ចាប់តាំងពីឆ្នាំ២០០៨មក ក្រុមស្រាវជ្រាវបានធ្វើបទសម្ភាសន៍រាប់សែន ជាមួយពលរដ្ឋអាមេរិកាំងដែលមានជំនឿផ្សេងៗគ្នា ក្នុងកិច្ចប្រឹងប្រែងដើម្បីពិនិត្យមើលទំនាក់ទំនងខាងនយោបាយ សង្គម និងសាសនារបស់ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាម ព្រមទាំងវាយតម្លៃអំពីឥរិយាបថចំពោះអ្នកទាំងនោះ។ ការសិក្សានេះត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ហើយបានបង្ហាញពីការរកឃើញដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន។
លោក មហាមេឌ យូនីស (Mohamed Younis) អ្នកវិភាគជាន់ខ្ពស់នៃមជ្ឈមណ្ឌលអាប៊ូដាប៊ីហ្គាល់ឡិប (Abu Dhabi Gallup) បានសង្ខេបការរកឃើញនៃរបាយការណ៍ថ្មីមួយដែលមានចំណងជើងថា «ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាម ៖ជំនឿ សេរីភាព និងអនាគត»។
«ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមគឺគ្រាន់តែបញ្ជាក់ថា ពួកគេជាជនជាតិអាមេរិកាំងតែប៉ុណ្ណោះ។ ពួកគេខ្វាយខ្វល់ខ្លាំងពីជំនឿរបស់ពួកគេ ប៉ុន្តែពួកគេក៏ព្រួយបារម្ភខ្លាំងអំពីប្រទេសរបស់ពួកគេដែរ»។
លោក យូនីស មានប្រសាសន៍ថា អស់រយៈពេលមួយទសវត្សរ៍បន្ទាប់ពីការវាយប្រហាររបស់ភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ទៅលើសហរដ្ឋអាមេរិក ការសិក្សានេះបានរកឃើញថា ជនជាតិអាមេរិកាំងភាគច្រើនមកពីគ្រប់ជំនឿទាំងអស់ ជឿជាក់ថា ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមស្មោះស្ម័គ្រជាមួយសហរដ្ឋអាមេរិក។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសនិ្នសិទកាសែតមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន ថាទស្សនៈនេះបានបង្ហាញឲ្យឃើញនៅក្នុងការឆ្លើយតបរបស់ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាម ចំពោះសំណួរស្តីពីអត្តសញ្ញាណ។
«អ្វីដែលយើងបានរកឃើញគឺថា ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមកំណត់អត្តសញ្ញាណរបស់ខ្លួនស្មើៗគ្នាជាមួយសហរដ្ឋអាមេរិក ដូចដែលពួកគេបានកំណត់អត្តសញ្ញាណរបស់ខ្លួនជាមួយសាសនារបស់ខ្លួនដែរ»។
ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមចំនួន៧នាក់ក្នុងចំណោម១០នាក់ បាននិយាយថា ពួកគេកំណត់អត្តសញ្ញាណរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក «ខ្លាំងណាស់» ឬ«ខ្លាំងបំផុត» ហើយចំនួនមនុស្សស្រដៀងគ្នានេះដែរ បានថ្លែងដូចគ្នាអំពីសាសនាអ៊ីស្លាម។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មនុស្សភាគច្រើននៃក្រុមសាសនាធំៗដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេមិនជឿថា ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាម មានសមានចិត្តជាមួយក្រុមភេរវកម្មអាល់កៃដា (al-Qaida) នោះទេ ប៉ុន្តែភាគច្រើនក៏បានថ្លែងថា ក្រុមអ្នកកាន់សាសនាអ៊ីស្លាមត្រូវតែនិយាយឲ្យបានច្រើនជាងមុនប្រឆាំងនឹងអំពើភេរវកម្ម។
ទាក់ទងនឹងគុណភាពនៃការរស់នៅវិញ ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមមានសុទិដ្ឋិនិយមបំផុតអំពីអនាគតរបស់ក្រុមអ្នកសាសនាទាំងអស់ដែលត្រូវបានស្ទង់មតិ។
លោក យូនីស បានឲ្យដឹងថា ជារួម ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមមានភាពស្រដៀងគ្នាជាមួយអ្នកឆ្លើយសំណួរដែលកាន់សាសនាកាតូលីក (Catholic) ប្រូតេស្តង់ (Protestant) ម័រម៉ុន (Mormon) និង ជ្វីប (Jew) នៅពេលត្រូវបានសុំឲ្យកំណត់ខ្លួនឯងថាជាមនុស្សត្រដាបត្រដួស រងទុក្ខឬ លូតលាស់ទៅមុខ។
«យោងតាមស្ថិតិ ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមពិតជាមានភាពស្រដៀងគ្នាទៅនឹងក្រុមសាសនាធំៗផ្សេងទៀតនៅសហរដ្ឋអាមេរិក ចំពោះទស្សនៈវិស័យរបស់អ្នកឆ្លើយសំណួរ ដែលស្ថិតក្នុងប្រភេទ «លូតលាស់ទៅមុខ»។
៦០ភាគរយនៃជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាម បានពណ៌នាខ្លួនឯងថា មានភាពរីកលូតលាស់ ហើយមានតែបីភាគរយទេ ដែលនិយាយថា ពួកគេរងទុក្ខលំបាក។ ក្នុងករណីទាំងពីរនេះ ការឆ្លើយតបរបស់ពួកគេគឺស្ទើរតែដូចគ្នាទៅនឹងជនជាតិអាមេរិកាំងមានដើមកំណើតជ្វីបដែរ។
លោក មហាមេដ យូនីស អ្នកស្រាវជ្រាវ បានឲ្យដឹងថា ជារឿយៗ ជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមមានភាពជិតស្និទ្ធបំផុតជាមួយជនជាតិអាមេរិកាំងកាន់សាសនាជ្វីប ដោយឈរលើទស្សនៈសង្គមនិងនយោបាយរបស់ពួកគេ។
«ឥឡូវនេះ ជនជាតិអាមេរិកាំងមានដើមកំណើតជ្វីប ទំនងជាមានចំនួនច្រើនជាងក្រុមអ្នកកាន់សាសនាកាតូលីក ប្រូតេស្តង់ និង ម័រម៉ុន ដែលចាត់ទុកក្រុមអ្នកកាន់សាសនាអ៊ីស្លាមថាស្មោះស្ម័គ្រជាមួយសហរដ្ឋអាមេរិក។ ពួកគេក៏យល់ស្របគ្នាជាមួយជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមដែរ ហើយទំនងជាមានចំនួនច្រើនជាងក្រុមអ្នកកាន់សាសនាកាតូលីក ប្រូតេស្តង់ និង ម័រម៉ុន ដែលជឿថាក្រុមអ្នកកាន់សាសនាអ៊ីស្លាមនៅសហរដ្ឋអាមេរិក គ្មានសមានចិត្តជាមួយអង្គការភេរវកម្មអាល់កៃដានោះទេ។ ជាការពិតណាស់ ពួកគេទំនងជាមានចំនួនលើសពីជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាមក្នុងការនិយាយថា ក្រុមអ្នកកាន់សាសនាអ៊ីស្លាមនៅសហរដ្ឋអាមេរិក ជួបប្រទះនូវការរើសអើងយ៉ាងខ្លាំង។ ហើយបន្ទាប់មក ជនជាតិអាមេរិកាំងដែលមានដើមកំណើតជ្វីប និងដែលកាន់សាសនាអ៊ីស្លាម ទំនងជាក្រុមសាសនាចំនួនពីរដែលនិយាយថា សង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ជាកំហុសឆ្គងមួយ»។
អ៊ីមាំ មហាមេដ ម៉ាហ្គីដ (Mahamed Magid) អ្នកគណៈវិនិច្ឆ័យម្នាក់ បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះការរកឃើញនេះ។
«យើងធ្វើការជិតស្និទ្ធជាមួយសហគមន៍ជ្វីបនៅក្នុងវិស័យជាច្រើន ប៉ុន្តែ ជាឧទាហរណ៍ ភាគរយនៃជនជាតិអាមេរិកាំងមានដើមកំណើតជ្វីប ដែលមានទស្សនៈដូចគ្នាអំពីសង្គ្រាមនៅអ៊ីរ៉ាក់ និងកិច្ចការដទៃទៀត ខ្ញុំបានខ្សឹបដាក់ត្រចៀកលោក ដេវីត (David)។ ជាការពិត ខ្ញុំបាននិយាយថា «ការរកឃើញនោះជាការគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់»។
អ៊ីមាំបាននិយាយសំដៅទៅសហអ្នកគណៈវិនិច្ឆ័យដូចគ្នា គឺរ៉ាបាយ ដេវីត សាភើស្តេន (Rabbi David Saperstein) ដែលបាននិយាយថា លោកជឿថាមានហេតុផលជាច្រើន ចំពោះទស្សនៈស្រដៀងគ្នាទាំងនេះ។
«ជនជាតិជ្វីបចាត់ទុកខ្លួនឯងថាជាជនរងគ្រោះសុទ្ធសាធនៃការធ្វើទុក្ខបុកម្នេញខាងសាសនា នៅក្នុងប្រវត្តិសាស្ត្រពិភពលោកក្នុងពេល៣ពាន់ឆ្នាំកន្លងទៅនេះ ហើយអាស្រ័យហេតុនេះទើបពួកគេតែងតែកំណត់អត្តសញ្ញាណជាមួយនឹងអ្នកដែលទទួលរងនូវការធ្វើទុក្ខបុកម្នេញខាងសាសនា និងការរើសអើង»។
លោក មហាមេដ យូនីស អ្នកវិភាគ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរចាត់ទុក ការប្រឆាំងនិងជនជាតិអ៊ីស្លាម និងស្ថានភាពប្រឆាំងជនជាតិជ្វីប ថាជាបាតុភូតដែលទាក់ទងគ្នា។ ក្រុមគណៈវិនិច្ឆ័យបាននិយាយថា ពួកគេសង្ឃឹមថា ការសិក្សារបស់អាប៊ូដាប៊ីហ្គាឡិប នឹងជួយដោះស្រាយទស្សនៈខុសឆ្គងទៅលើជនជាតិអាមេរិកាំងកាន់សាសនាអ៊ីស្លាម៕
ប្រែសម្រួលដោយ លី សុខឃាង