ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះ​ហៅ​​​​លោក ថាច់ សេដ្ឋា ឱ្យ​​មក​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បទ​ញុះញង់


អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឈរយំក្បែរឡានក្នុងសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកស្វាមីរបស់អ្នកស្រី ទៅឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឈរយំក្បែរឡានក្នុងសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកស្វាមីរបស់អ្នកស្រី ទៅឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បានកោះ​ហៅ​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន មក​បំភ្លឺ​ទាក់ទង​ការ​ចោទប្រកាន់​ចំនួន​ពីរ​ករណី​ផ្សេង​ទៀត ​ពី​បទ​«ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ» និង «ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង» ដែល​ទាក់​ទង​នឹង​សកម្មភាពរបស់​លោក​នៅ​ក្រៅ​ប្រទេស កាល​ពី​កន្លង​ទៅ។

ការ​ចោទ​ប្រកាន់នេះ ខុស​គ្នា​ពី​ការ​ចោទ​ប្រកាន់​លើក​មុន ដែលទាក់​ទងការ​ «ចេញ​សែក​ស្អុយ» ឱ្យ​ក្រុម​ហ៊ុន​បញ្ចាំ​មួយ ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ខែ​មករា ឆ្នាំ​២០២៣។ នេះ​បើ​តាម​មេធាវី និង​ក្រុម​គ្រួសារ។​

លោក សឺន ជុំជួន មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា ប្រាប់​វីអូអេ​ថា​ កាល​ពី​ព្រឹក​ថ្ងៃពុធ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​កោះ​ហៅ​លោក ថាច់ សេដ្ឋា ឱ្យ​មក​បំភ្លឺ​ទាក់​ទង​បទ​ចោទចំនួន​ពីរ ក្នុង​សំណុំ​រឿង​តែ​មួយ គឺបទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង។ បើ​តាម​មេធាវី ការ​សង្ស័យ​នេះ ពាក់ព័ន្ធ​នឹង​សកម្មភាព​នៅ​ក្រៅ​ប្រទេស​របស់​លោក ថាច់ សេដ្ឋា កាល​ពី​កន្លង​ទៅ។ ទោះជាយ៉ាងណា លោក​មេធាវី​មិន​ទាន់​អាច​បញ្ជាក់​លម្អិត​ពី​ករណី​នេះ​នៅ​ឡើយ​ទេ ដោយ​សារ​មិន​ទាន់​បាន​ឃើញ​សំណុំ​រឿង​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «រឿង​ព្រឹក​មិញ​មិន​មែន​សវនាការ​ទេ ​ព្រឹក​មិញ​ គឺ​ខាង​ចៅ​ក្រម​ស៊ើប​កោះ​ហៅ ដើម្បី​ស៊ើប​ ទាក់​ទង​សំណុំ​រឿង​ថ្មី...សំណុំ​រឿង​ទី​ ២ ​ទាក់​ទង​បទ​ញុះ​ញង់​ឱ្យ​មាន​ស្ថានភាព​វឹកវរ​ដល់​សង្គម​ជាដើម​ ហើយ​ពាក់ព័ន្ធ​បទញុះញង់​ឱ្យ​មាន​ការ​រើស​អើង»។

មន្ត្រីពន្ធនាគារនាំ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឡើង​រថយន្ត​នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ត្រឡប់ទៅពន្ធនាគារព្រៃស កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
មន្ត្រីពន្ធនាគារនាំ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឡើង​រថយន្ត​នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ត្រឡប់ទៅពន្ធនាគារព្រៃស កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

​លោក​បន្ថែម​ថា ​តុលាការ​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់លោក ថាច់ សេដ្ឋា ​នៅ​ឡើយ​ទេ។

ភរិយា​របស់​លោក ​ថាច់ សេដ្ឋា គឺ​អ្នកស្រី ថាច់ សុខបូរ៉ានី ដែល​បាន​ចូល​ទៅក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ ចាត់​ទុក​ការ​ចោទ​ប្រកាន់ផ្សេង​ទៀត​លើ​ស្វាមី ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​លោក។

​អ្នក​ស្រី​ថ្លែង​ថា៖ «ចំពោះ​ប្រពន្ធ​កូន​ ខ្ញុំ​ថា ​មិន​យុត្តិធម៌​ចំពោះ​គាត់​ទេ ដោយ​សារ​អី គាត់​ជាអ្នក​នយោបាយ​ មិន​ឱ្យ​គាត់​និយាយ​ការ​ពិត​ ឱ្យ​គាត់​និយាយ​រឿង​អី?​ ឱ្យ​គាត់​និយាយ​រឿង​កំប្លែង​មែន? [បើ] មិន​ឱ្យ​គាត់​និយាយ​រឿង​ពិត។ គាត់​យក​តែ​ការ​ពិត​មក​និយាយ។ ហើយ​គាត់​ប្រាប់​ប្រពន្ធ​កូន​ថា ​ធ្វើ​ឱ្យ​តែ​ល្អ​ទៅ​ អំពើ​ល្អ​ទៅ​មុខ​ទៅ។ គាត់​ថា​អ៊ីចឹង»។

អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លើកដៃសំពះអ្នកមកគាំទ្រស្វាមី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លើកដៃសំពះអ្នកមកគាំទ្រស្វាមី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ប្លង់ សុផល និង​លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

​លោក ថាច់ សេដ្ឋា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ កាល​ពី​ថ្ងៃទី​ ១៦​ ខែ​មករា ​ឆ្នាំ​ ២០២៣ ក្នុង​សំណុំ​រឿង «ចេញ​សែក​អត់​សាច់​ប្រាក់»។ លោក​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ អ្នកស្រី ទិត ដាលីន ចេញ​ដីកាតម្រូវ​ឱ្យស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​«មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន»។

​លោក អំ សំអាត នាយក​ឃ្លាំមើល​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា​ ករណី​របស់​លោក ថាច់ សេដ្ឋា បង្ហាញឱ្យ​ឃើញ​ថា ​វា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើន​ជាង ហើយ​វា​ជា​ការ​ដាក់​បន្ទុក​បន្ថែមដល់​គណបក្ស​ប្រឆាំង ជា​ជាង​ការ​អនុវត្ត​ច្បាប់។

លោក​ថ្លែង​ថា៖ «ជាពិសេស យើង​ឃើញ​ហើយ​លោក ថាច់ សេដ្ឋា គឺ​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ហើយ​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយភាព​មួ​យ​ដែរ នៅ​ក្នុង​គណបក្ស​ប្រឆាំង។ អ៊ីចឹង​ក្រៅ​ពី​ការ​ចាប់​ខ្លួន​ទាក់​ទង​នឹង​រឿង​ការ​រំលោភ​ទំនុក​ចិត្ត​ហ្នឹង ​ការ​ចោទ​ប្រកាន់​បន្ថែម​បទ​ល្មើស​បន្ត​ទៀត​នេះ គឺ​យើង​ឃើញ​ថា ជា​ការ​ដាក់​បន្ទុក​បន្ថែម​ទៀត ហើយ​វា​មិន​ខុសអី​នឹង​ករណី​នៃ​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង ដូច​សកម្មជន​គណ​បក្ស​ប្រឆាំង​មុនៗ ​ដែល​ត្រូវ​ចោទ​ប្រកាន់​បទល្មើស​មួយ​ហើយ មួយ​ទៀត»។

លោក ថាច់ សេដ្ឋា ដែល​កំពុង​ជាប់​ពន្ធនាគារ បានព្យាយាមប្តឹង​ទាស់​នឹង​ការ​ចោទ​ប្រកាន់​លើ​លោក​ទាក់​ទង​រឿង «ចេញ​សែក​អត់​សាច់​ប្រាក់» ទៅ​ឱ្យក្រុមហ៊ុន​រិនឆាយ​ផនស៊ប ដែល​ជាកន្លែង​បញ្ចាំ​ ដោយ​លោក​ស្នើ​សុំ​តុលាការ​កំពូល​អនុញ្ញាត​ឱ្យ​លោក​បាន​ស្ថិត​នៅ​ក្រៅឃុំ ដើម្បី​ព្យាបាល​ជំងឺ​បេះដូង ដោយ​ធានាតម្កល់​ប្រាក់​ជាង​ ៣ ម៉ឺន​ដុល្លារ​អាមេរិក ឬ​ច្រើន​ជាង​នេះ ប៉ុន្តែ​ចៅ​ក្រម​តុលាការ​កំពូល កាល​ពី​ដើម​ខែ​ឧសភា បាន​បដិសេធ​សំណើ​របស់​លោក៕

XS
SM
MD
LG