ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​បើក​សវនាការ​​បណ្តឹង​មោឃកម្ម​លើ​នីតិវិធី​ឃាត់​ខ្លួន​អតីត​អ្នក​កាសែត​អាស៊ី​សេរី


លោក​យាង​ សុធារិន​ អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ និយាយ​​ជាមួយ​អ្នកកាសែត​ នៅ​ក្រៅ​តុលាការ​កំពូល​ កាលពីថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)
លោក​យាង​ សុធារិន​ អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ និយាយ​​ជាមួយ​អ្នកកាសែត​ នៅ​ក្រៅ​តុលាការ​កំពូល​ កាលពីថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

បន្ទាប់​ពី​បាន​ការ​អនុញ្ញាត​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យបាន​ស្ថិត​នៅ​ក្រៅ​ឃុំ​កាលពី​ខែ​សីហា​ ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាសេរី​ពីររូប​​បាន​មក​បង្ហាញ​ខ្លួន​នៅ​សាល​សវនាការ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទទួល​ការ​កាត់​សេចក្តី​ពាក្យបណ្តឹង​របស់​ពួកគេ​ប្រឆាំង​នឹង​ការ​ឃាត់​ខ្លួន​ខុស​ពី​នីតិវិធី។ តុលាការ​កំពូល​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅថ្ងៃចន្ទ​សប្តាហ៍​ក្រោយ។

នៅថ្ងៃ​ពុធនេះ​ ​អតីត​អ្នក​កាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ី​អាសេរី​ ​ដែល​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​ ​កាលពី​ឆ្នាំ​មុន​នោះ​ ​បាន​ទទូច​សុំ​ឲ្យ​តុលាការ​ធ្វើ​មោឃកម្ម​នីតិវិធី​ឃាត់ខ្លួន​ខុស​ពី​ការ​កំណត់​របស់​ច្បាប់។

ពួកគេ​និយាយ​ថា​ ​ការធ្វើ​មោឃកម្ម​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​រំលាយ​ចោល​សំណុំ​រឿង​ចារកម្ម​ ​ដើម្បី​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​ពួក​គេ​ ​បន្ទាប់ពី​ត្រូវ​បាន​តុលាការ​ក្រុង​ដោះ​លែង​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨។​

យ៉ាងណាក៏​ដោយ​ បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​ប្រហែល​មួយ​ម៉ោង​មកនោះ​ តុលាការ​កំពូល​បាន​សុំថយ​ទៅ​ធ្វើការ​ពិចារណា​ និង​បាន​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១៧​ ​ខែ​កញ្ញា​ខាង​មុខ​នេះ។

នៅ​ក្រៅ​តុលាការ​កំពូល​ លោក​អ៊ួន​ ឈិន​ វ័យ​៤៩​ឆ្នាំ​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​យ៉ាង​ដូច្នេះ៖​

«បើ​មោឃភាព​នីតិវិធី​ទៅ​ ​បាន​ន័យ​ថា​ ​រឿងរ៉ាវ​ហ្នឹង​គឺ​វា​ត្រូវ​បញ្ចប់​ហើយ​ណា៎​ ​ត្រូវ​បញ្ចប់​ ហើយ​ដើម្បី​ឲ្យ​យើង​មាន​សេរីភាព​ មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ដើរ​ហើរ​ ក្នុង​ការ​រកស៊ី​ ព្រោះអី​ ដឹង​ស្រាប់​ហើយ​ ពេល​ដែល​ខ្ញុំ​ជាប់​ហ្នឹង​ វា​៩ខែ៧​ថ្ងៃ។ យើង​ខាត​ពេល​វេលា​ ខាតលុយ​ ខាត​កាក់​ គ្រួសារ​ចំណាយ​គុណ​រហូត​ដល់​៤ ​និង​៥​ដង​ ការ​ចំណាយ​គុណ​នឹង​បួនគុណ​នឹង​ប្រាំ​ ហើយ​យើង​អត់មាន​ចំណូល​នែ!»។​

លោក​អួន ឈិន អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​តុលាការ​កំពូលក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)
លោក​អួន ឈិន អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​តុលាការ​កំពូលក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

លោក​អ៊ួន​ ឈិន មាន​ប្រសាសន៍​បន្ថែម​ថា​ ក្រោយ​ការ​ចេញ​ពី​ពន្ធនាគារ​ លោក​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​រកប្រាក់​ចំណូល​ ​ដោយ​ហេតុថា​ ឧបករណ៍​សម្រាប់​ថត​រូបភាព​ផ្សេងៗ​ ដែល​លោក​បាន​ត្រៀម​ទុក​ដើម្បី​ធ្វើ​អាជីវកម្ម​ ​បន្ទាប់​ពី​បាន​បាត់​បង់​ការងារ​នៅវិទ្យុ​អាស៊ីសេរី​នោះ​ ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​គ្រង។​

«ចេញ​មកវិញ​ ​សម្ភារៈ​យើង​ដែល​បម្រុង​ថា ​នឹង​គិត​គូរ​យក​មក​រកស៊ីដើម្បី​រក​ចំណូលជំនួស​អា​ការណ៍​ដែល​យើង​បាត់បង់​ការងារ​ពី​អាស៊ីសេរី​ទៅ​ហ្នឹង​ គឺ​យើង​អត់​មាន​អីធ្វើ​ សម្ភារៈ​នៅ​ក្នុង​ដៃ​សមត្ថកិច្ច​ទាំង​អស់»។​

លោក​យាង សុធារិន​ ​និង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ម្នាក់​ទៀត​គឺ​លោក​អ៊ួន ឈិន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ​និង​ចោទ​ប្រកាន់​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​មែន​នោះ​ នោះ​អ្នក​ទាំង​ពីរ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៧​ដល់​១៥​ឆ្នាំ។​

ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះធ្វើ​ឡើង​ ​ក្រោយ​ពី​មាន​យុទ្ធនាការ​បង្ក្រាប​ជា​ទូទៅ​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​ប្រឆាំង ​អង្គការ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ដែល​មិន​ចំណុះ​រដ្ឋាភិបាល។​

ក្នុង​ពេល​សួរ​ដេញដោល​នៅ​សាល​សវនាការ​តុលាការ​កំពូល​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​ បានប្រាប់​លោក​ចៅក្រម​គង់ ស្រ៊ីម​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ ការ​ឃាត់​ និង​ឃុំខ្លួន​ពួកគេ​ ដែល​បាន​ធ្វើឡើង​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កាលពីខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ គឺ​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​កំណត់​ ពោល​គឺ​ការ​ឃុំខ្លួន​ដោយ​គ្មាន​បទចោទ​ ​បាន​ធ្វើឡើង​លើស​ពី​៤៨​ម៉ោង។​

លោក​ ​យៀង សុធារិន​ ​វ័យ​៣៥​ឆ្នាំ​ ដែល​ជា​ខ្មែរ​កម្ពុជា​ក្រោម​ បាន​រៀបរាប់​ពី​ការ​ឃុំខ្លួន​ខុស​នីតិ​វិធី​បន្ទាប់​ពី​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ តាម​ន័យ​ដើម​ថា៖​

«នៅ​ថ្ងៃ​ទី​១៤​ [យើងខ្ញុំ]​អត់​បាន​ជួប​ព្រះរាជ​អាជ្ញា​ ​និង​ព្រះរាជ​អាជ្ញារង​ទេ​ ​រួច​ក៏​សមត្ថកិច្ច​យក​ទៅ​ថតរូប​ ហើយ​ក៏​បញ្ជូន​ទៅ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ។​ ​ថ្ងៃទី​១៧​ ​ជួប​ព្រះ​រាជ​អាជ្ញាម៉ោង​៤​និង​៣០​នាទី​ ហើ​យ​ថ្ងៃទី​១៨​ជួប​ចៅ​ក្រម​ស៊ើបសួរ​ ​ទើប​ត្រូវ​បាន​បញ្ជូន​ទៅឃុំ​នៅ​ព្រៃ​ស​ ​ពេល​យប់​ម៉ោង​៧»។​

លោកយៀង សុធារិន បាន​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះពិចារណា​ការ​ធ្វើមោឃភាព​ការ​ឃុំ​ខ្លួន​លើស​៤៨​ម៉ោង​នេះ។

នៅក្រៅ​តុលាការ​កំពូល​ លោក​យៀង​ សុធារិន​ ​ហៅ​យៀង សុជាសុមេត្តា​ បាន​ប្រាប់​អ្នក​កាសែត​ថា​ វាជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​ និង​សហការីលោក​ដែល​ត្រូវ​បាន​គេ​បំពាន​សិទ្ធិ​ និង​ចោទ​ប្រកាន់​ក្នុងរឿង​ដែល​មិន​អាច​ទទួល​យក​បាន​នោះ។

«តាម​ពិត​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកខ្ញុំ ​ហើយការ​ចោទ​ប្រកាន់​ហ្នឹង​ រហូត​ឈាន​ដល់​ការ​ឃុំ​ខ្លួន​ យើង​ខ្ញុំ​ទាំងពីរ​នាក់​ប្រាំបួន​ខែ​ជាង​ ក្នុង​ពន្ធនាគារ​ដែល​ធ្វើ​ឲ្យពួក​ខ្ញុំ​លំបាក​ទាំងផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ បែក​បាក់​គ្រួសារ​ហ្នឹង​ អាហ្នឹង​វា​ជា​រឿង​ដែល​មិន​អាច​ទទួល​យកបាន​ទេ​ ពីព្រោះ​វាជា​អយុត្តិធម៌។ ​អយុត្តិធម៌​ដោយ​សារ​អី?​ ដោយសារ​តែ​ពួកខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ ហើយ​បើ​យើង​បាន​ប្រព្រឹត្ត​ដូចការ​ចោទ​ប្រកាន់​ ទោះបី​ដាក់​គុក​យើង​ប៉ុន្មាន​ឆ្នាំ​ ក៏យើង​មិន​ថា ​អី។ប៉ុន្តែ​យើង​អត់​ខុស​អី​សោះ​ ហើយ​ចោទ​ប្រកាន់​យើង​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​បែកបាក់​គ្រួសារ​ ប្រពន្ធ ​កូន​ ហើយ​រង​ទុក្ខ​នៅ​ក្នុង​ពន្ធនាគារ។​ អា​ហ្នឹង​វាជា​រឿង​អយុត្តិធម៌»។​

ក៏​ប៉ុន្តែ​លោក​ព្រះ​រាជ​អាជ្ញា​អ៊ុក គឹមសិទ្ធិ​ បាន​ស្នើ​ឲ្យក្រុម​ប្រឹក្សា​ជំនុំជម្រះរក្សា​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ ដែល​បាន​បដិសេធ​ចោល​ការ​សុំធ្វើ​មោឃ​កម្ម​នេះ​ កាលពី​ពេល​មុន។

លោក​ព្រះរាជ​អាជ្ញា​បាន​បញ្ជាក់ថា​ កាល​ដើម​ឡើយ ការ​ស្នើសុំ​ធ្វើ​មោឃ​កម្ម​នីតិវិធី​ឃាត់​ខ្លួន​នេះបាន​ធ្វើ​ឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ទាំងពីរ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ តែ​ឥឡូវ​អ្នក​ទាំងពីរ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​រួច​ទៅ​ហើយ​នោះ​ ដូច្នេះ​ ​ការ​ស្នើសុំ​នេះគ្មាន​ប្រយោជន៍​ទៀត​ឡើយ។​

លោក​កែវ វ៉ាន្នី​ មេធាវី​របស់​អតីត​អ្នកយកព័ត៌មាន​ពីរ​រូប​របស់​វិទ្យុអាស៊ី​សេរី​ និយាយជាមួយ​អ្នកកាសែត​ នៅ​ក្រៅ​តុលាការ​កំពូល​ កាលពីថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)
លោក​កែវ វ៉ាន្នី​ មេធាវី​របស់​អតីត​អ្នកយកព័ត៌មាន​ពីរ​រូប​របស់​វិទ្យុអាស៊ី​សេរី​ និយាយជាមួយ​អ្នកកាសែត​ នៅ​ក្រៅ​តុលាការ​កំពូល​ កាលពីថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

បន្ទាប់​ពី​សវនា​ការ លោក​កែវ វ៉ានី្ន​ ​មេធាវី​ការពារ​ក្តី​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាសេរី​ បាន​ប្រាប់​អ្នក​កាសែត​ថា​ តុលាការ​កំពូល​នឹង​ពិចារណា​សម្រេច​ ធ្វើ​មោឃកម្ម​នីតិវិធី​នៃ​ការឃាត់​ខ្លួន​កូន​ក្តី​របស់​លោក​ ដែល​លោក​អះអាង​ថា​ បាន​ធ្វើ​ឡើង​លើស​ពី​៤៨​ម៉ោង។

«នៅ​ក្នុងរឿង​ក្តី​នេះ​ អ្វី​ ចំណុច​ដែល​សំខាន់​ ដែល​ជា​ចំណុច​រំលោភ​នីតិវិធី​គឺ​ មាន​ន័យ​ថា​ សមត្ថ​កិច្ច​ មន្ត្រី​នគរបាល​ប៉ូលីស​ហ្នឹង​គឺភ្នំពេញ​ហ្នឹង​ គាត់​បាន​រំលោភ​គឺឃាត់​ខ្លួន​កូនក្តី​ខ្ញុំ​លើស​ម៉ោង​កំណត់​ បាទ​លើស​ពេលវេលា។ ​បាន​ន័យថា ​ជា​គោល​ការណ៍​ច្បាប់​គឺ​គេ​អនុញ្ញាត​ឲ្យគាត់​ឃាត់​ត្រឹមតែ​៤៨​ម៉ោង​ ផុត​ពីហ្នឹង​ ត្រូវ​បញ្ជូន​មក​ដល់​ព្រះ​រាជអាជ្ញា​ ​ប៉ុន្តែ​ជាក់​ស្តែង​ក្នុងរឿង​ក្តី​ហ្នឹង​គឺ​ គាត់​ឃាត់​រហូត​ដល់​លើស​សរុប​៦០ម៉ោង​ជាង​៥០​ម៉ោងជាង​ អ៊ីចឹង​ម្នាក់ៗ​លើស​២០​ម៉ោង​ លើស​១៨​ម៉ោង​ជាង​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ជា​លាយ​លក្ខណ៍​អក្សរ​ពី​ខាង​ព្រះ​រាជអាជ្ញា»។​

កាល​ពីខែ​សីហា​ឆ្នាំ​២០១៨​ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ដោះលែង​លោក​អួន​ ឈិន​ ​និង​លោក​ ​យាង​ សុធារិន​ ​ឲ្យបាន​ស្ថិតនៅ​ក្រៅឃុំ​ បន្ទាប់ពី​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​៩ខែ។​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញមិន​បាន​បញ្ជាក់​ហេតុផល​នៃ​ការ​ដោះលែង​អ្នក​ទាំងពីរ​នោះ​ទេ។​

យ៉ាងណាមិញ​ បន្ទាប់​ពីអ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​ក្រុង​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​នោះ​ មជ្ឈ​មណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​ស្វាគមន៍​ការ​ដោះ​លែង​នេះ។ មជ្ឈមណ្ឌល​នេះជឿជាក់​យ៉ាងខ្លាំង​ថា​ នឹង​មាន​ការ​វិវត្ត​ច្រើន​ថែម​ទៀត​ចំពោះ​រឿង​នេះ​ ដែល​អាច​នាំ​ដល់​ការ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ប្រឆាំង​អ្នក​ទាំងពីរ​នេះ​តែ​ម្តង​ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ។ ​មជ្ឈ​មណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អះអាង​ថា​ បទ​ចោទ​អំពី​ចារកម្ម​ប្រឆាំងអ្នក​ទាំងពីរ​គឺ​ជា​បទ​ចោទ​មិន​ពិត​ប្រាកដ​នោះ​ទេ។​

កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ​ពោល​គឺ​នៅ​មុនការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងច​ម្រាស់​អង្គការ​ Amnesty International​ ដែល​ជា​ចលនា​សកល​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​នយោបាយ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែងអតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ៕

XS
SM
MD
LG