តុលាការកំពូលសហរដ្ឋអាមេរិកបានចេញការសម្រេចចិត្តយ៉ាងសំខាន់មួយលើសេរីភាពនៃការបញ្ចេញមតិ ដែលសម្រេចគាំទ្រក្រុមមួយនៃវិហារសាសនាគ្រឹស្តដែលមានភាពចម្រូងចម្រាស ដែលតវ៉ាប្រឆាំងជំទាស់នៅឯពិធីបុណ្យសពទាហាន។
តាមរយៈការបោះឆ្នោតមួយដែលមានសម្លេង៨ទល់នឹងមួយ តុលាការកំពូលបានគាំទ្រសិទ្ធិរបស់ព្រះវិហារសាសនាគ្រឹស្ត Westboro Baptist Church នៅក្នុងទីក្រុងតូប៉េកា (Topeka) រដ្ឋ ឃែនសាស (Kansas) ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងមនុស្សស្រឡាញ់ភេទដូចគ្នា នៅឯបុណ្យសពទាហាន និងទាហានម៉ារីនដែលបានស្លាប់នៅក្នុងសង្គ្រាមនៅអាហ្គានីស្ថាននិងអ៊ីរ៉ាក់។
តុលាការបានគាំទ្រអ្វីដែលស្គាល់ថា ជាវិសោធនកម្មទី១ស្តីពីសិទ្ធិនៃការបញ្ចេញមតិ សម្រាប់ក្រុមអ្នកតវ៉ា ដែលជឿថា ការស្លាប់នៃពួកទាហាននៅក្នុងការប្រយុទ្ធ គឺជាទណ្ឌកម្មរបស់ព្រះចំពោះការត្រាប្រណីដល់មនុស្សដែលប្រតិព័ទ្ធមនុស្សភេទដូចគ្នានៅក្នុងសហរដ្ឋអាមេរិក។
វិសោធនកម្មទី១ចំពោះរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ការពារសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការប្រតិបត្តិសាសនា និងសេរីភាពនៃការជួបប្រជុំគ្នាដោយសន្តិវិធី។
សេចក្តីសម្រេចភាគច្រើនរបស់តុលាការជាន់ខ្ពស់ត្រូវបានសរសេរដោយលោក ដ្យន រ៉ប៊តស៍ (John Roberts) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានមានប្រសាសន៍ថា ការបញ្ចេញមតិមានអំណាច ហើយអាចជំរុញមនុស្សឲ្យធ្វើសកម្មភាព និងក៏ធ្វើឲ្យមនុស្សឈឺចាប់យ៉ាងខ្លាំងផងដែរ។ លោករ៉ប៊តស៍ បាននិយាយថា ប្រជាជាតិបានសម្រេចជាយូរមកហើយ ការពារ សូម្បីតែការបញ្ចេញមតិបញ្ឈឺ ស្តីពីបញ្ហាសាធារណៈនានា ដើម្បីធ្វើឲ្យការជជែកដេញដោលគ្នាជាសាធារណៈមិនពុះកញ្ជ្រោល។
ការសម្រេចចិត្តធ្វើតាមការជជែកសួរផ្ទាល់មាត់ នៅមុខតុលាការជាន់ខ្ពស់កាលពីខែតុលាមុន នៅពេលលោកស្រី ម៉ាឌ្យី ហ្វ៊ែផស៍ (Margie Phelps) សមាជិកវិហារសាសនាគ្រឹស្តបានជជែករកហេតុផលអំពីករណីនោះ នៅមុខចៅក្រម៩នាក់ និងក្រោយមកបាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មាន។ លោកស្រីបន្តថា៖
«វិធាននៃច្បាប់គឺថា ការណ៍ ដែលថា លោកអ្នកយកការវាយប្រហារតាមពាក្យសម្តី ឬហៅខ្លួនលោកអ្នកថា មានអារម្មណ៍ឈឺចាប់ចំពោះពាក្យពេចន៍នោះ វាមិនគ្រប់គ្រាន់ដើម្បីបំបិទការនិយាយនោះទេ»។
លោកស្រី ម៉ាឌ្យី ហ្វ៊ែបស៍ ជាកូនស្រីរបស់បព្វជិត ហ្វ្រិដ ហ្វ៊ែបស៍ (Fred Phelps) មេដឹកនាំប្រកាន់តឹង របស់វិហារគ្រឹស្ត Westboro Baptist Church ដែលជាអ្នករៀបចំបាតុកម្មទាំងឡាយដែលជាញឹកញាប់បង្ហាញអំពីនិមិត្តសញ្ញា ដែល «អរគុណព្រះចំពោះក្រុមទាហានស្លាប់”»។
មានតែចៅក្រមម្នាក់ទេ គឺលោក សាមុយអែល អាលីតូ (Samuel Alito) ដែលបានខ្វែងយោបល់នៅក្នុងករណីនេះ។ លោក អាលីតូ បាននិយាយថា ការប្តេជ្ញានៃជាតិមួយចំពោះការជជែកដេញដោលគ្នាដោយសេរីនិងបើកចំហរមិនមែនជាអាជ្ញាប័ណ្ណមួយសម្រាប់ការវាយប្រហារពាក្យសម្តីដ៏កាចសាហាវទេ។
ក្រុមអ្នកវិភាគច្បាប់និយាយថា ការសម្រេចដោយចៅក្រមនេះ ជាករណីមួយនៃការបញ្ចេញមតិដោយសេរីដ៏សំខាន់បំផុតមួយ ដែលមាននៅចំពោះមុខតុលាការកំពូលនៅក្នុងរយៈជាច្រើនឆ្នាំកន្លងទៅនេះ។
ប្រែសម្រួលដោយ នុច សារីតា