ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​​ចៅក្រម​ស៊ើប​សួរ​ក្រុង​ភ្នំពេញ


ការ​រៀប​ចំ​តុប​តែ​ង​លម្អ​នៅ​មុខ​ព្រះ​បរម​រាជវាំង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អប​អរ​ថ្វាយ​ព្រះ​ពរ​ខួប​ទី​១០​នៃ​ព្រះរាជ​ពិធី​គ្រង​រាជ​សម្បត្តិ​របស់​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
ការ​រៀប​ចំ​តុប​តែ​ង​លម្អ​នៅ​មុខ​ព្រះ​បរម​រាជវាំង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អប​អរ​ថ្វាយ​ព្រះ​ពរ​ខួប​ទី​១០​នៃ​ព្រះរាជ​ពិធី​គ្រង​រាជ​សម្បត្តិ​របស់​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)

មន្ត្រី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ នៅ​ថ្ងៃ​ច័ន្ទនេះ បាន​អះអាង​ថា​ កំពុង​ពិនិត្យ​ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​ចំពោះ​ករណី​លោក​ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ គឺ​លោក​ កែវ មុន្នី​ បន្ទាប់​ពី​មាន​សំណើពី​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។​

លោក​ស្រី​មូរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត​មួយ​ទូលថ្វាយ​ព្រះ​មហា​ក្សត្រ​កាលពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ដើម្បី​ស្នើ​សុំ​ឲ្យស៊ើប​អង្កេត​លើលោក​ចៅក្រម​ស៊ើប​សួរ​ក្រុង​ភ្នំពេញ​កែវ មុន្នី​ ដែល​បាន​ចេញ​ដីការ​កោះ​ហៅមក​សាក​សួរ​លោក​អ៊ុក ពេជ្រ​សំណាង​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​រយៈ​ពេល​៣០​នាទី​ ដោយ​គ្មាន​លិខិត​អញ្ជើញ​មេធាវី​ការ​ពារ​ក្តី​ឲ្យចូល​រួម។​

ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​សីហមុន្នី​ ក្នុង​ព្រះ​នាម​ជា​ព្រះ​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ បាន​សរសេរ​លិខិត​មួយ​ កាល​ពី​ថ្ងៃ​ទី​៥ខែនេះ​ ​ទៅ​ក្រសួង​យុត្តិធម៌​ ដោយ​បាន​ស្នើ​ឲ្យលោក​អង្គ វង្ស​វឌ្ឍនា​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ។​

លោក​គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍ថា ​ក្រសួង​បាន​ទទួល​លិខិត​របស់​ព្រះ​មហាក្សត្រ​កាល​ពី​សប្តាហ៍​មុន​ ហើយ​ក្រសួង​បាន​បញ្ជួន​លិខិត​នេះ​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ដើម្បី​ពិនិត្យ​សំណុំ​រឿង​នេះ។​

លោក​និយាយ​ថា៖​«ធម្មតា​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​ទាល់​តែ​ធ្វើ​ការ​ស្វែង​រក​ថា​ តើ​ការ​ចោទ​ប្រកាន់​ហ្នឹង​មាន​ដូច​អ្វី​ដែល​ចោទ​ដែរ​ឬអត់។​ ប៉ុន្តែ​វិធាន​ការ​យ៉ាង​ម៉េច​ណា​នោះ​គឺ​ថា ​សូម​ទាក់​ទង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ចុះ»។​

លោក​សម ប្រជាមានិត្យ ​អគ្គ​លេខាធិការ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម ​មាន​ប្រសាសន៍​ថា ​លោក​បាន​ទទួល​លិខិត​របស់​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ហើយ ​ហើយ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​កំពុង​ធ្វើ​កិច្ច​ការ​នេះ​ តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំណាត់​ការ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ថា ​នឹង​មាន​វិធាន​ការ​បែប​ណា​ទេ​ទៅ​លើ​លោក​ចៅ​ក្រម​កែ មុន្នី​ទេ។​

លោក​និយាយ​ថា៖ ​«នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង សុំ​ទុក​ឲ្យខាង​ខ្ញុំ​ធ្វើ​ការ​បន្តិច​សិន​ហើយ​ចាំមាន​លទ្ធផល​ចាំ​ខ្ញុំ​ជម្រាប​ប្រាប់»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទងស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ពី​លោក​កែវ មុន្នី​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ តែមិន​អាច​ទាក់ទង​បាន​ទេ​ ​ដោយ​សារ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។

លោក​ស្រី​មូរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​សារទរ​ចំពោះ​ការ​យក​ព្រះទ័យ​ទុក​ដាក់​ពី​ព្រះ​មហា​ក្សត្រ​ចំពោះ​លិខិត​សុំ​អន្តរាគមន៍​របស់​លោក​ស្រី។ លោក​ស្រី​បញ្ជាក់​ថា​ ទង្វើ​របស់​ចៅ​ក្រម​វា​ជា​ការ​ខុស​នឹង​គោល​ការណ៍​ទទួល​បាន​យុត្តិធម៌​ និង​ភាព​ស្នើ​គ្នា​របស់​ប្រជាជន។

លោក​ស្រី​និយាយ​ថា៖ ​«នេះ​ជា​ឧទាហរណ៍​ដែល​ធ្វើ​ឲ្យចៅ​ក្រម​ដទៃ​ទៀត​ត្រូវ​ប្រុង​ប្រយ័ត្ន​ និង​គោរព​នៅ​អ្វី​ដែល​ជា​ច្បាប់​ហើយ​ឆន្ទៈ​របស់​រដ្ឋាភិបាល»។​

លោក​អ៊ុក ពេជ្រសំណាង​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​លោក​ចៅ​ក្រម​កែវ មុន្នី​កោះ​ហៅ​មក​សាក​សួរ​នៅ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​សុំ​ឲ្យដោះ​លែង​សួន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃទី​១៥​ខែ​កក្កដា ​ដែល​បានបណ្តាល​ឲ្យមាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កង​កម្លាំងសន្តិសុខ​របស់​ខណ្ឌ​ដូន​ពេញ​ដែល​បាន​បណ្តាល​ឲ្យមាន​មនុស្ស​ជាង​៤០​នាក់​រង​របួស។​

លោក​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ព្រៃ​ស​ដើម្បី​រង់​ចាំ​ជំនុំ​ជម្រះ​ទោស​ពី​បទ​ថាបាន​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃទី​១៥​ខែ​កក្កដា។​

តុលាការ​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃទី​២៥​ខាង​មុខ​នេះ ​នឹង​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១០​នាក់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​សួន​ប្រជា​ធិបតេយ្យ​ ​ក្នុង​នោះ​មាន​លោក​អ៊ុក ពេជ្រសំណាង​ផងដែរ។​

ក្នុង​ពេល​ដែលត្រូវបាន​នាំ​ខ្លួន​មក​កាន់​សាលា​ឧទ្ធរណ៍​ជាមួយ​លោក​មាជ សុវណ្ណារ៉ា​ បេក្ខជន​លំដាប់​ទី​បី​ប្រចាំ​មណ្ឌល​ខេត្ត​បន្ទាយ​មានជ័យ ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​លោក​អ៊ុក ពេជ្រសំណាង​បាន​ថ្លែង​ការពារ​ថា ​លោក​មិន​ជាប់​ពាក់​ព័ន្ធ​ដូច​មាន​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ទេ។​

លោក​បាន​ហៅ​ការ​ចេញ​ដីការ​សម្រេចរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​នេះ​ថា ​ជា​រឿង​អយុត្តិធម៌៕​

XS
SM
MD
LG