ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​សមុទ្រ​ដែល​កើន​កំដៅ​អាច​ស្រូប​យក​កាបោន​បាន​តិច​ជាង​មុន​ពី​ក្នុង​បរិយាកាស​


មហា​សមុទ្រ​ដែល​កើន​កំដៅ​អាច​ស្រូប​យក​កាបោន​បាន​តិច​ជាង​មុន​ពី​ក្នុង​បរិយាកាស​
មហា​សមុទ្រ​ដែល​កើន​កំដៅ​អាច​ស្រូប​យក​កាបោន​បាន​តិច​ជាង​មុន​ពី​ក្នុង​បរិយាកាស​

មហា​សមុទ្រ​ជា​ប្រភព​ស្រូប​យក​កាបោន​ធម្មជាតិ​ធំ​ជាង​គេ​បំផុត​នៅ​លើ​ផែនដី​ ដោយ​ស្រូប​កាបោន​ទាំង​អស់​ចំនួន​ប្រហែល​១​ភាគ​៣​ ដែល​មនុស្ស​បាន​បញ្ចេញ​នៅ​ក្នុង​ខ្យល់​ តាម​រយៈ​ចំហេះ​ឥន្ធនៈ​ផូស៊ីល​ មាន​ដូច​ជា​ធ្យូង​ថ្ម​ ប្រេង និង​ឧស្ម័ន​នៅ​តាម​រោងចក្រ​ឋាមពល​ រថយន្ត​និង​រោងចក្រ​ជាដើម។​ តែ​ទោះ​យ៉ាង​ណា​ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​រក​ឃើញ​ថា​ អាកាសធាតុ​សកល​លោក​ដែល​កំពុង​កើន​កំដៅ ​អាច​កាត់​បន្ថយ​សមត្ថភាព​របស់​មហាសមុទ្រ​ក្នុង​ការ​ដើរ​តួនាទី​ដ៏​មាន​សារសំខាន់​នេះ។

ការ​សិក្សា​មុនៗ​បាន​បង្ហាញ​ថា​ បរិមាណ​កាបោន​ក្នុង​បរិយាកាស​ ដែល​មហាសមុទ្រ​ស្រូប​យក​ មាន​ចំនួន​ខុស​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ជារឿយៗ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​ទទួល​លទ្ធផល​ផ្ទុយ​គ្នា​ផង​ដែរ​ ដែល​អាស្រ័យ​ទៅ​តាម​ទី​កន្លែង​និង​ពេលវេលា​ដែល​ពួក​គេ​ពិនិត្យ​មើល។​ ប៉ុន្តែ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ Nature​ Geoscience​ លោក​ស្រី​ ហ្គាលេន​ ម៉ាកឃីនលី​ (Galen​ McKinley)​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​មហាសមុទ្រ​នៃ​សាកល​វិទ្យាល័យ​វីស្កន់ស៊ីន​ (University of Wisconsin)​ និង​សហការី​នៅ​ឯ​មន្ទីរ​ពិសោធន៍​ផែនដី​ Lamont​ Doherty​ នៃ​សាកល​វិទ្យា​ល័យ​ខូឡំប៊ីយ៉ា​ (Columbia​ University)​ និង​សាកល​វិទ្យាល័យ​ Pierre​ et​ Marie​ Curie​ នៅ​ទី​ក្រុង​ប៉ារីស​ បាន​ប្រាប់​អំ​ពី​រឿង​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​មួយ​ ដោយ​បន្ត​ធ្វើ​ការ​វិភាគ​ទិន្នន័យ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​យូរ។

«ដោយ​សារ​តែ​យើង​បាន​ពិនិត្យ​មើល​ទៅ​លើ​រយៈ​ពេល​ដ៏​យូរ​នៃ​ទិន្នន័យ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨១​ ដល់​២០០៩​ នៅ​ក្នុង​អាកាសធាតុ​មធ្យម​របស់​មហា​សមុទ្រ​អាត្លង់​ទិក​ខាង​ជើង​ ដែល​ស្ថិត​នៅ​ចន្លោះ​ពី​ភាគ​ខាង​ត្បូង​នៃ​ខ្សែ​ទឹក​ឈូង​សមុទ្រ​ និង​ភាគ​ខាង​ជើង​នៃ​ខ្សែ​អេក្វាទ័រ​ យើង​យល់​ឃើញ​ថា​ការ​កើន​ឡើង​កំដៅ​ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ពិត​ជា​កំពុង​បណ្តាល​ឲ្យ​ការ​ស្រូប​យក​កាបោន​របស់​មហាសមុទ្រ​មិន​សូវ​មាន​ប្រសិទ្ធិភាព​ដូច​ពី​ពេល​មុន»។

លោក​ស្រី​ពន្យល់​ថា​ មហាសមុទ្រ​ដែល​មាន​កំដៅ​ក្តៅ​ មិន​អាច​ស្រូប​ និង​ផ្ទុក​កាបោន​ឲ្យ​បាន​ច្រើន​ដូច​ទឹក​ត្រជាក់​ទេ។​ ក្រុម​អ្នក​និពន្ធ​សង្កេត​ឃើញ​ថា​ ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​រយៈ​ពេល​ខ្លី​បាន​បិទ​បាំង​ការ​ស្រូប​យក​កាបោន​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍។

«ដូច្នេះ​ហើយ​យើង​ចាប់​ផ្តើម​មើល​ឃើញ​សញ្ញា​ច្បាស់​មួយ​ បង្ហាញ​ថា​ការ​កើន​ឡើង​កំដៅ​របស់​មហាសមុទ្រ​ ដែល​បង្ក​ឡើង​ដោយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ កំពុង​ធ្វើ​ឲ្យ​កាបោន​មិន​សូវ​រលាយ​ខ្លាំង​ទេ​នៅ​ក្នុង​មហាសមុទ្រ​ ហើយ​កំពុង​កាត់​បន្ថយ​ទំ​ហំ​នៃ​ការ​ស្រូប​យក​កាបោន។​ អាស្រ័យ​ហេតុ​នេះ​ហើយ​ យើង​ធ្វើ​ឲ្យ​ភព​ផែន​ដី​កាន់​តែ​ក្តៅ​ឡើង»។

Skirble៖​«តើ​អ្វី​ដែល​អ្នក​ពិនិត្យ​ឃើញ​នៅ​មហាមុទ្រ​អាត្លង់ទិក​ភាគ​ខាង​ជើង​មាន​លក្ខណៈ​ដូច​ទៅ​នឹង​បរិយាកាស​មហា​សមុទ្រ​ផ្សេងៗ​ទៀត​ យ៉ាង​ដូច​ម្តេច​ខ្លះ?

«សម្មតិកម្ម​ដ៏​សម​ហេតុ​ផល​របស់​យើង​ ដែល​ឥឡូវ​នេះ​យើង​កំពុង​សាក​ល្បង​គឺ​ថា​ យ៉ាង​ហោច​ណាស់​ នៅ​តាម​តំបន់​មាន​អាកាសធាតុ​មធ្យម​ ផល​ប៉ះ​ពាល់​នឹង​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែរ»។

លោក​ស្រី​ ម៉ាកឃីនលី​ ថ្លែង​ថា​ ការ​ងារ​របស់​លោក​ស្រី​បង្ហាញ​ថា ​សមត្ថភាព​របស់​មហា​សមុទ្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ អាច​ចុះ​ខ្សោយ។

«ហើយ​ នេះ​ជា​ហេតុផល​មួយ​ដែល​បង្ហាញ​ថា​ហេតុ​អ្វី​បាន​ជា​យើង​គួរ​គិត​គូរ​កាន់​តែ​ខ្លាំង​ថែម​ទៀត​អំពី​របៀប​ដែល​យើង​អាច​កាត់​បន្ថយ​បរិមាណ​កាបោន​ដែល​ចូល​ទៅ​ក្នុង​បរិយាកាស​ ដោយ​សារ​តែ​ថា​ ខណៈ​ដែល​ការ​ស្រូប​យក​កាបោន​ទាំង​អស់​នេះ​មិន​សូវ​មាន​ប្រសិទ្ធិភាព​ កម្រិត​នៃ​ការ​កើន​ឡើង​កំដៅ​ក្នុង​ធាតុអាកាស​នឹង​កាន់​តែ​មាន​ល្បឿន​លឿន​ជាង​មុន​ ហើយ​អាស្រ័យ​ហេតុ​នេះ​ ផល​ប៉ះពាល់​មក​លើ​អារ្យធម៌​របស់​យើង​ និង​ជីវភាព​រស់​នៅ​របស់​យើង​ នឹង​កាន់​តែ​ធំធេង​ជាង​មុន​ដែរ»។

លោកស្រី​ ម៉ាកឃីនលី​ មាន​ប្រសាសន៍​ថា​ វា​មាន​ភាព​សំខាន់​យ៉ាង​ខ្លាំង​ ដែល​ក្រុម​អ្នក​ធ្វើ​គោល​នយោបាយ​យល់​អំពី​និន្នាការ​នេះ​ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ ដែល​អាច​ជួយ​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ៕

ប្រែសម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG