ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​នឹង​បញ្ចេញ​ផែនការ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី​៨​កញ្ញា


លោក​ប្រធានាធិបតី​អូបាម៉ា​ដើរ​នៅ​សួន​ផ្កា​កុលាប​ (Rose Garden) នៅ​សេតវិមាន​ នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា ឆ្នាំ​២០១១។​
លោក​ប្រធានាធិបតី​អូបាម៉ា​ដើរ​នៅ​សួន​ផ្កា​កុលាប​ (Rose Garden) នៅ​សេតវិមាន​ នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា ឆ្នាំ​២០១១។​

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ នឹង​អញ្ជើញ​ទៅ​បង្ហាញ​ខ្លួន​ នៅ​ចំពោះ​មុខ​សម័យ​ប្រជុំ​រួម​នៃ​សភាជាតិ​ ហើយនឹង​ទស្សនិកជន​មើល​ទូរទស្សន៍​នៅ​ទូទាំងប្រទេស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​ខែ​កញ្ញា​ ដើម្បី​ប្រកាស​អំពី​ផែនការ​របស់​លោក​ លើកកម្ពស់​ ជំរុញ​ សេដ្ឋកិច្ច​របស់​ស.រ.អ. ដែល​កំពុងតែ​ប្រឹង​ត្រដរ។​ ឱកាស​ដែល​លោក​អាច​ត្រូវ​បាន​ជាប់​ឆ្នោត​ម្ដងទៀត​ ស្រេចនៅ​លើ​លទ្ធផល​នេះ​។

ដោយ​ សេដ្ឋកិច្ច​មិន​លូតលាស់​ទៅ​មុខ​ ហើយ​នឹង​ការ​គ្មាន​ការងារ​ធ្វើ​ មាន​កម្រិត​ ៩%​ ស្ថិត​នៅដដែល​ លោក​ប្រធានាធិបតី​ អូបាម៉ា​មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​នឹង​បញ្ចេញ​ផែនការ​ដើម្បី​ឲ្យ​ជន​ជាតិ​អាមេរិកាំង​កាន់​តែ​ច្រើន​ថែមទៀត​ មាន​ការងារ​ធ្វើ។

«ខ្ញុំ​នឹង​លាត​ត្រដាង​បង្ហាញ​នូវ​ វិធានការ​មួយ​ចំនួន​ ដែល​សភាជាតិ​អាច​ ធ្វើ​ភ្លាមៗ​ ដើម្បី​ដាក់​ប្រាក់​ថែមទៀត​នៅ​ក្នុង​ហោប៉ៅ​គ្រួសារ​ដែលកំពុង​តែ​ធ្វើការ​ ហើយនឹង​គ្រួសារ​មាន​ប្រាក់​ចំណូល​មធ្យម​ ដើម្បី​ធ្វើឲ្យ​ងាយស្រួល​ដល់​អ្នក​ប្រកបអាជីព ​និង​ពាណិជ្ជករ​ធុនតូច​ ជួល​មនុស្ស​ ឲ្យ​អ្នក​សំណង់​ មាន​ការងារ​ធ្វើ​ ដើម្បី​សង់​ផ្លូវ​ថ្នល់​ ផ្លូវ​អយស្ម័យយាន​ ហើយនឹង​ចំណត​អាកាសយាន​ ​របស់​ប្រទេស​នេះ​ម្ដង​ទៀត​ ហើយនឹង​វិធាន​ការ​ដទៃ​ទៀត​ទាំង​អស់​ ដែល​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​នេះ​ លូតលាស់»។

ការស្ទង់​មតិ​សាធារណជន​ថ្មីៗ​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ អត្រានៃ​ការ​គាំ​ទ្រ​កិច្ចការ​របស់​លោក​អូបាម៉ា​ ធ្លាក់​ចុះ​ ប្រមាណ​៤៤% ដែលជា​អត្រា​ទាប​បំផុត​ពី​ចំណោម​អត្រា​ទាប​ មួយ​ចំនួន​ ក្នុង​អាណត្ដិ​របស់​លោក។ មនុស្ស​ជិត​២ភាគ​៣​ គឺ​ ៦៥%​ នៃ​មនុស្ស​ដែល​គេ​ស្ទង់​មតិ​ និយាយ​ថា​ ពួក​គេ​មិន​សប្បាយ​ចិត្ដ​នឹង​របៀប​ដែល​លោក​គ្រប់​គ្រង​សេដ្ឋ​កិច្ច​ទេ។

ជា​លទ្ធផល​ ការ​ស្ទង់​មតិ​ដទៃ​ទៀត​ បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​ប្រធានាធិបតី​ អាច​មាន​ហានិភ័យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆកា​ឆ្នាំ​២០១២។

នេះ​ ជា​ផ្នែក​ដោយ​សារ​សេចក្ដី​កង្វល់​ផ្នែក​នយោបាយ​ ដោយ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​រង្វង់​អ្នករដ្ឋបាល​ របស់​លោក​ប្រធានាធិបតី​នៅ​ការិយាល័យ​ស្ថិត​នៅ​ផ្នែក​ខាងលិច​នៃ​សេតវិមាន​ ហើយនឹង​រដ្ឋាភិបាល​ស.រ.អ.​ ស្ដី​អំពី​ថា​តើ​សំណើ​បង្កើត​ការងារ​របស់​លោក​អូបាម៉ា​គួរ​តែ​មាន​សន្ទុះ​ដល់​កម្រិត​ណា។

ក្រុម​មន្ដ្រី​សេតវិមាន​ត្រូវ​បាន​រាយ​ការណ៍​មក​ថា​ កំពុង​តែ​ពិចារណាមើលថា​តើ​គួរ​ឬ​មិន​គួរ​បញ្ចូល​កម្មវិធី​វគ្គ​បណ្ដុះ​បណ្ដាល​ សម្រាប់​អ្នក​គ្មាន​ការ​ងារ​ធ្វើ​រយ:ពេល​យូរ​ ការ​កាត់​ពន្ធដារ​សម្រាប់​ជនជាតិ​អាមេរិកាំង​មាន​ប្រាក់​ចំណូល​មធ្យម​ ហើយ​នឹង​ការ​កាត់​បន្ថយ​ពន្ធដារ​ សម្រាប់​ពាណិជ្ជករ​ដែល​ជួល​មនុស្ស​ឲ្យ​ធ្វើ​ការ​។ កម្មវិធីនេះ​ក៏​អាច​ មាន​ ប្រាក់​ចំណាយ​ផង​ដែរ​សម្រាប់សង់​សាលារៀន​ ស្ពាន​ ផ្លូវ​ ហើយនឹង​ហេត្ថារចនាសម្ព័ន្ធ​ជា​ថ្មី​។

បន្ថែម​ពី​លើ​នេះ​ទៀត​ គេ​រំពឹង​ថា​ លោក​អូបាម៉ា​នឹង​បន្ដ​សុំ​សភាជាតិ​ឲ្យ​អនុម័ត​ការ​ព្យួរទុក​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរី​ ជា​មួយ​ប្រទេស​ប៉ាណាម៉ា​ កូឡុំបៀ​ (Colombia) និង​កូរ៉េ​ខាង​ត្បូង​។

លោក​ប្រធានាធិបតី​ហើយ​នឹង​អ្នក​ជំនួយការ​របស់​លោក​ ពណ៌នា​ អំពី​ផែន​ការ​របស់​អស់​លោក​ ថា​ជា​ការ​ផ្ដួច​ផ្ដើម​គំនិត​សមរម្យ​ ដែល​សមាជិក​សភា​ជំទាស់មក​ពី​គណ:បក្ស​សាធារណ​រដ្ឋ​ ​គួរ​តែ​ទទួល​យកបាន​។

«ទាំង​នោះ​ជា​គំនិត​រួម​បក្ស​ទាំង​ពីរ​ ដែល​គួរ​ជា​សេចក្ដី​ស្នើ​ ដែល​អ្នក​ទាំង​អស់​គ្នា​ អាច​គាំ​ទ្រ​បាន​ ទោះ​បី​អស់​លោកមាន​ទំនោរ​ទៅ​កាន់​គណ:បក្ស​ណា​ក៏​បាន​។ ដូច្នេះ​ហើយ​ សេចក្ដី​សង្ឃឹម​ហើយ​នឹង​សេចក្ដី​រំពឹង​របស់​ខ្ញុំ​គឺ​ថា​យើង​អាច​ ដាក់​ប្រទេស​ជាតិ​ពី​លើ​គណ:បក្ស​ ហើយ​សម្រេច​កិច្ចការ​សម្រាប់​ឲ្យ​ជនជាតិ​អាមេរិកាំង»។

ក៏​ប៉ុន្ដែ​ លោក​ ចូ​វ៉លស៍ (Joe Walsh) សមាជិក​សភា​មក​ពី​រដ្ឋ អ៊ីលីណូយស៍​ (Illinois) និយាយ​ថា​ មើល​ទៅ​មិន​ទំនង​ដូច​ជា​ លោក​ប្រធានាធិបតី​នឹង​ស្នើ​អ្វី​ក៏​ដោយ​ ដែល​លោក​និងសមាជិក​សភា​មក​ពី​គណ:បក្ស​សាធារណរដ្ឋ​ អាច​គាំទ្រ​ទេ។

«ជា​ទូទៅ​ ខ្ញុំ​គិតថា​ នឹង​មាន​កម្មវិធី​ជំរុញ​ មុខចំណាយ​របស់​រដ្ឋាភិបាល​ ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​បន្ថែម​ទៀត​ ដើម្បី​ខំ​ប្រឹង​ប្រែង​ជំរុញ​សេដ្ឋកិច្ច​ ហើយ​ សូម​អញ្ជើញ​មើល​ចុះ​ កម្មវិ​ធី​ទាំង​នោះ​ ទទួល​បរាជ័យ​បី​ឆ្នាំ​មក​ហើយ​ យើង​ត្រូវ​ការ​អ្វី​ដែល​មាន​លក្ខណ:ផ្ទុយ​ពី​អ្វី​ ដែល​លោក​ប្រធានាធិបតី​បាន​ធ្វើ​ មិន​មែន​អ្វី​ដដែល​ៗ​ថែម​ទៀត​ទេ»។

គេ​រំពឹង​ថា​ សមាជិក​សភា​មក​ពី​គណ:បក្ស​សាធារណរដ្ឋ​ នឹង​ធ្វើ​យុទ្ធនាការ​ សម្រាប់​ការ​កាត់​ពន្ធដារ​ ហើយនឹង​ការ​បញ្ឈប់​បទ​បញ្ជារបស់​រដ្ឋាភិបាល​ខ្លះៗ​ ទៅ​លើ​ពាណិជ្ជកម្ម។

ដោយ​គេ​មិន​រំពឹង​ថា​ សមាជិកសភា​មកពី​គណ:បក្ស​សាធារណរដ្ឋ​ នឹង​គាទ្រ​ផែនការ​របស់​លោក​ប្រធានាធិបតី​ អ្នក​វិភាគ​ខ្លះ​ រួម​មាន​ លោក​ ឡារី​សាបាតូ​ (Larry Sabato)​ នាយក​នៃ​មជ្ឈមណ្ឌល​គោលនយោបាយ​ឬ​ Center for Politics​ នៅ​សាកលវិទ្យាល័យ​ University of Virginia​ និយាយ​ថា​លោក​អូបាម៉ា​ គួរ​ស្នើ​កញ្ចប់​ សំណើ​ ទូលំទូលាយ​មួយ៕

ប្រែ​សម្រួល​ដោយ​ កងស៊ីវន

XS
SM
MD
LG