ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហៅ Stroke ជាជំងឺមួយនៃជំងឺទាំងឡាយដែលសម្លាប់មនុស្សច្រើនបំផុតក្នុងពិភពលោក និងជាមូលហេតុនាំមុខមួយនៃភាពពិការ។ សេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោក ឲ្យដឹងថា ក្នុងមួយឆ្នាំៗ មនុស្ស១៥លាននាក់រងនឹងការឈឺចាប់ដោយជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ចំនួនមួយភាគបីនៃអ្នកទាំងនោះបានស្លាប់ និងចំនួនមួយភាគបីទៀតបានធ្លាក់ខ្លួនពិការជាអចិន្ត្រៃយ៍។ ជម្រើសនៃវិធីព្យាបាលទាំងឡាយត្រូវមានកំណត់។ ប៉ុន្តែនៅពេលឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford កំពុងសាកល្បងរបៀបព្យាបាលថ្មីមួយដែលអាចនឹងមានជោគជ័យ។
នៅក្នុងករណីភាគច្រើននៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាលហៅStroke សរសៃឈាមនៅក្នុងខួរក្បាលត្រូវស្ទះ បិទផ្លូវអុកស៊ីហ្ស៊ែន (oxygen)នឹងអាហារសម្រាប់ផ្គត់ផ្គង់ជាលិកាខួរក្បាល។
នៅក្នុងរយៈដ៏ខ្លីមួយ ជាលិការបស់ខួរក្បាលក៏ចាប់ផ្តើមងាប់។
ការព្យាបាលតែមួយគត់គឺ ឱសថសម្រាប់រំលាយឈាមកក ដែលអង់គ្លេសហៅថា tissue plasminogen activor ឬហៅកាត់ថា TPA។ ប៉ុន្តែ TPA អាចមានប្រយោជន៍តែនៅពេលផ្តល់ឲ្យក្នុងប៉ុន្មានម៉ោងដំបូងក្រោយពីជំងឺStrokeប៉ុណ្ណោះ។ TPA មិនអាចធ្វើការប្រឆាំងនឹងដំណើរបន្ទាប់នៃជំងឺ Stroke បានទេ គឺនៅពេលដែលកោសិកានៃប្រព័ន្ធការពារខំរួសរាន់ទៅជួយការពារខួរក្បាល តែតាមការពិត វាធ្វើឲ្យមានដំណើរហើមរលាក ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់។
«នៅក្នុងមនុស្សម្នាក់ៗ សមាសភាគនៃការហើមរលាក អាចឡើងច្រើនដល់ទៅពីរដងនៃកម្រិតរបួសពីដំបូង»។
លោកវេជ្ជបណ្ឌិត ហ្គែរី ស្តាញបឺក (Gary Steinberg) ដឹកនាំខាងផ្នែកប្រសាទសាស្ត្រនៃ សាលាពេទ្យរបស់សាកលវិទ្យាល័យ ស្តានហ្វឺត (Stanford University)។ លោកជាអ្នកនិពន្ធម្នាក់នៃក្រុមអ្នកនិពន្ធជាន់ខ្ពស់របស់ឯកសារថ្មីមួយដែលរៀបរាប់អំពីវិធីថ្មីមួយដើម្បីទប់ស្កាត់ការខូចខួរក្បាលដែលបណ្តាលមកពីការរលាក។
កាលពីពីរ-បីឆ្នាំមុន លោក Steinberg និងសហសេវិករបស់លោកបានរកឃើញថា ជាតិប្រូតេអ៊ីនមួយដែលកើតឡើងដោយធម្មជាតិហៅថា អាល់ហ្វា-បេតា-គ្រិសតាល់លីន(alpha-beta-crystallin) អាចកាត់បន្ថយការខូចខួរក្បាល នៅក្នុងចំណោមអ្នកជំងឺដែលមានកោសិការឹងក្រិនច្រើនបែបយ៉ាង។ ពួកគេបានគិតថា ប្រូតេអ៊ីននោះក៏ប្រហែលនឹងជួយការពារ ការខូចខួរក្បាលនៅក្នុងក្រុមអ្នករងគ្រោះដោយជំងឺ Stroke ដែរ។
ដើម្បីស្វែងរកការពិត អស់លោកទាំងនេះបានប្រើប្រាស់ជាលើកដំបូងនូវការពិសោធន៍ជាមួយសត្វកណ្តុរពីរក្រុម - ក្រុមទីមួយគឺជាសត្វកណ្តុរដែលខ្លួនរបស់វាបង្កើតប្រូតេអ៊ីនហើយក្រុមទីពីរជាប្រភេទពិសេសដែលមិនបង្កើតប្រូតេអ៊ីន។ ក្រុមលោក Steinbergនិងសហសេវិកបានធ្វើឲ្យសត្វកណ្តុរទាំងពីរក្រុមកើតជំងឺStroke ប៉ុន្តែ ជំងឺStroke កើតមានអាក្រក់ខ្លាំងជាងច្រើន នៅក្នុងពូជកណ្តុរដែលខ្លួនវាមិនបង្កើតប្រូតេអ៊ីន alpha-beta-crystallin។
«ក្រោយមកយើងបញ្ចូលប្រូតេអ៊ីនឬអាណូដដែលគឺalpha-beta-crystallin ទៅក្នុងខ្លួនកណ្តុរតាមការចាក់ថ្នាំ និងបានរកឃើញថាយើងអាចការពារខួរក្បាលសត្វកណ្តុរបានយូរដោយផ្តល់ឲ្យបន្ថែមនូវ alpha-beta-crystallin»។
ចំណុចនេះស្នើយោបល់ថា ប្រូតេអ៊ីន alpha-beta-crystallin អាចនឹងយកទៅប្រើដើម្បីកំណត់ព្រំដែននៃការខូចខាតនៅក្នុងខ្លួនអ្នកជំងឺដាច់សរសៃឈាមខួរក្បាលបានដែរ។
លោកវេជ្ជបណ្ឌិត Steinberg មានប្រសាសន៍ថា ការប្រើប្រូតេអ៊ីន alpha-beta-crystallin អាចតំណាងនូវការព្យាបាលដ៏ប្លែកមួយសម្រាប់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
«ខ្ញុំគឹតថា នេះគឺជាអ្វីដែលធ្វើឲ្យមានការរំភើបអំពីការព្យាបាលនោះ។ ជាមូលដ្ឋាននេះគឺជាការប្រើយន្តការមួយដែលបង្កើតពីខាងក្នុងខ្លួនមនុស្សឬពីកំណើត ដែលយើងគិតថាមាននៅក្នុងខ្លួនអ្នកកើតជំងឺ Stroke រួចទៅហើយ ប៉ុន្តែគ្រាន់តែវាមិនសូវខ្លាំង ហើយយើងបន្ថែមប្រូតេអ៊ីន ហើយប្រូតេអ៊ីននោះវាប្រយុទ្ធទល់នឹងសមាសភាគដែលធ្វើឲ្យរលាក។ នេះហើយជាវិធីប្លែកដែលថាមានតែមួយនោះ»។
ហើយវាក៏មានប្រសិទ្ធភាពយ៉ាងតិច១២ម៉ោង ក្រោយពីពេលមានជំងឺ Strokeដែរ ហើយប្រហែលអាចច្រើនជាងនេះទៀត ពួកគេមិនបានបង្ខំរកចម្លើយនោះនៅឡើយទេ។
លោកវេជ្ជបណ្ឌិត Gary Steinberg នៃសាកលវិទ្យាល័យ Stanford មានប្រសាសន៍ថា ត្រូវការឲ្យមានការពិសោធន៍លើខ្លួនសត្វជាច្រើនទៀត មុននឹងពួកគេអាចឈានទៅរកការសាកល្បងលើមនុស្ស។ អត្ថបទរបស់លោក ដែលរៀបរៀង ជាមួយនឹងសហអ្នកនិពន្ធជាន់ខ្ពស់លោក លរ៉ង្ស៍ ស្តាញម៉ាន់ (Lawrence Steinman) មានចុះផ្សាយតាមអ៊ិនធឺណែតដោយក្រុម “Proceedings of the National Academy of Sciences”៕
ប្រែសម្រួលដោយ នុច សារីតា