ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់ Gaza ក្រោយទស្សនកិច្ច​លោក Biden ​នៅ​អ៊ីស្រាអែល


រូបភាព​​ថត​ពី​ទីក្រុង Sderot ភាគ​ខាង​ត្បូង​​អ៊ីស្រាអែលនេះ បង្ហាញ​ពី​ផ្សែង​ហុយ​ចេញ​អំឡុង​ពេល​ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ជើង តំបន់​ហ្កាហ្សា ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២៣។
រូបភាព​​ថត​ពី​ទីក្រុង Sderot ភាគ​ខាង​ត្បូង​​អ៊ីស្រាអែលនេះ បង្ហាញ​ពី​ផ្សែង​ហុយ​ចេញ​អំឡុង​ពេល​ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ជើង តំបន់​ហ្កាហ្សា ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២៣។

ប្រទេស​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ថ្មី​តាម​ផ្លូវ​អាកាស​លើ​តំបន់ Gaza នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak បាន​ធ្វើ​ដំណើរ​ទៅ​អ៊ីស្រាអែល​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រទេស​នេះ​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ទីនោះ។

លោក Biden បាន​និយាយ​បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅ​កាន់​ទីក្រុង Tel Aviv កាលពី​ថ្ងៃ​ពុធ​ថា លោក​មាន​ការ​ពិភាក្សា​ដោយ​ស្មោះត្រង់​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​អ៊ីស្រាអែល ស្រប​ពេល​ដែល​អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​យោធា​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ៣.៤០០ នាក់​ស្លាប់​នៅ​ក្នុង​តំបន់ Gaza នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​សម្លាប់​រង្គាល​របស់​ក្រុម​ហាម៉ាស់ (Hamas) លើ​ពលរដ្ឋ​អ៊ីស្រាអែល​ជាង ១.៤០០ នាក់​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា។

លោក Biden បាន​ប្រាប់​អ្នក​កាសែត​នៅ​លើ​យន្តហោះ Air Force One ថា៖ «ខ្ញុំ​បាន​និយាយ​ត្រង់ៗ​ជាមួយអ៊ីស្រាអែល»។ លោក​បាន​និយាយ​ថា ទោះបីជា​អ៊ីស្រាអែល «បាន​រងគ្រោះ​ធ្ងន់ធ្ងរ» ក៏ដោយ ក៏​ប្រទេស​នេះ​មាន «ឱកាស​នៅ​ក្នុង​ការ​រំសាយ​ក្ដី​ឈឺចាប់» របស់​ជន​ស៊ីវិល​ស្លូតត្រង់​នៅ​ក្នុង​តំបន់ Gaza «ដែល​គ្មាន​កន្លែង​ត្រូវ​ទៅ»។

លោក​បាន​បន្ថែម​ថា វា​ជា​អ្វី​ដែល​ប្រទេស​អ៊ីស្រាអែល «គួរ​ធ្វើ»។

លោក Biden បាន​និយាយ​ថា ប្រទេស​អេហ្ស៊ីប​បាន​យល់ព្រម​បើក​ព្រំដែន Rafah របស់​ខ្លួន​ជាមួយ​នឹង​តំបន់ Gaza ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​អង្គការ​សហប្រជាជាតិ​អាច​ទទួល​យក​និង​ចាត់ចែង​រថយន្ត​ដឹក​ជំនួយ​ចំនួន ២០ គ្រឿង​ដំបូង​បាន។ លោក​បាន​ព្រមាន​ថា ប្រសិនបើ​ក្រុម​ហាម៉ាស់​រារាំង​ឬ​ក៏​រឹប​អូស​ជំនួយ​នេះ «ក្រុម​នេះ​នឹង​ត្រូវ​បញ្ចប់»។

លោក Biden បាន​និយាយ​ថា រថយន្ត​ដឹក​ជំនួយ​ទាំង​នេះ​នឹង​ទំនង​ជា​ឆ្លង​ព្រំដែន​នៅ​ថ្ងៃ​សុក្រ បន្ទាប់ពី​ផ្លូវ​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នៅ​ជិត​ច្រក​ឆ្លងកាត់​ត្រូវ​បាន​ជួសជុល។ រថយន្ត​ដឹក​ជំនួយ​រាប់​សិប​គ្រឿង​បន្ថែម​ទៀត​កំពុង​រង់ចាំ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដែរ ប្រសិនបើ​ក្បួន​រថយន្ត​ដំបូង​នេះ​ធ្វើ​ដំណើរ​ដោយ​រលូន។ លោក Biden ក៏​បាន​ប្រកាស​ផ្ដល់​ជំនួយ​ចំនួន ១០០ លាន​ដុល្លារ​ផង​ដែរ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន៕

XS
SM
MD
LG