ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​កប៉ាល់ Ever Given ​ថា អាជ្ញាធរ​ព្រែក​ជីក Suez មាន​កំហុស​ដែល​​​ឱ្យ​កប៉ាល់​ចូលក្នុង​ពេល​មាន​អាកាសធាតុ​មិន​ល្អ​


រូប​ឯកសារ៖ ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​អាជ្ញាធរ​ព្រែកជីក Suez (SCA)​ នេះ កប៉ាល់​ The Ever Given ​កំពុង​ត្រូវ​​បាន​ទាញ​ដោយ​នាវា​តូច​​របស់​អាជ្ញាធរ​នេះ​នៅ​ក្នុង​ព្រែកជីក Suez ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​អាជ្ញាធរ​ព្រែកជីក Suez (SCA)​ នេះ កប៉ាល់​ The Ever Given ​កំពុង​ត្រូវ​​បាន​ទាញ​ដោយ​នាវា​តូច​​របស់​អាជ្ញាធរ​នេះ​នៅ​ក្នុង​ព្រែកជីក Suez ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១។

មេធាវី​តំណាង​ឱ្យ​ម្ចាស់​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿងបាន​ឱ្យ​ដឹង​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ថា ម្ចាស់​កប៉ាល់​ដែល​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ទឹក​នៅ​ព្រែកជីក Suez (ស៊ុុយអេ) កាលពី​ខែ​មីនា​បាន​និយាយ​ថា អាជ្ញាធរ​ព្រែកជីក​នេះ​មាន​កំហុស​ដែល​អនុញ្ញាត​ឱ្យ​កប៉ាល់​ខ្លួន​ចូល​ក្នុង​ផ្លូវ​ទឹក​នេះ​ស្របពេល​ម្ចាស់​កប៉ាល់​នេះ​កំពុង​ប្តឹង​ឧទ្ធរណ៍​លើ​ការ​ឃាត់​ទុក​កប៉ាល់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​របស់​អាជ្ញាធរ។​

កប៉ាល់​ The Ever Given ដែល​ជា​កប៉ាល់​ដឹក​ទំនិញ​មួយ​ក្នុង​ចំណោម​កប៉ាល់​ដឹក​ទំនិញ​ធំៗ​បំផុត​ក្នុង​ពិភពលោក​បាន​ជាប់​នៅ​ក្នុង​ព្រែកជីក Suez​ កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនា​កន្លង​ទៅ ដោយ​សារ​មាន​ខ្យល់​ខ្លាំងៗ​និង​ត្រូវ​បាន​បញ្ជា​ឱ្យ​ស្ថិត​នៅ​ទីនោះ​រយៈពេល​៦ថ្ងៃ ដោយ​បាន​ធ្វើ​ឱ្យ​មាន​ការ​ស្ទះ​ចរាចរណ៍​ផ្លូវ​ទឹក​ទាំង​ទៅ​ទាំង​មក និង​បាន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ពិភពលោក។​

ចាប់​តាំង​ពី​ពេល​នោះ​មក កប៉ាល់​នេះ​ត្រូវ​បាន​ឃាត់​ទុក​នៅ​ក្នុង​បឹង​មួយ​នៅ​ចន្លោះ​ដៃ​ព្រែកជីក​នេះ ខណៈ​ដែល​អាជ្ញាធរ​ព្រែកជីក Suez (SCA) ប្តឹង​ទាមទារ​សំណង​ចំនួន ៩១៦,៥ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ Shoei Kisen ដែល​ជា​ម្ចាស់​កប៉ាល់​ដឹក​ទំនិញ​នោះ។

សាលា​ឧទ្ធរណ៍​នៃ​តុលាការ​សេដ្ឋកិច្ច​ក្រុង Ismailia បាន​បើក​សវនាការ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ចំពោះ​ការ​ឃាត់​ទុក​កប៉ាល់​នេះ និង​ចំពោះ​ការ​ទាមទារ​សំណង​ហិរញ្ញវត្ថុ​របស់​អាជ្ញាធរ SCA។ ​អាជ្ញាធរ SCA ព្យាយាម​រក្សា​សេចក្តី​សម្រេច​ឱ្យ​នៅ​ដដែល​បន្ទាប់​ពី​មាន​ការ​ប្តឹង​ឧទ្ធរណ៍​ពី​ក្រុមហ៊ុន​ម្ចាស់​កប៉ាល់។​

លោក Ahmed Abu Ali ដែល​ជា​សមាជិក​នៃ​ក្រុម​អ្នក​ច្បាប់​របស់​ក្រុមហ៊ុន​ម្ចាស់​កប៉ាល់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា មេធាវី​តំណាង​ឱ្យ​ក្រុមហ៊ុន Shoei Kisen បាន​បញ្ជាក់​ថា អាជ្ញាធរ SCA មាន​កំហុស​ដែល​អនុញ្ញាត​ឱ្យ​កប៉ាល់​នេះ​ចរាចរណ៍​លើ​ផ្ទៃទឹក​ក្នុង​ពេល​មាន​អាកាសធាតុ​មិន​ល្អ។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​នេះ​ខកខាន​មិន​បាន​បង្ហាញ​ពី​កំហុស​ណា​មួយ​ដែល​បង្ក​ឡើង​ដោយ​កប៉ាល់​ដឹក​ទំនិញ​នោះ​ទេ។

លោក​ Abu Ali ថា ខ្សែ​អាត់​ដែល​យក​ចេញ​ពី​កប៉ាល់ និង​ត្រូវ​បាន​ដាក់​ជូន​តុលាការ​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​អ្នក​បើក​កប៉ាល់​របស់​អាជ្ញាធរ SCA និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​បញ្ជា​របស់​ខ្លួន​ថា​តើ​កប៉ាល់​នេះ​គួរ​ចូល​ក្នុង​ព្រែកជីក​នេះ​ដែរ​ឬ​ទេ។

លោក​បាន​បន្ថែម​ទៀត​ថា មេធាវី​របស់​ក្រុមហ៊ុន Shoei Kisen បាន​បញ្ជាក់​ថា កប៉ាល់​នេះ​គួរ​តែ​មាន​នាវា​សណ្តោង​យ៉ាង​តិច​ពីរ​គ្រឿង​ដែល​ត្រូវ​នឹង​ទំហំ​របស់​កប៉ាល់ «ប៉ុន្តែ​គេ​មិន​បាន​ធ្វើ​ដូច្នេះ​នោះ​ទេ»។

អាជ្ញាធរ​ SCA មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការ​ស្នើសុំ​ការ​បកស្រាយ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​នេះ​បាន​បដិសេធ​ជា​សាធារណៈ​ថា ខ្លួន​មិន​មាន​កំហុស​នោះ​ទេ៕

XS
SM
MD
LG