក​ ស្រុក​កោះអណ្តែត​ ខេត្ត​តាកែវ​ លោក​ គឹម សុខ​ ដែល​មាន​អាយុ​៣៧ឆ្នាំ​ ជា​កូន​ច្បង​ក្នុង​គ្រួសារ​មួយ​ដែល​មាន​បងប្អូន​៥នាក់។សព្វថ្ងៃ​នេះ​ឪពុក​ម្តាយ​និង​បងប្អូន​របស់​លោក​ បាន​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ ឪពុក​របស់​លោក​ ជា​អតីត​នគរបាលម្នាក់​បម្រើ​ការ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ​ចំណែក​ម្តាយ​របស់​លោក​ ធ្លាប់​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ម្តាយ​របស់​លោក​ រស់​នៅ​ជាមួយ​កូន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មិន​ធ្វើ​ការងារ​អ្វី​ទាំងអស់។

នៅ​អាយុ​ប្រហែល​១០ឆ្នាំ​ និង​ស្របពេល​ដែល​ឪពុក​ជាប់​បំពេញ​ការងារ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ លោក​ គឹម សុខ​ បាន​ជួយ​ម្តាយ​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​ ភ្ជួររាស់​ផ្សេងៗ។​ ទោះ​ជា​យ៉ាង​ណា​លោកមិន​បោះបង់​ការ​សិក្សា​របស់​លោក​នោះ​ទេ។​

ម្តាយ​របស់​លោក​បញ្ជាក់​ថា៖

«លោក​ គឹម សុខ​ ហ្នឹង​តាំង​ពី​តូច​មក​ការ​រៀន​សូត្រ​ព្យាយាម​ណាស់។​ នៅ​តូច​ទៅ​មើល​គោ។ កូន​ខ្ញុំ​ក៏​យក​សៀវភៅ​ទៅ​មើល​ដែរ»។​

លោក​ គឹម សុខ​ ជា​ក្មេង​ម្នាក់​ដែល​រៀន​ពូកែ​ផ្នែក​គណិតវិទ្យា។ ​នេះ​បើ​តាម​ប្អូន​ប្រុស​របស់​លោក​ គឺ​លោក​ គឹម សេង​ អាយុ៣៥​ឆ្នាំ។

លោក​មាន​ប្រសាសន៍​ប្រាប់ VOA ​ថា៖​

«កាល​នៅ​វិទ្យាល័យ​ទន្លាប់​ សិស្ស​ថ្នាក់​ទី១១​ ចង់​បាន​គាត់​ជាង​គ្រូ​ទៀត​ ឲ្យ​តែ​គាត់​ព្រម គេ​យក​គាត់​ គេ​អត់​យក​គ្រូ​ទេ! ​ការពិត​នៅ​ហ្នឹង!​ គេ​ចង់​បាន​គាត់​គេ​ចង់​បាន​គាត់​ទៅ​បង្រៀន​ហ្មង»។​

ម្តាយ​របស់​លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា៖

«កូន​រៀន​ពូកែ​ដែរ​ ប៉ុន្តែ​ខ្ញុំ​អត់​មាន​ជីវភាព​អី​ជួយ​កូន​ឲ្យ​បាន​រៀន​សូត្រ​គ្រប់គ្រាន់​ទេ​ តែ​កូន​វា​ប្រឹង​ដោយ​ខ្លួន​ឯង។ ​មាន​អ្នក​ជិតខាង​ខ្លះ​ ​ក៏​គេ​ថា​ ក្រ​ប៉ុណ្ណឹង​ហើយ​ ខំ​ឲ្យ​កូន​រៀន​ទាំង​អស់​ ជោរ!​ ជោរ!​ គេ​ចង់​ថា​យើង​ហ្នឹង​ជោរ​ យើង​ក្រ​ហើយ​ យើង​ឲ្យ​កូន​រៀន»។​

ប្អូន​ប្រុស​របស់​លោក​ គឹម សុខ​ បាន​និយាយ​ថា ​លោក​ គឹម សុខ ​មិន​ដែល​និយាយ​ពី​បញ្ហា​នយោបាយ​ឬ​រឿង​សង្គម​អ្វី​នោះ​ទេ។ តែ​ជីវិត​របស់​លោក​បាន​ផ្លាស់​ប្តូរ​ ពេល​លោក​មក​ទីក្រុង​ភ្នំពេញ។​

ក្នុង​ឆ្នាំ​១៩៩៨​ លោក​ គឹម សុខ ​បាន​មក​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ ដោយ​បាន​ស្នាក់​អាស្រ័យ​នៅ​វត្ត​លង្កា​ ​តាម​រយៈ​អ៊ំ​របស់​លោក​ដែល​បាន​ជួយ​សុំ​អ្នក​គ្រប់គ្រង​វត្តឲ្យ​បាន​ស្នាក់​នៅ។​

ក្រោយ​ពី​រៀន​ត្រៀម​រយៈ​ពេល​ពីរ​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ឆ្នាំ​២០០០​ លោក​បាន​ទទួល​អាហារូបករណ៍​សិក្សា​បរិញ្ញាបត្រ​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​ និង​បាន​បញ្ចប់​នៅ​ឆ្នាំ​២០០៤។​

ទោះជា​យ៉ាង​ណា​ ក្នុង​អំឡុង​ពេល​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ លោក​បាន​ក្លាយ​ជា​មនុស្ស​ដែល​សកម្ម​នឹង​បញ្ហា​សង្គម​ ដែល​ក្នុង​នោះ​មាន​តវ៉ា​រឿង​ព្រំដែន​ បញ្ហា​អន្តោប្រវេសន៍​ និង​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​ផ្សេងៗ​ទៀត។​

ជា​យុវជន​ចូលរួម​ក្នុង​ចលនា​រណសិរ្ស​ខ្មែរ​ លោក​ គឹម សុខ​ បាន​ប្រាប់ ​VOA​ មុន​ពេល​លោក​ជាប់​ពន្ធនាគារ​ថា ​ក្នុង​ឆ្នាំ​១៩៩៩​ លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ។​ ចាប់​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៨​ លោក​បាន​ក្លាយ​ជា​មន្ត្រី​ខុទ្ទកាល័យ​របស់​សម្តេច​ក្រុមព្រះ។​

ទោះជា​យ៉ាងណា​ លោក​ គឹម សុខ ​បាន​ឈប់​សកម្មភាព​នយោបាយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ។​ បន្ទាប់​មក​ លោក​បាន​ផ្តោត​ទៅ​លើ​ការងារ​សង្គម​ និង​ធ្វើ​ការងារ​លើ​គម្រោង​មួយ​ចំនួន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

ក្រុមគ្រួសារ​របស់​លោក​ គឹម សុខ ​បាន​បង្ហាញ​ក្តី​បារម្ភ​ពី​សកម្មភាព​របស់​លោក​នៅ​ក្នុង​សង្គម និង​នយោបាយ។

ម្តាយ​របស់​លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា​ មុន​ពេល​លោក​ត្រូវ​បាន​លោក​ ហ៊ុន សែនប្តឹង ​អ្នកស្រី​មិន​ដឹង​ថា​លោក​ គឹម សុខ​ ជាអ្ន​ក​វិភាគ​នោះ​ទេ ​ដោយសារ​កូន​របស់​អ្នកស្រី​បាន​ព្យាយាម​លាក់​បាំង​ព័ត៌មាន​ទាំង​នេះ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ដឹង​ខ្លះៗ​ដែរ​ តែ​ខ្ញុំ​ហាម​ឃាត់​កូន​មិន​ព្រម​ ទឹក​ចិត្ត​របស់​កូន​ ដឹង​ធ្វើ​យ៉ាង​ម៉េច។ ខ្ញុំ​ជា​ម្តាយ​ឃាត់​ខ្លះៗ​ដែរ ចេះ​តែ​ខ្លាច។​ មក​ដល់​សព្វថ្ងៃ​ ខ្ញុំ​ដឹង​ខ្ញុំ​ឃាត់​រហូត​ដែរ​ ប៉ុន្តែ​កូន​នៅ​តែ​ថា​ខ្ញុំ​មិនទេ​ម៉ែ!​ ខ្ញុំ​មិន​អី​ទេ​ម៉ែ!​ មិន​ឲ្យ​ម៉ែ​បារម្ភ​រហូត»។​

ចំណែក​លោក​ គឹម សេង​ ប្អូន​ប្រុស​របស់​លោក​ គឹម សុខ​ មាន​ប្រសាសន៍​ប្រាប់ ​VOA​ថា៖​

«ខ្ញុំ​ធ្លាប់​ឃាត់​គាត់​បាន​ម្តង នៅ​ពេល​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ ​ចេះ​តែ​ធ្លាក់​ទៅ ​ខ្ញុំ​សូម​អង្វរ​គាត់​ចាក​ចេញ​ ហើយ​រស់​នៅ​ធម្មតា ​អញ្ចឹង​បាន​គាត់​ចាកចេញ»។​

លោក​ គឹម សុខ​ បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​២០១១​ជាមួយ​នារី​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​តាកែវ​ដូចគ្នា។​ លោក​មាន​កូនស្រី​ម្នាក់​ដែល​មាន​អាយុ​៥ឆ្នាំ។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ លោក​និង​ភរិយា​របស់​លោក​បាន​រស់​នៅ​ផ្សេង​ពី​គ្នា​មក​ដល់​ពេល​នេះ​ បើ​ទោះ​ជា​មិន​មាន​ការ​លែង​លះ​គ្នា​ក៏​ដោយ។​ ក្រុម​គ្រួសារ​លោក​បាន​អះអាង​ថា ​ពេល​រស់​នៅ​ជាមួយ​ភរិយា​ លោក​និង​ភរិយា​របស់​លោក​បាន​ប្រកប​របរ​លក់មាស​ខ្នាត​តូច​ក្នុង​ផ្សារ​តាកែវ។

ក្រោយ​ពី​រៀបការ​បាន​ប៉ុន្មាន​ខែ​ ក្នុង​ឆ្នាំ​២០១២​ លោក​ គឹម សុខ​ បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ​Beijing Jiaotong ក្នុង​ប្រទេស​ចិន។

លោក​ គឹម សេង​ មាន​ប្រសាសន៍​ថា៖ ​

«ក្តី​បំណង​របស់​គាត់​ពេល​ដំបូង​គឺ​គាត់​ចង់​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។​ អញ្ចឹង​គាត់​ព្យាយាម​ប្រឡង​ទៅ​ប្រទេស​ផ្សេងៗ​ ប៉ុន្តែ​ដោយសារ​គាត់​ជាប់​នៅ​ចិន​មុន​ គាត់​សម្រេច​ចិត្ត​ទៅ​តែ​ម្តង។ ​អត់​រារែក​ទេ!​ គាត់​ជាប់​គាត់​សប្បាយ​ចិត្ត​គាត់​ទេ»។

​លោក​បញ្ជាក់​ថា​ បង​ប្រុស​មិន​ប្រកាន់​ថា ​ប្រទេស​ចិន​ជា​ប្រទេស​កុម្មុយនីស្ត​នោះ​ទេ។​

នៅ​ពេល​ត្រឡប់​ពី​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ ​២០១៥​ លោក​បានប្រកប​របរ​លក់​ថ្នាំ​លាប​ជញ្ជាំង​លក្ខណៈ​តូច​ល្មម។​ ​បន្ទាប់​ពី​ការ​រស់​នៅ​បែក​គ្នា​ជាមួយ​ភរិយា​ លោក​បាន​ចាប់​ផ្តើម​ជីវិត​ជា​អ្នក​សកម្ម​ក្នុង​សង្គម​ឡើង​វិញ។​

លោក​ គឹម សុខ​ បាន​ចូលរួម​ជាមួយ​ក្រុម​យុវជន ​Politikoffee ​ដែល​ជាក្រុម​តែង​តែ​ពិភាក្សា​បញ្ហា​សង្គម​និង​នយោបាយ។​ ដោយ​សារ​ភាពសកម្ម​ក្នុង​ការ​ចែក​រំលែក​គំនិត លោក​ត្រូវ​បាន​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ទាក់ទង​ផ្តល់​បទ​សម្ភាសន៍​អំពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃទី​៥-៦​ កក្កដា។ ​បន្ទាប់​មក​ឈ្មោះ​របស់​លោក​ត្រូវ​បាន​សាធារណជន​និងអ្នកសារព័ត៌មាន​ស្គាល់​និង​ទាក់ទង​ធ្វើ​បទសម្ភាសន៍​ជា​បន្តបន្ទាប់។​

ម្តាយ​របស់​លោក​ គឹម សុខ បាន​និយាយប្រាប់ VOA ថា៖

«ខ្ញុំ​មិន​ដឹង​អ្នក​វិភាគ!​ អ្នក​អី!​ ​ខ្ញុំ​អត់​ដឹង​ផង!​ កូន​ខ្ញុំ​អាមួយ​ទីបួន​ប្រាប់​ថា​ម៉ែ!​ បង​ សុខ ​ឥឡូវ​ចាប់ផ្តើម​ល្បី!​ ម៉ែ​ឥឡូវ ឡើង​ប៉ុស្តិ៍​អាស៊ីសេរី​ញឹក​ណាស់»។​

លោក​ គឹម សុខ​ មិន​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ហៅ​លោក​ជា​អ្នក​វិភាគ​នយោបាយ​នោះ​ទេ គឺ​ត្រឹម​តែ​អ្នក​សង្កេត​ពី​ការ​អភិវឌ្ឍ​សង្គម​និង​អ្នក​នយោបាយ​កម្ពុជា។​

លោក​ គឹម សុខ​ ធ្លាប់​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ក្រសួង​ព័ត៌មាន​ចាប់​ពី​ឆ្នាំ២០០៨​ដល់​ឆ្នាំ​២០១៣​ ​ជា​តួនាទី​មួយ​ ដែល​លោក​ទទួល​បាន​ក្រោយ​ពី​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​សន្យា​ថា​នឹង​រក្សា​តំណែង​រដ្ឋាភិបាល​សម្រាប់​ពួកគេ។

ប្អូន​ប្រុស​របស់​លោក​ គឹម សុខ​ បាន​បញ្ជាក់​ថា ​លោក​បាន​ដឹង​ថា​លោក​ គឹម សុខ​ ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ ប៉ុន្តែ​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​លោក​ឈប់​បំពេញ​ការងារ​នោះ​ទេ។

នៅ​ពេល​លោក​ចាប់​ផ្តើម​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក​ត្រូវ​បាន​ណែនាំ​ឲ្យ​ចូលរួម​ក្នុង​មូលនិធិ​អ្នកវិភាគ​ខ្មែរ។ ​ប៉ុន្តែ​បន្ទាប់​មក​លោក​បាន​ចាកចេញ​ពី​មូលនិធិ​នោះ​ ក្រោយ​ លោក​ កែម ឡី ​ត្រូវ​បាន​គេបាញ់​សម្លាប់។

ដោយសារ​ការ​រិះគន់​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​ គួបផ្សំ​នឹង​ប្រវត្តិ​នយោបាយ​របស់​លោក លោក​ គឹម សុខ ​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ចារកម្ម​បង្កប់។​

សមាជិក​ម្នាក់​ដែល​បាន​ចូលរួម​បង្កើត​មូលនិធិ​អ្នកវិភាគ​ខ្មែរ​ លោក​ ហ៊ីង សុខសាន្ត​ មាន​ប្រសាសន៍​ប្រាប់ ​VOA ថា ​លោក​ គឹម សុខ​ បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​បង្កើត​មូលនិធិ​នេះ​បាន​ចំនួន​ពីរ​ដង​ ហើយ​បន្ទាប់​មក​លោក​ក៏​បាន​ឈប់​ ដោយ​ពុំ​មាន​មូលហេតុ​ ក្រោយ​ពី​លោក​ កែម ឡី​ ត្រូវ​បាន​បាញ់​សម្លាប់។​

លោក​មាន​ប្រសាសន៍​ថា៖

«អញ្ចឹង​មាន​ន័យ​ថា ​គាត់​ចេញ​ពី​ក្រុម​ ដោយ​អត់​មាន​ដំណឹង​ទាំងអស់​ តាំង​ពីហ្នឹង​មក។​ អញ្ចឹង​ហើយ​យើង​គិត​ថា​គាត់​លែង​ចូល​រួម​ការ​បង្កើត​មូលនិធិ​របស់​កែម ឡី ​ហ្នឹង​ហើយ!​ ប៉ុន្តែ​យើង​នៅ​តែ​គិត​ថា ​អ្នក​វិភាគ​ទាំងអស់​នៅ​ស្រុក​ខ្មែរ​គឺ​ជា​បងប្អូន​យើង​ ដើម្បី​យើង​ជជែក​គ្នា​ផ្តល់​គំនិត​ក្នុង​នាម​យើង​ជា​បញ្ញវន្ត»។​

លោក​បន្ត​ថា​ មូលនិធិ​បាន​ព្យាយាម​ទាក់ទង​លោក​ គឹម សុខ ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ និង​ចង់​ណែនាំ​ឲ្យ​លោក​មាន​ការប្រុង​ប្រយ័ត្ន​នៅ​ពេល​វិភាគ​ម្តងៗ។ ​ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​នោះ​ទេ។​

បន្ទាប់​ពី​លោក​ កែម ឡី ​ត្រូវ​បាន​បាញ់​សម្លាប់​ មូលនិធិ​ដែល​ធ្លាប់​មាន​លោក​ កែម ឡី​ ជា​សមាជិក​ ក៏​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា​មូលនិធិ ​កែមឡី។​

លោក​ ហង្ស វិទូ ​សមាជិក​មូលនិធិលោក ​កែម ឡី ​មាន​ប្រសាសន៍​ថា​ លោក​ គឹម សុខ​ បាន​ចូលរួម​ក្នុង​មូលនិធិ​នេះ ​តាម​ការ​ណែនាំ​ពី​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​លោក។ ​លោក​បន្ត​ថា​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ លោក គឹម សុខ ​ជា​ចារកម្ម​និងជា​ជន​បង្កប់ ប៉ុន្តែ​លោក​យល់​ថា ​លោក​ គឹម សុខ​ មិនមែន​ជា​ជន​បង្កប់​នោះ​ ដោយសារ​ការ​វិភាគ​របស់​លោក​មាន​ភាព​ឯករាជ្យ​និង​រិះគន់​ចំៗ​លើ​រដ្ឋាភិបាល។

លោក​មាន​ប្រសាសន៍​ប្រាប់ VOA ​ថា៖

«ជាសរុប​គឺ​ខ្ញុំ​យល់​ឃើញ​ថា លោក​ គឹម សុខ​ មិន​មែនជា​ Spyអី​ទេ!​ អានេះ​គឺ​ជាការ​ចោទ​ប្រកាន់​មួយ​ដែល​គ្មាន​ភស្តុតាង​ច្បាស់លាស់។ ​ខ្ញុំ​យល់​ថា​គាត់​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់​ជា​មនុស្ស​ដែល​ក្លាហាន​ ហ៊ាន​និយាយ​នូវ​ការពិត​ គាត់​ជាមនុស្ស​ដែល​សកម្ម​និយម គាត់​តែង​តែ​និយាយ​សកម្មភាព​ហើយ​ទើប​គាត់​និយាយ​តាម​ក្រោយ»។​

ទោះជា​យ៉ាងណា​ លោក​មាន​ប្រសាសន៍​ថា​ លោក​ គឹម សុខ​ ជា​មនុស្ស​មាន​ភាព​រឹងរូស​បន្តិច​ ហើយ​អ្វី​ដែល​គាត់​គិត​ថា​ល្អ​ ហើយ​ត្រឹមត្រូវ​ គាត់​នឹង​និយាយ​ ទោះ​ជា​មាន​ការ​ហាមឃាត់​ឬ​ណែនាំ​ពី​អ្នកណា​ក៏ដោយ។​

មិត្តភក្តិស្និទ្ធស្នាល​របស់​លោក​ គឹម សុខ​ ដែល​ស្គាល់​លោក ​ជាង​២០ឆ្នាំ​ ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ដោយ​សារ​លោក​កំពុង​ធ្វើ​ការ​ជា​មន្ត្រី​រាជការ​របស់​រដ្ឋាភិបាល​ថា​ លោក​ គឹម សុខ​ មិន​មែន​ទើប​តែ​រិះគន់​រដ្ឋាភិបាល​ខ្លាំងៗ​នា​ពេល​ចុង​ក្រោយ​នេះទេ​ គឺ​លោក​បាន​រិះគន់​ខ្លាំងៗ​កាល​ពី​អតីត​កាល​ តែ​មិន​សូវ​មាន​អ្នក​ណា​ស្គាល់​ឈ្មោះ​របស់​លោក​នោះ​ទេ។​

លោក​បន្ត​ថា​ លោក​ គឹម សុខ ​បាន​ចាក​ចេញ​ពី​ក្រុម​អ្នកវិភាគ​ ដោយសារ​លោក​យល់​ឃើញ​ថា​ក្រុម​នេះ​នឹង​មិន​ផ្តល់​ផលប្រយោជន៍​ដល់​រូប​លោក​ ដោយ​សារ​តែ​ក្រុម​អ្នក​វិភាគ​នេះ​ ​មិន​ហ៊ាន​និយាយ​ វិភាគ​ និង​ ​រិះគន់ចំៗ​លើ​រដ្ឋាភិបាល។

ទោះជា​យ៉ាងណា​ លោក​ជឿ​ថា ​លោក​ គឹម សុខ​ ជា​ជន​រងគ្រោះ​ពិត​ប្រាកដ​ មិន​មែនជា​ចារកម្ម​ ដូច​មតិ​មួយ​ចំនួន​លើក​ឡើង​នោះ​ទេ។​

ចំណែក​ប្អូន​ប្រុស​របស់​លោក​ គឹម សុខ​ ក៏​បាន​បដិសេធ​ផងដែរ​ថា​ បង​ប្រុស​របស់​លោក​មិន​មែន​ជា​ចារកម្ម​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ ​

«បើ​សិន​ជា​អញ្ចឹង!​ គាត់​មិន​ទុក​គ្រួសារ​ឲ្យ​នៅ​ពិបាក​ជីវភាព​ ការ​រស់​នៅ។ ជ្រុល​ធ្វើ​អញ្ចឹងដែរ! ការ​រស់​នៅ​ស្រួល​បាត់​ហើយ។ បើ​ជា​មនុស្ស​គេ ចាំបាច់​ទៅ​ជាប់ឃុំ​ឃាំង ចាំបាច់​ឲ្យ​គ្រួសារ​ពិបាក​ធ្វើ​អី។ គាត់​ខ្លួន​ឯង​ ក៏​វេទនា ចាំបាច់​ទៅ​ធ្វើ​អញ្ចឹង​ធ្វើ​អី »។

ក្រុម​គ្រួសារ​របស់​លោក​ គឹម សុខ​ បាន​ឲ្យ​ដឹង​ថា​ លោក​ គឹម សុខ​ មិន​ចង់​ឲ្យ​ក្រុមគ្រួសារ​ទៅ​សួរ​សុខទុក្ខ​លោក​នៅ​ពន្ធនាគារ​នោះទេ​ ដោយសារ​លោក​មិន​ចង់​ឲ្យ​ក្រុមគ្រួសារ​ពាក់ព័ន្ធ​រឿង​នេះ។​

ប្អូន​ប្រុស​របស់​លោក​និយាយ​ថា៖

«អត់​ឲ្យ​មក​មើល​ញឹកញាប់​ហ្នឹង!​ ព្រោះ​គាត់​បារម្ភ​ពី​សុវត្ថិភាព​ពួក​ខ្ញុំ​ទាំង​អស់​គ្នា។ ​មែន​ទែនទៅ​ តាំងពី​ដំបូង​មុន​ថ្ងៃ​ចាប់​តែ​ម្តង​ ​គឺ​អត់​ឲ្យ​បងប្អូន​ហ្នឹង​ទាក់​ទង​គាត់​ទេ​ ទាក់ទង​តាម​វិធីណា​ក៏​អត់​បាន​ទាំង​អស់។ គាត់​បារម្ភ​ពី​សុវត្ថិភាព​របស់​គ្រួសារ»។​

ម្តាយ​របស់​លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​យល់​ថា​វា​មិន​យុត្តិធម៌​ចំពោះ​កូន​ខ្ញុំ​ ព្រោះ​កូន​ខ្ញុំ​មាន​ធ្វើ​អី​បាន​ខុសផង​ ព្រោះ​អ្នក​វិភាគ​ទាល់តែ​និយាយ​អញ្ចឹង»។​

ទោះជា​យ៉ាងណា​ ក្រុមគ្រួសារ​មិន​ចង់​ឲ្យ​លោក​ គឹម​ សុខ ​រិះគន់​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​និង​សកម្ម​ពី​បញ្ហា​សង្គម​នោះ​ទេ។​ ក្រុម​គ្រួសារ​ចង់​ឲ្យ​លោក​ គឹម សុខ​ ងាក​មក​ប្រកប​របរ​ពិត​ប្រាកដ​ណាមួយ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ ខណៈ​ក្រុម​គ្រួសារ​របស់​លោក​មាន​ការ​លំបាក​ក្នុង​ជីវភាព។​

លោក គឹម សេង មាន​ប្រសាសន៍​ថា៖

«ធ្លាប់​និយាយ​គ្នា​តែ​ម្តង​ ជួន​កាល​ខ្ញុំ​និយាយ​ផ្ទាល់​ជាមួយ​គាត់​ ហើយ​មិន​មែន​តែ​ម្តង​ទេ! ពីព្រោះ​ក្នុង​ស្ថានភាព​ជីវភាព​របស់​ពួក​ខ្ញុំ​រាល់​ថ្ងៃ ខ្ញុំ​ចង់​ឲ្យ​គាត់​ងាក​មក​ជួយ​គ្រួសារ​ឲ្យ​បាន​ច្រើន​ ប៉ុន្តែ​មិន​ដឹង​អាម៉េច​ ជា​ចំណូល​ចិត្ត​របស់​គាត់។​ គាត់​ស្រឡាញ់​តែ​ម្តង»។

លោក​បាន​បន្ថែម​ថា៖

«សម្រាប់​ខ្ញុំ ខ្ញុំ​គាំទ្រ​គាត់។ ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​គាត់​ ក្នុង​សង្គម​មួយ​យើង​ត្រូវ​ការ​អ្នក​វិភាគ​ដែល​និយាយ​បញ្ហា​ចំ។ ​បើ​យើង​គិត​ថា​នៅ​ស្រុក​គេ​និយាយ​ប៉ុណ្ណឹង គាត់​គ្មាន​បញ្ហា​ទេ។ ខ្ញុំ​គិត​ថា ​តុលាការ​គួរ​តែ​រិះរក​នីតិវិធី​ក្នុង​ការ​អនុវត្ត​ច្បាប់​ ខ្ញុំ​ចង់​បាន​យុត្តិធម៌​ជូន​ចំពោះ​បង​ខ្ញុំ»។​

មុន​ពេល​ត្រូវ​បាន​តុលាការ​ឃាត់ខ្លួន​ លោក​ គឹម សុខ​ បាន​ប្រាប់​ VOA ​ថា៖

«ខ្ញុំ​មិន​ភ័យ​ខ្លាច​ចំពោះ​ការ​បន្ត​និយាយ​ទៀត​ទេ ​ហើយ​អ្វី​ដែល​ខ្ញុំ​ភ័យខ្លាច​គឺ​មាន​តែ​មួយ​ចំណុច​ទេ​ គឺ​ភ័យខ្លាច​ ប្រជា​ពលរដ្ឋ​ទោះ​ជា​បាត់​មួយ​នាក់​ទៅ ​ពីរនាក់​ទៅ​ បីនាក់​ទៅ​ គាត់​មិន​ទាន់​យល់​អំពី​តម្លៃ​នៃ​ការ​ងើប​ឡើងតស៊ូ​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ គឺ​សង្គម​នីតិរដ្ឋ​ ប្រជាធិបតេយ្យ​និង​មិន​បំភ្លៃ​ច្បាប់»៕

XS
SM
MD
LG