ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ផ្តល់​សញ្ជាតិ​ឲ្យ​អតីត​ជនភៀស​ខ្លួន​ខ្មែរ​២៨៧នាក់​


ហ្សឺណែវ៖​រដ្ឋាភិបាល​វៀតណាម​បាន​ចាត់​វិធាន​ការ​ដ៏​សំខាន់​មួយ​ចំនួន​ដើម្បី​បញ្ចប់​ភាព​គ្មាន​ប្រទេស​របស់​អតីត​ជន​ភៀស​ខ្លួន​កម្ពុជា​រាប់​ពាន់​នាក់។

កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា​ មាន​ជន​រងគ្រោះពី​របបផ្តាច់ការ​'ប៉ុល ពត'​នៃ​កម្ពុជា​ចំនួន​ ២.៣៥៧​នាក់​ កំពុង​រស់​នៅ​ក្នុង​កន្លែង​បង្ខាំង​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាមអស់​រយៈពេល​ជាង​បី​ទសវត្ស​រ៍​មក​ហើយ។

លោក​ អេឌ្រាន​ អ៊ែដវ័រដស៍​ (Adrian​ Edwards)​ អ្នក​នាំពាក្យ​របស់​អង្គការ​ UNHCR​ និយាយ​ថា​ ស្ថានភាព​មិន​ប្រាកដ​ប្រជា​ត្រូវ​បាន​បញ្ចប់​ពេលនេះ​សម្រាប់​អតីត​ជន​ភៀស​ខ្លួន​ចំនួន​២៨៧​នាក់។​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ លោក​មាន​ប្រសាសន៍​ថា​ អ្នក​ទាំង​នោះ​ទទួល​បាន​លិខិត​បញ្ជាក់​សញ្ជាតិ​របស់​គេ​នៅ​ឯ​ពិធី​មួយ​នៅ​ក្រសួង​យុត្តិធម៌​ក្នុង​ទីក្រុង​ហូជីមិញ។

លោក​ អ៊ែដវ័រដស៍​ មាន​ប្រសាសន៍​ថា​ អង្គការ​ UNHCR​ បាន​ចំណាយ​ពេល​រហូត​ដល់​៥​ឆ្នាំ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​វៀតណាម។​ លោក​បន្ត​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​នោះ​ចេះ​និយាយ​ភាសា​វៀតណាម​ ហើយ​គេ​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ពេញ​លេញ​ចូល​ក្នុង​សង្គម​វៀតណាម។​ លោក​ថ្លែង​ថា៖

«ពេល​នេះ​ពួក​គេ​ទទួល​បាន​សិទ្ធិពេញ​លេញ​ជា​សញ្ជាតិ​វៀតណាម។​ នៅ​ប្រទេស​វៀតណាម ​ នេះ​គឺមាន​ន័យ​ថា មាន​សៀវភៅ​ព័ត៌មាន​គ្រួសារ​ដ៏​សំខាន់​មួយ​ដែល​គ្រប់គ្រង​អន្តរកម្ម​របស់​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល​ ព្រម​ទាំង​អត្តសញ្ញាណប័ណ្ណ​រដ្ឋាភិបាលមួយ​ផង។​ ដោយ​មាន​ឯកសារ​ពីរ​នេះ​ ប្រជាពលរដ្ឋ​ថ្មី​ទាំង​នេះ​អាច​ទិញ​ផ្ទះ​ ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ ទទួល​បាន​ការ​ធានារ៉ាប់​រង​ប្រាក់​ចូល​និវត្តន៍​ និង​សុខភាព​ និង​ធ្វើ​កិច្ចការ​សាមញ្ញ​ផ្សេងៗ​ទៀត​ ដែល​គេ​មិន​អាច​ធ្វើ​បាន​កាល​ពី​មុន​ ដូច​ជាសិទ្ធិ​ជា​ម្ចាស់​ម៉ូតូ​ជា​ដើម»។

លោក​ អ៊ែដវ័រដស៍​ សម្គាល់​ឃើញ​ថា​ មិន​ហួស​ពី​ចុង​ឆ្នាំ​នេះ​ អតីត​ជន​ភៀស​ខ្លួន​កម្ពុជា​ដែល​នៅ​សល់​ចំនួន​ ២.០៧០​នាក់​ទៀត​ក៏​នឹង​ត្រូវ​ទទួល​បាន​សញ្ជាតិ​វៀតណាម​របស់​គេ​ដែរ។

លោក​សរសើរ​វិធានការ​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ចាត់​ ដើម្បី​បញ្ចប់​និង​ទប់ស្កាត់​ភាព​គ្មាន​ប្រទេស​របស់​ប្រជាពលរដ្ឋទាំង​នោះ។​ លោក​ អ៊ែដវ័រដស៍​ មាន​ប្រសាសន៍​ថា៖

«កាល​ពី​ឆ្នាំ​កន្លង​ទៅ​ រដ្ឋាភិបាល​វៀតណាម​បាន​តាក់​តែង​ច្បាប់​មួយ​បិទ​ភ្ជិត​ចន្លោះ​ប្រហោង​មួយ​ដែល​បណ្តាល​ឲ្យ​ស្រ្តី​វៀតណាម​រាប់​ពាន់​នាក់​ ដែល​រៀបការ​ជាមួយ​បុរស​បរទេស​រួច​លែង​គ្នា​វិញ​ ក្លាយ​ជា​មនុស្ស​គ្មាន​ប្រទេស។​ ស្ថាន​ភាព​នេះ ​ពេល​នេះ​ត្រូវ​បាន​កែ​តម្រូវ​ច្រើន​ហើយ​ស្រ្តី​វៀតណាម​ភាគ​ច្រើន​និង​កូន​របស់​គេ​ កំពុង​ទទួល​បាន​សញ្ជាតិ»។

ការ​ប្រយុទ្ធ​នឹង​ភាព​គ្មាន​ប្រទេស​គឺ​ជា​អទិភាព​កំពូល​មួយ​របស់​អង្គការ​ UNHCR។​ ទីភា្នក់ងារ​នេះ​ឲ្យ​ដឹង​ថា​ មនុស្ស​១២​លាន​នាក់​ដែល​គ្មាន​ប្រទេស​នៅ​ទូទាំង​ពិភពលោក​គ្មាន​សិទ្ធិ​ទេ។​ គេ​រស់​នៅ​ក្នុង​តំបន់​ដែល​គ្មាន​សិទ្ធិ​ជាក់ស្តែង​ពេញ​លេញ​ ដែល​ដក​យក​លទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​សេរី​ ឬ​ចូលរួម​ទទួល​បានប្រយោជន៍​សង្គម​ធម្មតា​ ដែល​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​មិន​យក​ចិត្ត​ទុក​ដាក់៕

ប្រែសម្រួល​ដោយ​ អ៊ឹម​ សុធារិទ្ធ

XS
SM
MD
LG