ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដី​ខ្មែរក្រហម​នឹង​ប្រកាស​សាលដីកា​ស្ថាពរ​លើ​សំណុំរឿង​០០២/០១​នៅ​ថ្ងៃ​ពុធ


រូបឯកសារ៖ ជន​ជាប់​ចោទ ​ខៀវ​ សំផន​ និង​ នួន​ ជា​ ក្នុង​សាល​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)
រូបឯកសារ៖ ជន​ជាប់​ចោទ ​ខៀវ​ សំផន​ និង​ នួន​ ជា​ ក្នុង​សាល​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)

លោក Lars Olsen មន្ត្រី​ផ្នែក​ច្បាប់​នៃ​សាលា​ក្ដី​ខ្មែរក្រហម ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​នេះ​គឺជា​ការ​ផ្ដល់​ឱកាស​ដល់​ភាគី​នៃ​បណ្ដឹង​សម្រាប់​ទទួល​នូវ​យុត្តិធម៌ និង​ការ​ប្រើប្រាស់​សិទ្ធិ​ដែល​ខ្លួន​មាន​នៅ​ក្នុង​តុលាការ។

អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​រូប​គឺ លោក នួន ជា និង លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ក្រោយ​ការ​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​មួយ​ជីវិត នឹង​ត្រូវ​តុលាការ​កំពូល​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​សម្រេច​សេចក្ដី​ចុង​ក្រោយ​នា​ថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​អ្នក​ទាំង​ពីរ​បាន​ប្ដឹង​សាទុក្ខ​កាល​ពី​ពីរ​ឆ្នាំ​មុន។

កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៤ លោក នួន ជា និង​លោក ខៀវ សំផន ​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​មួយ​ជីវិត ដោយ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង ០០២ វគ្គ១ អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ដំណាក់កាល​ទី១ និងទី២ ​និង​ការ​សម្លាប់​អតីត​មន្ត្រី​រដ្ឋ​ការ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ នៅ​ទួល​ពោធិ៍​ជ្រៃ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។

ទោះ​ជា​យ៉ាង​ណា​ ការ​សម្រេច​សាលក្រម​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នោះ មិន​ទាន់​ចូល​ជា​ស្ថាពរ​នៅ​ឡើយ។
ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​រៀប​ចំ​មុន​ការ​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង ០០២/០១ ប្រឆាំង​នឹង​ ខៀវ សំផន និង​ នួន ជា លោក Lars Olsen មន្ត្រី​ផ្នែក​ច្បាប់​នៃ​សាលា​ក្ដី​ខ្មែរក្រហម ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​នេះ​គឺជា​ការ​ផ្ដល់​ឱកាស​ដល់​ភាគី​នៃ​បណ្ដឹង​សម្រាប់​ទទួល​នូវ​យុត្តិធម៌ និង​ការ​ប្រើប្រាស់​សិទ្ធិ​ដែល​ខ្លួន​មាន​នៅ​ក្នុង​តុលាការ។

លោក​បន្ត​ថា ការ​ប្រកាស​សាលដីកា​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ គឺ​ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​លើ​សំណុំ​រឿង ០០២/០១ ទៅ​លើ​លោក ខៀវ សំផន និង នួន ជា។

លោក Lars Olsen បន្ថែម​ថា បន្ទាប់ពី​ការ​ប្រកាស​នោះ តុលាការ​នឹង​សម្រេច​ពី​ទីតាំង​ពន្ធនាគារ​ដែល​ត្រូវ​ដាក់​ជន​ជាប់ចោទ​ទាំង​ពីរ ហើយ​ជន​ជាប់​ចោទ​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​បន្ត​ទៀត​ដែរ។​

លោក​បញ្ជាក់​តាមរយៈ​អ្នក​បកប្រែ​ថា៖ «តើ​ចំពោះ នួន ជា និង ខៀវ សំផន នឹង​ទទួល​យក​ទេ​នោះ? ខ្ញុំ​ក៏​មិន​ដឹង​ថា​ ចិត្ត​គាត់​យ៉ាងណា​នោះ​ទេ។ យើង​មិន​ដឹង​ថា​ តើ​លទ្ធផល​នៃ​ការ​សម្រេច​តុលាការ​យ៉ាង​ណា​ដែរ។ គាត់​យល់​យ៉ាងម៉េច​ដែរ​អញ្ចឹង ​បើ​គាត់​ជោគជ័យ​លើ​បណ្ដឹង​សាទុក្ខ​របស់​គាត់ នោះ​គាត់​នឹង​រីករាយ ក៏​ប៉ុន្តែ​មិន​ជោគជ័យ​នោះ​ទេ។ លោក លោកស្រី​អាច​ទៅ​សួរ​មេធាវី​ការពារ​ក្តី​ថា ពួក​គាត់​យល់​យ៉ាង​ណា»។

បណ្ដឹង​សាទុក្ខ​របស់ លោក នួន ជា និង ខៀវ សំផន បាន​ប្ដឹង​សុំ​ឲ្យ​តុលាការ​ច្រាន​ចោល​សាល​ក្រម​ដែល​សម្រេច​ដាក់​ទោស​ពួក​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ឲ្យ​គាត់​ពួកគាត់​រួចខ្លួន ឬ​សុំ​បន្ធូរ​បន្ថយ​ការ​ផ្ដន្ទាទោស​ពី​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត មក​នៅ​ត្រឹម​រយៈពេល​កំណត់​ណា​មួយ។

សំណុំរឿង ០០២/០១ ប្រឆាំង​នឹង​លោក នួន ជា និង​លោក ខៀវ សំផន មាន​សវនាការ​ចំនួន​២២២​ថ្ងៃ ក្នុង​នោះ​២១២ថ្ងៃ ​សម្រាប់​សវនាការ​លើ​ភស្តុតាង និង​១០​ថ្ងៃ​ទៀត សម្រាប់​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​កិច្ច​ពិភាក្សា​ដេញ​ដោល។

ចាប់​តាំង​ពី​ឆ្នាំ២០០៦ រហូត​ដល់​ឆ្នាំ២០១៦ សាលាក្ដី​ខ្មែរ​ក្រហម ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន​២៦១លាន​ដុល្លារ​អាមេរិក ដែល​ស្ថិត​ក្រោម​ជំនួយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អង្គការ​សហប្រជាជាតិ និង ជំនួយ​ពី​ប្រទេស​ប្រមាណ​ជា​៣០​ផ្សេង​ទៀត៕

XS
SM
MD
LG