រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសតួកគីបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Istanbul បានបណ្តាលឱ្យមនុស្សប្រាំនាក់ស្លាប់ និងបានធ្វើឱ្យមនុស្សយ៉ាងតិចណាស់៣៦នាក់ទៀតត្រូវរបួស ដោយមានជន៧នាក់ឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Mehmet Muezzinoglu ក៏បាននិយាយដែរថាមនុស្ស១២នាក់ក្នុងបណ្តាជនដែលបានត្រូវរបួសជាជនបរទេស។
ការផ្ទុះនេះបានកើតមានឡើងនៅតាមផ្លូវ Istiklal ដែលជាមហាវិថីមួយនៅសងខាងមានហាងលក់ទំនិញច្រើននៅក្នុងផ្នែកកណ្តាលនៃក្រុង Istanbul ដែលជាធម្មតាមានអ្នកថ្មើរជើងពេញក្នុងទីនោះនៅពេលចុងសប្តាហ៍។
ប៉ូលិសបានប្រញាប់ប្រញាល់ហាមប្រាមមិនឱ្យមនុស្សចេញឬចូលទីនោះទេនៅពេលដែលឡានពេទ្យ និងអ្នកពិនិត្យខាងនីតិបច្ចេកវិទ្យាបានទៅកាន់កន្លែងកើតហតុជាបន្ទាន់ដែរ។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif ដែលបំពេញទស្សនកិច្ចជាផ្លូវការក្នុងក្រុង Istanbul បានថ្កោលទោសការវាយប្រហារនេះហើយលោកបានសម្តែងមរណទុក្ខដល់រដ្ឋាភិបាលនិងជាតិតួកគីផងដែរ។
លោក Jean-Marc Ayrault រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំងបានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារនេះថាជា «សកម្មភាពមួយដ៏សាហាវយង់ឃ្នងនិងកំសាក»។ លោកបាននិយាយបន្ថែមថា រដ្ឋាភិបាលក្រុងប៉ារីសគាំទ្រ ដល់ប្រទេសតួកគី ដោយសាមគ្គីភាព។
ប្រទេសតួកគីបានឋិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅក្រោយមានការផ្ទុះគ្រាប់បែកបួននៅក្នុងរដ្ឋធានី អង់ការ៉ា (Ankara) កាលពីឆ្នាំទៅមិញ។ ការវាយប្រហារថ្មីៗបំផុតកាលពីថ្ងៃទី១៣ខែមីនាដែលបានត្រូវអះអាងទាមទារការទទួលខុសត្រូវដោយពួកឧទ្ទាម Kurd បានបណ្តាលឱ្យមនុស្ស៣៧នាក់ស្លាប់ដោយមានរួមបញ្ចូលទាំងអ្នកបំផ្ទុះគ្រាប់បែកពីរនាក់ផងដែរ៕